អានតួអត្ថបទ
កម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ច្រានចោល​សំណើ​របស់​លោក សម រង្ស៊ី

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ច្រានចោល​ការស្នើសុំ​របស់​លោក សម រង្ស៊ី ដែល​ចង់​វិលត្រឡប់​ចូលមក​ប្រទេស​កម្ពុជា ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ​។ លោកនាយក​រដ្ឋមន្ត្រី បាន​លើកយក​រឿងហេតុ​កន្លងមក ដែល​លោក​សម រង្ស៊ី មាន​ជំហរ​ប្រឆាំង​ដាច់ខាត ហើយ​រិះគន់​រូប​លោក​ថា ជា​អាយ៉ង​។ នេះ​បើ​តាម​ដំណឹង ដែល​លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ផ្សព្វផ្សាយ ចេញ​ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​សុក្រ​ ទី ២៦ តុលានេះ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​​
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​​ © បណ្ណសារ
ផ្សាយពាណិជ្ជកម្ម

ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដោយ​បិទទ្វារ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ប្រាប់​មន្ត្រី​ជាន់ខ្ពស់​របស់​លោក អំពី​សំណើ​សុំ​សម្របសម្រួល ដើម្បី​បើកផ្លូវ​ឲ្យ​លោក សម រង្ស៊ី បាន​វិលត្រឡប់ ចូល​ក្នុងប្រទេស​កម្ពុជា ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ក្នុង​ព្រះបរមរាជវាំង។

សេចក្តីប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ដកស្រង់ យក​មក​ចុះ​ផ្សព្វផ្សាយ តាម Facebook របស់លោក។

ដំណឹង ក្នុង​ Facebook របស់លោក ខៀវ កាញារីទ្ធ ដែល​សរសេរ​ជា​ភាសា​អង់គ្លេស បានបង្ហាញ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​ជា​សំណួរ ថា​តើ​ឲ្យ​លោក អាច​សម្រេច​លើ​ការស្នើសុំ​របស់​លោក សម រង្ស៊ី យ៉ាងម៉េច​នឹង​កើត បើ​កន្លងមក លោក សម រង្ស៊ី បានប្រកាសថា លោក​នឹង​មិន​ជជែក​ពិភាក្សា​ជាមួយ​នឹង​លោក ហ៊ុន សែន ទេ ពីព្រោះ​តែ​លោក ហ៊ុន សែន គឺ​ជា​អាយ៉ង។ លោក សម រង្ស៊ី ធ្លាប់​បាន​អះអាង​ថា លោក​នឹង​ពិភាក្សា​តែ​ជាមួយនឹង​ចៅហ្វាយនាយ​របស់លោក ហ៊ុន សែន​ប៉ុណ្ណោះ។ ដូច្នេះ​លោកនាយក​រដ្ឋមន្ត្រី បានប្រកាសថា ទុកឲ្យ​លោក សម រង្ស៊ី ដើរ​ទៅ​តាម​ផ្លូវ​របស់​គាត់​ទៅ​ចុះ!។

សេចក្តីប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដែល​បាន​ដកស្រង់​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​ចុះ​ផ្សាយ​យ៉ាង​ដូច្នេះ បាន​ធ្វើឡើង តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក សម រង្ស៊ី ដែល​ត្រូវ​តុលាការ​ប្រទេស​កម្ពុជា ផ្តន្ទាទោស​ទោស​កំបាំងមុខ បាន​ព្យាយាម​សរសេរ​លិខិត​ពីរលើក ថ្វាយ​ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ​កំពូល​ទាំង​៣ របស់​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្វែងរក​អន្តរាគមន៍ ឲ្យលោក​បាន​វិលត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​ចូល​មក​គោរព​ព្រះវិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅក្នុង​ព្រះបរមរាជវាំង។

ការសម្រេច​បិទផ្លូវ​មិន​ឲ្យ​លោក​សម រង្ស៊ី បាន​វិលត្រឡប់​មក​កម្ពុជា​វិញ នៅពេលនេះ ត្រូវបាន​លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​ប្រាប់​អ្នកកាសែត នៅថ្ងៃនេះ ពី​ការសោកស្តាយ​របស់​លោក។ តាម​លោក សុន ឆ័យ ការយាង​ចូល​ទិវង្គត​របស់​ព្រះករុណា សម្តេច​ព្រះមហាវីរក្សត្រ ពេលនេះ ជា​ឱកាស​មួយ សម្រាប់​ការបើកផ្លូវ សម្រួល​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ