អានតួអត្ថបទ
កម្ពុជា-អ.ស.ប.

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នឹង​ជួប​តំណាង​អគ្គលេខាធិការ អ.ស.ប. ស្តីពី​តុលាការ​ខ្មែរក្រហម

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បានឲ្យ​ដឹង​នៅ​ថ្ងៃច័​ន្ទ​នេះ​ថា លោក សុខ អាន រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី ទទួលបន្ទុក​សាលាក្តី​ខ្មែរក្រហម នឹង​ជួប​ជាមួយ​តំណាង​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ លោក បាន គីមូន ដើម្បី​ពិភាក្សា​លើ​ករណី​បញ្ហា​មួយចំនួន ទាក់ទង​នឹង​សាលាក្តី​ខ្មែរក្រហម​។ ក្នុងនោះ ការ​រៃ​អង្គាស ប្រមូល​ថវិកា សម្រាប់​​​ដំណើរការ​សាលាក្តី​ខ្មែរក្រហម ជា​បញ្ហា​អាទិភាព​។ ក៏ប៉ុន្តែ​អង្គការសហប្រជាជាតិ បាន​ប្រកាសថា ការ​ចម្រូងចម្រាស នៃ​ការតែងតាំង​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ សម្រាប់​តុលាការ​ខ្មែរក្រហម ក៏​ជា​បញ្ហា​សំខាន់ នៃ​កិច្ច​ពិភាក្សា​នា​រសៀល​ថ្ងៃ​ស្អែក​ផងដែរ​។​

ចៅក្រុម​នៃ​តុលាការ​ខ្មែរក្រហម
ចៅក្រុម​នៃ​តុលាការ​ខ្មែរក្រហម ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

លោក David Scheffer អ្នកជំនាញ​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​រៃ​អង្គាស​ថវិកា សម្រាប់​ជួយ​ដល់​ដំណើរ​តុលាការ​ខ្មែរក្រហម នឹង​ជួប​លោក សុខ អាន រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី តំណាង​រដ្ឋាភិបាល​កម្ពុ​ជា សម្រាប់​សាលាក្តី​ខ្មែរ​ក្រហម នៅ​ម៉ោង ៤ រសៀល​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១២​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ឯក ថា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។

លោក ឯក ថា បានឲ្យដឹងថា លោក David Scheffer បាន​កាន់​តំណែង​ជំនួស​លោក Client Williamson ក្នុង​តួនាទី​ផ្នែក​រៃអង្គាស​ថវិកា សម្រាប់​សាលាក្តី​ខ្មែរក្រហម​។ ដូច្នេះ​កិច្ចប្រជុំ​នៅ​រសៀល​ថ្ងៃ​ស្អែក​នេះ នឹង​និយាយ​តែ​ពី​ការប្រមូល​ថវិកា ជួយ​ដល់​ដំណើរការ​កាត់ទោស​មេ​ខ្មែរក្រហមប៉ុណ្ណោះ​។ សាលាក្តី​កូនកាត់ ដែល​រួម​គ្នា​បង្កើតឡើង​ដោយ​អង្គការសហប្រជាជាតិ បាន​ដំណើរការ​ចាប់តាំងពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១១ បាន​ចំណាយ​ថវិកា​សរុប​ចំនួន ១៤៩,៩ លាន​ដុល្លារ​។ ក្នុងនោះ ភាគី​កម្ពុជា ចំណាយ​ចំនួន ៣៤ លាន​ដុល្លារ​។ តែ​នៅ​ឆ្នាំ​២០១២​នេះ តុលាការ​ចម្រុះ ត្រូវ​ប្រឈម​នឹង​កង្វះ​ថវិកា​។

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល បានបញ្ជាក់​ថា ការតែងតាំង​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ នៅ​តុលាការ​ខ្មែរក្រហម ដែល​កំពុង​ចម្រូងចម្រាស នឹង​មិនមែន​ជា​ប្រធានបទ ឬក៏​ជា​របៀបវារៈ នៃ​កិច្ច​ពិភាក្សា​រវាង​លោក សុខ អាន និង​តំណាង​ពិសេស​អង្គការសហប្រជាជាតិ នា​រសៀល​ថ្ងៃ​ទី​២៤​មករា​ឡើយ​។​

យ៉ាងណាក៏ដោយ តាម​គេហ​ទំព័រ​របស់​អង្គការសហប្រជាជាតិ បាន​ផ្សព្វផ្សាយ​ថា លោក David Scheffer មក​ភ្នំពេញ​ពេលនេះ ដើម្បី​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​សាលាក្តី​ខ្មែរក្រហម ជុំវិញ​ការតែងតាំង​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​។ ដំណើរការ​តែងតាំងចៅក្រមអន្តរជាតិ ដែល​មិន​ត្រូវ​បាន​រដ្ឋាភិបាល ប្រកាស​ជា​ផ្លូវការ ខណៈ​ដែល​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម បាន​ប្រជុំ​សម្រេច កាលពី​សប្តាហ៍​មុន ហើយ​បញ្ជូន​សេចក្តីសម្រេច​នោះ ទៅកាន់​លោក​សុខ​អាន​។

ទាក់ទង​នឹង​តុលាការ​ខ្មែរក្រហម នៅក្នុង​សវនាកា​រលើ​សំណុំរឿង​០០២ នៅ​ថ្ងៃ​ច័ន្ទ ទី​២៣​មករា​នេះ ចូលដល់​ការសួរដេញដោល​លើ​សាក្សី​លោក វ៉ាន់​ថា​ន់ ពៅ​ដា​រ៉ា នាយករង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ( DCCAM ) អំពី​ការប្រមូល និង​ចងក្រង​ឯកសារ សម័យ​ខ្មែរក្រហម​។ ការសួរដេញដោល​សាក្សី​រូបនេះ បន្ទាប់ពី​មាន​ការជំទាស់​ដ៏​ខ្លាំងក្លា​ពី​ភាគី​អតីត​មេ​ខ្មែរក្រហម លោក នួន​ជា លោក​អៀង​សារី និង​លោក​ខៀវ​សំផន ចំពោះ​ឯកសារ​ភស្តុតាង ដែល​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ដាក់បន្ទុក​លើ​អតីត​មេ​ខ្មែរក្រហម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ