អានតួអត្ថបទ
កម្ពុជា

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លើក​ទឹកចិត្ត​កងទ័ព​សមរភូមិ​មុខ

ក្នុង​ខណៈ​ពេល​រង់ចាំ​ដំណោះស្រាយ​ព្រំដែន​ជាមួយ​រដ្ឋាភិបាល​ថ្មី​របស់​ថៃ​ ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​បាន​លើក​ទឹកចិត្ត​កងទ័ព​សមរភូមិ​មុខ​ទាំងអស់ ​ជា​ពិសេស​ ជន​ពិការ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​ទាហាន​ថៃ​នៅ​ព្រំដែន​ព្រះវិហារ​ ចន្លោះ​ពី​ឆ្នាំ២០០៨​ ដល់​២០១១ ​ឲ្យ​មាន​មោទនភាព​ក្នុង​បុព្វហេតុ​ការពារ​ទឹកដី។ ​ការ​លើក​ទឹកចិត្ត​បែប​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​ ក្នុង​ខេត្ត​សៀមរាប​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​។ ​លោក​នាយករដ្ឋមន្ត្រី​សង្ឃឹម​ថា រដ្ឋាភិបាល​ថ្មី​របស់​ថៃ​នឹង​មិន​លើក​ទឹកចិត្ត​ទាហាន​របស់​ខ្លួន​ឲ្យ​ប្រយុទ្ធ​ជាមួយ​កម្ពុជា​ទៀត​ទេ។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​ស្នើ​នៅ​ថ្ងៃ​នេះ​ឲ្យ​ជ្រើស​រើស​គ្រួសារ​យោធិន​ ដែល​ធ្លាក់ខ្លួន​ពិការ​ ដោយសារ​ការ​ប្រយុទ្ធ​នៅ​សមរភូមិ​ជាយដែន​ជាមួយ​ថៃ​ តាំង​ពី​ឆ្នាំ​២០០៨​ ដល់​ឆ្នាំ​២០១១​ ឲ្យ​ទៅ​រស់​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ក្នុង​ខេត្ត​សៀមរាប។ ​មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍​នេះ​ត្រូវ​បាន​គេ​រៀបចំ​ឡើង​ សម្រាប់​យោធិន​ពិការ។ ​លោក​នាយករដ្ឋមន្ត្រី​អះអាង​ថា ​គ្រួសារ​ជនពិការ​ទាំង​នោះ​គួរតែ​មាន​មោទនភាព​ចំពោះ​ការ​បូជា​សាច់ស្រស់​ឈាម​ស្រស់​ ដើម្បី​បុព្វហេតុ​ជាតិ។

កាល​ពី​ព្រលប់​ថ្ងៃទី​២៩​កក្កដា ​ក្នុង​ពិធី​ជួបជុំ​ជាមួយ​នាយ​ទាហាន​នៅ​ក្នុង​ក្រុង​ខេត្តសៀមរាប​ដែរ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​អំពាវនាវ​ឲ្យ​កងទ័ព​ទាំងអស់​ ដែល​កំពុង​ឈរ​ជើង​នៅ​សមរភូមិ​ប្រាសាទ​ព្រះវិហារ ​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​ដល់​ការការពារ​បូរណភាព​ទឹកដី។

​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សង្ឃឹម​ថា ​រដ្ឋាភិបាល​ថ្មី​របស់​ថៃ​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ឆាប់ៗ​នេះ​នឹង​មិន​លើក​ទឹកចិត្ត​ឱ្យ​ទាហាន​របស់​ខ្លួន​ប្រយុទ្ធ​ជាមួយ​កម្ពុជា​ដូច​រដ្ឋាភិបាល​ចាស់​នោះ​ឡើយ​។​ ម្យ៉ាងទៀត បញ្ហា​ព្រំដែនកម្ពុជាថៃ​ពេល​នេះ​បាន​ឈាន​ដល់​បរិបទ​ថ្មី​ហើយ ពោលគឺ​បញ្ហា​នេះ​ស្ថិត​​ក្នុង​របៀបវារៈ​ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជា​ជាតិ ​ក្នុង​របៀបវារៈ​នៃ​តុលាការ​​អន្តរជាតិ​ទី​ក្រុង​ឡាអេ និង​​ក្នុង​របៀបវារៈនៃ​សមាគម​អាស៊ាន។

យ៉ាងណា​ក៏ដោយ ​ព័ត៌មាន​ពី​សមរភូមិ​មុខ​ឲ្យ​ដឹង​ថា ​ទាហាន​ថៃ​បាន​បន្ថែម​បន្លា​លួស​ជាច្រើន​ទៀត​ទៅ​លើ​បន្លា​លួស​ចាស់​ដែល​ខ្លួនបាន​ដាក់​ដើម្បី​បិទ​ច្រក​ចេញ​ចូល​មក​ប្រាសាទ​ព្រះវិហារ​ពី​ខាង​ទឹកដី​ថៃ។ បន្លា​លួស​ថ្មី​ត្រូវ​បាន​បន្ថែម ​នៅ​ខណៈ​ពេល​ដែល​ភាគី​ទាំងពីរ​កំពុង​ត្រៀម​ដក​កង​ទ័ព​ចេញ​ពី​តំបន់​គ្មាន​កងទ័ព ​ដែល​កំណត់​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ។

កាលពី​ថ្ងៃ​ទី​១៨​កក្កដា ​តុលាការ​ក្រុង​ឡាអេ​បាន​ចេញ​សេចក្តី​សម្រេច​ឲ្យ​ភាគី​កម្ពុជា​និង​ថៃ​ដក​ទ័ព​ចេ​ញពី​តំបន់​ព្រះវិហារ។ ​ក៏​ប៉ុន្តែ​រដ្ឋាភិបាល​ចាញ់​ឆ្នោត​របស់​នាយក​រដ្ឋមន្ត្រី​អាភីស៊ីត​​មិន​​ព្រម​​អនុវត្ត​តាម​សេចក្តី​សម្រេច​នេះ​ទេ​ ដោយ​ទុក​ឲ្យ​រដ្ឋាភិបាល​ថ្មី​របស់​គណបក្ស​ភឿ​ថៃ​ជា​អ្នក​ដោះស្រាយ​វិញ។ ​យ៉ាងណា​ក៏ដោយ ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​បញ្ជាក់​ជំហរ​ថា​ កម្ពុជា​នៅ​តែ​ប្រកាន់​វិធានការ​៤​យ៉ាង​ សម្រាប់​ដោះស្រាយ​បញ្ហា​ព្រំដែន​ គឺ​វិធានការ​ នយោបាយ​ ការទូត ​ផ្លូវច្បាប់ ​និងចុងក្រោយ គឺ​វិធានការ​យោធា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ