អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាល្លឺម៉ង់​ថា​អង់គ្លេស​អាច​ត្រូវ​ដើរចេញ​ពី​សហភាព​អឺរ៉ុប​បើ​នៅតែ​ទាមទារ​កម្រិត​សេរីភាព​ក្នុង​ការ​ធ្វើដំណើរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​អាល្លឺម៉ង់​ទើប​នឹង​បាន​ចុះផ្សាយ​​បើក​កកាយ​អំពី​ភាព​តានតឹង រវាងអាល្លឺម៉ង់ និង​អង់គ្លេស ជុំវិញ​សិទ្ធិសេរីភាព​ក្នុងការ​ធ្វើ​ដំណើរ និង​ស្នាក់​នៅ រវាង​ពលរដ្ឋ​នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប ដែល​ប្រមុខរដ្ឋាភិបាល​អង់គ្លេស​កំពុងតែ​ទទូចសុំ​ឲ្យ​ធ្វើ​ការកែប្រែ។ នៅ​ក្នុង​អំឡុង​ជំនួបកំពូល​ប្រមុខដឹកនាំ​សហភាព​អឺរ៉ុប កាល​ពីពេលថ្មីៗ​នេះ លោកស្រី​អង់ហ្គេឡា មែរកិល ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ព្រមាន​លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស​ថា ប្រសិនបើ​លោក​នៅតែ​ចចេស​ទាមទារ​ឲ្យ​មាន​ការ​កម្រិត​សិទ្ធិសេរីភាព​ក្នុងការ​ធ្វើ​ដំណើរ​នេះ​ទៀត អង់គ្លេស​នឹង​ត្រូវ​ដើរចេញ​ពី​សហភាព​អឺរ៉ុប។

លោកស្រី​អង់ហ្គេឡា មែរកិល ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ និង​លោក​ដាវីដ កាមេរ៉ន ប្រមុខរដ្ឋាភិបាល​អង់គ្លេស (រូបថតឯកសារ)
លោកស្រី​អង់ហ្គេឡា មែរកិល ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ និង​លោក​ដាវីដ កាមេរ៉ន ប្រមុខរដ្ឋាភិបាល​អង់គ្លេស (រូបថតឯកសារ) REUTERS
ផ្សាយពាណិជ្ជកម្ម

សិទ្ធិសេរីភាព​ក្នុងការ​ធ្វើ​ដំណើរ​ គឺ​ជា​សិទ្ធិមូលដ្ឋាន ដែល​មាន​ចែង​នៅក្នុង​សន្ធិសញ្ញា​របស់​សហភាព​អឺរ៉ុប ហើយ​ដែល​គ្រប់​ប្រទេស​សមាជិក​ទាំងអស់​មានកាតព្វកិច្ច​ត្រូវតែ​គោរព។

យោងតាម​គោលការណ៍​នៃ​សន្ធិសញ្ញា​សហភាព​អឺរ៉ុប ពលរដ្ឋ​នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប (ដែល​គេ​ហៅថា "ពលរដ្ឋ​សហភាព​អឺរ៉ុប") មាន​សិទ្ធិ​ធ្វើ​ដំណើរ ​ស្នាក់នៅ ធ្វើការ និង​ប្រកប​កិច្ចការ​ជំនួញ ​ក្នុង​គ្រប់​ប្រទេស​ទាំងអស់ ក្នុង​សហភាព​អឺរ៉ុប ដោយ​មិនចាំបាច់​សុំ​ទិដ្ឋាការ ពោលគឺ​ ទាមទារ​​ឲ្យមាន​ត្រឹម​​លិខិតឆ្លងដែន ឬ​អត្តសញ្ញាណបណ្ណ​ប៉ុណ្ណោះ។

ចំពោះ​ការ​ស្នាក់នៅ​​លើសពី ៣ខែ គេ​ត្រូវ​បំពេញ​តាមលក្ខខណ្ឌ​មួយ​ចំនួន ដូចជា ត្រូវ​មាន​ការងារធ្វើ ឬ​ជា​និស្សិត​ដែល​ចុះឈ្មោះ​រៀន​​នៅ​សាលា ឬ​​​ត្រូវ​បញ្ជាក់​ពី​ធនធាន​ផ្ទាល់ខ្លួន ដែល​អាច​បំពេញ​​​តម្រូវការ​រស់នៅ​ប្រចាំថ្ងៃ ដោយ​មិនត្រូវ​ជា​បន្ទុក​របស់​រដ្ឋ។
 
នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង ប្រទេស​ភាគច្រើន​នៅ​ក្នុង​សហភាព​អឺរ៉ុប បាន​លុបចោល​លែង​ឲ្យ​មាន​ប៉ុស្តិ៍​ត្រួតពិនិត្យ​តាម​ព្រំដែន ហើយ​ពលរដ្ឋ​សហភាព​អឺរ៉ុប​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ប្រទេស​មួយ​ទៅប្រទេសមួយ ប្រៀបដូច​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្តមួយ​ទៅខេត្តមួយ​ដូច្នោះដែរ។
អង់គ្លេស​នៅ​តែ​មាន​ការ​ឆែកឆេរ​នៅ​តាម​ច្រក​ព្រំដែន ហើយ​​ជនបរទេស ដែល​មាន​ទិដ្ឋាការ ឬ​មាន​សិទ្ធិ​ស្នាក់​នៅ​ក្នុង​ប្រទេស​ផ្សេង​ក្នុង​សហភាព​អឺរ៉ុប ក៏ប៉ុន្តែ មិនមែន​ជា​ពលរដ្ឋ​សហភាព​អឺរ៉ុប ត្រូវ​តែ​សុំ​ទិដ្ឋាការ​ទើប​អាច​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ទឹកដី​អង់គ្លេស​បាន ពីព្រោះ​អង់គ្លេស​មិនមែន​ជា​សមាជិក​សន្ធិសញ្ញា​ Schengen។

ផ្ទុយ​ទៅវិញ ពលរដ្ឋ​សហភាព​អឺរ៉ុប​អាច​ធ្វើ​ដំណើរ​ចេញចូល ​ស្នាក់​នៅ ធ្វើការ និង​ប្រកប​កិច្ចការ​ជំនួញ ​ក្នុង​ប្រទេស​អង់គ្លេស​បាន ដោយ​ទាមទារ​ឲ្យ​មាន​ត្រឹមតែ​លិខិតឆ្លងដែន ឬ​អត្តសញ្ញាណបណ្ណ​ប៉ុណ្ណោះ។

អ្វី​ដែល​រដ្ឋាភិបាល​របស់​លោក​ដាវីដ កាមេរ៉ន កំពុងទាមទារ​នៅពេលនេះ គឺ​ចង់ឲ្យ​សហភាព​អឺរ៉ុប​កែប្រែច្បាប់ ដើម្បី​ផ្តល់​សិទ្ធិ​ឲ្យ​អង់គ្លេស​អាច​កំណត់​ចំនួន​​ពលរដ្ឋ​សហភាព​អឺរ៉ុប ដែល​អាច​​ចូល​មក​ស្នាក់​នៅ និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​អង់គ្លេស។ រដ្ឋាភិបាល​អង់គ្លេស​​មិនចង់​ទទួល​ឲ្យ​ស្នាក់នៅ​អ្នក​ដែល​គ្មាន​ការងារធ្វើ ព្រមទាំង​ចង់​កំណត់​កូតា​អ្នក​​មាន​ការងារ​ធ្វើ​ ក៏ប៉ុន្តែ ជា​កម្មករគ្មានជំនាញ ឬ​មាន​ជំនាញ​តិចតួច។ អង់គ្លេសក៏​ទាមទារ​ផងដែរ​​នូវ​សិទ្ធិ​កំណត់​កូតា​សញ្ជាតិ មានន័យថា ក្នុងមួយ​ឆ្នាំៗ អង់គ្លេស​អាច​កំណត់​ថា តើ​ពលរដ្ឋ​មក​ពី​បារាំង​ប៉ុន្មាន ពី​អាល្លឺម៉ង់​ប៉ុន្មាន ពី​ប្រទេស​ផ្សេងទៀត​ប៉ុន្មាន ដែល​អាច​ចូល​មក​រស់នៅ​ក្នុង​ប្រទេស​អង់គ្លេស​បាន។
 
អង់គ្លេស​ទាមទារ​បែបនេះ ក្នុងគោលដៅ​​ទប់ស្កាត់​ការ​ហូរចូល​នៃ​ពលរដ្ឋ​មក​ពី​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត ដែល​ទើប​នឹង​ចូល​ជាសមាជិក​សហភាព​អឺរ៉ុប។ ក្នុង​ចំណោម​ប្រទេស​ចំណូល​ថ្មី​នេះ មាន​ប្រទេស​ខ្លះ ជាពិសេស ប៊ុលហ្ការី និង​រ៉ូម៉ានី គឺ​​ជា​ប្រទេស​ក្រីក្រ ប្រជាជន​មិនសូវ​មាន​ជំនាញ ការងារ​នៅ​ក្នុង​ប្រទេស​ក៏​មិនសូវសម្បូរ ហើយ​ប្រាក់ខែ​មធ្យម​ក៏​មាន​កម្រិត​ទាប​ខ្លាំង បើ​ធៀប​នឹង​ប្រទេស​​ផ្សេង។ ហេតុដូច្នេះហើយ​បានជា​​​ប្រជាជន​នៅ​ក្នុង​ប្រទេស​ចំណូល​ថ្មី​ទាំងនេះ​​ចេះតែ​នាំគ្នា​ចង់រត់ទៅ​រស់​នៅ​ប្រទេស​ផ្សេង ដោយ​​ក្នុងនោះ អង់គ្លេស​គឺ​ជា​ទិសដៅ​ដ៏​សំខាន់​មួយ ដោយសារ​តែ​កម្រិត​ជីវភាព និង​ប្រាក់ខែ​មធ្យម​នៅ​អង់គ្លេស​មាន​កម្រិត​ខ្ពស់។

នៅ​ក្នុងការ​ធ្វើ​ជំរឿន​ប្រជាជនអង់គ្លេស​ កាលពី​ឆ្នាំ​២០១១​ គេឃើញ​មាន​ពលរដ្ឋ​មក​ពី​អឺរ៉ុប​ខាងកើត​រហូត​ដល់​ទៅ​ជាង ១លាននាក់ កំពុង​រស់នៅ​ក្នុង​ប្រទេស​អង់គ្លេស ហើយ​រដ្ឋាភិបាល​អភិរក្ស​និយម​​របស់​លោក​ដាវីដ កាមេរ៉ន ចេះតែ​លើកឡើង​នូវ​ក្តីបារម្ភ​ថា ការកើនឡើង​នៃ​ចំនួន​ពលរដ្ឋ​មក​ពី​អឺរ៉ុប​ខាងកើត ដែល​មិនសូវ​មាន​ប្រាក់ចំណូល​ខ្ពស់​នេះ អាច​នឹង​ក្លាយ​ជា​បន្ទុក​ធ្ងន់​ដល់​រដ្ឋ​អង់គ្លេស ជាពិសេស បន្ទុក​ទៅលើ​សេវាកម្ម​សុខភាព និង​អប់រំ។

ម្យ៉ាងទៀត នៅ​អង់គ្លេស គេឃើញថា និន្នាការ​ប្រឆាំង​នឹង​សហភាព​អឺរ៉ុប​ចេះតែ​មាន​ការ​កើនឡើង ហើយ​គណបក្ស​នយោបាយ​ដែល​ប្រឆាំង​នឹង​សហភាព​អឺរ៉ុប​ចេះតែ​មាន​ប្រជាប្រិយភាព​កើនឡើងពី​ការ​បោះឆ្នោតមួយ​ទៅ​ការបោះឆ្នោត​មួយ។

ដូច្នេះ​ហើយ​បាន​ជា​លោក​ដាវីដ កាមេរ៉ន ទាមទារ​ឲ្យ​​សហភាព​អឺរ៉ុប​ធ្វើ​កំណែទម្រង់​ផ្នែក​អន្តោប្រវេសន៍​នេះ ឲ្យ​បាន​មុន​ឆ្នាំ​២០១៧ ដែល​ពលរដ្ឋ​អង់គ្លេស​ត្រូវ​ធ្វើ​ការ​បោះឆ្នោត​ប្រជាមតិ​សម្រេច​ថា តើ​បន្ត​នៅ​ជា​សមាជិក​សហភាព​អឺរ៉ុប​តទៅទៀត​ដែរ​ឬ​អត់។ ក៏ប៉ុន្តែ ការទាមទារ​របស់​លោក​ដាវីដ កាមេរ៉ន ត្រូវ​បាន​ស្ថាប័ន​សហភាព​អឺរ៉ុប ក៏ដូចជា ​ប្រទេស​សមាជិក​មួយ​ចំនួន​ផ្សេងទៀត​បដិសេធ​យ៉ាង​ដាច់អហង្ការ​រួច​ទៅហើយ ហើយ​ទាក់ទង​នឹង​បញ្ហា​នេះ គេឃើញ​ថា អាល្លឺម៉ង់ ដែល​ជា​ប្រទេស​ដ៏មាន​អំណាច​នៅ​ក្នុង​សហភាព​អឺរ៉ុប ហាក់ដូចជា​មាន​សម្តី​ធ្ងន់ជាងគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ