អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សន្និសីទ​អន្តរជាតិ​ស្តីពី​វិបត្តិ​ស៊ីរី​បើកធ្វើ​នៅ​ស្វ៊ីស​ជាមួយនឹង​ក្តីសង្ឃឹម​ដ៏​តិចតួច

ចុះផ្សាយ​នៅ​ថ្ងៃ៖

សន្និសីទ​អន្តរជាតិ ស្តីពី​វិបត្តិ​ស៊ីរី បាន​ចាប់ផ្តើម​បើក​ធ្វើ​នៅ​ថ្ងៃ​ពុធ​នេះ នៅ​ក្នុង​ប្រទេស​ស្វ៊ីស។ សន្និសីទ​នេះ​បាន​បើក​ធ្វើ នៅ​ក្នុង​បរិបទ​នៃ​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង ដែល​ស្ទើរតែ​មិន​អាច​បើក​ធ្វើ​ទៅបាន ជាពិសេស ចំណោទ​ជុំវិញ​វត្តមាន​របស់​អ៊ីរ៉ង់ និងការចូលរួម​ពី​សំណាក់​ក្រុមប្រឆាំង​ស៊ីរី។

ពីឆ្វេង​ទៅស្តាំ៖ លោក Lakhdar Brahimi, លោក John Kerry, លោក Ban Ki-moon និង​លោក Sergueï Lavrov នៅ​មុនពេល​បើក​សន្និសីទ​ស្តីពី​ស៊ីរី
ពីឆ្វេង​ទៅស្តាំ៖ លោក Lakhdar Brahimi, លោក John Kerry, លោក Ban Ki-moon និង​លោក Sergueï Lavrov នៅ​មុនពេល​បើក​សន្និសីទ​ស្តីពី​ស៊ីរី REUTERS/Gary Cameron
ផ្សាយពាណិជ្ជកម្ម

សំណួរ-តើ​មាន​ប្រទេស​ណាខ្លះ ដែល​ចូលរួម​ក្នុង​សន្និសីទ​នេះ?

ប្រទេស​ដែល​ចូលរួម​ក្នុង​សន្និសីទ ស្តីពី​វិបត្តិ​ស៊ីរី នៅពេលនេះ​ មាន​សរុបទាំងអស់ ៣១​ប្រទេស។ ក្រៅពី​​​ស៊ីរី (តំណាង​រដ្ឋាភិបាល និង​តំណាង​ក្រុម​ប្រឆាំង) ដែល​ជា​តួអង្គសំខាន់​នៃ​សន្និសីទ ​មាន​ប្រទេស​សមាជិក​អចិន្រ្តៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប (សហរដ្ឋ​អាមេរិក អង់គ្លេស បារាំង ចិន និង​រុស្ស៊ី) និង​​ប្រទេស ២៥​ផ្សេងទៀត ដែល​ភាគច្រើន​ជា​ប្រទេស​អារ៉ាប់ ឬ​ប្រទេស​កាន់សាសនា​អ៊ីស្លាម។

​ក្រៅ​ពី​គណៈប្រតិភូ​ជា​តំណាង​រដ្ឋ ក៏​មាន​ដែរ តំណាង​អ.ស.ប គឺ​លោក​អគ្គលេខាធិការ​អ.ស.ប បាន គីមូន និង​តំណាង​អង្គការ​អន្តរជាតិ​ផ្សេងទៀត រួមមាន សហភាព​អឺរ៉ុប សម្ព័ន្ធ​អារ៉ាប់ និង​អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម (Organisation of Islamic Cooperation)។

គណៈប្រតិភូ​ដែល​ចូល​រួម​ក្នុង​សន្និសីទ ភាគច្រើន​ដឹកនាំ​ដោយ​រដ្ឋមន្រ្តីការបរទេស។
 
សំណួរ-តើ​អ្វីទៅ​ជា​របៀបវារៈ​នៃ​កិច្ចប្រជុំនេះ?
 
ថ្ងៃ​ពុធ​នេះ គឺជា​ថ្ងៃ​បើក​សន្និសីទ ដែល​មេដឹកនាំ​គណៈប្រតិភូ​នីមួយៗ​​នាំ​គ្នា​ឡើង​ថ្លែង​សុន្ទរកថា​​ម្នាក់ម្តងៗ។ រហូត​ទាល់តែ​ដល់​ថ្ងៃ​សុក្រ ទើប​កិច្ចចរចា​ចាប់ផ្តើម​បើក​ធ្វើ ហើយ​ការចរចា​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​តែ​រវាង​ភាគី​ជម្លោះ​នៅ​ស៊ីរី​ប៉ុណ្ណោះ ដោយ​មាន​លោក​ឡាក់ ដា​ប្រាហ៊ីមី ​ប្រេសិតពិសេស​របស់​អ.ស.ប និង​សម្ព័ន្ធ​អារ៉ាប់ ធ្វើ​ជា​អាជ្ញាកណ្តាល។

គោលដៅ​សំខាន់​បំផុត នៃ​សន្និសីទ​នេះ គឺ​ស្វះស្វែង​រក​ដំណោះស្រាយ​បញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី ហើយ​ដំណោះស្រាយ​នេះ ត្រូវ​ធ្វើ​ទៅតាម​គោលការណ៍ ដែល​គេ​បាន​ឯកភាព​គ្នា នៅ​ក្នុង​សន្និសីទ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១២ ដែល​គេ​ហៅ​ថា សន្និសីទ​ហ្សឺណែវ​លើកទី១។

អ្វី​ដែល​គេ​បាន​ឯកភាព​​គ្នា​ក្នុង​សន្និសីទហ្សឺណែវ​លើកទី១ គឺ​​ការ​ដោះស្រាយ​វិបត្តិ តាមរយៈ​ការ​បង្កើត​រដ្ឋាភិបាល​បណ្តោះអាសន្ន​មួយ ដែល​មាន​អំណាច​ពេញលេញ​ខាង​នីតិប្រតិបត្តិ ​  និង​ដោយ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ជម្លោះ។ ជំហាន​បន្ទាប់​មក​ទៀត គឺ​ការ​រៀបចំ​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ និង​ស្ថាប័ន​កំពូលៗ មុននឹង​ឈាន​ទៅ​ធ្វើការ​បោះឆ្នោត​ ទៅតាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

​ការ​បង្កើតរដ្ឋាភិបាល​បណ្តោះអាសន្ន គឺ​ជា​ប្រធានបទ​ចម្បង នៅ​ក្នុង​សន្និសីទ​ហ្សឺណែវ​លើកទី២។
 
សំណួរ-តើ​គេ​មាន​ក្តីរំពឹង​ថា​នឹង​មាន​លទ្ធផល​អ្វី ពី​សន្និសីទ​នេះ​ដែរ​ឬទេ?
 
មាន​មនុស្ស​តិចតួច​ណាស់ ដែល​រំពឹង​ថា សន្និសីទ​ហ្សឺណែវ​ទី២​នេះ​នឹង​ចេញ​ជា​លទ្ធផល ដែល​ឈាន​ទៅរក​ដំណោះស្រាយ​បញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី​នេះ​បាន ពីព្រោះ គេ​មើលឃើញ​ថា ភាគី​ជម្លោះ​​ប្រកាន់​ជំហរ​ផ្ទុយ​ពី​គ្នា​ស្រឡះ ហើយ​ហាក់ដូចជា​មិនមាន​ភាគី​ណាមួយ​​មាន​ឆន្ទៈ​​ធ្វើ​សម្បទាន​​ទៅលើ​ចំណុច​ចម្រូងចម្រាស។

អ្នកខ្លះ​គេ​គិត​ថា កុំថាឡើយ​​​​​និយាយ​ទៅដល់​​​កិច្ចព្រមព្រៀង​បញ្ចប់​សង្រ្គាមស៊ីវិល គ្រាន់តែ​សន្និសីទ​នេះ​អាច​បើក​ធ្វើ​ទៅបាន ហើយ​​ភាគី​ជម្លោះ​ស៊ីរី​​សុខចិត្ត​អង្គុយ​ទល់​មុខគ្នា​ ជជែក​គ្នា​បាន អាច​រាប់​ថា​ជា​ជោគជ័យ​មួយ​ទៅហើយ។
 
សំណួរ-តើ​អ្វីទៅជា​ចំណុច​ខ្ទាស់​ នៅ​ក្នុង​ដំណោះស្រាយ​វិបត្តិ​ស៊ីរី​នេះ?
 
ចំណុច​​ដែល​ចម្រូងចម្រាស​ខ្លាំង គឺ​ទាក់ទង​នឹង​​បុគ្គល​លោក​បាស្ហា អាល់អាសាដ។ ក្រុមប្រឆាំង​ស៊ីរី​បាន​ទាមទារ​យ៉ាង​ដាច់អហង្ការ​ថា​ រាល់​ដំណោះស្រាយ​ណា​ក៏ដោយ ត្រូវ​ធ្វើឡើង​​ដោយ​គ្មាន​វត្តមាន​លោក​​អាសាដ។ លោក​អាសាដ​ត្រូវ​តែ​ចុះចេញ​ពី​អំណាច ហើយ​មិន​អាច​មាន​វត្តមាន នៅ​ក្នុង​រដ្ឋាភិបាល​បណ្តោះអាសន្ន​​បានទេ ពីព្រោះ​គេ​អះអាង​ថា លោក​អាសាដ​មាន​បាតដៃ​ប្រឡាក់​ឈាម​ប្រជាជន​​ស៊ីវិល​ស៊ីរី​រាប់​ម៉ឺននាក់ ដែល​ស្លាប់​ក្នុង​​វិបត្តិ​ ៣ឆ្នាំ​កន្លងទៅនេះ។

​រដ្ឋាភិបាល​ស៊ីរី​​វិញ​នៅតែ​ប្រកាន់​ជំហរ​យ៉ាង​តឹងរ៉ឹង​ដដែល គឺ​លោក​អាសាដ​នឹង​មិន​ចុះចេញ​ពី​អំណាច​ជាដាច់ខាត។ លើសពីនេះ​ទៅទៀត លោក​អាសាដ​ខ្លួនឯង​ផ្ទាល់ ទើប​នឹង​បាន​ប្រកាស នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP នៅ​មុន​ពេល​បើក​សន្និសីទ​ក្រុង​ហ្សឺណែវ​ថា លោក​​​មិនត្រឹមតែ​មិន​ចុះចេញ​ពី​អំណាច​ទេ ក៏ប៉ុន្តែ ​ប្រហែល​ជា​នឹង​បន្ត​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត។

អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ក្រុម​ប្រឆាំង​ស៊ីរី​កាន់តែ​មិន​ព្រម​ទទួល​យក​វត្តមាន​របស់​លោក​អាសាដ​ទៅទៀត គឺ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុនបើក​សន្និសីទ ​ក្រុម​​អ្នក​ស៊ើបអង្កេត​អន្តរជាតិ ដែល​រួមមាន​​អតីត​រដ្ឋអាជ្ញា​​​​ខាង​ឧក្រិដ្ឋកម្ម​សង្រ្គាម​ និង​អ្នក​ជំនាញ​ខាង​សិក្សា​អំពី​ភស្តុតាង ទើប​នឹង​បាន​​ចេញ​ផ្សាយ​របាយការណ៍ ដែល​អះអាង​ថា គេ​មាន​ភស្តុតាង​ ដែល​អាច​បញ្ជាក់​អំពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​របស់​លោក​បាស្ហា អាល់អាសាដ។
 
នៅ​ថ្ងៃ​ពុធ​នេះ នៅ​ពេល​បើក​សន្និសីទ​ហ្សឺណែវ លោក​ចន ឃែរី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក បាន​បញ្ជាក់​សាជាថ្មី​ម្តងទៀត​ថា លោក​អាសាដ​​​ជា​មេដឹកនាំ​ប្រើ​អំពើ​ឃោរឃៅ ទៅលើ​ប្រជាជន​ខ្លួនឯង ដូច្នេះ មិន​អាចបន្ត​ដឹកនាំ​ប្រទេស​ស៊ីរី​បាន​តទៅទៀត​ទេ។ លោក​អាសាដ​នឹង​មិនត្រូវ​មាន​វត្តមាន នៅ​ក្នុង​រដ្ឋាភិបាល​បណ្តោះអាសន្ន​ស៊ីរី​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ