អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កងកម្លំាង​របស់ អ.ស.ប បាន​ធ្វើ​អន្តរាគមន៍​បង្រ្កាប​កងកម្លំាង​របស់​លោកបាក់បូ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​រសៀល​ថ្ងៃទី ៤ មេសា​ម្សិលមិញ​នេះ កង​កម្លំាង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា ONUCI និង​កម្លំាង​ទាហាន​បារំាង Licorne បាន​ផ្តើម​ប្រតិបត្តិការ​វាយប្រហារ​ទម្លាក់​គ្រាប់បែក​លើ​ទីតំាង​របស់​ កងកម្លំាង​ដែល​គំាទ្រ​លោក​ឡូរ៉ង់ បាក់បូ​នៅ​ក្នុង​ទីក្រុង​សេដ្ឋកិច្ច​អាប៊ីដហ្សង់។ ទន្ទឹម​គ្នា​ នេះ កងកម្លំាង​គំាទ្រ​លោក អាឡាសាន វ៉ាត់តារ៉ា ក៏​បាន​ចាប់​ផ្តើម​រំកិល​ទៅ​មុខ វាយ​សម្រុក​យក​ទីក្រុង​អាប៊ីដហ្សង់ ពិសេស ចូល​កាន់កាប់​វិមាន​ប្រធានាធិបតី​ដែល​លោក​ឡូរ៉ង់ បាក់បូ​កំពុង​ជ្រកកោន​នា​ពេល​នេះ។

បន្ទាយទាហាន​របស់​លោកបាក់បូ​កំពុងឆេះ
បន្ទាយទាហាន​របស់​លោកបាក់បូ​កំពុងឆេះ ©Reuters
ផ្សាយពាណិជ្ជកម្ម

តំាង​ពី​ព្រលឹម​ស្រាងៗ​ព្រឹក​ថ្ងៃទី៥ មេសា​នេះ សំឡេង​ផ្ទុះ​បាន​បន្ត​លាន់ឮ​យ៉ាង​ខ្លំាង​នៅ​តំបន់​ជុំ​វិញ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​អាប៊ីដហ្សង់។ គឺ​ជា​ការ​បាញ់​ផ្លោង​ដាក់​គ្នា​ទៅ​វិញ ទៅ​មក​រវាង​កងកម្លំាង​របស់​លោក បាក់បូ និង​កងកម្លំាង​របស់​លោក វ៉ាត់តារ៉ា។ ថ្ងៃ​នេះ ឈាន​ចូល​ដល់​ថ្ងៃ​ទី២ ដែល​កងកម្លំាង​របស់​លោក​វ៉ាត់តារ៉ា​បាន​ព្យាយាម​វាយ​យក​ទីក្រុង​អាប៊ីដហ្សង់​ ពិសេស​ចូល​កាន់កាប់​វិមានប្រធានាធិបតី​ដែល​លោក​បាក់បូ​កំពុង​មាន​វត្តមាន​នៅ​ទីនោះ។ សំឡេង​ផ្ទុះ​ក៏​បាន​ឮ​​នៅ​ក្នុង​សង្កាត់ អាហ្សាមេ ស្ថិត​ប៉ែក​ខាង​ជើង​ទីក្រុង​អាប៊ីដហ្សង់។

01:02

សាក្សីម្នាក់ដែលរស់ក្នុងសង្កាត់ អាហ្យ៉ាមេ

គួច គន្ធារ៉ា

តំាង​ពី​ថ្ងៃ​រសៀល​ទី៤ មេសា​ម្សិលមិញ​មក កង​កម្លំាង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា ONUCI និង​កម្លំាង​ទាហាន​បារំាង Licorne បាន​ផ្តើម​ប្រតិបត្តិការ​វាយប្រហារ​ទម្លាក់​គ្រាប់បែក​លើ​ទីតំាង​របស់​កងកម្លំាង​ដែល​គំាទ្រ​លោក​ឡូរ៉ង់ បាក់បូ នៅ​ក្នុង​ទីក្រុង​សេដ្ឋកិច្ច​អាប៊ីដហ្សង់។ អន្តរាគមន៍​យោធា​របស់​អង្គការសហប្រជាជាតិ​បាន​ធ្វើ​ឡើង ដោយ​អនុលោម​​តាម​សេចក្តី​សម្រេចចិត្ត​លេខ ១៩៧៥ របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ដែល​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​កាល​ពី​ថ្ងៃទី ៣០ មីនា​កន្លង​ទៅ។ លោក Bernard Valéro អ្នក​នំា​ពាក្យ​ក្រសួង​ការបរទេស​បារំាង​បាន​បញ្ជាក់​ពី​បេសកកម្ម​របស់​ទាហាន​បារំាង​ថា បាន​ធ្វើ​ឡើង ក្នុង​ក្របខ័ណ្ឌ​របស់​អង្គការ​សហប្រជាជាតិ។

01:02

ប្រសាសន៍លោក Bernard Valéro អ្នកនំាពាក្យក្រសួងការបរទេសបារំាង

គួច គន្ធារ៉ា

គួរ​ជម្រាប​ជូន​ថា បេសកកម្ម​របស់​ទាហាន​បារំាង​ជាង ១ ៦០០នាក់​នៅ​ក្នុង​ប្រទេស​កូដឌីវ័រ​ពេល​នេះ គឺ​ក្នុង​ឋានៈ​ជា​កងរក្សា​សន្តិភាព​ ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ។ ក៏​ប៉ុន្តែ លោក Toussaint Alain ទីប្រឹក្សា​របស់​លោក​បាក់បូ​នៅ​អឺរ៉ុប​បាន​ចោទ​ទង្វើ​របស់​ប្រទេស​បារំាង​ថា បាន​បំពាន​លើ​ច្បាប់​អន្តរជាតិ។

01:05

ប្រសាសន៍​លោក Toussaint Alain ទីប្រឹក្សា​របស់​លោក​បាក់បូ​នៅ​អឺរ៉ុប

គួច គន្ធារ៉ា

គិត​ត្រឹម​ថ្ងៃទី៥ មេសា​នេះ មាន​ព័ត៌មាន​ជា​ច្រើន​បាន​និង​កំពុង​ធ្លាក់​មក​ជា​បន្តបន្ទាប់ ទាក់ទង​នឹង​ព្រឹត្តិការណ៍​ថ្មី​ចុង​ក្រោយ​នៅ​ក្នុង​ប្រទេស​កូដឌីវ័រ។ សំណួរ​ដែល​កំពុង​ចោទ​ឡើង​នៅ​ពេល​នេះ គឺ​ជុំវិញ​ទីកន្លែង​ដែល​លោក​បាក់បូ​កំពុង​ស្នាក់នៅ។ ត្រង់​ចំណុច​នេះ លោក Ali Coulibaly ឯកអគ្គរដ្ឋទូត​កូដឌីវ័រ​ប្រចំា​ក្រុង​ប៉ារីស​របស់​លោក​វ៉ាត់តារ៉ា​បាន​បញ្ជាក់​ថា លោកបាក់បូ​នៅ​មាន​ជីវិត និង​ថែម​ទំាង​បាន​ព្យាយាម​សុំ​ចរចា​ដើម្បី​ប្រគល់​ខ្លួន​ទៀត​ផង។ តែ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ជាផ្លូវការ​ណា​មួយ ចំពោះ​ព័ត៌មាន​នេះ​ទេ។ យោង​តាម​ AFP ចេញ​ផ្សាយ​ក្នុង​ថ្ងៃទី៥ មេសា​នេះ​ឲ្យ​ដឹង​ថា លំនៅឋាន​របស់​លោក​បាក់បូ​កំពុង​រងការ​វាយប្រហារ និង​មាន​រដ្ឋមន្រ្តី​ម្នាក់​របស់​លោកបាក់បូ គឺ​រដ្ឋមន្រ្តី​ក្រសួងការបរទេស​បាន​រត់​ទៅ​ជ្រកកោន​នៅ​ក្នុង​ស្ថានទូត​បារំាង​ប្រចំា​ក្រុង​អាប៊ីដហ្សង់។ យោង​តាម AFP ដដែល នាយសេនាធិការដ្ឋាន​​របស់​លោក​បាក់បូ គឺ​លោក​ឧត្តមសេនីយ Philippe Mangou បាន​ថ្លែង​ឲ្យ​ដឹង​នៅ​មុន​នេះ​ថា កងកម្លំាង​របស់​លោក​បាន​បញ្ឈប់​ការ​ប្រយុទ្ធ​របស់​ខ្លួន និង​បាន​ស្នើ​កងកម្លំាង​អង្គការសហប្រជាជាតិ​ឲ្យ​បញ្ឈប់​ការ​វាយប្រហារ​លើ​ក្រុម​របស់​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ