អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិ​ប្រាក់​បំណុល​ធ្វើ​ឲ្យ​ប្រមុខ​ដឹកនាំ​ប្រទេស​នៅអឺរ៉ុប​ខ្ទាត​ចេញ​ពី​តំណែង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដូចកាគ្រោងទុក នាយករដ្ឋមន្រ្តី​អ៊ីតាលី​លោក​Silvio Berlusconi បាន​ប្រកាស​លាលែង​ពី​តំណែង កាលពី​យប់​ថ្ងៃ​សៅរ៍​ទី ១២ វិច្ឆិកា ពោល​គឺ​នៅប៉ុន្មាន​ម៉ោង​ក្រោយ​រដ្ឋសភា​បាន​បោះឆ្នោត​អនុម័ត​គាំទ្រ​ផែនការ​រឹតត្បិត​ថវិកា​ស្នើ​ឡើង​ដោយ​សហភាពអឺរ៉ុប។ នៅយប់​​ថ្ងៃ​សៅរ៍ នៅពេល​លោក​ Silvio Berlusconi ទៅ​ជួប​ប្រធានាធិបតី​ដើម្បី​ដាក់ពាក្យ​សុំ​លាចេញ​ពីតំណែង​ជា​ផ្លូវការ ហ្វូងមហាជន​បាន​ឈរចាំទទួល​ក្បួនរថយន្ត​របស់​លោក។ ការសុខចិត្ត​ចាកចេញ​ពីតំណែង​នាយករដ្ឋមន្រ្តី ​របស់​លោក​ Silvio Berlusconi គឺ​ជា​រឿង​ដែល​គេ​មិន​អាច​ស្មានដល់។ ប្រជាជន​អ៊ីតាលី​ភាគច្រើន​បាន​ធ្វើបុណ្យ​អបអរ​ដំណឹង​នេះ។ អ្នកខ្លះ​​បានស្រែក​ជេរ រិះគន់​នាយករដ្ឋមន្រ្តី​ចេញពី​តំណែង ថា​ជា​”ត្លុក”។ ហេតុអ្វី​បាន​ប្រជាជន​អ៊ីតាលី​ស្អប់​លោក​​ Silvio Berlusconi?

លោក​Silvio Berlusconi នាយក​រដ្ឋមន្រ្តី​អ៊ិតាលី​រង​រឿង​អាស្រូវ បាន​សម្រេច​លាចេញ​ពី​មុខ​តំណែង​ដោយសារ​គំនាប​ពី​ទីផ្សារ​ហិរញ្ញវត្ថុ
លោក​Silvio Berlusconi នាយក​រដ្ឋមន្រ្តី​អ៊ិតាលី​រង​រឿង​អាស្រូវ បាន​សម្រេច​លាចេញ​ពី​មុខ​តំណែង​ដោយសារ​គំនាប​ពី​ទីផ្សារ​ហិរញ្ញវត្ថុ ©Reuters
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជីវិត​​នយោបាយ​ជាង ១៧ឆ្នាំ លោក​ Silvio Berlusconi កាន់​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​អ៊ីតាលី​ជិត១០ឆ្នាំ ​ដែល​មិនធ្លាប់មាន នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ នៅអឺរ៉ុប ដូចជា​អ៊ីតាលី។ លោក​មិន​បាន​ចូលកាន់អំណាច​តាមរយៈ​រដ្ឋប្រហារ ហើយ ​ក៏​មិន​បាន​ប្រើ​អំណាច​ផ្តាច់ការ នៅក្នុង​ការគ្រប់គ្រង​របស់ខ្លួន។ ប៉ុន្តែ លោក Silvio Berlusconi បាន​ចូល កាន់អំណាច​ជិតពេញ​បី​អាណត្តិ (ចប់ចុងឆ្នាំ ២០១៣) ជាប់ៗ​គ្នា តាមរយៈ​ការបោះឆ្នោត។ ជាមហាសេដ្ឋីមាន​លុយជាង ៧ពាន់​លានអឺរ៉ូ ជាម្ចាស់​ក្លិបបាល់ទាត់អ៊ីតាលី និង​ជាម្ចាស់​ទូរទស្សន៍​ឯកជន លោក​ Silvio Berlusconi ត្រូវ​បាន​គេ​មើលឃើញថា បាន​ជះ​ទឹកលុយ​ដើម្បី​រក្សា​អំណាច​របស់ខ្លួន។

 
ជាក់ស្តែង ក្នុង​ពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ លោក​ Silvio Berlusconi ​ ល្បី​ខាងរឿង​ស្រីញី និង​អំពើ​ពុករលួយ ចាប់ធ្លាក់​ប្រជាប្រិយភាព និង​ទទួលការរិះគន់កាន់តែ​ច្រើន សូម្បី​ពីក្នុង​គណបក្ស​របស់គាត់។ ជាប់រឿង​ក្តីក្តាំ​នៅតុលាការ​ពីរឿង​ពុករលួយ និងមាន​ទំនាក់ទំនង​ផ្លូវភេទ ជាមួយ​នារី​រកស៊ីផ្លូវភេទ​មិនគ្រប់អាយុ ជាច្រើននាក់។

លោក​​ Silvio Berlusconi ​លាលែង​ពី​មុខតំណែង​នាយក​រដ្ឋមន្រ្តី មិនមែន​មកពី​មាន​រឿងអាស្រូវ ឬ​គំនាប​ពីក្នុង​ស្រុកទេ ប៉ុន្តែ គឺ​មក​ពី​មាន​ការដាក់​សម្ពាធពីខាងក្រៅ។ ជារួម គឺ​ទីផ្សារ​មូលបត្រ​តែម្តង ដែល​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​ទៅលើ​វាសនា​លោក​នាយករដ្ឋមន្រ្តី​អ៊ីតាលី។

អ៊ីតាលី​មាន​ប្រាក់បំណុល​ជាង ១៩០​ម៉ឺន លាន​អឺរ៉ូ គឺ​ជាង ១២០​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុកសរុប។ កំណើនសេដ្ឋកិច្ច​របស់​អ៊ីតាលី​មាន​តិចតួច​ស្តួចស្តើង បើប្រៀបធៀប​នឹង​ប្រាក់បំណុល​ដែល​អ៊ីតាលីមាន។ ដូច្នេះ នយោបាយ​សេដ្ឋកិច្ច​មិន​ច្បាស់លាស់ មិន​អាច​គ្រប់គ្រង​វិបត្តិសេដ្ឋកិច្ច​បាន​របស់​រដ្ឋាភិបាល​អ៊ីតាលី ក្រោម​ការដឹកនាំ​របស់​លោក​ Silvio Berlusconi ​បាន​ធ្វើ​ឲ្យ​ទីផ្សារ​បាត់បង់​ទំនុកចិត្ត។ ដោយសារមិនទុកចិត្ត អ្នកវិនិយោគ ម្ចាស់​បំណុល​អ៊ីតាលី បាន​ដំឡើង ការប្រាក់​លើ ​អ៊ីតាលី គឺ​ពី​៦,៥ ទៅ ៧ភាគរយ​សម្រាប់ប្រាក់កម្ចី​រយៈពេល ១០ឆ្នាំ។

ការប្រាក់​ធ្ងន់ក ដែល​មិនធ្លាប់​មាន​ក្នុង​ប្រវត្តិ​អឺរ៉ុប បាន​ធ្វើ​ឲ្យ ​អ៊ីតាលី​កាន់តែ​ធ្លាក់ដុនដាប​ដោយវិបត្តិ​ប្រាក់បំណុល។ សហភាព​អឺរ៉ុប​ដាក់​សម្ពាធ​លើ​អ៊ីតាលី​ឲ្យ​រៀបចំ​នយោបាយ​រឹតត្បិត​មួយ​ដើម្បី ស្រោចស្រង់​សេដ្ឋកិច្ច​ប្រទេស​ឡើងវិញ។

អ្នកវិនិយោគបរទេស​លែង​មាន​ទំនុកចិត្ត​លើ​នយោបាយ​ដ៏ពុករលួយ​របស់​Berlusconi តទៅទៀត។ គាត់​បាន​បាត់សំឡេង​គាំទ្រ​ភាគច្រើន​នៅក្នុង​ការបោះឆ្នោត សភា​កាលពីដើម​សប្តាហ៍។ ដូច្នេះ ដើម្បី​ស្តារទំនុកចិត្ត​របស់​អ្នកវិនិយោគ​ឡើងវិញ ដើម្បី​ទម្លាក់​ការប្រាក់​បំណុល​ឲ្យ​ចុះ​ថោក​មកវិញ អ៊ីតាលី​មានតែ​ត្រូវ​ផ្លាស់ប្តូរ​មេដឹកនាំ។ អ្នកដែល​ទំនង​នឹង​មកជំនួស​លោក​​ Silvio Berlusconi ​គឺ សេដ្ឋកិច្ច​វិទូ Mario Monti ដែល​គេ​វាយតម្លៃថា ជាអ្នកជំនាញ​ធ្លាប់ធ្វើការ​នៅគណៈកម្មការ​អឺរ៉ុប។ គេ​សង្ឃឹម​ថា លោក Monti នឹង​អាច​អនុវត្ត​ផែនការរឹតត្បិត ដើម្បី​ជួយ​ឲ្យ​រដ្ឋ​អ៊ីតាលី​សន្សំលុយ​ឲ្យ​បាន​ជិត ៦០​ពាន់លាន​ដុល្លារ ក្នុងរយៈពេល បីឆ្នាំទៅមុខ។

 

ប្រជាជន​អ៊ីតាលី​អបអរ​ក្រោយ​លឺ​លោក​នាយករដ្ឋមន្រ្តី​ប្រកាស​ចុះចេញ​ពី​តំណែង​
ប្រជាជន​អ៊ីតាលី​អបអរ​ក្រោយ​លឺ​លោក​នាយករដ្ឋមន្រ្តី​ប្រកាស​ចុះចេញ​ពី​តំណែង​ ©Reuters

ក្នុង​រយៈពេល​តែ​មួយឆ្នាំ វិបត្តិ​ប្រាក់​បំណុល​នៅអឺរ៉ុប បាន​ធ្វើ​ឲ្យ​មេដឹកនាំ​រដ្ឋាភិបាល​របស់​ប្រទេស​១០​នាក់​ធ្លាក់ចេញពី​តំណែង។

មេដឹកនាំប្រទេស​អឺរ៉ុប​ដែល​រងគ្រោះ​មុនគេ​ដោយ​វិបត្តិប្រាក់បំណុល គឺ​នាយករដ្ឋមន្រ្តី​អៀឡង់។ លោក​ត្រូវសភា​បោះឆ្នោត​ទម្លាក់​ទំនុកចិត្ ​រហូតគណបក្ស​របស់គាត់​ដែល​កាន់អំណាច​ជិត ៨០​ឆ្នាំ ត្រូវ​គេ​ដាក់​ឲ្យ​នៅក្រៅការបោះឆ្នោត​កាលពី​ខែ​កុម្ភៈ​កន្លងទៅ។ លោកនាយករដ្ឋមន្រ្តី​អៀឡង់​ត្រូវ​ចាកចេញ​ពី តំណែង ដោយសារ​តែ​លោក​ត្រូវគេ​រិះគន់​ថា ហ៊ាន​ទៅរក​ជំនួយ​ពី​អឺរ៉ុប និង​អនុវត្ត​ផែនការ​រឹតត្បិត​ថវិកា​តាមការទាមទារ​របស់​សហភាពអឺរ៉ុប។ នៅមួយខែក្រោយ អ្នករងគ្រោះ​បន្ទាប់គឺ នាយរដ្ឋមន្រ្តី​ប្រទេស​ព័រទុយហ្គាល់ ដែល​បាន​ជួប​បញ្ហា​ប្រាក់បំណុល​សាធារណៈដែរ។ ក្រោយពី​ប្រទេស​​ស្លូវ៉ាគី គឺ​ក្រិក ដែល​មាន​នាយក​រដ្ឋមន្រ្តី​ទើបចុះចេញពី​តំណែង កាលពី​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា ឆ្នាំ២០១១។

នៅថ្ងៃ​សៅរ៍ គឺ​លោក​Silvio Berlusconi ដែល​ដាក់ពាក្យ​លាលែង​ពីតំណែង។ ប៉ុន្តែ គេ​នឹង​នៅរង់ចាំ​មើល តើ​នឹង​ដល់​វេន​ថ្នាក់ដឹកនាំ​ប្រទេស​ណាទៀត នៅក្រោយ​នាយករដ្ឋមន្រ្តី​អ៊ីតាលី។ នៅចំពោះមុខ​វិបត្តិ​ប្រាក់បំណុល នាយករដ្ឋមន្រ្តី​អេស្ប៉ាញ ក៏​បាន​សុខចិត្ត​រៀបចំ​ការបោះឆ្នោត​មុន​កំណត់ គឺ​នៅ​ថ្ងៃ​ទី ២០​ខែវិច្ឆិកា ដោយ​មិន​មាន​លោកចូលរួម។ នេះ គឺ​ដូចជា​លោក​ត្រូវ​ដើរចេញពី​អំណាច​ដោយ​ស្វ័យប្រវត្តិ។
 

ជារួម​ រឿង​អាស្រូវ អំពើពុករលួយ និង​ជម្លោះ​ផ្ទៃក្នុង​នយោបាយ​មិនមែន​ជា​កត្តា​ធ្វើ​ឲ្យ​មេដឹកនាំ​អឺរ៉ុប​ធ្លាក់ចេញពី​តំណែងទេ។ ប៉ុន្តែ គឺ​វិបត្តិ​ប្រាក់បំណុល​ដែល​ធ្វើ​ឲ្យ​មេដឹកនាំ​បណ្តា​ប្រទេស​អឺរ៉ុប​ខ្ទាត​ចេញ​ពី​តំណែង ក្រោយ​ពី ត្រូវ​ជ្រើសរើស​ធ្វើ​ផែនការ​ត្បិតត្បៀត ទៅតាម​ការដាក់​សម្ពាធ​​ពី​ទីផ្សារ​ភាគហ៊ុន និង​ពី​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ដូចជា​បារាំង និងអាល្លឺម៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ