អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភាព​តានតឹង​បាន​ផ្ទុះ​ជាថ្មី​រវាង​អ៊ីស្រាអែល និង​ស៊ីរី​ជុំវិញ​តំបន់​ខ្ពង់រាប​ហ្គូឡាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​យប់​ថ្ងៃ​អង្គារ​ឆ្លង​ចូល​មក​ថ្ងៃ​ពុធ ទី១៩ មីនា​នេះ កងទ័ព​អ៊ីស្រាអែល​បាន​ធ្វើ​ការ​ទម្លាក់​គ្រាប់បែក​ចំនួន ៤ដង​បន្តបន្ទាប់​គ្នា​លើ​ទឹកដី​ស៊ីរី​ម្តុំ​តំបន់​ខ្ពស់រាប​ហ្គូឡាន (Golan) ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ស៊ីរី ពិសេស​ទម្លាក់​លើ​ទីតំាង​បន្ទាយ​ទាហាន​ស៊ីរី។ ទង្វើ​របស់​ទាហាន​អ៊ីស្រាអែល​ពេល​នេះ​បាន​កើត​មាន​ឡើង ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​បំផ្ទុះ​គ្រាប់បែក​មួយ​គ្រាប់​លើ​រថយន្ត​មួយ​របស់​កងល្បាត​អ៊ីស្រាអែល​ក្នុង​តំបន់​ខ្ពង់រាប​ហ្គូឡាន​នៅ​តាម​ខ្សែបណ្តាយ​ព្រំដែន​រវាង​អ៊ីស្រាអែល និង​ស៊ីរី។ យោង​តាម​តួលេខ​ផ្តល់​ដោយ​កងទ័ព​អ៊ីស្រាអែល ការ​ផ្ទុះ​​នោះ​បាន​បណ្តាល​ឲ្យ​មាន​ទាហាន​អ៊ីស្រាអែល​របួស​ចំនួន ៤នាក់។ តែ​នៅ​ខាង​​ស៊ីរី​ឯណោះ មាន​ស្លាប់​ម្នាក់ និង​របួស ៧នាក់​នៅ​ក្រោម​ការ​ទម្លាក់​គ្រាប់បែក​តប​វិញ​របស់​ទាហាន​អ៊ីស្រាអែល។

ភាព​តានតឹង​បាន​ផ្ទុះ​ជាថ្មី​រវាង​អ៊ីស្រាអែល និង​ស៊ីរី​ជុំវិញ​តំបន់​ខ្ពង់រាប​ហ្គូឡាន
ភាព​តានតឹង​បាន​ផ្ទុះ​ជាថ្មី​រវាង​អ៊ីស្រាអែល និង​ស៊ីរី​ជុំវិញ​តំបន់​ខ្ពង់រាប​ហ្គូឡាន REUTERS/Ronen Zvulun
ផ្សាយពាណិជ្ជកម្ម

ពី​ដំបូង​ឡើយ តំបន់​ខ្ពង់រាប​ហ្គូឡាន (Golan) ជា​ដែនដី​របស់​ប្រទេស​ស៊ីរី។ តែ​ជានិច្ចកាល តំបន់​នោះ​ត្រូវ​បាន​ក្រុម​ឧទ្ទាម​ក្នុង​ប្រទេស​ស៊ីរី​ប្រើ​ជា​មូលដ្ឋាន​ដើម្បី​បាញ់ផ្លោង​គ្រាប់រ៉ូកែត​លើ​ទឹកដី​អ៊ីស្រាអែល។ នៅ​ក្នុង​សង្រ្គាម​រវាង​អ៊ីស្រាអែល​ទល់​នឹង​ប្រទេស​អេហ្ស៊ីប ហ្ស៊កដានី និង​ប្រទេស​ស៊ីរី​ដែល​គេ​ហៅ​ថា​សង្រ្គាម ៦ថ្ងៃ​ក្នុង​ឆ្នំា ១៩៦៧ កងទ័ព​អ៊ីស្រាអែល​ក៏​បាន​ឆ្លៀត​វាយ​ដណ្តើម​កាន់កាប់​តំបន់​ខ្ពង់រាប​ហ្គូឡាន​ទំាង។ ការ​កាន់កាប់​តំបន់​ខ្ពង់រាប​ហ្គូឡាន​ពី​សំណាក់​ទាហាន​អ៊ីស្រាអែល​ពេល​នោះ​បាន​អនុញ្ញាត​ឲ្យ​អ៊ីស្រាអែល​រួច​ផុត​ពី​ការ​វាយ​ឆ្មក់​ពី​ក្រុមឧទ្ទាម។

ក៏​ប៉ុន្តែ រឿងរ៉ាវ​ជុំវិញ​តំបន់​ខ្ពង់រាប​ហ្គូឡាន​បាន​បង្ក​ឲ្យ​ផ្ទុះ​សង្រ្គាម​ថ្មី​មួយ​ទៀត​ក្នុង​ឆ្នំា ១៩៧៣ ដែល​គេ​ហៅ​ថា​សង្រ្គាម Kippour។ សង្រ្គាម​កាលណោះ​បាន​អនុញ្ញាត​ឲ្យ​ទាហាន​ស៊ីរី​ដណ្តើម​កាន់កាប់​តំបន់​ខ្ពង់រាប​ហ្គូឡាន​ប្រមាណ​ជា ៦០% មក​វិញ។ ក្រោយ​មក ទាហាន​អ៊ីស្រាអែល​ក៏​បាន​រុញ​ច្រាន​ទាហាន​ស៊ីរី​ចេញ​ពី​ទី​នោះ​ជា​ថ្មី។ តែ​ក្នុង​ពេល​នោះ ភាគី​ជម្លោះ​ទំាង​ពីរ​ក៏​បាន​ចុះ​ហត្ថលេខា​លើ​បទ​ឈប់​បាញ់​គ្នា​មួយ​ដោយ​អ៊ីស្រាអែល​យល់ព្រម​ត្រលប់​មក​ទទួល​យក​ខ្សែបន្ទាត់​ព្រំដែន​ក្នុង​ឆ្នំា ១៩៦៧។ តែ​តំបន់​ដែល​ទាហាន​អ៊ីស្រាអែល​បាន​ដក​ថយ​ត្រូវ​បាន​ដាក់​ជា​តំបន់​គ្មាន​កងទ័ព និង​ស្ថិត​ក្រោម​ការ​ឃ្លំាមើល​របស់​អង្គការ​សហប្រជាជាតិ​តំាង​ពី​ឆ្នំា ១៩៧៤ មក​ដល់​សព្វ​ថ្ងៃ។

បច្ចុប្បន្ន​នេះ តំបន់​ខ្ពង់រាប​ហ្គូឡាន​ដែល​មាន​ផ្ទៃដី​សរុប​ជាង ១ ៥០០គីឡូម៉ែត្រក្រឡា​នោះ មាន​ជាង ១ ០០០គីឡូម៉ែត្រក្រឡា​ត្រូវ​បាន​អ៊ីស្រាអែល​ដែល​ជា​អ្នក​ឈ្នះ​សង្រ្គាម​ប្រកាស​ដាក់​បញ្ចូល​ជា​ដែនដី​របស់​ខ្លួន​ក្នុង​ឆ្នំា ១៩៨១។ ទង្វើ​នេះ​ត្រូវ​បាន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ថ្កោលទោស​ភ្លាមៗ និង​មិន​ដែល​បាន​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​ទេ។ រីឯ​ស៊ីរី​ដែល​ជា​ម្ចាស់ដើម និង​ជា​អ្នកចាញ់​សង្រ្គាម បាន​កាន់កាប់​ដែនដី​នៅ​សេសសល់​តែ​ប្រមាណ​ជាង ៥០០គីឡូម៉ែត្រក្រឡា។

ស្ថានការណ៍​ឡើង​តានតឹង​ខ្លំាង តំាង​ពី​ផ្ទុះ​វិបត្តិ​ផ្ទៃក្នុង​ស៊ីរី​ក្នុង​ឆ្នំា ២០១១

ទោះ​បី​ជា​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​រវាង​អ៊ីស្រាអែល និង​ស៊ីរី​ក៏​ដោយ ក៏​ស្ថានការណ៍​ទូទៅ​នៅ​តំបន់​ខ្ពង់រាប​ហ្គូឡាន​នៅ​​បន្ត​តានតឹង ក្តៅ​ងំ​ជានិ្ចច។ តែ​ស្ថានការណ៍​បាន​ផ្តើម​តឹងតែង​ខ្លំាង​តំាង​ពី​មាន​ផ្ទុះ​វិបត្តិផ្ទែក្នុង​នៅ​ស៊ីរី​ក្នុង​ឆ្នំា ២០១១ មក។ គឺ​វិបត្តិផ្ទៃក្នុង​ស៊ីរី​នេះ​ឯង​ដែល​បាន និង​កំពុង​ជះ​ចំហាយ​អាក្រក់​ខ្លំាង​ណាស់​នៅ​ក្នុង​តំបន់​ដើមបូព៌ា​ទំាង​មូល ពិសេស​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល។ អ្វី​ដែល​អ៊ីស្រាអែល​កំពុង​បារម្ភ​ខ្លំាង ប្រយ័ត្នប្រយែង និង​តាមដាន​ដោយ​យក​ចិត្ត​ទុកដាក់​ខ្លំាង មិនមែន​ត្រឹមតែ​ស្ថានការណ៍​វិវត្តន៍​នៅ​ក្នុង​ប្រទេស​ស៊ីរី​នៃ​ជម្លោះ​រវាង​ប្រជាជន​ស៊ីរី​ទេ តែ​គឺ​ការ​លូកដៃ​ចូល​នៅ​ក្នុង​ជម្លោះ​នេះ​ពី​សំណាក់​តួអង្គ​ខាង​ក្រៅ ពិសេស​គឺ​ក្រុម​យុទ្ធជន Hezbollah លីបង់ និង​ក្រុមជីហាត​ប៉ាឡេស្ទីន។

គឺ​ក្រុម​ទំាង​នេះ​ហើយ​ដែល​ជា​សត្រូវ​ស៊ីសាច់​ហុតឈាម​របស់​អ៊ីស្រាអែល និង​ដែល​អ៊ីស្រាអែល​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ខ្លំាង​ជាង​គេ។ នៅ​ដើម​ឆ្នំា ២០១៣ ចលនា Hezbollah បាន​បញ្ជូន​យុទ្ធជន​របស់​ខ្លួន​ចំនួន ៥ ០០០នាក់​ទៅ​ជួយ​ប្រយុទ្ធ​ជាមួយ​កម្លំាង​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ​ប្រឆំាង​នឹង​ក្រុម​បះបោរ។ តែ​អ៊ីស្រាអែល​បាន​សម្គាល់​ឃើញ​ថា ក្រុម​យុទ្ធជន Hezbollah បាន​ឆ្លៀត​ឱកាស​នៅ​ក្នុង​ស្ថានភាព​វឹកវរ​ក្នុង​ប្រទេស​ស៊ីរី ដើម្បី​ឆ្មក់​វាយប្រហារ​អ៊ីសា្រអែល​នៅ​តំបន់​ខ្ពង់រាប​ហ្គូឡាន។ យោង​តាម​អ៊ីស្រាអែល តំបន់​ខ្ពង់រាប​ហ្គូឡាន​នៅ​ខាង​ស៊ីរី​ចំនួន ៧០% កំពុង​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ពួក​ឧទ្ទាម។

អ៊ីស្រាអែល​ព្រមាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ការពារ​សន្តិសុខ​ខ្លួន

នៅ​ទាប​ភ្លឺ​ព្រឹក​ថ្ងៃ​ពុធ ទី១៩ មីនា​នេះ ទាហាន​អ៊ីស្រាអែល​បាន​បើក​ប្រតិបត្តិការ​ផ្លូវអាកាស​ទម្លាក់​គ្រាប់បែក​លើ​ទឹកដី​ស៊ីរី​ម្តុំ​តំបន់​ខ្ពង់រាប​ហ្គូឡាន ដើម្បី​ឆ្លើយ​តប​នឹង​ការ​ផ្ទុះ​គ្រាប់បែក​បណ្តាល​ឲ្យ​មាន​ទាហាន​អ៊ីស្រាអែល​របួស​ចំនួន ៤នាក់។ វិធានការ​ចាស់ដៃ​របស់​អ៊ីស្រាអែល គឺ​ជា​វិធានការ​ព្រមាន​មួយ​ដែល​អ៊ីស្រាអែល​តែង​តែ​អនុវត្តន៍​ជា​រឿយៗ​នៅ​ក្នុង​ជម្លោះ​ជាមួយ​ប៉ាឡេស្ទីន។ តែ​អ្វី​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​ខ្លំាង​នៅ​ពេល​នេះ គឺ​ខ្លាច​តែ​ប្រតិកម្ម​ចាស់ដៃ​របស់​អ៊ីស្រាអែល​នៅ​ស៊ីរី​ពេល​នេះ ជា​ការ​ផ្តើម​អុជ​បញ្ឆេះ​សង្រ្គាម​រវាង​អ៊ីស្រាអែល និង​ក្រុម Hezbollah  ជា​លើកទី៣។ គួរ​ជម្រាប​ជូន​ថា តំាង​ពី​ក្រុម Hezbollah បាន​បញ្ចូល​ខ្លួន​ទៅ​ជួយ​កងទ័ព​ស៊ីរី​កាល​ពី​ដើម​ឆ្នំា ២០១៣ មក ទាហាន​អ៊ីស្រាអែល​ធ្លាប់​បាន​លួច​វាយប្រហារ​ផ្លូវ​អាកាស​លើ​ឃ្លំាង​ស្តុកអាវុធ និង​គ្រឿងសព្វាវុធ​ទំនើបៗ​របស់​ស៊ីរី​ដើម្បី​បញ្ជៀស​កុំ​ឲ្យ​ពួក Hezbollah ប្រើ​អាវុធ​ទំាង​នេះ​វាយប្រហារ​ខ្លួន។

ទន្ទឹម​គ្នា​នេះ អ៊ីស្រាអែល​ក៏​ធ្លាប់​បាន​ទម្លាក់​គ្រាប់បែក​លើ​មូលដ្ឋាន​របស់ Hezbollah ក្នុង​ទឹកដី​លីបង់ និង​ដែល​ក្រុម Hezbollah ធ្លាប់​បាន​គំរាម​សងសឹក​វិញ​នៅ​ពេល​ដែល​ឱកាស​ហុច​ឲ្យ។ បើ​យោង​តាម​ទាហាន​អ៊ីស្រាអែល ក្រុម Hezbollah មាន​គ្រាប់មីស៊ីល និង​រ៉ូកែត​សរុប​ប្រមាណ​ជា ១០០ ០០០គ្រាប់ និង​ដែល​មាន​ជា​ច្រើន​គ្រាប់​អាច​បាញ់​បាន​ចម្ងាយ​ជាង ២៥០គីឡូម៉ែត្រ។ តែ​អ៊ីស្រាអែល​បាន​ព្រមាន​រួច​ហើយ​ថា ចម្លើយ​របស់​អ៊ីស្រាអែល​នឹង​មិន​កម្រិត​ត្រឹម​ផ្លូវអាកាស​មួយ​ទេ តែ​តាម​គ្រប់​មធ្យាបាយ​ទំាង​អស់។ ដូច្នេះ បើ​សង្រ្គាម​នេះ​អាច​នឹង​ផ្ទុះ​មែន វា​មិន​ប្រាកដ​កើត​មាន​ត្រឹម​តែ​រវាង​អ៊ីស្រាអែល និង Hezbollah ទេ តែ​អ៊ីស្រាអែល​នឹង​ត្រូវ​ប្រឈម​ទល់​នឹង​ក្រុម​សត្រូវ​ទំាង​អស់​របស់​ខ្លួន​នៅ​ក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ