អានតួអត្ថបទ
កម្ពុជា-ថៃ

លោក​អាប់ភីស៊ីត​ទុក​សំណុំ​រឿង​ដក​កងទ័ព​អោយ​រដ្ឋាភិបាល​ថ្មី

រដ្ឋាភិបាល​ថៃ​របស់​លោក​អាប់ភីស៊ីត​វេចាជីវ៉ា​បាន​ឆ្លើយតប​មក​រដ្ឋាភិបាល​ភ្នំពេញ​ហើយ ថា​គេ​នឹង​ទុក​ការងារ​អនុវត្ត​សាលក្រម​តុលាការ​ឡាអេ​អោយ​រដ្ឋាភិបាល​ថ្មី។ កម្ពុជា​ក៏​បាន​ជូន​ដំណឹង​នេះ​ទៅ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​ ដែល​មាន​បំណង​ចង់​កោះប្រជុំ​រដ្ឋមន្ត្រី​ការបទេស​កម្ពុជា​និង​ថៃ​ដើម្បី​ជជែក​អំពី​ការ​អនុវត្ត​សាលក្រម​ឡាអេ។

លោក អាប់ភីស៊ីត​ នាយករដ្ឋមន្រ្តី​ថៃ និង លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី​ខ្មែរ (រូបភាពឯកសារ)
លោក អាប់ភីស៊ីត​ នាយករដ្ឋមន្រ្តី​ថៃ និង លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី​ខ្មែរ (រូបភាពឯកសារ) © សុវណ្ណារា
ផ្សាយពាណិជ្ជកម្ម

ប្រធាន​អាស៊ាន​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​បាន​ទាក់ទងមក​លោកហោ ណាំហុង​ប្រមុខ​ការទូត​កម្ពុជា​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៨​កក្កដា​ ដើម្បី​បង្ហាញ​បំណង​ចង់​កោះ​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​និង​ថៃ។ កោះ​ប្រជុំ​ដើម្បី​ជជែក​អំពី​ការ​អនុវត្ត​បញ្ជា​របស់​តុលាការ​ឡាអេ​ស្តី​ពី​ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ។

ក៏ប៉ុន្តែ​នៅ​ក្នុង​ការទាក់ទងគ្នា​នោះ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​បាន​ប្រាប់​ទៅ​ប្រធាន​អាស៊ាន​លោក​ ម៉ារទី ណាតាឡេហ្កាវ៉ា ​អោយ​ដឹង​ថា ភាគី​ថៃ​សព្វថ្ងៃ​បាន​ឆ្លើយ​តប​មក​កម្ពុជា​ហើយ ឆ្លើយ​ថា​គេ​ទុក​ការងារ​សាលក្រម​ឡាអេ​នេះ​អោយ​រដ្ឋាភិបាល​ថ្មី​ជា​អ្នក​អនុវត្ត​តែ​ម្តង។

តាមពិត ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា កម្ពុជា​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​ថៃ ចំពោះ​សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​ទីមួយ​ស្តី​ពី​ការ​អនុវត្ត​សាលក្រម​តុលាការ​ឡាអេ​ដែល​កម្ពុជា​បាន​ផ្ញើ​ទៅ​កាល​ពី​ថ្ងៃ​ទី​២១​កក្កដា មុន​ការ​បង្ហាញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​ក្នុង​សន្និសីទ​កាសែត។

នៅក្នុង​កំណត់​ទូត​ដែល​កម្ពុជា​ទទួលបាន កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៧​កក្កដា រដ្ឋាភិបាល​ថៃ​របស់​លោក​អាប់ភីស៊ីត​បាន​ឆ្លើយ​ប្រាប់​រដ្ឋាភិបាល​កម្ពុជា​ថា គេ​ទុក​ការងារ​អនុវត្ត​សាលក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​អោយ​រដ្ឋាភិបាល​ថ្មី។

រដ្ឋសភា​ថៃ​នឹង​ជួប​ប្រជុំ​នៅ​ដើម​សប្តាហ៍​ក្រោយ​នេះ ដើម្បី​ផ្តើម​នីតិវិធី​បង្កើត​រដ្ឋាភិបាល​តែម្តង។ រដ្ឋាភិបាល​ដែល​នឹង​ដឹកនាំ​ដោយ​លោកស្រី ​យីងឡាក់ ស៊ីណាវ៉ាត្រា ប្អូនស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី​ដ៏​មាន​ប្រជាប្រិយភាព ថាក់ស៊ីន ស៊ីណាវ៉ាត្រា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ