អានតួអត្ថបទ
កម្ពុជា

គជប អះអាង​ថា ទឹក​ខ្មៅ​ជ្រលក់​ដៃ​អ្នក​បោះ​ឆ្នោត មិន​អាច​លុបជ្រះ​បាន​ទាំង​ស្រុង​នោះ​ទេ

ឆ្លើយ​តប​ទៅ​នឹង​ការ​រក​ឃើញ​របស់​អង្គការ​អង្កេត​ការណ៍​បោះ​ឆ្នោត ខុមហ្វ្រែល ដែល​ទើប​តែ​រក​ឃើញ​ថា ទឹក​ខ្មៅ​ជ្រលក់​ដៃ​អ្នក​បោះ​ឆ្នោត អាច​លុប​លាង​ជ្រះ​នោះ កាល​ពី​ល្ងាច​មិញ​នេះ លោក អ៊ឹម សួស្ដី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​អះ​អាង​ថា ទឹក​ខ្មៅ​ជ្រលក់​ដៃ​អ្នក​បោះ​ឆ្នោត មិន​អាច​លុប​បាន​ទាំង​ស្រុង​ទេ។

លោក​អ៊ឹម សួស្ដី ប្រធាន​ គជប នៅ​ក្នុង​សន្និសីទ​កាសែត​ស្ដី​ពីការ​បោះ​ឆ្នោតជាតិ​​នីតិកាល​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៧​កក្កដា ឆ្នាំ​២០១៣
លោក​អ៊ឹម សួស្ដី ប្រធាន​ គជប នៅ​ក្នុង​សន្និសីទ​កាសែត​ស្ដី​ពីការ​បោះ​ឆ្នោតជាតិ​​នីតិកាល​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៧​កក្កដា ឆ្នាំ​២០១៣ RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

លោក អ៊ឹម សួស្ដី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀតថា ទឹក​ខ្មៅ​ជ្រលក់​ដៃ​អ្នក​បោះ​ឆ្នោត មិន​អាច​លុប​ជ្រះ​បាន​ទាំង​ស្រុង​ទេ។

ការ​បក​ស្រាយ​បញ្ជាក់​របស់ គជប ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៧​កក្កដា ក្រោយ​ពេល​អង្គការ​អង្កេត​ការណ៍​បោះ​ឆ្នោត ​ខុមហ្វ្រែល ប្រកាស​ឲ្យ​ដឹង​ពី​​លទ្ធផល​នៃ​ការ​​ធ្វើ​តេស្តន៍​សាក​ល្បង​គុណភាព​ទឹក​ខ្មៅ​ជ្រលក់​ដៃ​អ្នក​បោះ​ឆ្នោត។ លទ្ធផល​ដែល​​បង្ហាញ​ឲ្យ​ឃើញ​ថា ទឹក​ខ្មៅ​ជ្រលក់​ដៃ​អ្នក​បោះ​ឆ្នោត គឺ​អាច​លុប​លាង​បាន។

បើ​តាម​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល ទឹក​ខ្មៅ​ជ្រលក់​ដៃ​ដែល​អាច​លុប​លាង​ជ្រះ​នេះ នឹង​ផ្ដល់​ឱកាស​ដល់​ជន​ទុច្ចរិត​មួយ​ចំនួន ដែល​មាន​បំណង​បន្លំ​បោះ​ឆ្នោត​ពីរ​បី​ដង។ ការ​បោះ​ឆ្នោត​ពីរ បី​ដង​នេះ ត្រូវ​បាន​លោក​អះ​អាង​ថា អាច​ធ្វើ​ទៅ​បាន ដោយ​សារ​តែ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​សព្វ​ថ្ងៃ​មាន​ឈ្មោះ​ស្ទួន​ជា​ច្រើន។

​ចំណែក​លោក​ទេព នីថា អគ្គលេខាធិការ គជប បាន​ទទួល​ស្គាល់​ជា​ចុង​ក្រោយ​ថា ធាតុ​ពិត​ទៅ ទឹក​ខ្មៅ​នេះ វា​ជា​ល្បាយ​សារធាតុ​គីមី ហើយ​វា​ក៏​អាច​លុប​លាង​ជ្រះ​ទៅ​វិញ ដោយ​ប្រើ​សារធាតុ​គីមី​ដែរ។ យ៉ាង​ណា​ក៏​ដោយ ​ លោក​ទេព នីថា ឲ្យ​ដឹង​ថា បញ្ហា​ទឹក​ខ្មៅ​អាច​លាង​ជ្រះ​នេះ មិន​មែនជា​បញ្ហា​ដែល​គួរ​បារម្ភ​ទេ។ អគ្គលេខាធិការ​រូប​នេះ​បន្ថែម​ថា មិន​មែន​មាន​តែ​ទឹក​ខ្មៅ​នេះ​ទេ ដែល​អាច​ការពារ​ការ​បោះ​ឆ្នោត​ពីរ​បី​ដង​បាន​នោះ។ នៅមាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​អ្នក​បោះ​ឆ្នោត និង​បញ្ជី​​ឈ្មោះ​បោះ​ឆ្នោត​ជា​ដើម ដែល​សុទ្ធ​តែ​រួម​​ចំណែក​បង្ការ និង​ការពារ ការ​បន្លំ​បោះ​ឆ្នោត​ច្រើន​ដង​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ