អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើ​ប៊ីចេង​ពិត​ជា​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មែន​ឬ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៊ីចេង ឬ​ម្សៅ​ស៊ុប ដែលប​ណ្តា​ជន​ខ្មែរ និង​អាស៊ី ចូល​ចិត្ត​ប្រើ​ ដើម្បី​លើក​តម្តើង​រសជាតិ​ម្ហូប មាន​ឈ្មោះ​មិន​ល្អទេ។ ខ្លះ​ថា​នាំ​ឱ្យ​ខូច​សុខភាព ខ្លះ​ថា​នាំ​ឱ្យ​ឆាប់​ពុក​ឆ្អឹង ។ល។ និង​។ល។ តើ​ប៊ីចេង​ជា​អ្វី ? ផលិត​មក​សារធាតុ​អ្វី ? បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ណា​ខ្លះ ចំពោះ​សុខភាព? ដើម្បី​ជម្រះ​ចម្ងល់ និង​មន្ទិល ទាំង​​នេះ​ សូម​ស្តាប់​ប្រសាសន៍​របស់​លោក​ ហៀប​ គិមហ៊ាង វិស្វករ​គីមី និង​ចំណី​អាហារ​នៅ​ប្រទេស​បារាំង និង​លោក​វេជ្ជបណ្ឌិត​ ឡោ គីមសុង តាម​រយៈ​បទស​ម្ភាសន៍​ជាមួយ​នឹង​អៀង សុខម៉ិញ។

ប៊ីចេង ឬ​ម្សៅ​ស៊ុប
ប៊ីចេង ឬ​ម្សៅ​ស៊ុប © wikipedia
ផ្សាយពាណិជ្ជកម្ម

អ្នក​​ខ្លះ​ខ្លាច​រអា មិន​ហ៊ាន​ភ្លក្ស ឬ​ប្រើ អ្នក​ខ្លះ​ទៀត​បាន​ដល់​ចាត់​ទុក​ប៊ីចេង​ថា​ជា​ឃាតករ​លាក់​មុខ​ទៀតផង ព្រោះ​សម្អាង​ថា​ការ​បរិភោគ​សារធាតុ​នេះ នឹង​បង្ក​គ្រោះ​ថ្នាក់​ច្រើន​។ ចុះ​បើ​វា​បង្ក​គ្រោះ​ថ្នាក់​មែន ចុះ​ហេតុ​អ្វី​បាន​ជា​ឧស្សាហកម្ម​ផលិត​ប៊ីចេង នៅ​តែ​អាច​មាន​ដំណើរ​ការ​បាន ? និង​គ្មានការ​ហាមឃាត់​ដូច្នេះ​ ?

 
​អ្នក​ដែល​ខ្លាច​រអា​ប៊ីចេង ខ្លាំង​ជាង​គេ គឺ​បណ្តា​ជន​អឺរ៉ុប ឬ​អាមេរិក។ សម្រាប់​ក្រសែ​ភ្នែក​ពួក​គេ ប៊ីចេង​មាន​ប្រើប្រាស់​តែ​ក្នុង​ចំណី​អាហារ​ នៅ​អាស៊ី ដោយ​បណ្តាជន​អាស៊ី។ អ្នក​ខ្លះ​មិន​ហ៊ាន​ចូល​ភោជនីយដ្ឋាន​ចិន​ (អាស៊ី) ក៏​ព្រោះ​តែ​ខ្លាច ចង់​គេច​នឹង​​ប៊ីចេង​នេះ​ឯង។ ការ​បរិភោគ​អាហារ​ដែល​មាន​ដាក់​ប៊ីចេង ត្រូវ​បាន​ជាប់​ចោទ​ថា​នឹង​បង្ក​ឱ្យ​អាការៈ​ឈឺក្បាល​ ចង់​ក្អួត រងាក់​រងើ ឬ​បែក​ញើស​ ។ល។ និង​។ល។ ក្រុម​លោក​ខាង​លិច​បាន​ដាក់​ឈ្មោះ​អាការៈ​រោគ​បង្ក​ឡើង​ដោយ​ប៊ីចេង ថា​ “ជា​អាការៈជំងឺ​ហាង​ម្ហូបចិន” (Syndrome des restaurants chinois)។

ការ​ប្រើប្រាស់​ប៊ីចេង ក្នុងកំរិត​តិច​តួច ​ពិត​ជា​បង្ក​បញ្ហា​អ្វី​ដល់​សុខភាព​ឡើយ ! នេះ​បើ​តាម​ប្រសាសន៍​លោក ហៀប គិមហ៊ាង។ សម្រាប់​លោក​វិស្វករ​គីមី ​ប៊ីចេង ឬ​ម្សៅស៊ុប ជា​សារធាតុ​គីមី​ម្យ៉ាង ដែល​ផលិត​ឡើង​ក្នុង​បំណង​ជួយ​លើក​តម្កើង​រសជាតិម្ហូប​អាហារ​ ឱ្យ​កាន់​តែ​ឆ្ងាញ់​ពិសារជាប់​មាត់ មាន​ឈ្មោះ​ជា​បច្ចេកទេសថា Monosodium glutamate ឬ E261 និង​ស្ថិត​នៅ​ក្នុង​ចង្កោម​ សារធាតុ​បន្ថែម​ក្នុង​ចំណីអាហារ​។ ​

សារធាតុគីមីបន្ថែម​ មាន​​ច្រើនមុខ​​យ៉ាង​ណាស់​ ដែល​គេ​ស្គាល់ និង​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន​នេះ ដើម្បី​​លើក​រស​ជាតិ​ បន្ថែម​ពណ៌​ឱ្យ​ស្រស់​ស្អាត ឱ្យ​រឹង ឱ្យ​ទន់ ឱ្យ​ខាប់ ឱ្យ​ផ្អែម ឬ​អាច​ទុក​បាន​យូរ និង​ថែម​ទាំង​ត្រូវ​បាន​ឧស្សាហកម្ម​ម្ហូប​អាហារ​យក​មក​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ពេញពិភពលោក មិន​ថា​នៅ អាស៊ី អាហ្វ្រិក អាមេរិក ឬ​អឺរ៉ុប​ទេ។ សារធាតុ​បែប​នេះ ចែក​ជា​បី​ប្រភេទ​ធំៗ ៖ សារធាតុ​បន្ថែម​ធម្មជាតិ (ចម្រាញ់​ចេញ​ពី​ពិភព​​រ៉ែ រុក្ខជាតិ និង​សត្វ) សារធាតុ​សំយោគ (ផលិត​ឡើង​ ឱ្យ​ដូច​ធម្មជាតិ ព្រោះការ​ទាញ​យកសារធាតុ​ពី​ធម្មជាតិ​ពិតៗមាន​តម្លៃ​ខ្ពស់)​ និង​ទី​បី​គឺ​សារធាតុ​បន្ថែម​សប្បនិម្មិត (គ្មាន​ក្នុង​ធម្មជាតិ​តែ​ ជា​ការ​បង្កើត​ថ្មី​ទាំង​ស្រុង)។

បញ្ជី​ឈ្មោះ​សារធាតុគីមី​បន្ថែម​ក្នុង​ចំណី​អាហារ​មាន​វែង​ណាស់ និង​អាច​សម្គាល់​បាន តាម​រយៈ​ឈ្មោះ​ជា​លេខ​កូដ តំណាង​ដោយ​អក្សរ​ E និង​មាន​លេខ​នៅពីក្រោយ ឧទាហរណ៍ អឺ១០០-​អឺ១០១ ... ជាសារធាតុ​សម្រាប់​ដំឡើង​ព៌ណ (ល័ក្ត) សារធាតុ​បន្ថែម​សម្រាប់​លើក​រសជាតិ ដ៏​​ល្បី​ល្បាញ​ជាង​គឺ​ E២៦១ ដែល​គ្មាន​អ្វី​ក្រៅ​ ពី​​​ប៊ីចេង ជា​ភាសា​ខ្មែរ​នោះ​ទេ។

ប្រសិន​បើ​យើង​យក​ចិត្ត​ទុក​ដាក់​អាន​ព័ត៌មាន​ នៅ​លើ​ប្រអប់​ កំប៉ុង​ ឬ​ដបចំណីអាហារ ផលិត​ក្នុង​ប្រទេស ឬ​មក​ពី​ក្រៅ​ប្រទេស ដែលគោរព​បទដ្ឋាន​សុខភាព​ចំណី​អាហារ​ នោះ​លោក​អ្នក​នឹង​ឃើញ​ មាន​យ៉ាង​ច្រើន​ក្រុម​ពពួក​ E...។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ្នក​ដែល​គិត​គូរ​ និង​យល់​ដឹង​ខ្លាំង​អំពី​បញ្ហា​អនាម័យ​ចំណីអាហារ តែង​ចៀស​វាង មិន​បរិភោគ​ឧស្សាហកម្ម ដោយ​ខ្លាច​ក្រុម​នេះ​ប្រព្រឹត្ត​ល្មើស​ ឬ​មិន​គោរព​បទ​ដ្ឋាន​សុខភាព​ត្រឹម​ត្រូវ ដោយ​ងាក​មក​ផ្តល់​តម្លៃ​ដល់​​​អាហារ​ ផលិត​ជា​លក្ខណៈ​គ្រួសារ​ ធ្វើ​ឡើង​ដោយ​ដៃ​របស់​សមាជិក​គ្រួសារ។ ម្ហូប​អាហារ​បើដាក់​ប៊ីចេង​ជា​ក៏​មាន​កំរិត​តិច​តួច​ដែរ​។

​លោក​វេជ្ជបណ្ឌិត​ ឡោ គីម​សុង គ្រូពេទ្យ​ជំងឺ​ទូទៅ ឯកទេស​ប្រទេស​ក្តៅ សូម​ណែនាំ និង​រំលឹក​ជូន​លោក​អ្នក​នាង​ខ្លះៗ ជាពិសេស​ចំពោះ​អ្នក​មាន​ជំងឺ​លើស​ឈាម​ជាប់​ប្រចាំ​កាយ​ ឱ្យ​គិត​នឹង​ដល់​ការ​កំរិត​បរិមាណ​នៃ​ការ​ប្រើ​ប្រាស់​​​ប៊ីចេង ក្នុង​ម្ហូប ដើម្បី​ចៀសវាង​ការ​បរិភោគ​ប្រៃ​ពេក។

​ឥលូវ​នេះ​លោក​អ្នក​នាង​បានស្គាល់​និង​​ជ្រាប​ហើយ អំពី​សារធាតុ​បន្ថែម​សម្រាប់​ដាក់​ក្នុង​ចំណី​អាហារ​។ លោក​អ្នក​នាង​អាច​បន្ត​ទម្លាប់​ ​ប្រើប្រាស់​ប៊ីចេង​ជា​ប្រចាំ​រាល់​ថ្ងៃ​​ទៅ​ ឬ​បញ្ឈប់​សកម្មភាព​នេះ ទៅ​តាម​ការ​ពិចារណា​តាម​ការ​គួរ​ចុះ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ