អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​អនុម័ត​គម្រោង​វិនិយោគ​សាធារណៈ​រយៈ​ពេល​៣​ឆ្នាំ​ត្រូវ​ការ​ថវិកា​ជាង​ ៥.០០០លាន​ដុល្លារ

កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី ​កាល​ពី​ថ្ងៃ​សុក្រ ​ទី​៥​កញ្ញា ​បាន​អនុម័ត​លើ​សេចក្តី​ព្រាង​កម្មវិធី​វិនិយោគ​សាធារណៈ​ ៣​ ឆ្នាំ​ រំកិល​ ឆ្នាំ​២០១៥​ ដល់​ឆ្នាំ២០១៧។ ​គម្រោង​រយៈ​ពេល ​៣ ​ឆ្នាំ​នេះ ​ត្រូវ​ការ​ថវិកា​ ៥.២៤៣​ លាន​ដុល្លារ​អាមេរិក​ សម្រាប់​ ៥០០​ គម្រោង​ ដែល​ក្នុង​នោះ ​ធន​ធាន ៦០​ ភាគ​រយ​ ត្រូវ​បន្ត​ សម្រាប់​ការ​វិនិយោគ​ នៅ​តំបន់​ជនបទ។

ការប្រជុំគណៈរដ្ឋមន្ត្រីនាពេលកន្លងមក
ការប្រជុំគណៈរដ្ឋមន្ត្រីនាពេលកន្លងមក @Google
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ផែន​ការ​ បាន​សហការ​ជា​មួយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​ ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ និង​គណៈកម្មា​ធិការ​នីតិ​សម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា ​ដើម្បី​រៀប​ចំ​កម្មវិធី​វិនិយោគ​សាធារណៈ​ ៣​ ឆ្នាំ​ រំកិល ​ឆ្នាំ២០១៥​ ដល់​ឆ្នាំ២០១៧។​ គម្រោង​រយៈពេល​ ៣​ ឆ្នាំ ​ដែល​គណៈ​រដ្ឋ​មន្ត្រី ​ប្រជុំ​អនុម័ត​ កាល​ពី​ថ្ងៃ​សុក្រ ​ត្រូវ​ការ​ទុន​សរុប​ចំនួន ​៥.២៤៣ ​លាន​ដុល្លារ​អាមេរិក​ សម្រាប់​គម្រោង​ចំនួន​ ៥០០​ គម្រោង។ ​ក្នុង​នោះ​ធន​ធាន​ ៦០​ ភាគ​រយ ​ត្រូវ​បន្ត​អនុវត្ត​ សម្រាប់​ការ​វិនិយោគ​នៅ​តំបន់​ជនបទ។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​។

សេចក្តី​ប្រកាស​ព័ត៌មាន​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី ​បង្ហាញ​ថា ​គោល​បំណង​សំខាន់​នៃ​កម្មវិធី​វិនិយោគ​សាធារណៈ ​៣ ​ឆ្នាំ ​រំកិល ​ឆ្នាំ​២០១៥​ ដល់​ឆ្នាំ២០១៧​ គឺ​ធ្វើ​ការ​បង្ហាញ​ពី​ទិន្នន័យ​គម្រោង​វិនិយោគ​ ដែល​មាន​អាទិភាព​ខ្ពស់​របស់​ក្រសួង​ស្ថាប័ន​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែល​ជា​គោល​នយោបាយ​ មាន​ចែង​នៅ​ក្នុង​យុទ្ធ​សាស្ត្រ​ចតុកោណ​ ដំណាក់​កាល​ទី៣​ និង​ផែន​ទី​ចង្អុល​ផ្លូវ​ សម្រាប់​ការ​អនុវត្ត​គោល​នយោបាយ​ ដែល​មាន​ចែង​ក្នុង​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (ផ.យ.អ.ជ)​ ឆ្នាំ​២០១៤ ​ដល់​ឆ្នាំ២០១៨។ ​ផែន​ការ​យុទ្ធសាស្ត្រ​នោះ ​ត្រូវ​បាន​អនុម័ត​ ដោយ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មិថុនា ​ឆ្នាំ​២០១៤។

សេចក្តី​ប្រកាស​ដដែល​ លើក​ឡើង​ថា ​គម្រោង​វិនិយោគ​របស់​រដ្ឋា​ភិបាល ​រយៈ​ពេល​ ៣​ ឆ្នាំ​​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ ដើ​ម្បី​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ (ផសស)​ ៦​ ដល់​ ៧% ​និង​អាទិភាព​នានា ​ដែល​គាំ​ទ្រ​ប្រជាជន​ក្រីក្រ ​និង​ជនបទ​ ដូចជា​ ការ​អភិវឌ្ឍ​កសិកម្ម ​និង​ជនបទ​ តាមរយៈ​ការ​លើក​កម្ពស់​ផលិតភាព​ និង​ពិពិធកម្ម​កសិកម្ម​ ដូច​ដែល​បាន​កំណត់​រួច​មក​ហើយ​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី៣​ និង​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ឆ្នាំ​២០១៤ ដល់​ឆ្នាំ២០១៨៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ