អានតួអត្ថបទ
កម្ពុជា

លោក​ហោ ណាំហុង ពន្យល់​ពី​សាលដីកា​តុលាការ​ក្រុងឡាអេ​ដល់​ទាហាន​នៅ​ព្រះវិហារ

លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​បាន​ជួប​ជាមួយ​យោធា​ការពារ​ព្រំដែន​ព្រះវិហារ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ដើម្បី​ពន្យល់​អំពី​ខ្លឹមសារ​នៃ​សាលដីកា​របស់​តុលាការ​ក្រុងឡាអេ​ដែល​បានសម្រេច​កាលពី​ថ្ងៃទី ១១វិច្ឆិកា។ នេះ​ជា​ជំនួប​លើកដំបូង​របស់​ប្រមុខ​ការទូត​ខ្មែរ​ជាមួយ​កងទ័ព​នៅ​តំបន់​ព្រះវិហារ ​បន្ទាប់ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​បានចេញ​សាលដីកា​បកស្រាយ​អំពី​វិសាល​ភាព​នៃ​ដែនដី​ខ្មែរ​នៅ​ជុំវិញ​ប្រាសាទព្រះវិហារ។

លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ពន្យល់​អំពី​ទឹក​ដី​ដែល​តុលា​ការក្រុងឡាអេ​បានបកស្រាយ។
លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ពន្យល់​អំពី​ទឹក​ដី​ដែល​តុលា​ការក្រុងឡាអេ​បានបកស្រាយ។ @rfi
ផ្សាយពាណិជ្ជកម្ម

ជិត​មួ​យ​ខែ ​ក្រោយពី​ការប្រកាស​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ លោក​ហោ ណាំហុង បាន​ចុះទៅ​ខេត្តព្រះវិហារ​ដើម្បី​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី ០៧ ធ្នូ​នេះ​ដើម្បី​ជួប​ជាមួយ​កងទ័ព​ដែល​ឈរជើង​នៅ​តំបន់​ព្រះវិហារ។ គោលបំណង​នៃ​ជំនួប​នេះ​គឺ​ដើម្បី​ពន្យល់​កងទ័ព​ឲ្យ​បាន​យល់ច្បាស់​អំពី​ខ្លឹមសារ​នៃ​សាលដីកា​តុលាការ​ក្រុងឡាអេ​កាលពី​ថ្ងៃទី ១១វិច្ឆិកា ថា​តើ​តំបន់​ណាខ្លះ​ដែល​តុលាការ​សម្រេច​ថា​ជា​របស់​កម្ពុជា​ និង​ចំណុច​ខ្លះទៀត​ដែល​មិនទាន់​ច្បាស់លាស់។ នៅ​ចំពោះមុខ​នាយទាហាន និង​ពលទាហាន​ជាង ១០០០ នាក់ ដែល​បាន​ជួបជុំគ្នា​នៅឯ​ទីបញ្ជាការដ្ឋាន​កង​អង្គរក្ស នៅ​ចម្ងាយ​ជិត ២០ គីឡូម៉ែត្រ​ពី​ប្រាសាទព្រះវិហារ លោក ហោ ណាំហុង បាន​អះអាងថា តំបន់ភ្នំ​ទ្រព្យ​ក៏​ជា​ទឹកដី​កម្ពុជា​ដែរ។

ទាក់ទង​នឹង​ការអនុវត្ត​ន៍សាលដីកា​នេះ លោក ហោ ណាំហុង បាន​បញ្ជាក់ថា ភាគី​កម្ពុជា​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចរចា​ជាមួយ​ថៃ​ស្តីពី​ការ​ដកទ័ព​របស់ខ្លួន​ចេញពី​ទឹកដី​កម្ពុជា។ ប៉ុន្តែ គេ​ត្រូវ​រង់ចាំ​ឲ្យ​ប្រទេស​ថៃ​ចាក​ចេញពី​វិបត្តិ​នយោបាយ​របស់ខ្លួន​សិន។ លោក​ប្រមុខ​ការទូត​ក៏បាន​កោតសរសើរ​ដល់​វីរភាព​របស់​កងទ័ព​ដែល​បាន​ឈរជើង​យ៉ាងរឹងមាំ​ក្នុងការ​ការពារ​ទឹកដី។

គួរ​បញ្ជាក់ថា តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​បានសម្រេច​កាលពី​ថ្ងៃទី ១១ វិច្ឆិកា​ដោយ​បកស្រាយ​ថា ដែនដី​ជុំវិញ​ប្រាសាទព្រះវិហារ​ជា​របស់​កម្ពុជា។ តុលាការ​នេះ​ក៏បាន​ទាត់ចោល​ផែនទី​ឯកតោភាគី​របស់​ថៃ ​ដែល​បង្កើត​ឲ្យ​មាន​ដែនដី ៤,៦ គីឡូម៉ែត្រ​ក្រឡា​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ។ តាមរយៈ​សាលដីកា​នេះ ថៃ​ត្រូវ​ដកទ័ព​ចេញពី​ដែនដី​ជុំវិញ​ប្រាសាទព្រះវិហារ។

ប៉ុន្តែ ដោយសារ​បញ្ហានយោបាយ​ផ្ទៃក្នុង​នៅ​ប្រទេស​ថៃ ការចរចា​គ្នា​ដើម្បី​ដកទ័ព​ត្រូវបាន​ផ្អាក។ គេ​មិនដឹងថា ពេលណា​ទើប​ថៃ​អាច​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់ខ្លួន​បាន​នៅឡើយ​ទេ។ ម្យ៉ាងទៀត គណបក្សប្រឆាំង​ថៃ​បានប្រកាស​រួចជាស្រេច​ថា​ខ្លួន​មិន​ទទួលស្គាល់​សាលដីកា​របស់​តុលាការអន្តរជាតិ​នេះ​ទេ។

ទោះជា​យ៉ាងណា រដ្ឋាភិបាល​កម្ពុជា​បាន​ពន្យល់​អំពី​ខ្លឹមសារ​នៃ​សាលដីកា​នេះ​ដល់​កងទ័ព​នៅ​សមរភូមិ​មុខ។ កាលពីពេលថ្មីៗនេះ លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ក៏បាន​ជួប​ជាមួយ​មន្ត្រីរាជការ និង​មន្ត្រីនគរបាល​ជាច្រើន​ដើម្បី​ពន្យល់​អំពី​ខ្លឹមសារ​នៃ​សាលដីកា​តុលាការ​ក្រុងឡាអេ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ