អានតួអត្ថបទ
ក្រិក-បារាំង

នាយករដ្ឋមន្រ្តី​ក្រិក​ជួប​ចរចា​ជាមួយ​ប្រធានាធិបតី​បារាំង​ជុំវិញ​វិបត្តិ​បំណុល

បន្ទាប់​ពីបាន​​ជួប​​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ កាល​ពី​ម្សិលមិញ នៅថ្ងៃ​នេះ នាយករដ្ឋមន្រ្តី​ក្រិក​បានមក​ជួប​ប្រធានាធិបតី​បារាំង នៅ​ប៉ារីស ដើម្បី​ចរចា​ ជុំវិញ​ជំនួយ​របស់​អឺរ៉ុប ក្នុងការ​ដោះស្រាយ​​វិបត្តិ​បំណុលក្រិក។ រដ្ឋាភិបាល​ក្រិក​កំពុង​ស្នើសុំ​ឲ្យ​អឺរ៉ុប​ផ្តល់​ពេលវេលា​បន្ថែម​ទៀត​ដល់​ក្រិក ក្នុងការ​អនុវត្ត​កំណែទម្រង់ ដើម្បី​កាត់បន្ថយ​ឧនភាពថវិកាជាតិ។

នាយករដ្ឋមន្រ្តី​ក្រិក Antonis Samaras (ឆ្វេង) និង​ប្រធានាធិបតី​បារាំង François Hollande នៅ​វិមាន​ប្រធានាធិបតី​បារាំង ថ្ងៃទី២៥ សីហា ២០១២
នាយករដ្ឋមន្រ្តី​ក្រិក Antonis Samaras (ឆ្វេង) និង​ប្រធានាធិបតី​បារាំង François Hollande នៅ​វិមាន​ប្រធានាធិបតី​បារាំង ថ្ងៃទី២៥ សីហា ២០១២ REUTERS/Jacky Naegelen
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួប​ជាមួយ​លោកហ្វ្រង់ស័រ ហូឡង់ (François Hollande) នៅថ្ងៃ​នេះ លោក​អង់តូនីស សាម៉ារ៉ាស់ (Antonis Samras) បាន​ធ្វើ​សំណើ​ដូចគ្នា​ទៅ​នឹង​អ្វី​ដែល​លោក​លើកឡើង​នៅពេល​ជួប​ជាមួយ​លោកស្រី​អង់ហ្កេឡា មែរកិល (Angela Merkel) កាល​ពី​​ថ្ងៃ​សុក្រ​ម្សិលមិញ។ លោក​នាយករដ្ឋមន្រ្តី​ក្រិក​បាន​លើកឡើង​ថា ក្រិក​មិន​មែន​សុំ​ជំនួយ​បន្ថែមទៀត​ទេ ប៉ុន្តែ សុំ​​ឲ្យ​អឺរ៉ុប​ទុក​ពេល​បន្ថែម​ ​ដើម្បី​អនុវត្ត​​​កំណែទម្រង់​កាត់បន្ថយ​ឧនភាព​ថវិកា​ជាតិ។

គួរ​បញ្ជាក់ថា ជា​ថ្នូរ​នឹង​ជំនួយ​ ១៣០ពាន់លាន​អឺរ៉ូ របស់​សហភាព​អឺរ៉ុប និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) រដ្ឋាភិបាល​ក្រិក​ត្រូវ​ធ្វើ​កំណែទម្រង់ ដើម្បី​កាត់បន្ថយ​ការចំណាយ​សាធារណៈ​ឲ្យ​បាន ១១ពាន់ ៥រយលាន​អឺរ៉ូ នៅ​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤។ ក៏ប៉ុន្តែ ការកាត់បន្ថយ​ការ​ចំណាយ​សាធារណៈ​កំពុងតែ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ក្រិក​​ត្រូវ​ធ្លាក់ចុះ​​ជារៀងរាល់​ឆ្នាំ ហើយ ដោយសារ​តែ​ចំណូល​រដ្ឋ​ធ្លាក់​ចុះ ​​ឧនភាព​ថវិកា​ជាតិ​បាន​កើនឡើង​រហូត​ដល់​ទៅ​ជិត ១៤ពាន់​លាន​ដុល្លារ។ ហេតុដូច្នេះ​ហើយ​បាន​ជា​​ក្រិក​ស្នើ​សុំ​ឲ្យ​អឺរ៉ុប​ទុក​ពេល​ ២ឆ្នាំ បន្ថែម​ទៀត សម្រាប់​ក្រិក ក្នុងការ​កាត់បន្ថយ​ការ​ចំណាយ​សាធារណៈ។

នៅក្រោយ​ជំនួប​ជាមួយ​នាយករដ្ឋមន្រ្តី​ក្រិក កាល​ពីម្សិលមិញ លោកស្រី​អង់ហ្កេឡា មែរកិល បាន​សន្យាថា អាល្លឺម៉ង់​នឹង​ជួយ​ក្រិក​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​បំណុល ហើយ​ថា លោកស្រី​​មិន​ចង់​ឃើញ​ក្រិក​ចាកចេញ​ពី​តំបន់​អឺរ៉ូ​នោះទេ។ ក៏ប៉ុន្តែ លោកស្រី​ចង់​ឲ្យ​​ក្រិក​បន្ត​ខិតខំ​ធ្វើ​កំណែទម្រង់​ ទៅតាម​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា​កន្លងមក។

លោក​ហ្វ្រង់ស័រ ហូឡង់ ក៏បាន​​បង្ហាញ​នូវ​ជំហរ​ស្រដៀង​នឹង​លោកស្រី​មែរកិលនេះ​​ដែរ នៅ​ក្រោយ​ជំនួប​ជាមួយ​នាយករដ្ឋមន្រ្តី​ក្រិក នៅ​ព្រឹកមិញនេះ។ កាល​ពីថ្ងៃ​ព្រហស្បតិ៍​ ប្រមុខដឹកនាំទាំងពីរ (បារាំង និង​អាល្លឺម៉ង់) ក៏​បាន​ជួបពិភាក្សា​គ្នា ជុំវិញ​វិបត្តិ​ក្រិក​នេះ​ដែរ។

គួររំឭកថា លុយ​ជំនួយ​ទាំង ១៣០ពាន់​លាន​អឺរ៉ូ របស់​សហភាព​អឺរ៉ុប​ និង​ IMF ត្រូវ​ផ្តល់​ទៅ​ឲ្យ​ក្រិក​​បន្តិចម្តងៗ ទៅតាម​ដំណាក់កាល អាស្រ័យ​ទៅតាម​​កំណែទម្រង់ ដែល​ក្រិក​សម្រេច​បាន ក្នុង​​​លក្ខខណ្ឌ ដែល​គេ​តម្រូវ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ