អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រោយ​ផ្ទុះ​រឿងអាស្រូវ​ពុករលួយ រាជានិយម​អេស្ប៉ា​ញ​កំពុង​ផុយ​ស្រួយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អេស្បាញ ក្រុម​គ្រួសារ​រាជវង្ស​បាន និង​កំពុង​ទទួល​ញំាញី​ដោយ​រឿង​អាស្រូវ​ពុករលួយ​ចេញ​ពី​សមាជិក​រាជវង្ស​ខ្លួន​ឯង។ នៅ​ថ្ងៃ​សៅរិ៍ ទី៩ កុម្ភៈ​ម្សិលមិញ បុត្រីពៅ​របស់​ព្រះមហាក្សត្រ​អេស្ប៉ាញ​យ័ន កាឡូស គឺ​ម្ចាស់ក្សត្រី​គ្រីស្ទីណា​ត្រូវ​បាន​ចៅក្រម​ហ្សូហ្សេ កាស្រូ​កោះហៅ​ទៅ​សួរ​ចម្លើយ​​ទាក់ទង​នឹង​រឿងអាស្រូវ​ពុករលួយ​របស់​ស្វាមី​គឺ​លោក អ៊ីណាគី យូដង់ហ្គារីន។ តែ​លោកស្រី​គ្រីស្ទីណា​បាន​ឆ្លើយ​ថា លោកស្រី​មិន​បាន​ដឹង​រឿង​អ្វី​ទំាង​អស់ និង​ថា លោកស្រី​មាន​ការ​ជឿទុកចិត្ត​លើ​ស្វាមី​លោកស្រី​ទំាង​ស្រុង។ យ៉ាង​ណា​ក៏​ដោយ រឿងអាស្រូវ​ពុករលួយ​របស់​ម្ចាស់ក្សត្រី​គ្រីស្ទីណា​ពេល​នេះ​បាន និង​កំពុង​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​រាជានិយម​ធ្លាក់​ចុះ​យ៉ាង​ខ្លំាង ពិសេស​គឺ​ប្រជាប្រិយភាព​របស់​ព្រះមហាក្សត្រ​យ័ន កាឡូស​តែ​ម្តង។

ម្ចាស់​ក្សត្រីអេស្បាញ គ្រីស្ទីណា (Cristina) និង​ស្វាមី Inaki Urdangarin.
ម្ចាស់​ក្សត្រីអេស្បាញ គ្រីស្ទីណា (Cristina) និង​ស្វាមី Inaki Urdangarin. REUTERS/Albert Gea/Files
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​សៅរិ៍ ទី៩ កុម្ភៈ​ម្សិលមិញ លោកស្រី​គ្រីស្ទីណា​បាន​ឆ្លើយ​នឹង​សំណួរ​របស់​ចៅក្រម​ហ្សូហ្សេ កាស្រូ​រយៈពេល ១០ម៉ោង​ជុំវិញ​រឿង​អាស្រូវ​កេងបន្លំ​ដែល​ជាប់​ទាក់ទង​នឹង​ស្វាមី​របស់​លោកស្រី គឺ​លោក​អ៊ីណាគី យូដង់ហ្គារីន។ លោក​យូដង់ហ្គារីន​ដែល​ជា​អតីត​ជើងឯក​កីឡាបាល់បះ និង​ដែល​ក្រោយ​មក បាន​ប្រែក្លាយ​ជា​អ្នកជំនួញ​តាម​រយៈ​ការ​បង្កើត​ក្រុមហ៊ុន​មួយ​ឈ្មោះ « Noos » ក្នុង​ឆ្នំា ២០០៣។ មួយ​ឆ្នំា​ក្រោយ​មក ពោល​ក្នុង​ឆ្នំា ២០០៤ ស្ថានភាព​គ្រួសារ​របស់​ម្ចាស់ក្សត្រី​គ្រីស្ទីណា​ក៏​ផ្តើម​រីកលូតលាស់​ខ្លំាង ដោយ​មាន​លទ្ធភាព​ទិញ​លំនៅដ្ឋាន​ដ៏​ស្កឹមស្កៃ​មួយ​នៅ​ក្នុង​ទីក្រុង​បាកសេឡូន​ក្នុង​តម្លែ ៦លាន​អឺរ៉ូ។ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​លោក​អ៊ីណាគី យូដង់ហ្គារីន​បាន​ជាប់ចោទ​ពី​បទ​បង្វែរ​លុយ​ដោយ​ខុសច្បាប់។

រឿង​អាស្រូវ​កាលណោះ​បាន​ជំរុញ​ឲ្យ​ព្រះមហាក្សត្រ​យ័ន កាឡូស​ដែល​ជា​បីតាក្មេក​បង្ខំ​ឲ្យ​លោក​អ៊ីណាគី យូដង់ហ្គារីន​លា​ឈប់​ពី​ប្រធាន​ក្រុមហ៊ុន « Noos »។ លោក​យូដង់ហ្គារីន​ក៏​បាន​យល់ព្រម តែ​នៅ​បន្ត​រក្សា​តួនាទី​ជា​អ្នក​ត្រួតពិនិត្យ។ ក្នុង​ឆ្នំា ២០០៩ គ្រួសារ​លោកអ៊ីណាគី​ក៏​បាន​ចាកចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក តែ​រូបលោក​អ៊ីណាគី​នៅ​តែ​មិន​គេច​រួច​ពី​សំណាញ់​តុលាការ​ដដែល។ ក្នុង​ថ្ងៃទី២៩ ធ្នូ ឆ្នំា ២០១១ ថ្ងៃ​ដែល​ប្រទេស​អេស្ប៉ាញ​ផ្តើម​សវនាការ​កាត់ទោស​រឿងអាស្រូវ​ពុករលួយ​នានា ចៅក្រម​ហ្សូហ្សេ កាស្រូ​ក៏​បាន​ចោទ​ប្រកាន់​លោក​អ៊ីណាគី​ពីបទ​លួចពន្ធ លួច​បង្វែរ​លុយសាធារណៈ ព្រម​ទំាង​បទល្មើស​មួយ​ចំនួន​ទៀត។ លោក​អ៊ីគីណា​អាច​នឹង​ទទួល​ទោស​ដេក​ក្នុង​គុក​រហូត​ដល់​ទៅ ១២ឆ្នំា។

ចៅក្រម​ហ្សូហ្សេ កាស្រូ​ចង់​ដឹង​ពី​តួនាទី​របស់​ម្ចាស់ក្សត្រី​គ្រីស្ទីណា

បើ​ស្តាប់​មើល​ទៅ រឿងរ៉ាវ​​ហាក់​ដូច​ជា​ជាប់​ជំពាក់វាក់វិន​តែ​ជាមួយ​ស្វាមី​លោកស្រី គឺ​លោក​អ៊ីណាគី យូដង់ហ្គារីន​ទេ ចុះ​ហេតុអ្វី​បាន​ជា​ធ្លាក់​មក​ដល់​លោកស្រី​នៅ​ពេល​នេះ?។ តាម​ពិត​ទៅ និង​អ្វី​ដែល​ចៅក្រម​ហ្សូហ្សេ កាស្រូ​ចង់​ដឹង និង​ដែល​រូប​គាត់​បាន​ផ្តើម​ស៊ើបអង្កេត​តំាង​ពី​ឆ្នំា ២០១០ មក​នោះ គឺ​តួនាទី​របស់​ម្ចាស់ក្សត្រី​គ្រីស្ទីណា​នៅ​ក្នុង​សំណុំរឿង​ពុករលួយ​របស់​ស្វាមី អ៊ីណាគី យូដង់ហ្គារីន។ គួរ​ជម្រាប​ជូន​ថា កាល​ពី​ខែ​មេសា ឆ្នំា ២០១៣ ចៅក្រម​កាស្រូ​ក៏​ធ្លាប់​បាន​ចោទ​ប្រកាន់​លោកស្រី​គ្រីស្ទីណា​ម្តង​ហើយ​ពី​បទ​បាន​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​នាម​ជា​កូនស្តេច​ដើម្បី​ជួយ​ស្វាមី​ខ្លួន​ឯង​ក្នុង​ការ​លួច​បង្វែរ​លុយ​ចំនួន ៦លានអឺរ៉ូ។ តែ​សេចក្តីសម្រេច​របស់​ចៅក្រម​កាស្រូ​កាលណោះ​ត្រូវ​បាន​តុលាការ​លប់ចោល​ភ្លាមៗ​តាម​សំណូមពរ​របស់​មហាអយ្យការ​ដោយ​ចង់​រក្សា​កិត្តិយស​រាជានិយម​នៅ​ចំពោះ​មុខ​សាធារណៈជន​ទូទៅ។

តែ​អ្វី​ដែល​ចៅក្រម​កាស្រូ​ចង់​ដឹង​នៅ​ពេល​នេះ​គឺ​ថា តើ​ម្ចាស់ក្សត្រី​គ្រីស្ទីណា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​លួចបង្វែរ​លុយ​ចំនួន ៦លានអឺរ៉ូ​ជាមួយ​ស្វាមី​ដែរ ឬ​អត់?។ តែ​លោកស្រី​គ្រីស្ទីណា​បាន​ឆ្លើយ​សារភាព​ថា លោកស្រី​មិន​បាន​ដឹង​រឿង​អ្វី​ទំាង​អស់ និង​ថា លោកស្រី​មាន​ជំនឿទុកចិត្ត​លើ​ស្វាមី​របស់​លោកស្រី។ លោកស្រី​គ្រីស្ទីណា​ដែល​នឹង​ត្រូវ​បង្ហាញ​ខ្លួន​ជា​ថ្មី​នៅ​ចំពោះ​មុខ​ចៅក្រម​នា​ថ្ងៃទី៨ មីនា​ខាង​មុខ។

រាជានិយម​នៅ​អេស្ប៉ាញ​កំពុង​ចោទ​ជា​បញ្ហា !

រឿង​អាស្រូវ​របស់​គ្រួសារ​ម្ចាស់ក្សត្រី​គ្រីស្ទណា​ពេល​នេះ បាន និង​កំពុង​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​រាជានិយម​អេស្ប៉ាញ​ធ្លាក់​ចុះ​យ៉ាង​ខ្លំាង ពិសេស​គឺ​ប្រជាប្រិយភាព​របស់​ព្រះមហាក្សត្រ​យ័ន កាឡូស​តែ​ម្តង។ សូម​ជម្រាប​ជូន​ថា តំាង​ពី​ប្រទេស​អេស្ប៉ាញ​បាន​ផ្តើម​ប្រកាន់​យក​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ​ក្នុង​ឆ្នំា ១៩៧៥ មក គេ​មិន​ដែល​ឃើញ​មាន​សមាជិក​ក្រុមគ្រួសារ​រាជវង្ស​ណា​ម្នាក់ ទោះ​បី​ជិត ឬ​ឆ្ងាយ​ទទួល​ការ​ចោទ​ប្រកាន់ ឬ​មួយ​ក៏​ទទួល​ការ​កាត់ទោស​អ្វី​ទេ។ ដូច្នេះ​ករណី​របស់​ម្ចាស់ក្សត្រី​គ្រីស្ទីណា​ដែល​ជា​បុត្រីពៅ​របស់​ព្រះមហាក្សត្រ​អេស្ប៉ាញ​យ័ន កាឡូស អាច​ថា​ជា​ព្រឹត្តិការណ៍​លើ​ដំបូង​មួយ​នៅ​ក្នុង​ប្រវត្តិ​របស់​រាជានិយម​អេស្ប៉ាញ។

ក្រៅ​ពី​ប្រជាប្រិយភាព​របស់​រាជានិយម​ខ្លួន​ឯង​តំាង​ពី ៤ ទសវត្ស​កន្លង​ទៅ ព្រះមហាក្សត្រ​យ័ន កាឡូស​រូបព្រះអង្គ​ក៏​ត្រូវ​បាន​ប្រជាជន​អេស្ប៉ាញ​ទូទៅ​គោរព ស្រឡាញ់ ព្រម​ទំាង​ចាត់​ទុក​ព្រះអង្គ​ជា​តួអង្គ​នៅ​ក្នុង​ស្ថិរភាព​នយោបាយ ការ​ធានា​លទ្ធិប្រជាធិបតេយ្យ និង​ក៏​ជា​អាជ្ញាកណ្តាល​នៅ​ក្នុង​ដំណោះស្រាយ​ក្នុង​រឿង​នយោបាយ​ដែរ។ តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ ពិសេស​តំាង​ពី​មាន​ការ​ផ្ទុះ​រឿង​អាស្រូវ​ពុករលួយ​ចេញ​ពី​គ្រួសារ​បុត្រីពៅ​របស់​ព្រះអង្គ​មក ប្រជាប្រិយភាព​របស់​រាជានិយម និង​របស់​រូបព្រះអង្គ​ផ្ទាល់​បាន និង​កំពុង​ធ្លាក់​ចុះ​ជា​លំដាប់។ ដូច្នេះ​សម្រាប់​ព្រះបរមរាជវំាង រឿងអាស្រូវ​នេះ​ចប់​កាន់​តែ​ឆាប់ កាន់​តែ​ល្អ។

វា​ហាក់​ដូច​ជា​រហ័ស​ពេល​ដែល​គេ​ហ៊ាន​និយាយ​ថា របប​រាជានិយម​នៅ​អេស្ប៉ាញ​កំពុង​ឈាន​មក​ដល់​ផ្លូវ​ទាល់​មួយ​នោះ។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា មាន​ប្រជាជន​អេស្ប៉ាញ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​មិន​ចង់​ឃើញ​មាន​វត្តមាន​របប​រាជានិយម​បន្ត​ទៀត​ឡើយ ដោយ​ពួក​គេ​ចង់​ដាក់​ជំនួស​វិញ​នូវ​របប​សាធារណរដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ