អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ឥណ្ឌា​និង​ចិន​៖​ប្រយោជន៍​​ធំ​​ជាង​​គំនុំ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​នេះ ​ហ្សង់-ហ្វ្រង់​ស័រ តាន់ ​សូម​បន្ត​សិក្សា​ទៅ​លើ​ភូមិសាស្ត្រ​នយោបាយ​ឥណ្ឌា​តទៅទៀត។ ​ដោយ​សារ​ថា ​តាំង​ពី​ម្សិលមិញ​មក​ ប្រធានាធិបតី​ចិន ​Xi Jinping ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អាស៊ី​ខាងត្បូង​ដែល​ជា​ដែន​អំណាច​របស់​ឥណ្ឌា ​ហ្សង់-ហ្វ្រង់​ស័រ តាន់​ សូម​លើក​ឡើង​អំពី​ទំនាក់​ទំនង​រវាង​ឥណ្ឌា​និង​ចិន។

ទង់ជាតិចិន និងទង់ជាតិឥណ្ឌា
ទង់ជាតិចិន និងទង់ជាតិឥណ្ឌា រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

ឥណ្ឌា​ដែល​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​មហា​អំណាច​តំបន់​អាស៊ី​ខាង​ត្បូង​មិន​ដែល​ទុកចិត្ត​ចិន​ទេ។ ​មិន​ទុក​ចិត្ត​ចិន​ ដ្បិត​ថ្នាក់​ដឹក​នាំ​ចិន​រមែង​តែ​សម្តែង​ឱ្យ​ឃើញ​នូវ​មហិច្ឆតា​របស់​ខ្លួន​ទៅលើ​អាស៊ី​ខាង​ត្បូង​ ដូច​មាន​ការ​លេប​យក​ដែន​ដី​ទី​បេ(Tibet)​មក​កាន់​កាប់​នៅ​ឆ្នាំ​១៩៥១​ជា​ឧទាហរណ៍​ជាក់​ស្តែង​ស្រាប់។

ឥណ្ឌា​ក៏​មិន​ភ្លេច​ដែរ​បរាជ័យ​ដ៏​អាម៉ាស់​មុខ​របស់​ខ្លួន ​នៅ​ក្នុង​សង្គ្រាម​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​ចិន​នៅ​ឆ្នាំ​១៩៦២ ​សង្គ្រាម​ដែល​បាន​បន្សល់​ទុក​នូវ​បញ្ហា​ព្រំដែន​រវាង​មហា​ប្រទេស​ទាំង​ពីរ​ត​រហូត​មក​ទល់​សព្វ​ថ្ងៃ។

ឥណ្ឌា​ប្រយ័ត្ន​ណាស់ ​ប្រយ័ត្ន​ខ្លាំង​នៅ​ចំពោះ​មុខ​សកម្មភាព​ទូត ​យោធា​និង​សេដ្ឋកិច្ច​របស់​ថ្នាក់​ដឹក​នាំ​ចិន​នៅ​អាស៊ី​ខាង​ត្បូង​ និង​នៅ​ក្នុង​តំបន់​ជុំវិញ​អាស៊ី​ខាង​ត្បូង ​ដូចជា​នៅ​ប៉ាគីស្ថាន​បាំងក្លាដែស ​នេប៉ាល​ ប៊ូតង់​ ម៉ាឌីហ្វ ​សេរីលង្កា ​និង​ភូមា។

ទីក្រុង​ញូវ​ដេលី​(New Delhi)​ ចេះ​តែ​មាន​អារម្មណ៍​ថា ​តាំង​ពី​ដើម​មក​ ចិន​មាន​យុទ្ធសាស្ត្រ​ឡោម​ព័ទ្ធ​ប្រទេស​ខ្លួន។ ​អ្វី​ដែល​ធ្វើ​ឱ្យ​ឥណ្ឌា​បារម្ភ​ខ្លាំង​ជាង​គេ​ គឺ​ការ​បង្កើត​ឡើង​ដោយ​ថ្នាក់ដឹក​នាំ​ចិន​ជា​បន្ត​បន្ទាប់​ នូវ​ខ្សែក្រវ៉ាត់​សន្តិសុខ​មួយ​ដែល​ពាក្យ​បារាំង​គេ​ហៅ​ថា​collier de perles ខ្សែ​ក្រវ៉ាត់​សន្តិសុខ​ដែល​លាត​សន្ធឹង​ពី​ឈូង​សមុទ្រ​ពែរ្ស​(Perse)​ ទៅ​ដល់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​(Pacifique)​ ដោយ​ឆ្លង​កាត់​តាម​សមុទ្រ​ឥណ្ឌា។
រីឯ​ទី​ក្រុង​ប៉េកាំង​(Pékin)​វិញ​អះអាង​ថា​ខ្សែ​ក្រវ៉ាត់​សន្តិសុខ​នេះ​មិនមែន​ដើម្បី​ឡោមព័ទ្ធ​ឥណ្ឌា​ទេ ​តែ​ដើម្បី​ការពារ​ចរាចណ៍​នៃ​នាវា​ដឹក​ប្រេង​កាត​របស់​ខ្លួន​មក​ពី​ភូមិ​ភាគ​ដើម​បូព៌ា​ទេ​តើ។

តែ​ឥណ្ឌា​មិន​ជឿ​ហើយ​ជា​ប្រតិកម្ម​ឆ្លើយ​តប​វិញ ​បាន​ទាំង​យល់​ព្រម​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជាមួយ​អាមេរិក​ ជប៉ុន​ អូស្ត្រាលី​និង​សិង្ហបុរី​នៅ​ក្នុង​សមុទ្រ​ឥណ្ឌា​នៅ​ឆ្នាំ​២០០៧​ទៀត​ផង។

នៅ​ក្នុង​បរិបទ​បែប​នេះ ​សំណួរ​ដែល​បាន​និង​កំពុង​បន្ត​ចោទ​ឡើង​ក្នុង​អំឡុង​ពេល​ជាង​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ​គឺ​នៅ​ទីបំផុត ​តើ​ឥណ្ឌា​និង​ចិន​ដែល​កំពុង​លេច​ត្រដែត​ឡើង​នៅ​អាស៊ី​នឹង​ក្លាយ​ជា​ដៃគូ ​ឬ​មួយ​ក៏​មហាយក្ស​អាស៊ី​ទាំង​ពីរ​នេះ​នឹង​ច្បាស់​ជា​ចៀស​មិន​រួច​ពី​ប្រកួត​ប្រជែង​គ្នា?

ទោះ​ជា​យ៉ាង​ក៏​ដោយ ​អ្នកភូមិ​សាស្ត្រ​វិទូ​ចាប់​អារម្មណ៍​ខ្លាំង​ឡើង​ៗ​ទៅ​លើ​ទំនាក់​ទំនង​ដ៏​ស្មុគស្មាញ​រវាង​ឥណ្ឌា​និង​ចិន​ ដ្បិត​នៅ​ក្នុង​រឿង​នេះ​ តួអង្គ​មិន​មែន​មាន​តែ​ពីរ​ទេ​ តែ​បី​ឬ​បួន​ រាប់ទាំង​អាមេរិក​និង​ជប៉ុន​ផង។

ឥណ្ឌា​និង​អាមេរិក​បាន​និង​កំពុង​បន្ត​ខិត​ចូល​ជិត​គ្នា ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ទីក្រុង​វ៉ាស៊ីនតោន​(Washington)​ហាក់​ដូចជា​ចង់​លើក​ស្ទួយ​និង​ជំរុញ​ឥណ្ឌា​ឱ្យ​ឆាប់​ក្លាយ​ជា​មហា​យក្ស ​ដើម្បី​ជួយ​អាមេរិក​និង​ជួយ​ឥណ្ឌា​ខ្លួន​ឯង​ក្នុង​ការ​ខ្ទប់​ឥទ្ធិពល​របស់​ចិន​ នៅ​អាស៊ី​ប៉ាស៊ីហ្វិក​។

*

ចង់​ឬ​មិន​ចង់​ នៅ​លើ​សាច់​ការ​ជាក់​ស្តែង​និង​ជា​ផ្លូវ​ការ​ ឥណ្ឌា​និង​ចិន​ដែល​បាន​បែរ​ខ្នង​ដាក់​ជា​ច្រើន​ឆ្នាំ​បាន​ផ្តើម​សម្រួល​ទំនាក់​ទំនង​នឹង​គ្នា​នៅ​ចុង​ទសវត្សរ៍​ទី​៨។

ការ​រលត់​រលាយ​ទៅ​នៃ​សង្គ្រាម​ត្រជាក់​ បាន​ជំរុញ​ប្រទេស​ទាំង​ពីរ​ឱ្យ​បោះបង់​ចោល​ទំនាស់​មនោគម​វិជ្ជា​និង​សើរើ​មើល​ឡើង​វិញ​នយោបាយ​ការ​បរទេស​របស់​គេ​រៀង​ៗ​ខ្លួន។​ គួរ​គូសបញ្ជាក់​ត្រង់​នេះ​បន្តិច​ថា ​ឥណ្ឌា​ក៏​ដូច​ចិន​ដែរ​ ឱ្យ​អាទិភាព​ទៅ​លើ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ម្ល៉ោះ​ហើយ​ក៏​ដូច​ចិន​ដែរ​ ឥណ្ឌា​ត្រូវ​ការ​ស្ថិរ​ភាព​នៅ​ក្នុង​តំបន់ ​និង​ត្រូវ​ការ​បន្ធូរ​ភាព​តាន​តឹង​នៅ​ក្នុង​ទំនាក់​ទំនង​ជា​មួយ​ចិន​ ដោយ​ត្រូវ​ទុក​មួយ​ឡែក​សិន​ទំនាស់​ព្រំដែន ​និង​គំនុំ​គំកួន​ពី​អតីត​កាល។​ សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ​គឺ​ជា​ឧទាហរណ៍​ជាក់​ស្តែង​មួយ​នៃ​ការ​សម្រួល​ទំនាក់​ទំនង​រវាង​អតីត​គូ​សត្រូវ​ទាំង​ពីរ។​ នៅ​ឆ្នាំ​១៩៩០​ ការ​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​រវាង​ចិន​និង​ឥណ្ឌា ​គិត​ជា​ទឹក​ប្រាក់​មាន​ប្រមាណ​តែ​២​រយ​លាន​ដុល្លារ​ប៉ុណ្ណោះ។​ តួរ​លេខ​នេះ​បាន​កើន​ទៅ​ដល់​២​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​១៩៩៩ ​និង​រហូត​ដល់​ទៅ​៦​ម៉ឺន​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១០។ គឺ​នៅ​ក្នុង​បរិបទ​សេដ្ឋកិច្ច​ដ៏​ល្អ​បែប​នេះ​ហើយ ​ដែល​នៅ​ឆ្នាំ​២០០៥ ​ឥណ្ឌា​និង​ចិន​បាន​សម្រេច​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នយោបាយ​ដ៏​សំខាន់​មួយ​ក្នុង​ខែ​មេសា​ឆ្នាំ​២០០៥​ ស្តី​ពី​«ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​ដើម្បី​សន្តិភាព​និង​វឌ្ឍនភាព»។ ​និយាយ​បែប​ផ្សេង ​ឥណ្ឌា​និង​ចិន​យល់​ព្រម​លើក​តម្កើង​អ្វី​ដែល​គេ​ហៅថា ​កិច្ច​សន្ទនា​យុទ្ធ​សាស្ត្រ​ដែល​អនុញាត​ឱ្យ​ភាគី​នីមួយ​ៗ​បញ្ចេញ​និង​ផ្តោះ​ប្តូរ​មតិ​យោបល់​គ្នា​ជុំវិញ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​និង​ក្នុង​ពិភព​លោក។

មិន​តែ​ប៉ុណ្ណោះ ​ដើម្បី​ធ្វើ​ឱ្យ​ចិន​កក់​ក្តៅ​ចិត្ត​ ឥណ្ឌា​បាន​ទទួល​ស្គាល់​ជា​ផ្លូ​វការ​ អធិបតេយ្យ​នៃ​ប្រទេស​ចិន​ទៅ​លើ​ទីបេ ​និង​បាន​សន្យា​ប្រាប់​ចិន​ថា ​នឹង​ខ្ទប់​មិន​ឱ្យ​ជន​ភៀស​ខ្លួន​ទីបេ​ ដែល​រស់​នៅ​លើ​ទឹក​ដី​ឥណ្ឌា​ធ្វើ​សកម្មភាព​នយោបាយ​ប្រឆាំង​នឹង​ចិន​ទៀត​ទេ។

ចិន​វិញ​ក៏​ដូច​គ្នា​អ៊ីចឹង​ដែរ​ ខិតខំ​និយាយ​និង​ធ្វើ​យ៉ាង​ណា​កុំឱ្យ​ឥណ្ឌា​ខ្នក់​ចិត្ត​តទៅ​ទៀត។​ នៅ​ក្នុង​ន័យ​នេះ ​នៅ​ឆ្នាំ​២០០៥​ នា​ឱកាស​ទស្សនកិច្ច​នៅ​ឥណ្ឌា នាយក​រដ្ឋមន្ត្រី​ចិន​សម័យ​នោះ ​គឺ​វ៉េន យ៉ាបៅ ​(Wen Jiabao) ​បាន​និយាយ​ពន្យល់​ថា ​ក្នុង​រយៈពេល​២​ពាន់​២​រយ​ឆ្នាំ​កន្លង​ទៅនេះ ​ទំនាក់​ទំនង​រវាង​ចិន​និង​ឥណ្ឌា​មាន​លក្ខណៈ​ល្អ​ប្រសើ​៩៩,៩%។
Wen Jiabao ​ប្រហែល​ជា​ចង់​និយាយ​ថា​ អា​០,១%​ដែល​មិន​ល្អ​នោះ​ គឺ​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ឆ្នាំ​១៩៦២​នោះ​ឯង។

ដោយ​ឡែក ​ចិន​ក៏​ឈប់​កាន់​ជើង​ផ្កាប់​មុខ​ប៉ាគីស្ថាន​ដែល​ជា​សត្រូវ​សួពូជ​របស់​ឥណ្ឌា ​ដូច​ពេល​មុន​ៗ​ទៀត​ដែរ។​ ហើយ​នេះ​ គឺ​ជា​សម្បទាន​នយោបាយ​មួយ​ដែល​ធ្វើ​ឱ្យ​ឥណ្ឌា​កក់​ក្តៅ​ចិត្ត​ខ្លាំង​មែន​ទែន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ