អានតួអត្ថបទ
ក្រិក

ការ​បោះឆ្នោត​សភា​ក្រិក៖ ជោគវាសនា​របស់​អឺរ៉ុប​ស្ថិត​ក្នុង​ដៃ​ពលរដ្ឋ​ក្រិក?

នៅថ្ងៃ​អាទិត្យ​នេះ ពលរដ្ឋ​ក្រិក​នាំគ្នា​ចេញ​ទៅ​បោះឆ្នោត​ជាលើក​ទីពីរ ដើម្បី​ជ្រើសអ្នក​តំណាង​រាស្រ្ត និង​រដ្ឋាភិបាល​ថ្មី។ ការបោះឆ្នោត​នេះ​អាច​នឹង​កំណត់​ជោគវាសនា​របស់​ក្រិក ថា ​តើ​បន្ត​ស្ថិត​នៅ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ ឬ​ត្រូវ​ត្រឡប់​ទៅ​ចាយលុយ​ជាតិ​ខ្លួន​ឯងវិញ ដែល​អាច​​​នឹង​បង្ក​ផលវិបាក​បណ្តាល​ឲ្យ​តំបន់​ចាយលុយ​អឺរ៉ូ​ទាំងមូល​ត្រូវ​ដួលរលំ​។

ការបោះឆ្នោត​សភា​ក្រិក នៅថ្ងៃ​ទី១៧ មិថុនា ២០១២
ការបោះឆ្នោត​សភា​ក្រិក នៅថ្ងៃ​ទី១៧ មិថុនា ២០១២ REUTERS/Yannis Behrakis
ផ្សាយពាណិជ្ជកម្ម

ការបោះឆ្នោត​សភា​ក្រិក នៅថ្ងៃ​អាទិត្យ​នេះ គឺ​ជា​ការ​ប្រជែងគ្នា​រវាង​​គណបក្ស​ដែល​គាំទ្រ​នយោបាយ​កាត់បន្ថយ​ការចំណាយ​សាធារណៈ ជាថ្នូរ​នឹង​ជំនួយ​អឺរ៉ុប និង​ម្ខាង​ទៀត​គណបក្ស​ដែល​ទាមទារ​ឲ្យ​បញ្ឈប់​នយោបាយ​នេះ។

មេដឹកនាំ​​នៅ​អឺរ៉ុប ជាពិសេស អាល្លឺម៉ង់​បាន​ព្រមាន​ថា បើ​ក្រិក​ចង់​បន្ត​នៅ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ​តទៅទៀត ក្រិក​ត្រូវ​តែ​អនុវត្ត​កិច្ចព្រមព្រៀង​​ជាមួយ​អឺរ៉ុប​ ដែល​រដ្ឋាភិបាល​មុន​បាន​ចុះ។ ដូច្នេះ ការបោះឆ្នោត​សភា​នៅថ្ងៃ​អាទិត្យ​នេះ អាច​ជា​ការ​កំណត់​ជោគវាសនា​របស់​ក្រិក​ នៅ​ក្នុង​តំបន់​អឺរ៉ូ។

ប្រជាជន​ក្រិក​ភាគច្រើន​បំផុត (ពី ៧០% ទៅ ៨០%) ចង់​ឲ្យ​ក្រិក​បន្ត​នៅ​ក្នុង​តំបន់​អឺរ៉ូ​តទៅទៀត។ សូម្បី​តែ​មេដឹកនាំ​គណបក្ស Syriza​ ដែល​ប្រឆាំង​នឹង​នយោបាយ​កាត់បន្ថយ​ការ​ចំណាយ​សាធារណៈ ដាក់​ដោយ​អឺរ៉ុប ក៏​មិន​ចង់​ឲ្យ​ក្រិក​ចាកចេញ​ពី​តំបន់​ចាយលុយ​អឺរ៉ូ​ដែរ ពោល​គឺ​ ក្រិក​ចង់​បន្ត​ស្ថិត​នៅ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ ដោយ​មិន​ចាំបាច់​អនុវត្ត​នយោបាយ​កាត់បន្ថយ​ការ​ចំណាយសាធារណៈ។

លោក ​Alexis Tsipras មេដឹកនាំ​គណបក្ស Syriza ធ្លាប់បាន​លើកឡើង​​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថា ការព្រមាន​របស់​មេដឹកនាំ​អឺរ៉ុប អំពី​ការ​ចាកចេញ​របស់​ក្រិក​​ពី​តំបន់​អឺរ៉ូ គឺ​គ្រាន់តែ​ជា​ការ​កំញើញ​ចោល​តែប៉ុណ្ណោះ។ ក្រិក​នឹង​មិន​ដើរចេញ​ពី​តំបន់​ចាយលុយ​អឺរ៉ូ​ដោយ​ខ្លួន​ឯងនោះទេ ហើយ​ក្រិក​ក៏​មិនជឿថា មេដឹកនាំ​អឺរ៉ុប​បណ្តោយ​ឲ្យ​ក្រិក​ចេញ​ពី​តំបន់​ចាយលុយ​អឺរ៉ូ​នោះដែរ ពីព្រោះ បើ​សិន​ជា​ក្រិក​ចេញ​មែន​ វានឹង​បណ្តាល​ឲ្យ​មាន​ភាព​ច្រួលច្របល់​ក្នុង​តំបន់​អឺរ៉ូ​ទាំងមូល ហើយប្រហែល​ជា​​អាច​នឹង​ធ្វើ​ឲ្យ​តំបន់​អឺរ៉ូ​ត្រូវ​ដួលរលំ​ទាំងស្រុង។

ការ​ស្ទាបស្ទង់មតិ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​បង្ហាញ​ថា គណបក្ស​ Syriza និង​គណបក្សប្រជាធិបតេយ្យ​ថ្មី (គាំទ្រ​នយោបាយ​កាត់បន្ថយ​ការ​ចំណាយ​សាធារណៈ​) មាន​សំឡេង​ប្រហាក់ប្រហែល​គ្នា ហើយ​មិនមាន​គណបក្ស​ណាមួយ​ទទួល​បាន​សំឡេង​ភាគច្រើន​គ្រប់គ្រាន់ ដើម្បី​បង្កើត​រដ្ឋាភិបាល​តែ​ឯង​បាន​នោះទេ។ នេះ​បណ្តាល​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ថា ក្រិក​អាច​នឹង​ត្រូវ​បន្ត​ស្ថិត​ក្នុង​ភាព​ជាប់គាំង​នយោបាយ​បន្តទៅទៀត ដោយ​បង្កើត​រដ្ឋាភិបាល​ថ្មី​មិនបាន ដូច​កាល​ពី​ការ​បោះឆ្នោត​លើក​ទីមួយ នៅខែឧសភា​កន្លងទៅ។

វិបត្តិ​នយោបាយ​ក្រិក​អាច​នឹង​ធ្វើ​ឲ្យ​វិបត្តិ​អឺរ៉ូ​ធ្លាក់​កាន់តែ​ដុនដាប់​ខ្លាំងឡើង​ថែមទៀត ហើយ​ជាពិសេស វា​អាច​នឹង​រាលដាល​កាន់តែ​ខ្លាំង​ទៅដល់​ប្រទេស​ព័រទុយហ្កាល់ អេស្ប៉ាញ និង​អ៊ីតាលី ដោយសារ​តែ​អ្នកវិនិយោគ​បាត់បង់​ទំនុកចិត្ត​លើ​តំបន់​អឺរ៉ូ។ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​កាន់តែ​បារម្ភ​ គឺ​វិបត្តិ​អឺរ៉ូ​អាច​នឹង​​ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​សាជាថ្មី​ម្តងទៀត។ បញ្ហា​ក្រិក និង​វិបត្តិ​អឺរ៉ូ​នេះ ប្រាកដ​ជា​នឹង​ក្លាយ​ជា​សំណុំរឿង​ដ៏សំខាន់​បំផុត​មួយ នៅ​ក្នុង​ជំនួបកំពូល​ក្រុមប្រទេស G20 ដែល​ត្រូវ​បើក​ធ្វើ​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក នៅថ្ងៃ​ចន្ទ​ស្អែក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ