អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល បើក​កិច្ច​ប្រជុំ​ទូលាយ ដើម្បី​ត្រួត​ពិនិត្យ​នយោបាយ​កំណែ​ទម្រង់​របស់​ខ្លួន​

ដូច​ការ​គ្រោងទុក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹក​នាំ​កិច្ច​ប្រជុំ​បើក​ទូលាយ​មួយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​ត្រួត​ពិនិត្យ​មើល​ឡើងវិញ​នូវ​គោល​នយោបាយ​កំណែ​ទម្រង់​របស់​ខ្លួន។ កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ដោយ​មាន​ការ​ចូលរួម​យ៉ាង​ទូលំ​ទូលាយ ពី​ន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ។ រដ្ឋាភិបាល ក៏​ទើប​តែ​បាន​បង្កើត​ក្រុម​ការងារ​ចុះ​ពង្រឹង​ការ​កែ​ទម្រង់ ដល់​មូលដ្ឋាន​ផងដែរ ក្នុង​ន័យ​ផ្តល់​ភាព​កក់ក្តៅ​ជូន​ពលរដ្ឋ​ម្ចាស់​ឆ្នោត។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ដឹក​នាំ​ការ​ប្រជុំ​គណរដ្ឋមន្ត្រី កាលពីពេល​កន្លងទៅ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ដឹក​នាំ​ការ​ប្រជុំ​គណរដ្ឋមន្ត្រី កាលពីពេល​កន្លងទៅ។ @rfi
ផ្សាយពាណិជ្ជកម្ម

បួន​ខែ​ក្រោយពី​បើកប្រជុំ​គណៈរដ្ឋមន្ត្រី​លើកដំបូង រដ្ឋាភិបាល​អាណត្តិ​ទី៥របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តើម​ពិនិត្យមើល​ឡើងវិញ​អំពី​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​របស់ខ្លួន។ ការ​ពិនិត្យមើល​កំណែទម្រង់​នេះ​បាន​ធ្វើឡើង​តាមរយៈ​កិច្ចប្រជុំ​បើកទូលាយ​មួយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ក្រោម​វត្តមាន​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន។

កិច្ចប្រជុំ​ពិសេស​ថ្ងៃនេះ​ក៏មាន​ការចូលរួម​យ៉ាង​ទូលំទូលាយ​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន។ កិច្ចប្រជុំ​នេះ​ក៏បាន​បើក​ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើបតែ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី ២៧ មករា លើ​សេចក្តីសម្រេច​មួយ​ដើម្បី​បង្កើត​ក្រុមការងារ​ចម្រុះ​ចុះ​មូលដ្ឋាន​ដើម្បី​ត្រួតពិនិត្យ​កំណែទម្រង់​នានា​របស់​រដ្ឋាភិបាល។

លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ក្រោយ​កិច្ចប្រជុំ​នោះ​ថា កំណែទម្រង់​ដែល​រដ្ឋាភិបាល​ដាក់ចេញ​នៅពេលនេះ​មាន​គោលដៅ​សំខាន់៣៖ ទី១ គឺ​ការរៀបចំ​ឲ្យ​មាន​ក្រុមការងារ​ចុះ​អនុវត្តន៍​ដល់​មូលដ្ឋាន។ ទី២ គឺ​ការរៀបចំ​វេទិកាសាធារណៈ​ដើម្បី​ស្តាប់​មតិ​របស់​ម្ចាស់ឆ្នោត និង​ទី៣ គឺ​ការបម្រើ​សេវាកម្ម​​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ប្រកបដោយ​គណនេយ្យភាព។

បើ​យោងតាម​លោក​ផៃ ស៊ី​ផាន ក្រុមការងារ​ចម្រុះ​ដែល​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​នឹងត្រូវ​ចុះ​ដល់​មូលដ្ឋាន​ដើម្បី​បំពេញការងារ​របស់ខ្លួន​ចាប់ពី​ពាក់កណ្តាល​ខែកុម្ភៈ​នេះ​តទៅ​ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ដល់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត។

គួររម្លឹកថា ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដំបូង​កាលពី​ថ្ងៃទី ២៥ កញ្ញា ឆ្នាំ ២០១៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានទទួល​ស្គាល់​ចំណុច​ខ្វះខាត​ជាច្រើន​របស់​មន្ត្រី​រដ្ឋាភិបាល​និង​អាជ្ញាធរ ដែលជា​ហេតុ​ធ្វើ​ឲ្យ​គណបក្សកាន់អំណាច​ធ្លាក់ចុះ​ប្រជាប្រិយភាព​យ៉ាងគំហុក​ក្នុងការ​បោះឆ្នោត​សភា​អាណត្តិ​ទី៥។ លោកនាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​មន្ត្រី​របស់ខ្លួន​ឲ្យ​ឆ្លុះកញ្ចក់​ដុះក្អែល​ឲ្យ​បាន​ស្អាត​ដោយ​ខ្លួនឯង បើ​មិន​ដូច្នោះ​ទេ រដ្ឋាភិបាល​នឹង​ប្រើ​វិធានការ​ក្តៅ។

យ៉ាងណាក៏ដោយ ក្រុមអ្នកតាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​ជាច្រើន​នៅ​មិនទាន់មាន​ជំនឿ​លើ​កំណែទម្រង់​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅឡើយ​ទេពី​ព្រោះ​ពាក្យ​កំណែទម្រង់​មិនមែន​ថ្មីថ្មោង​ទេ​សម្រាប់​រដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ