អានតួអត្ថបទ
អ៊ីតាលី

វិបត្តិ​បំណុល​ឆ្លង​មកដល់​អ៊ីតាលី​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ក្នុង​តំបន់​អឺរ៉ូ

ទីផ្សារ​មូលបត្រ​នៅ​គ្រប់កន្លែង ទាំង​នៅ​អឺរ៉ុប នៅ​អាមេរិក និង​នៅ​អាស៊ី បាន​ចាប់ផ្តើម​ធ្លាក់​ដាំដូង​សាជាថ្មី​ម្តងទៀត នៅ​ថ្ងៃ​ពុធ​ និង​ថ្ងៃ​ព្រហស្បតិ៍​នេះ។ លុយអឺរ៉ូ​បា​ន​បន្ត​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ធៀប​នឹង​លុយ​ដុល្លារ។ មូលហេតុ​ គឺ​មក​ពី​មាន​ការ​បារម្ភ​អំពី​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច នៅ​អ៊ីតាលី ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី៣ នៅ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ។

អ្នកវិនិយោគ​បារម្ភ​ខ្លាច​អ៊ីតាលី​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ ក្រោយ​ការ​លាឈប់​របស់​លោក​ប៊ែរលូស្កូនី
អ្នកវិនិយោគ​បារម្ភ​ខ្លាច​អ៊ីតាលី​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ ក្រោយ​ការ​លាឈប់​របស់​លោក​ប៊ែរលូស្កូនី REUTERS/Marco Valdo/Files
ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពី​វិបត្តិ​បំណុល​នៅ​ប្រទេស​ក្រិក​ផ្ទុះឡើង​មក អ្វី​ដែល​គេបារម្ភ​ខ្លាំងជាងគេ​បំផុត​នោះ គឺ​ខ្លាច​វិបត្តិ​នេះ​ឆ្លង​រាលដាល​ទៅ​ប្រទេស​ផ្សេងៗ​ទៀត​ ក្នុង​តំបន់​អឺរ៉ូ។ ការឆ្លងរាលដាល ដែល​គេ​បារម្ភ​នេះ ពិត​ជា​បាន​កើតមាន​ឡើងមែន កាលពីថ្ងៃ​ពុធ ម្សិលមិញ ហើយ​វាបាន​កើតឡើង​ទៅដល់​​អ៊ីតាលី ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ។

អត្រាការប្រាក់​បំណុល​របស់​អ៊ីតាលី​បានកើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មិនធ្លាប់មាន គឺ​រហូតដល់ ៧,៤% សម្រាប់​មូលបត្រ​បំណុល​ ដែលមាន​ឥណប្រតិទាន​រយៈពេល ១០ឆ្នាំ។ ជាមួយ​នឹង​អត្រាការប្រាក់​ខ្ពស់​បែបនេះ អ៊ីតាលី ដែល​កំពុង​តែ​ជំពាក់​បំណុល​គេ​យ៉ាងច្រើន​ ស្រាប់ផងនោះ ពិត​ជា​មិន​អាច​នៅ​ឈរ​ជាប់បាន​យូរ​នោះទេ។

លោក​ស៊ីលវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi) នាយករដ្ឋមន្រ្តី​អ៊ីតាលី បាន​សន្យាថា លោក​នឹង​លាឈប់​ពី​តំណែង នៅ​ក្រោយ​ពេល​ដែល​សភា​អនុម័ត​ច្បាប់​ថវិកា​ជាតិ នៅ​ចុងខែ​នេះ។ ការលាឈប់​របស់​លោក​ប៊ែរលូស្កូនី​នេះ​មិនបាន​ធ្វើ​ឲ្យ​អ្នកវិនិយោគ​បាន​ធូរស្បើយ​ក្នុង​ចិត្ត​នោះទេ។ ផ្ទុយ​ទៅវិញ ពួកគេ​កាន់តែ​មានការព្រួយបារម្ភ​ខ្លាំងឡើង​ថែមទៀត ខ្លាច​​អ៊ីតាលី​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ ហើយ​មិនអាច​បង្កើត​​បាន​នូវ​រដ្ឋាភិបាល​ថ្មីមួយ ដែល​មាន​ស្ថិរភាព។

អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ទៅទៀតនោះ គឺ​នៅត្រង់ថា ខុស​ពី​ក្រិក ដែល​ជា​ប្រទេស​តូចតាច អ៊ីតាលី​គឺ​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទីបី ក្នុង​តំបន់​អឺរ៉ូ បន្ទាប់ពី​អាល្លឺម៉ង់ និង​បារាំង។ ផលិតផល​ក្នុងស្រុក​សរុប​របស់​អ៊ីតាលី​មាន​ប្រមាណ​ជា ២០% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​តំបន់​អឺរ៉ូ​ទាំងមូល។ បំណុល​សរុប​របស់​អ៊ីតាលី មាន​ចំនួន​ច្រើន​ជាង​បំណុល​របស់​ក្រិក​រហូតដល់​ទៅ​ជាង ៥ដង (១ ៩០០​ពាន់លាន​អឺរ៉ូ ស្មើ​នឹង ១២០% នៃ​ផលិតផល​ក្នុងស្រុក​សរុប)។ សំណួរ​ចោទឡើង​ថា គ្រាន់តែ​ក្រិក​តូចមួយ អឺរ៉ុប​នៅ​មិនទាន់​អាច​ជួយ​បានផង ចុះទម្រាំ​អ៊ីតាលី តើ​ឲ្យ​អឺរ៉ុប​ជួយ​ម្តេច​នឹង​កើត?

បន្ថែម​ពីលើ​វិបត្តិ​អ៊ីតាលី មាន​បញ្ហា​មួយទៀត ដែល​ធ្វើ​ឲ្យ​ទីផ្សារ​មូលបត្រ​ច្រួលច្របល់​កាន់តែ​ខ្លាំង​ឡើង​ គឺ​ព័ត៌មាន​​ស្តីពី​ការបែកបាក់​នៃ​តំបន់​ចាយលុយ​អឺរ៉ូ។ មន្រ្តីការទូត​សហភាព​អឺរ៉ុប​ខ្លះ​បាន​ពន្លយពាក្យថា នៅពេលនេះ បារាំង និង​អាល្លឺម៉ង់​កំពុង​តែ​ជជែក​គ្នា​ស្ងាត់ៗ ចង់​បណ្តេញ​ប្រទេស​ខ្លះ​ចេញ​ពី​តំបន់​ចាយលុយ​អឺរ៉ូ ដើម្បី​ឲ្យ​តំបន់​អឺរ៉ូ​អាច​បង្កើន​​សមាហរ័ណកម្ម​សេដ្ឋកិច្ច និង​សារពើពន្ធ​ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ​ថែមទៀត។ សញ្ញា​នៃ​ការបែកបាក់​គ្នា​នេះ​បាន​ធ្វើ​ឲ្យ​អ្នកវិនិយោគបាត់បង់​ទំនុកចិត្ត​កាន់តែ​ខ្លាំង លើ​លុយ​អឺរ៉ូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ