អានតួអត្ថបទ
បារាំង

នាយិកា ​IMF ​ត្រូវ​តុលាការ​បារាំង​កាត់​ឲ្យ​ជាប់​ពិរុទ្ធ​ពីបទ ​“ធ្វេសប្រហែស”

លោកស្រី គ្រីស្ទីន ឡាហ្កាដ នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ត្រូវ​បាន​តុលាការ​បារាំង កាត់​ឲ្យ​ជាប់ពិរុទ្ធ​ពីបទ “ធ្វេសប្រហែស” នៅ​ក្នុងពេល​ដែល​លោកស្រី​កាន់តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​បារាំង ក្នុងចន្លោះ​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ២០១១។ ភ្លាមៗ​ក្រោយ​សេចក្តីសម្រេច​របស់​តុលាការ ក្រុមប្រឹក្សា​ភិបាល​ IMF បាន​ប្រកាស​ថា​នឹង​បើក​កិច្ចប្រជុំ​ឆាប់ៗ ដើម្បី​ជជែក​ពី​ជោគវាសនា​របស់​លោក​ស្រី​ឡាហ្កាដ។

លោកស្រី គ្រីស្ទីន ឡាហ្កាដ នៅ​ក្នុង​សវនាការ​ថ្ងៃ​ទី១ ថ្ងៃទី១២ ធ្នូ ២០១៦
លោកស្រី គ្រីស្ទីន ឡាហ្កាដ នៅ​ក្នុង​សវនាការ​ថ្ងៃ​ទី១ ថ្ងៃទី១២ ធ្នូ ២០១៦ REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

ជាប់ពិរុទ្ធ តែ​មិន​ជាប់ទោស។ នេះ​គឺ​ជា​ខ្លឹមសារ ដែល​គេ​អាច​សង្ខេប​បាន ពី​សេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌​បារាំង ចេញ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ។

គួររំឭកឡើងវិញ​ថា លោកស្រី​គ្រីស្ទីន ឡាហ្កាដ ត្រូវ​ជាប់​ក្តីក្តាំ​នៅ​តុលាការ ពាក់ព័ន្ធ​នឹង​ការ​ដោះស្រាយ​វិវាទ រវាង​រដ្ឋាភិបាល និង​អតីត​ម្ចាស់​ក្រុមហ៊ុន Adidas។ ក្នុង​ឋានៈ​ជា​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ លោកស្រី​ឡាហ្កាដ បាន​អនុញ្ញាត​ឲ្យ​យក​វិវាទ​នេះ​ទៅ​ដោះស្រាយ​ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ឯកជន ក៏ប៉ុន្តែ ក្រោយ​មក គេ​រកឃើញ​ថា​ ដំណោះស្រាយ​ដោយ​អាជ្ញាកណ្តាល​ឯកជន​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​មិន​ត្រឹមត្រូវ ហើយ​បណ្តាល​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​លុយ​រាប់​លាន​អឺរ៉ូ។

នៅ​ក្នុង​សេចក្តីសម្រេច​នៅ​ថ្ងៃ​ចន្ទ តុលាការ​យុត្តិធម៌ ដែល​នៅ​ក្នុង​ក្រុមប្រឹក្សា​ជំនុំជម្រះ​មាន ចៅក្រម​អាជីព ៣រូប សមាជិក​រដ្ឋសភា ៦រូប និង​សមាជិក​ព្រឹទ្ធសភា ៦រូប បានទទួលស្គាល់​​ថា លោកស្រី​គ្រីស្ទីន ឡាហ្កាដ ពិត​ជា​មិន​បាន​ធ្វើ​កំហុស​អ្វី​មែន នៅ​ក្នុង​ការ​ប្រគល់​សំណុំរឿង​ទៅ​ឲ្យ​អាជ្ញាកណ្តាល​ឯកជន​ដោះស្រាយ នៅ​ឆ្នាំ​២០០៧។ ក៏ប៉ុន្តែ តុលាការ​​ចាប់កំហុស​លោកស្រី នៅត្រង់​ថា នៅ​ក្រោយ​ពេល​ដែល​អាជ្ញាកណ្តាល​ចេញ​សេចក្តីសម្រេច ដែល​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាត​បង់​លុយ​រាប់​លាន​អឺរ៉ូ លោកស្រី​គ្រីស្ទីន ឡាហ្កាដ មិនបាន​ព្យាយាម​ប្តឹង​ជំទាស់​នឹង​សេចក្តីសម្រេច​នេះ។

ដូច្នេះ សម្រាប់​តុលាការ លោកស្រី​គ្រីស្ទីន ឡាហ្កាដ ត្រូវ​ជាប់ពិរុទ្ធ ពីបទ “ធ្វេសប្រហែស” ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ ត្រូវ​ទទួល​ទោស​ជាប់ពន្ធនាគារ​រហូតដល់​ទៅ ១ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១ម៉ឺន៥ពាន់​អឺរ៉ូ។ ក៏ប៉ុន្តែ ចៅក្រម​ដែល​បាន​លើកឡើង​ពី​គុណសម្បត្តិ​មួយ​ចំនួន​របស់​លោកស្រី នៅ​ក្នុង​ពេល​កាន់​តំណែង បាន​សម្រេច​មិនដាក់ទោស​លើ​លោកស្រី​គ្រីស្ទីន ឡាហ្កាដ​នោះទេ ទាំង​ទោស​ពន្ធនាគារ និង​ទោស​ពិន័យ​ជាប្រាក់។

សេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌​គឺ​ជា​សេចក្តីសម្រេច​បិទផ្លូវ​តវ៉ា ដូច្នេះ លោកស្រី​គ្រីស្ទីន ឡាហ្កាដ មិន​អាច​ប្តឹង​ជំទាស់​បាន​នោះទេ។ សំណួរ​ដែល​ត្រូវ​ចោទ​ នៅ​ក្រោយ​សេចក្តីសម្រេច​នេះ គឺ​ទាក់ទង​នឹង​មុខតំណែង​របស់​លោកស្រី​ជា​នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ