អានតួអត្ថបទ
អ៊ីស្រាអែល-ស៊ីរី

យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​វាយប្រហារ​លើ​មូលដ្ឋាន​ទ័ពអាកាស​ស៊ីរី

អ៊ីស្រាអែល​បាន​បើក​ការ​វាយប្រហារ​តាមផ្លូវ​អាកាស​ទៅលើ​មូលដ្ឋាន​ទ័ព​អាកាស​ស៊ីរី កាល​ពី​រំលងអធ្រាត​ថ្ងៃ​ពុធ ឈានចូល​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ នេះ​បើ​យោងតាម​ការ​ផ្សាយ​របស់​ទូរទស្សន៍​អារ៉ាប៊ីសាអ៊ូឌីត និង​យោងតាម​ការអះអាង​របស់​មន្រ្តី​រដ្ឋាភិបាល​អាមេរិក។ អ៊ីស្រាអែល​វិញ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​ជុំវិញ​ព័ត៌មាន​នេះ​ទេ។

យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល
យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល AFP/JACK GUEZ
ផ្សាយពាណិជ្ជកម្ម

ទូរទស្សន៍​អាល់អារ៉ាប៊ីយ៉ា (Al-Arabiya) របស់​អារ៉ាប៊ីសាអ៊ូឌីត បាន​ផ្សាយ​ឲ្យដឹង​ថា ទីតាំង​យោធា ដែល​ទទួល​រងនូវ​ការ​វាយប្រហារ​ពី​សំណាក់​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​ កាល​ពី​រំលងអធ្រាត​ថ្ងៃ​ពុធ គឺ​ជា​មូលដ្ឋាន​ទ័ព​អាកាស ស្ថិត​នៅ​ក្នុង​ខេត្ត​ Latakia (ប៉ែក​ខាង​លិច​ប្រទេស​ស៊ីរី ជាប់នឹង​ឆ្នេរ​សមុទ្រ​មេឌីទែរ៉ាណេ)។ ការវាយប្រហារ​នេះ​ធ្វើឡើង​សំដៅ​កម្ទេច​មីស៊ីល ដែល​គេ​គ្រោង​នឹង​បញ្ជូន​ទៅ​ឲ្យ​ក្រុម​ Hezbollah នៅ​លីបង់។

មន្រ្តី​រដ្ឋាភិបាល​អាមេរិក​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា ពិត​ជា​មាន​ប្រតិបត្តិការ​ទ័ព​អាកាស​អ៊ីស្រាអែល​​ទៅលើ​ស៊ីរី​ពិតមែន។ ក៏ប៉ុន្តែ មន្រ្តី​រូបនេះ​បាន​បដិសេធ​មិន​បញ្ជាក់​អំពី​ទីតាំង និង​គោលដៅ​នៃ​ប្រតិបត្តិការ​នេះ​ទេ ដោយ​គ្រាន់តែ​បាន​បង្ហើប​ថា “តាមទម្លាប់​​ អ៊ីស្រាអែល​តែងតែ​ធ្វើការ​វាយប្រហារ​តាម​អាកាស ទៅលើ​គ្រឿង​សព្វាវុធ ដែល​គេ​បញ្ជូន​ទៅ​ឲ្យ​ក្រុម​ Hezbollah”។ ចលនា​ស្ហ៊ីអ៊ីត​លីបង់ Hezbollah ដែល​ជា​សម្ព័ន្ធមិត្ត​របស់​លោក​បាស្ហា អាល់អាសាដ និង​​អ៊ីរ៉ង់។

ទីភ្នាក់ងារ​ព័ត៌មាន​អេភី (Associated Press)​ វិញ បាន​​ដកស្រង់​ប្រភព​ពី​មន្រ្តី​អាមេរិក​ដែល​សុំ​មិនបញ្ចេញ​ឈ្មោះ​ដែរ ដែល​អះអាង​ថា គ្រឿងសព្វាវុធ​ដែល​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​ កាល​ពី​រំលងអធ្រាត​ថ្ងៃ​ពុធ គឺ​ជា​មីស៊ីល​ផលិត​នៅ​រុស្ស៊ី។

គួរ​រំឭកឡើងវិញ​ថា កាល​ពី​ខែ​ឧសភា​កន្លងទៅ អ៊ីស្រាអែល​​ក៏​បាន​បើក​ការ​វាយប្រហារ​តាមផ្លូវ​អាកាស​​នៅ​ក្នុង​ប្រទេស​ស៊ីរី​​ម្តងដែរ ហើយ​មន្រ្តី​អ៊ីស្រាអែល​បាន​ទទួលស្គាល់​ថា គោលដៅ​នៃ​ការ​វាយប្រហារ​នោះ គឺ​ដើម្បី​កម្ទេច​អាវុធ​ ដែល​អ៊ីរ៉ង់​បញ្ជូន​ទៅ​ឲ្យ​ក្រុម​ Hezbollah។ នៅពេលនោះ លោក​បាស្ហា អាល់អាសាដ បាន​ប្រកាស​ថា​នឹង​ធ្វើការ​​​តបតវិញ ប្រសិនបើ​អ៊ីស្រាអែល​ហ៊ាន​​បើក​ការវាយប្រហារ​ណាមួយ​សាជាថ្មី​ទៀត​លើ​ស៊ីរី។

ជុំវិញ​របាយការណ៍​អំពី​ប្រតិបត្តិការ​ទ័ពអាកាស​នៅ​ស៊ីរី កាលពី​រំលងអធ្រាត​ថ្ងៃ​ពុធនេះ​វិញ អ៊ីស្រាអែល​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់ ពោលគឺ មិន​ទទួលស្គាល់​ ហើយ​ក៏​មិន​បដិសេធ​ព័ត៌មាន​នេះ​ដែរ។

ព័ត៌មាន​ស្តីពី​ប្រតិបត្តិការ​ទ័ព​អាកាស​អ៊ីស្រាអែល​ទៅលើ​ស៊ីរី​នេះ​បាន​កើតមាន​ឡើង នៅ​ក្នុង​ពេល​ដែល​ប្រេសិត​ពិសេស​របស់​អ.ស.ប និង​សម្ព័ន្ធ​អារ៉ាប់ កំពុង​ស្ថិត​ក្នុង​ប្រទេស​ស៊ីរី ដើម្បី​​ព្យាយាម​ជំរុញ​ដំណើរការ​សន្តិភាព តាមរយៈ​ការ​រៀបចំ​សន្និសីទ​ក្រុងហ្សឺណែវ​លើកទី២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ