អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

«ពី​ផ្គាប់​ចិត្ត​មេ​ទៅ​ផ្គាប់​ចិត្ត​ម្ចាស់​ឆ្នោត»ជា​វិញ្ញា​សា​ថ្មី​សម្រាប់​មន្ត្រី​ខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឥរិយាបថ​របស់​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​ដែល​ចូល​ចិត្ត​យក​ចិត្ត​ថ្នាក់​លើ​ជាង​យក​ចិត្ត​ប្រជា​ពលរដ្ឋ​គឺ​ជា​ចំណុច​សំខាន់​បំផុត​មួយ​ដែល​ធ្វើ​ឲ្យ​រដ្ឋា​ភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​បាត់​បង់​ការ​គាំ​ទ្រ​ពី​ប្រជា​ជន​កាន់​តែ​ខ្លាំង។ ក្នុង​ការ​ដឹក​នាំ​តាម​បែប​ប្រជា​ធិប​តេយ្យ​ដែល​ប្រជា​ពល​រដ្ឋ​ប្រើ​ប្រាស់​សន្លឹក​ឆ្នោត​ដើម្បី​ជ្រើស​រើស​មេ​ដឹក​នាំ មន្ត្រី​គ្រប់​លំ​ដាប់​ថ្នាក់​គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅ​ពី​ការ​បំពេញ​ចិត្ត​ម្ចាស់​ឆ្នោត​របស់​ខ្លួន​នោះ​ទេ។ ការ​ផ្លាស់​ប្តូរ​ឥរិយា​បថ​ពី​ផ្គាប់​ចិត្ត​ថ្នាក់​លើ​មក​ផ្គាប់​ចិត្ត​ម្ចាស់​ឆ្នោត​វិញ​គឺ​ជា​របត់​នយោបាយ​ស្លាប់​រស់​សម្រាប់​មន្ត្រី​ខ្មែរ​ក្នុង​យុគ​សម័យ​ប្រជា​ធិប​តេយ្យ​។

ប្រជាពលរដ្ឋទាមទារឲ្យអាជ្ញាធរដោះស្រាយរឿងបញ្ហាដីធ្លីជូនពួកគេ។
ប្រជាពលរដ្ឋទាមទារឲ្យអាជ្ញាធរដោះស្រាយរឿងបញ្ហាដីធ្លីជូនពួកគេ។ @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

កម្ពុជា​ប្រ​ហែល​ជា​ត្រូវ​ការ​ពេល​វេលា​ច្រើន​ទៀត​ដើម្បី​កែ​ប្រែ​ឥរិ​យាបថ​របស់​មនុស្ស​ជា​ពិសេស​ឥរិ​យាបថ​របស់​មន្ត្រី​ដែល​មាន​តួ​នាទី​ដឹក​នាំ​គេ។ អាកប្ប​កិរិយា​ឆ្មើង​ឆ្មៃ ក្រ​អឺត​ក្រ​ទម តាម​បែប​អ្នក​ធំ​ដែល​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ខុស​ពី​អ្នក​តូច​តាច​ហាក់​បាន​ក្លាយ​ជា​អត្ត​ចរិត​របស់​ខ្មែរ​ទៅ​ហើយ​។ ជា​ទូ​ទៅ មិន​ថា​តែ​អ្នក​នោះ​ចេញ​មក​ពី​មជ្ឈ​ដ្ឋាន​ណា​ទេ​ឲ្យ​តែ​មាន​អំ​ណាច ពួក​គេ​ក៏​ផ្តើម​ធ្វើ​ឫក​ឲ្យ​ខុស​ពី​មនុស្ស​សា​មញ្ញ​ភ្លាម​។

 
ការ​រៀប​ឫក​ពារ​ដើម្បី​ធ្វើ​ខ្លួន​ឲ្យ​សម​នឹង​មុខ​តំណែង​ប្រ​ហែល​ជា​មិន​មែន​ជា​អ្វី​ដែល​គួរ​ឲ្យ​ស្តី​បន្ទោស​ទេ​ពី​ព្រោះ​វា​ជា​រឿង​ធម្មតា​ដែល​មនុស្ស​ត្រូវ​រៀន​សូត្រ​អំពី​របៀប​របប​ដើម្បី​សម្រប​ខ្លួន​ឲ្យ​ចូល​ចុះ​ក្នុង​សង្គម។ ប៉ុន្តែ ការ​សម្ញែង​អំណាច​ឲ្យ​គេ​កោត​ខ្លាច​គឺ​ជា​រឿង​ហួស​សម័យ​សម្រាប់​មន្ត្រី​ក្នុង​សត​វត្សរ៍​ថ្មី​នេះ​ដែល​អំណាច​បាន​មក​ពី​សន្លឹក​ឆ្នោត។ តាម​ពិត​ទៅ ដូន​តា​ខ្មែរ​បាន​មើល​ឃើញ​បញ្ហា​នេះ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។ អ៊ី​ចឹង​ហើយ​បាន​ជា​មាន​សុភា​សិត​បុរាណ​ពោល​ថា«ងើយ​ស្កក ឱន​ដាក់​គ្រាប់»។ សុភា​សិត​នេះ​មាន​ន័យ​ចង់​ទូន្មាន​កូន​ចៅ​ជំនាន់​ក្រោយ​ឲ្យ​វៀរ​ចាក​ភាព​ឆ្លើង​ឆ្មៃ​ហើយ​ចេះ​ឱន​លំ​ទោន​ចំពោះ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​។

ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​មនុស្ស​ខ្មែរ​ជា​ច្រើន​នៅ​តែ​មិន​បាន​យក​ទស្សន​វិជ្ជា​ដ៏​មាន​តម្លៃ​នេះ​មក​អនុវត្ត​ឡើយ។ ជាក់​ស្តែង អាកប្ប​ករិយារ​បស់​មន្ត្រី​អាជ្ញាធរ​និង​អ្នក​មាន​អំណាច​ភាគ​ច្រើន​ច្រើន​តែ​ងើយ​មើល​លើ​ច្រើន​ជាង​សម្លឹង​ចុះ​ក្រោម។ ក្រៅ​ពី​អត្ត​ចរិត​ពី​ធម្ម​ជាតិ ក៏​មាន​មូល​ហេតុ​ផ្សេង​មួយ​ចំនួន​ទៀត​ដែរ​៖

មូល​ហេតុ​ទី​១៖ គឺ​ទម្លាប់​នៃ​ការ​ដឹក​នាំ​តាម​បែប​ការ​ចាត់​តាំង​របស់​ថ្នាក់​លើ។ ទម្លាប់​ដែល​អ្នក​ដឹក​នាំ​ថ្នាក់​លើ​អាច​សម្រេច​អ្វី​ក៏​បាន​តាម​ចិត្ត​បាន​ធ្វើ​ឲ្យ​មន្ត្រី​គិតពី​ការ​យក​ចិត្ត​មេ​កើយ​របស់​ខ្លួន​ត​ៗ​គ្នា​ដោយ​មិន​សូវ​គិត​គូរ​ដល់​ប្រ​ជា​ពល​រដ្ឋ​ឡើយ​ពី​ព្រោះ​ពួក​គេ​ត្រូវ​ផ្គាប់​ចិត្ត​ថ្នាក់​លើ​ទើប​អាច​រក្សា​អំណាច​បាន​។

មូល​ហេតុ​ទី​២៖ គឺ​មក​ពី​ផ្នត់​គំនិត​មនុស្ស​ខ្មែរ​ជា​ទូ​ទៅ​ដែល​ច្រើន​តែ​យល់​ថា​អំ​ណាច​គឺ​មិន​មែន​ដើម្បី​បម្រើ​ប្រ​ជា​ជន​ទេ តែ​ជា​អ្វី​ដែល​ត្រូវ​ប្រើ​ដើម្បី​ឲ្យ​គេ​កោត​ខ្លាច។ អ៊ី​ចឹង​ហើយ​បាន​ជា​មន្ត្រី​ខ្មែរ​ភាគ​ច្រើន​តែង​បោះ​បង់​ចោល​អស់​នូវ​ភាព​សាមញ្ញ​ហើយ​បែរ​មក​សម្ញែង​អំ​ណាច​ដើម្បី​ឲ្យ​អ្នក​ផង​ទាំង​ពួង​កោត​ខ្លាច​អំ​ណាច​របស់​ខ្លួន​។

មូល​ហេតុ​ទី​៣៖ គឺ​ទម្លាប់​នៃ​ការ​ប្រើ​អំណាច​ដើម្បី​ស្វែង​រក​លាភ​សក្ការៈ​ផ្ទាល់​ខ្លួន។ ជា​ទូ​ទៅ​មនុស្ស​ច្រើន​យល់​ថា មាន​អំណាច​គឺ​ត្រូវ​មាន​លុយ​បើ​ទោះ​ជា​លុយ​នោះ​បាន​មក​ពី​ប្រភព​ណា​ក៏​ដោយ។ ដើម្បី​បាន​លុយ អ្នក​មាន​អំណាច​តែង​ប្រើ​ប្រាស់​តួ​នាទី​របស់​ខ្លួន​គាប​សង្កត់​អ្នក​នៅ ក្រោម​ដើម្បី​ទាញ​យក​ប្រយោជន៍​តាម​គ្រប់​រូប​ភាព​ដែល​អាច​ធ្វើបាន។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ស្រុក​ខ្មែរ​ឲ្យ​តែ​ឡើង​ធំ​គឺ​មាន​លុយ​ទោះ​ជា​ប្រាក់​ខែ​មិន​ច្រើន​ក៏​ដោយ​។

មូល​ហេតុ​ដូច​បាន​លើក​ឡើង​ខាង​ដើម​ប្រ​មូល​ផ្តុំ​គ្នា​ចាក់​ឫស​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ផ្នត់​គំនិត​ខ្មែរ​ស្ទើរ​គ្រប់​គ្នា។ ឥរិយា​បថ​របស់​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​ដែល​ច្រើន​តែ​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ចូល​ចិត្ត​ផ្គាប់​ថ្នាក់​លើ​ហើយ​មិន​សូវ​អើពើ​នឹង​បញ្ហា​របស់​ប្រជា​ពលរដ្ឋ​គឺ​ជា​ឧទាហរណ៍​ជាក់​ស្តែង។ ជា​ទូ​ទៅ មន្ត្រី​ច្រើន​ធ្វើ​សកម្មភាព​ដើម្បី​យក​គុណ​សម្បត្តិ​ពី​ថ្នាក់​លើ​ជាង​យក​គុណ​សម្បត្តិ​ពី​ប្រ​ជា​ពល​រដ្ឋ​។

ជា​ផល​វិបាក ប្រជា​ពល​រដ្ឋ​ទទួល​រង​គ្រោះ​ព្រោះ​ទម្លាប់​ផ្គាប់​ថ្នាក់​លើ​របស់​មន្ត្រី។ ជាក់​ស្តែង ទំនាស់​ដី​ធ្លី អំពើ​ពុក​រលួយ​នៅ​ថ្នាក់​មូលដ្ឋាន ការ​រំលោភ​បំពាន​ទៅ​លើ​ប្រជា​ពលរដ្ឋ រួម​ទាំង​បញ្ហា​រាប់​រយ​ជំពូក​ផ្សេង​ទៀត​ដែល​មិន​អាច​ដោះ​ស្រាយ​បាន​កំពុង​ធ្វើ​ឲ្យ​ពល​រដ្ឋ​អស់​ជំនឿ​កាន់​តែ​ខ្លាំង​ទៅ​លើ​មន្ត្រី​អាជ្ញាធរ។ ការ​ស្រុត​ចុះ​ប្រជាប្រិយ​ភាព​របស់​បក្ស​កាន់​អំណាច​ក្នុង​ការ​បោះ​ឆ្នោត​លើក​ចុង​ក្រោយ​ដែល​ប្រៀប​បាន​នឹង​រលក​យក្ស​ស៊ូណាមិ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​ផល​វិបាក​ជាក់​ស្តែង​បំផុត​ដែល​កើត​ចេញ​ពី​ទម្លាប់​យក​ចិត្ត​ថ្នាក់​លើ​របស់​មន្ត្រី​អាជ្ញាធរ​។

ដូច្នេះ អំណឹះ​ត​ទៅ គណបក្ស​នយោបាយ​ដែល​កំពុង​ដឹក​នាំ​ប្រទេស​ដ៏ដូច​ជា​គណបក្ស​ដែល​សង្ឃឹម​ថា​នឹង​អាច​ឡើង​ដឹក​នាំ​ប្រទេស​នៅ​ថ្ងៃ​អនាគត ពិត​ជា​មិន​អាច​មើល​រំលង​ការ​កែ​ប្រែ​ឥរិយា​បថ​មន្ត្រី​របស់​ខ្លួន​បាន​ឡើយ​ពោល​គឺ​ពួក​គេ​ត្រូវ​ប្តូរ​ទម្លាប់​ពី​ធ្វើ​ការ​បម្រើ​ថ្នាក់​លើ​ទៅ​បម្រើ​ថ្នាក់​ក្រោម​វិញ។ វា​ជា​ការ​លំបាក ប៉ុន្តែ នេះ​គឺ​ជា​លក្ខ​ខណ្ឌ​ចាំ​បាច់​ដើម្បី​ក្លាយ​ជាគណបក្ស​ដឹក​នាំ​ប្រទេស​នៅ​ក្នុង​យុគ​សម័យ​ប្រជា​ធិប​តេយ្យ​ដែល​ហាក់​កំពុង​លូត​លាស់​ខ្លាំង​ក្នុង​ចំណោម​ពល​រដ្ឋ​ថ្នាក់​ក្រោម​ជាង​ក្នុង​ចំណោម​មន្ត្រី​ថ្នាក់​លើ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ