ព្រះមហាក្សត្រម៉ារ៉ុកមហាមេដទី៦ប្រកាសធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:០៩
នៅល្ងាចច្ងៃពុធទី៩មីនាឆ្នាំ២០១១ ព្រះមហាក្សត្រនៃប្រទេសម៉ារ៉ុកមហាមេដ ទី៦ ប្រកាសធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដោយពុំរំលឹកពីបាតុកម្មនៃថ្ងៃទី២០កុម្ភៈដែលបានរៀបចំធ្វើនៅតាមទីក្រុងធំៗជាច្រើនដោយប្រជាជនម៉ារ៉ុកឡើយ។ព្រះចៅមហាមេដទី៦គ្រោងបង្កើតឲ្យមានគណៈកម្មការមួយទទួលបន្ទុករៀបចំធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញនេះ ដោយមានការពិភាក្សាជាមួយគណបក្សនយោបាយ សហជីព និងជាមួយសង្គមស៊ីវិល។
នៅក្នុងសុន្ទរកថាមួយដែលធ្វើទៅកាន់ប្រជាជាតិ ព្រះមហាក្សត្រម៉ារ៉ុកមហាមេដ ទី៦ បានប្រកាសបញ្ជាក់ថា កំណែទម្រង់រដ្ឋធម្មនុញ្ញនេះធ្វើឡើងដើម្បីពង្រឹងប្រព័ន្ធតុលាការម៉ារ៉ុកឲ្យមានឯករាជ្យ ពង្រឹងតួនាទីរបស់រដ្ឋសភានិងតួនាទីរបស់គណបក្សនយោបាយ ហើយនិងរៀបចំឲ្យមាន “តំបន់ភាវូបនីយកម្ម”ដើម្បីផ្តល់អំណាចឲ្យតំបន់ឲ្យបានធំទូលាយជាងមុន។
គម្រោងនៃកំណែទម្រង់រដ្ឋធម្មនុញ្ញនេះនឹងត្រូវទទួលការអនុម័តពីការបោះឆ្នោតធ្វើប្រជាមតិមួយដែលនឹងត្រូវរៀបចំឲ្យមាននៅពេលខាងមុខដ៏ខ្លីនេះ។
ហើយកំណែទម្រង់រដ្ឋធម្មនុញ្ញរបស់ព្រះមហាក្សត្រម៉ារ៉ុកមហាមេដទី៦នេះក៏ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការទាមទាររបស់ប្រជាជនម៉ារ៉ុករាប់ម៉ឺននាក់ដែលបាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មនៅតាមទីក្រុងធំៗនៃប្រទេសម៉ារ៉ុកកាលពីថ្ងៃទី២០កុម្ភៈឆ្នាំ២០១១កន្លងទៅ។ បាតុកម្មរបស់ប្រជាជនម៉ារ៉ុករាប់ម៉ឺននាក់ដែលបានយកតម្រាប់តាម “បដិវត្តន៍ផ្កាម្លិះ”នៅប្រទេសទុយនីស៊ី នៅប្រទេសអេហ្ស៊ីបដែលបាននាំគ្នាចុះថ្នល់ធ្វើការទាមទារឲ្យមានកំណែទម្រង់នយោបាយនៅក្នុងប្រទេស។
គួរកត់សម្គាល់ថា កាលពីថ្ងៃទី២០កុម្ភៈកន្លងទៅនេះ បាតុករម៉ារ៉ុកបានបរិហារពីសមាជិកនៃព្រះរាជវង្សម៉ារ៉ុកខ្លះហើយនិងឥស្សរជនខ្លះដែលនៅជិតព្រះមហាក្សត្រមហាមេដទី៦បានលូកដៃចូលក្នុងប្រព័ន្ធសេដ្ឋកិច្ចម៉ារ៉ុក ហើយអ្នកខ្លះបានប្រើអំណាចរំលោភច្បាប់ផងទៀត។ នេះជាលើកទីមួយហើយដែលមានការបរិហារបែបនេះ ចាប់តាំងពីព្រះចៅមហាមេដទី៦បានឡើងគ្រងរាជ្យនៅឆ្នាំ១៩៩៩មក។
ជាផ្លូវការ ប្រទេសម៉ារ៉ុកជាប្រទេសប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ក៏ប៉ុន្តែ ព្រះមហាក្សត្រម៉ារ៉ុកមានអំណាចដ៏សែនធំទូលាយ។ ព្រះអង្គមានសិទ្ធិ៖
-រំលាយរដ្ឋសភា។
-ប្រកាសដាក់ប្រទេសឲ្យឋិតនៅក្រោមភាពអាសន្ន។
-ជ្រើសតែងតាំងនាយករដ្ឋមន្ត្រី។
ដូច្នេះ កំណែទម្រង់រដ្ឋធម្មនុញ្ញរបស់ព្រះមហាក្សត្រនៃប្រទេសម៉ារ៉ុកមហាមេដទី៦នេះគឺពិតជាកំណែទម្រង់មួយដ៏សែនក្លាហាន ដោយព្រះអង្គបានថ្លែងបញ្ជាក់ទៀតថា ប្រទេសដែលចង់បាន “អភិបាលកិច្ចល្អ គោរពសិទ្ធិមនុស្ស និងគោរពសិទ្ធិសេរីភាព” ត្រូវតែចារកំណែទម្រង់របស់ខ្លួននៅក្នុងរដ្ឋធម្មនុញ្ញ។
សុន្ទរកថាធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញរបស់ ព្រះមហាក្សត្រមហាមេដទី៦នេះ អាចរំងាប់ភាពតានតឹងនៅប្រទេសម៉ារ៉ុកបានសម្រាប់មួយរយៈពេល ក៏ប៉ុន្តែបញ្ហាសង្គមនៅប្រទេសម៉ារ៉ុកនៅមានច្រើនណាស់។ ព្រះចៅមហាមេដទី៦ពុំបានធ្វើការឆ្លើយតបទៅនឹងការទាមទាររបស់បាតុករម៉ារ៉ុកឡើយពាក់ព័ន្ធនឹងការបិរហារពីអំពើពុករលួយ ហើយនិងការទាមទារឲ្យមានការដោះលែងអ្នកទោសនយោបាយ។
សូមបញ្ជាក់ថា សុន្ទរកថាធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញរបស់ព្រះមហាក្សត្រមហាមេដទី៦នេះ បានជួយចម្លងនាវានៃប្រទេសម៉ារ៉ុកឲ្យគេចផុតពីតំបន់គ្រោះថ្នាក់នៃការធ្វើបដិវត្តន៍ដូចនៅប្រទេសមួយចំនួននៅដើមបូព៌ាបានមួយរយរៈពេល។ ក៏ប៉ុន្តែបញ្ហាសំខាន់ៗជាច្រើននៅពុំទាន់បានដោះស្រាយនៅឡើយមានដូចជា បញ្ហាសង្គម បញ្ហាឥតការងារធ្វើនៅប្រទេសម៉ារ៉ុកដែលអត្រានៃអ្នកឥតការងារធ្វើមានកម្រិតដ៏ខ្ពស់ ជាពិសេសនៅក្នុងចំណោមយុវជនម៉ារ៉ុកតែម្តង។
ព្រះមហាក្សត្រនៃប្រទេសម៉ារ៉ុកមហាមេដទី៦មានគម្រោងធ្វើកំណែទម្រង់ទៅលើរដ្ឋធម្មនុញ្ញ ដោយព្រះអង្គចង់បានប្រទេសម៉ារ៉ុកមួយដែលប្រកាន់យករបបរាជានិយមអាស្រ័យធម្មនុញ្ញពិតប្រាកដដូចនៅប្រទេសអង់គ្លេស ពោលគឺព្រះមហាក្សត្រម៉ារ៉ុកលែងជ្រើសតែងតាំងនាយករដ្ឋមន្ត្រីដូចពេលមុនៗទៀតហើយ។ អ្នកនយោបាយដែលត្រូវឡើងមកកាន់កាប់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសម៉ារ៉ុកគឺមេដឹកនាំគណបក្សនយោបាយណាដែលឈ្នះឆ្នោតទទួលបានសំឡេងគាំទ្រច្រើនជាងគេនៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ