អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ការ​បន្ធូរបន្ថយ​ទ័ណ្ឌកម្ម​អាច​នឹង​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ចអ៊ីរ៉ង់បានកម្រិតណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​កិច្ចព្រមព្រៀង​លើកដំបូង​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​សហគមន៍​អន្តរជាតិ និង​ប្រទេស​អ៊ីរ៉ង់​មក ការ​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ដំបូង​ចេញ​ពី​អ៊ីរ៉ង់​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ខែ​ធ្នូ​ខាង​មុខ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​ប្រមុខ​ការទូត​បារំាង Laurent Fabius។ តែ​លោក Fabius បាន​បញ្ជាក់​ថា គម្រោង​លើក​ទ័ណ្ឌកម្ម​នោះ​នឹង​ត្រូវ​មាន​កម្រិត និង​ផ្តោត​តែ​លើ​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ប៉ុណ្ណោះ។ នៅ​ពេល​ខាង​មុខ បណ្តា​ប្រមុខ​ការទូត​អឺរ៉ុប​នឹង​ត្រូវ​ជួប​ប្រជុំ​គ្នា​ដើម្បី​និយាយ​ពី​បញ្ហា​នេះ។ តើ​អ្វី​ទៅ ជា​ស្ថានភាព​សេដ្ឋកិច្ច​អ៊ីរ៉ង់​នា​ពេល​សព្វ​ថ្ងៃ និង​ថា តើ​កិច្ចព្រមព្រៀង​ដែល​ទើប​បាន​ចុះ​ហត្ថលេខា​ថ្មីៗ​នេះ​នឹង​អាច​ជួយ​ផ្តល់​ខ្យល់​អុកស៊ីសែន​ឲ្យ​សេដ្ឋកិច្ច​អ៊ីរ៉ង់​បាន​កម្រិត​ណា​ដែរ?

ប្រាក់ដុល្លារ​អាមេរិក និង​ប្រាក់រៀល​អ៊ីរ៉ង់
ប្រាក់ដុល្លារ​អាមេរិក និង​ប្រាក់រៀល​អ៊ីរ៉ង់ AFP PHOTO/ATTA KENARE
ផ្សាយពាណិជ្ជកម្ម

អស់​រយៈពេល​ជា​ច្រើន​ឆ្នំា​កន្លង​មក​ហើយ ដែល​សេដ្ឋកិច្ច​អ៊ីរ៉ង់​កំពុង​ថប់​ខ្យល់​ដោយសារ​តែ​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ ហើយ​ដើមចម​នៃ​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​នេះ​ទៀត​សោត ក៏​មក​ពី​ភាព​ក្បាលរឹង​​របស់​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ដែរ។ តែ​ឥឡូវ​នេះ កិច្ចព្រមព្រៀង​មួយ​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​ត្រូវ​បាន​រក​ឃើញ​រវាង​សហគមន៍​អន្តរជាតិ និង​អ៊ីរ៉ង់។ ពិត​ណាស់​ថា គ្រប់​គ្នា​សុទ្ធ​តែ​បាន​ចាត់​ទុក​កិច្ចព្រមព្រៀង​នេះ​ថា ជា​ការ​បោះ​មួយ​ជំហាន​ទៅ​មុខ​យ៉ាង​សំខាន់ នោះ​បើ​ទោះ​បី​ជា​នៅ​មាន​ផ្លូវ​វែង​ឆ្ងាយ​ដែល​ត្រូវ​ដើរ និង​លំបាក​ក៏​ដោយ​ក្តី។ ដូច្នេះ ចង់ ឬ​មិន​ចង់ កិច្ចព្រមព្រៀង​នេះ​ពិត​ជា​បំពង់​ខ្យល់​អុកស៊ីសែន​លើក​ដំបូង​ដែល​នឹង​អនុញ្ញាត​ឲ្យ​សេដ្ឋកិច្ច​អ៊ីរ៉ង់​មាន​ដង្ហើម​ដក​ឡើង​វិញ​បន្តិច។

អ្នក​ដែល​មាន​អារម្មណ៍​ធូរស្បើយ​មុន​គេ គឺ​គ្មាន​នរណា​ក្រៅ​ពី​ប្រជាជន​អ៊ីរ៉ង់​ខ្លួន​ឯង​ដែល​ជា​រៀងរាល់ថ្ងៃ បាន​ប្រឹងប្រែង​​ត្រដរ​រស់​ប្រឈម​មុខ​នឹង​ទំនិញ​គ្រប់​សារពើ​មាន​តម្លែ​កាន់​តែ​ថ្លៃ​ទៅៗ​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ។ ក្នុង​នាម​ជា​ប្រទេស​មាន​ប្រេងកាត​ច្រើន​នៅ​តំបន់​ដើមបូព៌ា ប្រទេស​អ៊ីរ៉ង់​មិន​ក្រ​ទេ តែ​មហន្តរាយ​សេដ្ឋកិច្ចជាតិ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មក​ពី​មូលហេតុ​ពីរ​យ៉ាង ទីមួយ គឺ​ជម្រើស​នយោបាយ​សេដ្ឋកិច្ច​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល តំាង​ពី​ក្រោយ​បដិវត្ត​អ៊ីស្លាម​ក្នុង​ឆ្នំា ១៩៧៩ និង​ទីពីរ គឺ​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​ជុំវិញ​រឿង​កម្មវិធី​នុយក្លេអ៊ែរ។

សព្វថ្ងៃ អ៊ីរ៉ង់​មាន​អត្រា​អតិផរណា​ជាង ៣០% ដែល​ជា​កម្រិត​អតិផរណា​មួយ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ពិភពលោក។ ប្រាក់​រៀល​របស់​អ៊ីរ៉ង់​បាន​បាត់បង់​តម្លៃ​រហូត​ដល់​ទៅ ៧០% ក្នុង​រយៈពេល ២ឆ្នំា​ចុងក្រោយ​នេះ។ ជា​ផ្លូវការ អត្រា​នៃ​​ចំនួន​អ្នកអត់ការងារ​ធ្វើ​មាន ១៣% តែ​បើ​យោង​តាម​តួលេខ​ផ្តល់​ដោយ​ស្ថាប័ន​ឯករាជ្យ ចំនួន​អ្នក​អត់​ការងារ​ធ្វើ​មាន​ពី ២៣ ទៅ ២៥%​នៃ​ចំនួន​ប្រជាជន​សកម្ម ពិសេស​ក្រុម​យុវជន និង​អ្នក​មាន​សញ្ញាប័ត្រ​ខ្ពស់។ ម្យ៉ាង​ទៀត មាន​ប្រជាជន​អ៊ីរ៉ង់​ជាង ៥០% ក្នុង​ចំនួន​ប្រជាជន​សរុប​ទំាង ៧៥លាននាក់ រក​ចំណូល​មិន​បាន​ទំាង ១ដុល្លារ​ផង​ក្នុង​មួយ​ថ្ងៃ​សម្រាប់​រស់។

យោង​តាម​ស្ថិតិ​ផ្សព្វផ្សាយ​ដោយ​អង្គការ​មូលនិធិរូបីយវត្ថុអន្តរជាតិ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ភាព​មហន្តរាយ​នៃ​សេដ្ឋកិច្ច​អ៊ីរ៉ង់។ ក្នុង​ឆ្នំា ២០១២ ការ​នំា​ចេញ​បាន​ធ្លាក់​ចុះ​ចំនួន ២៨% រីឯ​ការ​នំា​ចូល​បាន​បាត់បង់​ចំនួន ២០%។ និយាយ​ពី​អត្រា​កំណើន​សេដ្ឋកិច្ច​វិញ កាល​ពី ១០ឆ្នំា​មុន ពោល​ក្នុង​ឆ្នំា ២០០២ និង ២០០៣ អ៊ីរ៉ង់​បាន​ស្គាល់​កំណើន​ច្រើន​ជាង ៨% ទៅ​ទៀត តែ ១០ឆ្នំា ក្រោយ​មក អត្រាកំណើន​សេដ្ឋកិច្ច​បែរ​ជា​បាន​ធ្លាក់​ដំាដូង​នៅ​ក្រោម​សូន្យ​ទៅ​ទៀត -១,៨% ក្នុង​ឆ្នំា ២០១២ និង -១,៤% ក្នុង​ឆ្នំា ២០១៣​នេះ។

ក្នុង​នាម​ជា​ប្រទេស​ជង្រុកប្រេង​ឆៅ ចំណូល​ថវិកាជាតិ​ជាង ៥០% បាន​ពឹង​ផ្អែក​សឹងតែ​ទំាង​ស្រុង​លើ​ចំណូល​បាន​មក​ពី​ការ​បូមប្រេង​លក់។ តែ​ជា​មួយ​នឹង​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ ផលិតកម្ម​ប្រេងឆៅ​បាន​ធ្លាក់​ចុះ​ពី ៣,៧លាន​បារីល​ក្នុង​មួយ​ថ្ងៃ​កាល​ពី​ឆ្នំា ២០១០ មក​នៅ​ត្រឹម​តែ​២,៧លានបារីល​ក្នុង​មួយ​ថ្ងៃ​នា​ពេល​សព្វថ្ងៃ។ យោង​តាម​តួលេខ​ផ្តល់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ឲ្យ​ដឹង​ថា គិត​រហូត​ដល់​ខែ​មករា ឆ្នំា ២០១២ អ៊ីរ៉ង់​បាន​នំា​ប្រេងឆៅ​ចេញ​ក្នុង​បរិមាណ​ជាង ២លានបារីល​ក្នុង​មួយ​ថ្ងៃ តែ​សព្វថ្ងៃ បាន​នំា​ចេញ​ប្រមាណ​តែ ១លានបារីល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។

ក្រៅ​ពី​វិស័យ​ប្រេងឥន្ធនៈ ក៏​នៅ​មាន​វិស័យ​មួយ​ចំនួន​ទៀត​ដែល​កំពុង​ត្រដរ​ខ្យល់​ដោយសារ​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ ពិសេស​គឺ​វិស័យ​យានយន្ត។ វិស័យ​យានយន្ត​អ៊ីរ៉ង់​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​វិស័យ​មួយ​សំខាន់​ណាស់ ព្រោះ​វា​បាន​ស្ថិត​នៅ​លំដាប់​ទីមួយ​នៅ​តំបន់​ដើមបូព៌ា និង​លំដាប់​ទី១៣ នៅ​ក្នុង​ពិភពលោក។ តែ​សព្វ​ថ្ងៃ និង​បើ​ធៀប​នឹង​ដើម​ឆ្នំា ២០១២ កន្លង​ទៅ ផលិតកម្ម​យានយន្ត​នៅ​អ៊ីរ៉ង់​បាន​ដំាក្បាល​ចុះ​ពី ៤០ ទៅ ៥០%។

តើ​ផលវិបាក​សេដ្ឋកិច្ច​ដែល​អ៊ីរ៉ង់​កំពុង​ទទួល​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​លទ្ធផល​នៃ​ភាព​ចចេសរឹងរូស​របស់​អ៊ីរ៉ង់​ស្តីពី​សំណុំរឿង​នុយក្លេអ៊ែរ​របស់​ខ្លួន​ទេ ឬ​យ៉ាង​ណា?

តំាង​ពី​ដំបូង​ឡើយ ពោល​តំាង​ពី​សហគមន៍​អន្តរជាតិ​ផ្តើម​ដាក់​ទ័ណ្ឌកម្ម​លើក​ទីមួយ​មក រដ្ឋអំណាច​ទីក្រុង​តេហេរ៉ង់​មិន​រវីរវល់ មិន​ឈឺ​ក្បាល និង​ថែម​ទំាង​បាន​ប្រកាស​ក្តែងៗ​ថា ខ្លួន​តែង​តែ​ត្រូវ​បាន​គេ​តាម​ធ្វើ​បាប​របៀប​នេះ​តំាង​ពី​ថ្ងៃ​កំណើត​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីស្លាម​មក​ម្ល៉េះ។ ដូច្នេះ តើ​វា​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៅ?។ អ្វី​ដែល​អ៊ីរ៉ង់​ចង់​និយាយ​ពេល​នោះ​គឺ​ថា គ្មាន​ទ័ណ្ឌកម្ម ឬ​មួយ​ក៏​មាន​ទ័ណ្ឌកម្ម សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​មិន​ស្លាប់​ទេ។ ជា​ការ​ពិត សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​មិន​ស្លាប់​មែន តែ​គឺ​ប្រជាជន​អ៊ីរ៉ង់​ឯណោះ​ទៅ​វិញ​ទេ​ដែល​កំពុង​រស់នៅ​​យ៉ាង​លំបាកលំបិន​នា​ពេល​សព្វថ្ងៃ។

គឺ​ជីវភាព​កាន់​តែ​ត្រដាបត្រដួស​របស់​ប្រជាជន​អ៊ីរ៉ង់​នា​ពេល​សព្វថ្ងៃ​នេះ​ឯង ដែល​បាន​ធ្វើ​ឲ្យ​ថ្នាក់ដឹកនំា​អ៊ីរ៉ង់​ផ្តើម​ភ្ញាក់​ខ្លួន​ថា ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​មិន​មែន​គ្មាន​ប្រសិទ្ធិភាព​ដូច​ដែល​ខ្លួន​ធ្លាប់​បាន​គិត​ពី​ពេល​មុន​នោះ​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​ចាប់​ពី​ពាក់​កណ្តាល​ឆ្នំា​ទៅ​មិញ​មក ពាក្យ « ទ័ណ្ឌកម្ម » លែង​ជា​ពាក្យ​មួយ​ដែល​ត្រូវ​បាន​គេ​មើល​ស្រាល​ទៀត​ឡើយ។ សូម្បី​តែ​ប្រមុខ​សាសនា​អ៊ីរ៉ង់​អាលី ខាមេនី​ក៏​បាន​ប្រកាស​ទទួល​ស្គាល់​ដោយ​ប្រយោល​អំពី​មហន្តរាយ​សេដ្ឋកិច្ច​ដែល​កើត​ចេញ​ពី​ទ័ណ្ឌកម្ម​អន្តរជាតិ។ តែ​ទន្ទឹម​គ្នា​នេះ ថ្នាក់ដឹកនំា​អ៊ីរ៉ង់​ក៏​មិន​អាច​ក្បាត់​នឹង​ឧត្តមគតិ​របស់​ខ្លួន​បាន​ដែរ នោះ​គឺ​សិទ្ធិ​របស់​អ៊ីរ៉ង់​ក្នុង​ការ​បំពាក់​នុយក្លេអ៊ែរ​ស៊ីវិល។

ឥឡូវ​នេះ និង​ជាមួយ​នឹង​កិច្ចព្រមព្រៀង​ដែល​ទើប​ចុះ​ហត្ថលេខា​ថ្មីៗ​នេះ ដំណោះស្រាយ​ផ្លូវ​កណ្តាល​មួយ​ហាក់​ដូច​ជា​ចាប់​ផ្តើម​មាន​ពន្លឺៗ​បណ្តើរៗ​ហើយ។ អ៊ីរ៉ង់​បាន​ប្រៀប​កិច្ចព្រមព្រៀង​នេះ​ថា ជា​បំពុង​ខ្យល់​អុកស៊ីសែន​បន្ទាន់​មួយ​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​របស់​ខ្លួន។ ដូច្នេះ​នៅ​ទីបំផុត និង​អ្វី​ដែល​គ្រប់​គ្នា​បាន​ចៀសវាង​នោះ គឺ​ការ​បំបាក់មុខ​គ្នា​ទៅ​វិញ ទៅ​មក ដោយ​គ្មាន​ភាគី​ណា​មួយ​ចាញ់​ទេ។ នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ថា គ្មាន​បញ្ហា​ណា​មួយ​ដែល​មិន​អាច​ដោះស្រាយ​បាន​នោះ​ទេ អ្វី​ដែល​សំខាន់ គឺ​ឆន្ទៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ