អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

កិច្ចពិភាក្សា​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដំណាក់កាល​ចុងក្រោយ​ នៅ​ហ្សឺណែវ​ នៅតែ​​ស្មុគស្មាញ​

នៅថ្ងៃ​សៅរ៍​នេះ រដ្ឋមន្ត្រី​ប្រទេស​មហាអំណាច​៥+១ ជួបគ្នា​បន្តការពិភាក្សា​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​​ នៅ​ក្រុងហ្សឺណែវ​ ប្រទេស​ស្វ៊ីស​​។ នេះ​ជាការចរចា​​ដំណាក់កាល​ចុងក្រោយ ក្នុង​ទិសដៅ​សំរេច​បាន​កិច្ចព្រមព្រៀង​មួយ ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ កិច្ចចរចា​ថ្ងៃនេះ ហាក់​នៅតែ​​លំបាក​ស្មុគស្មាញ។ គិត​ចាប់ពី​មានការចរចា​រឿងនុយក្លេអ៊ែរអ៊ីរ៉ង់​ ​១០ឆ្នាំ មកនេះ នៅមិនទាន់​សំរេច​ចេញ​កិច្ចព្រមព្រៀង​អ្វី​នោះទេ។

ឆ្វេងទៅស្តាំ៖ ប្រមុខ​ការទូត​អាមេរិក លោក Jonh Kerry និង​ប្រមុខការទូត​រុស្ស៊ី ​លោក Sergeï Lavrov ចាប់ដៃគ្នា​នៅ​​ក្រុង​Genève មុន​នឹង​ចូលតុចរចា​​ពីសំណុំ​រឿងនុយក្លេអ៊ែរ​អ៊ីរ៉ង់ ថ្ងៃ២៣វិច្ឆិកា ឆ្នាំ២០១៣។
ឆ្វេងទៅស្តាំ៖ ប្រមុខ​ការទូត​អាមេរិក លោក Jonh Kerry និង​ប្រមុខការទូត​រុស្ស៊ី ​លោក Sergeï Lavrov ចាប់ដៃគ្នា​នៅ​​ក្រុង​Genève មុន​នឹង​ចូលតុចរចា​​ពីសំណុំ​រឿងនុយក្លេអ៊ែរ​អ៊ីរ៉ង់ ថ្ងៃ២៣វិច្ឆិកា ឆ្នាំ២០១៣។ REUTERS/Carolyn Kaster/Pool
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សៅរ៍​នេះ រដ្ឋមន្ត្រី​ប្រទេស​មហាអំណាច​៥+១ បាន​បន្ត​ការចរចា​​​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​​ នៅ​ក្រុងហ្សឺណែវ​ ប្រទេស​ស្វ៊ីស​​។ នេះ​ជាការចរចា​​ដំណាក់កាល​ចុងក្រោយ ដើម្បី​​សំរេច​បាន​កិច្ចព្រមព្រៀងជាដំណាក់​កាល​មួយ​​​ ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ថ្វីបើ​នៅព្រឹកមិញ​នេះ រុស្ស៊ី​បានបង្ហាញ​ពី​សុទិដ្ឋិនិយម​នៃការចរចា​ តែ​ការចរចា​នេះប្រហែល​ជានៅតែ​ពិបាក​ដដែល ព្រោះថា នៅថ្ងៃ​សៅរ៍នេះ អ៊ីរ៉ង់​ប្រាប់ថា ខ្លួន​ជំទាស់​រាល់សំណើ​​ហួសហេតុ​ ដែល​នាំទៅ​ដល់​ការបិទ​សិទ្ធិ​របស់​ខ្លួន។

គួររំលឹកថា តាំងពីថ្ងៃ​ពុធមក អ្នកការទូតប្រទេស​៥+១ គឺ​អាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិន​ និង​អាល្លឺម៉ង់ បាន​ចរចារ​គ្នា​ពីកិច្ចព្រមព្រៀង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដំណាក់កាល​ពិសោធន៍​៦ខែ ក្នុង​ទិសដៅ​​បន្ធូរបន្ថយ​ទណ្ឌកម្ម​មួយចំនួនដល់អ៊ីរ៉ង់។ ជាការ​ផ្តោះប្តូរ អ៊ីរ៉ង់​ត្រូវ​ព្យួរ​ចោល​នូវការ​ចម្រើនធាតុ​អ៊ុយរ៉ានីញ៉ូម​របស់​ខ្លួន។ ប៉ុន្តែ​ការចរចា​នៅ​ថ្ងៃ​៩វិច្ឆិកា​កន្លងមក បានជួបបរាជ័យ​ ដោយសារ​តែ​បារាំង​បានជំទាស់ នឹង​ដាក់​លក្ខខណ្ឌ​កំណត់​ខ្ពស់​​ដល់អ៊ីរ៉ង់ ដូចជា​​តម្រូវ​អោយ​អ៊ីរ៉ង់​អនុញ្ញាត​អោយ​​គ្រប់ទីតាំង​​នុយក្លេអ៊ែរ​​ខ្លួន​ស្ថិត​ក្រោមការ​ត្រួតពិនិត្យ​របស់​អន្តរជាតិ​​ អោយ​អ៊ីរ៉ង់​បំភ្លឺ​ពី​បញ្ហា​ស្តុកទុក​​ធាតុអ៊ុយរ៉ាញ៉ូម​​មាន​កម្រិត​ធាតុ​អ៊ីសូតូប​២០ភាគរយ រឺ​ក៏​បំភ្លឺ​ពី​​ម៉ាស៊ីន​ប្រតិករ​ទឹកធ្ងន់​នៅអារ៉ាក់ ដែល​អាច​អាច​ធ្វើធាតុ​​ភ្លុយតូនីញ៉ូម​ ក្នុង​ទិសដៅ​ផលិត​គ្រាប់បែក​បរមាណូ​បាន។

ដោយឡែក កន្លងមក ​សារព័ត៌មាន​អ៊ីរ៉ង់​នានា ធ្លាប់​បាន​ចុះផ្សាយថា ក្រុម​ប្រទេស​៥+១ បាន​យល់ព្រម​​​តាម​​ការទាមទារ​របស់​អ៊ីរ៉ង់ ​ថា​អ៊ីរ៉ង់​មាន​សិទ្ធិ​ចម្រើនធាតុ​អ៊ុយរ៉ានីញ៉ូម​លើ​ទឹកដី​ខ្លួន។ ប៉ុន្តែ​ លោក​អារ៉ាក់ឈី អ្នកទទួល​បន្ទុកចរចា​ភាគីអ៊ីរ៉ង់​ មិន​បាន​បដិសេធ​ហើយ​ក៏​មិនបាន​បញ្ជាក់​ថា តើ​ព័ត៌មាន​នេះ​ជាការពិត​រឺ​យ៉ាងណា​នោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ