អានតួអត្ថបទ
អេស្ប៉ាញ

រាជ​វង្ស​អេស្ប៉ាញ​ស្រអាប់ ដោយ​បុត្រី​ជាប់​អង្កេត​គេច​ពន្ធ និង​លាង​លុយ​កខ្វក់

ការ​បើក​អង្កេត​ប្រឆាំង​នឹង​បុត្រី​​ច្បង​ព្រះ​មហាក្សត្រអេស្ប៉ាញ ព្រះរៀម អាំងហ្វង់ Christina ពី​បទ​គេច​ពន្ធ និង​លាង​លុយ​កខ្វក់​ គឺ​ដូច​ជា​គេ​យក​ព្រនង់មក​​​វាយ​សំពង​បន្ថែម​លើ​គ្រួសារ​រាជវង្ស​ដែល​ប្រជាប្រិយភាព​​កំពុង​ធ្លាក់​ចុះ​ទាប​ស្រាប់​ទៅ​ហើយ ឱ្យកាន់​តែធ្លាក់​ដុន​ដាប​ទៅ​ទៀត។ ព្រះមហាក្សត្រ​ ហ័ន ការឡូស (Juan Carlos) ផ្ទាល់​ព្រះ​អង្គ​ មាន​សុខភាព​ទន់​ខ្សោយ​ ចាស់​ជរា​ខ្លាំង បណ្តាជន​អេស្ប៉ាញ​ភាគ​ច្រើន​ចង់​ឃើញ​ព្រះ​អង្គ​ដាក់​រាជ្យ​ទៅ​ឱ្យ​បុត្រាផង។

បុត្រី​អេស្ប៉ាញ​ Cristina  និង​ស្វាមី Inaki Urdangarin.
បុត្រី​អេស្ប៉ាញ​ Cristina និង​ស្វាមី Inaki Urdangarin. REUTERS/Albert Gea/Files
ផ្សាយពាណិជ្ជកម្ម

ការ​ចោទ​ប្រកាន់លើ​​បុត្រី​ព្រះមហាក្សត្រ អាច​ប្រព្រឹត្ត​ទៅ​បាន​ ដោយ​សារ​ការព្យាយាម​​របស់​ចៅក្រម​ José Castro ដែល​បាន​តាមដាន​សំណុំ​រឿង​នេះ​​​តាំង​ពី​ឆ្នាំ​ ២០១០ និង​បាន​ឆ្លង​កាត់​ក្រុម​​​ប្រឆាំង​ជា​ច្រើន ទម្រាំ​អាច​ប្រកាស​បើក​អង្កេត ពី​បទ​លួច​គេច​ពន្ធ និង​លាង​លុយ​កខ្វក់​នេះ​បាន។ កាលពី​ខែ​មេសា ២០១៣ ចៅក្រម​រូប​នេះ ធ្លាប់​បាន​ចោទ​ប្រកាន់​រាជបុត្រី​ ពី​បទ​ប្រើ​អំណាច​និង​ឥទ្ធិពលោក ប៉ុន្តែ​ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រេច​លុប​ចោល​ទៅ​វិញ។

អ្វី​ដែល​តុលាការ​ចង់​ដឹង​នៅ​ពេលនេះ គឺ​ថា​តើ​រាជបុត្រី​​ មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​គេច​ពន្ធ​ ឬ​លាង​លុយ ជាមួយ​ស្វាមីឬ​យ៉ាងណា។ លោក Inaki Urdangarin អតីត​​ជើងឯក handball បន្ទាប់​មក​ប្តូរ​មក​ធ្វើ​ជា​អ្នក​ជំនួញ​ ត្រូវ​ជាប់​សង្ស័យ​ពី​បទ​លួច​បង្វិល​លុយ​សាធារណៈ ជាង​៦​លាន​អឺរ៉ូ ក្នុងអំឡុង​ឆ្នាំ​២០០៤-២០០៦ ដែល​កាលណោះ​លោក​ជា​នាយក​ក្រុមហ៊ុនមួយ​ ចំណែក​រាជបុត្រី​ក៏​មាន​ភាគហ៊ុនពាក់កណ្តាល និង​ជា​សមាជិក​គណៈកម្មការ​នាយកក្រុមហ៊ុន​នេះ​ទៀត។

លោក Inaki Urdangarin អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ដល់​ទៅ​១២​ឆ្នាំ។ ចំណែក​រាជបុត្រី ដែល​នឹង​ត្រូវ​ចូល​ទៅ​បង្ហាញ​ខ្លួន​នៅតុលាការ​នៅ​ថ្ងៃ​ទី ៨ មីនា ២០១៤ បាន​ឱ្យ​ដឹង​ជា​ស្រេច​ថា​នឹងធ្វើ​បណ្តឹង​ឧទ្ធរណ៍​។ រាជ​វាំង​បាន​សម្តែង​ការ​គោរព​សិទ្ធិ​តុលាការ ប៉ុន្តែ​​ការជាប់​អង្កេត​នេះ​ បាន​ធ្វើ​ត្រកូល​រាជវង្ស​កាន់​តែ​ចុះ​ខ្សោយ​។ ព្រះ​មហាក្សត្រ ហ័ន ការឡូស ព្រះជន្ម​​៧៦​ឆ្នាំ ទ្រុឌទ្រោម​ខ្លាំង​ផ្នែក​សុខភាព​ មាន​ប្រជា​ប្រិយភាពធ្លាក់​ចុះ​ បណ្តា​ជន​អេស្ប៉ាញ​ មិន​ដល់ពាក់​កណ្តាល​ផង គាំទ្រ​រាជវង្ស ហើយ​ ​៦២%​ ចង់​ឃើញ​ព្រះមហាក្សត្រ​​ដាក់​រាជ ទៅ​​បុត្រា Felipe ព្រះជន្ម​ ៤៥ ឡើង​គ្រងជំនួស​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ