អានតួអត្ថបទ
អ៊ីរ៉ង់

កិច្ចចរចា​ស្តី​ពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចាប់ផ្តើម​ឡើងវិញ ជាមួយ​ក្តី​សង្ឃឹម​តិចតួច

នៅជាងមួយ​ឆ្នាំ​ក្រោយ កិច្ចចរចា​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​ជាប់គាំង ប្រទេស​មហា​អំណាច​ទាំង​៦ (អាមេរិក​បារាំង រុស្ស៊ី ចិន អង់គ្លេស និង​អាល្លឺម៉ង់) បាន​ត្រលប់​ចូល​មក​ចរចា​ជាថ្មី ជាមួយ​អ៊ីរ៉ង់ នៅថ្ងៃ​សៅរ៍​នេះ នៅទីក្រុង​អ៊ីស្តង់ប៊ូល ក្នុង​ប្រទេស​តួកគី។ ប្រទេស​លោកខាងលិច ជាពិសេស​អាមេរិក​ជឿថា អ៊ីរ៉ង់​កំពុង​ចម្រើនធាតុ​អ៊ុយរ៉ានីញូម​ក្នុង​កម្រិតខ្ពស់​ដើម្បី​យកទៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ។ ការចោទ​ប្រកាន់​ដែល​ ទីក្រុង​តេអេរ៉ង់ បានបដិសេធ ដោយថា កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ធ្វើឡើង​ក្នុង​ប្រយោជន៍​ស៊ីវិល គឺ​ដើម្បី​ផលិត​អគ្គិសនី​តែប៉ុណ្ណោះ។

រដ្ឋមន្រ្តីការបរទេស​តួកគី Ahmet Davutoglu​ចាប់ដៃ​ស្វាគម​ប្រធាន​ចរចា​កម្មវិធី​នុយក្លេអ៊ែរមក​ពី​អ៊ីរ៉ង់​ នៅមុន​ការ​បើក​កិច្ច​ចរចា​នៅទីក្រុង​អ៊ីស្តង់ប៊ូល​នៅថ្ងៃ​សៅរ៍​ទី ១៤​មេសា២០១២
រដ្ឋមន្រ្តីការបរទេស​តួកគី Ahmet Davutoglu​ចាប់ដៃ​ស្វាគម​ប្រធាន​ចរចា​កម្មវិធី​នុយក្លេអ៊ែរមក​ពី​អ៊ីរ៉ង់​ នៅមុន​ការ​បើក​កិច្ច​ចរចា​នៅទីក្រុង​អ៊ីស្តង់ប៊ូល​នៅថ្ងៃ​សៅរ៍​ទី ១៤​មេសា២០១២ © REUTERS
ផ្សាយពាណិជ្ជកម្ម

ការចរចា​រវាងក្រុមប្រទេស​៥ + ១ ជាមួយអ៊ីរ៉ង់ ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ មាន​ជា​លើក​ចុងក្រោយ នៅខែ​មករា ឆ្នាំ ២០១១​នៅក្នុង​ប្រទេស​តួកគី។ ប៉ុន្តែ ការចរចា​បាន​បរាជ័យ ដោយសារ​គូភាគី​នៅតែ​មិន​យល់ស្របគ្នា ជាពិសេស​នៅលើ​ការចម្រើនធាតុ​អ៊ុយរ៉ានីញូម។

 
ការចម្រើនធាតុ​អ៊ុយរ៉ានីញូម របស់​អ៊ីរ៉ង់​​ក្នុង​កម្រិតខ្ពស់ ជា​ប្រធានបទក្តៅ​ដែល​គេ​នឹង​ត្រូវ​លើកយក​មកនិយាយ​ជាថ្មី នៅក្នុង​កិច្ចចរចា នៅថ្ងៃនេះ។ នៅប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ កាសែត​អាមេរិក​បាន​សរសេរ​ចុះផ្សាយ​ថា ​ប្រទេស​លោកខាងលិច​ចង់​ទាមទារ​អ៊ីរ៉ង់​ឲ្យ​បញ្ឈប់​ការចម្រើន​ធាតុ​អ៊ុយរ៉ានីញូម ក្នុង​កម្រិត​២០ភាគរយ និង​បញ្ជូន​ចំនួន​អ៊ុយរ៉ានីញូម ១១០​គីឡូក្រាម ដែល​បាន​ចម្រើន​រួចហើយ ក្នុង​កម្រិតនេះ ទៅ​បរទេស។ ម្យ៉ាងវិញទៀត ប្រទេស​លោកខាងលិ​ចង់​ទាមទារ​ឲ្យ​អ៊ីរ៉ង់​បិទ​រោងចក្រ​ក្រោម​ដី Fordo ដែល​អ៊ីរ៉ង់​កំពុង​ប្រើ​ដើម្បី​ចម្រើន​ធាតុអ៊ុយរ៉ានីញូម។

ដោយពិតទៅ ធាតុ​អ៊ុយរ៉ានីញូម​ដែល ត្រូវ​ចម្រើន ចាប់ពី​៣ភាគរយ អាច​ឲ្យ​អ៊ីរ៉ង់​​យកទៅ​ប្រើ​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ ដើម្បី​ផលិត​អគ្គិសនី ប៉ុន្តែ បើ​អ៊ីរ៉ង់​​នៅ​បន្ត នោះ​ប្រទេស​លោកខាងលិច​ជឿថា អ៊ីរ៉ង់​នឹង​អាច​ចម្រើន​ធាតុអ៊ុយរ៉ានីញូម​ដល់កម្រិត ៩០​ភាគរយ ដែល​អាច​យក​ទៅ​ផលិត​ធ្វើ​ជា​គ្រាប់បែក​នុយក្លេអ៊ែរ​បាន។

កាលពី​ខែ​កុម្ភៈមុននេះ របាយការណ៍​របស់​ភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ AIEA  បាន​បង្ហាញ​ពីការព្រួយបារម្ភ​ទាក់ទង​នឹង​លទ្ធភាព​ពង្រីក​កម្មវិធី​នុយក្លេអ៊ែរ​របស់អ៊ីរ៉ង់ ក្នុង​មហិច្ឆតា​យោធា។ នៅក្រោយ​របាយការណ៍នេះ ប្រទេស​លោកខាងលិច ដូចជា​អាមេរិក និង​សហភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម​ទៅលើ​អ៊ីរ៉ង់ ដោយ​ហាម​មិន​ឲ្យ​គេ​ទិញ​ប្រេង​ពី​ប្រទេស​នេះ។ អ៊ីស្រាអែល​វិញ​ចង់​​វាយប្រហារ​ផ្នែក​យោធា​ទៅលើ​ទីតាំង​រោងចក្រ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ប្រសិនបើ​ការចរចា​ផ្នែកការទូត​ទទួល​បរាជ័យ។

អ៊ីរ៉ង់​ដែល​មាន​រងទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ប្រទេស​លោកខាងលិច ចាប់តាំងពី​ឆ្នាំ ២០០៦ បាន​ជួប​វិបត្តិ​សេដ្ឋកិច្ច​បណ្តើរៗ ដោយសារ​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើកចុងក្រោយនេះ។ នៅក្នុង​កិច្ចចរចា​លើកនេះ អ៊ីរ៉ង់​ចង់​ប្រទេស​លោកខាងលិច​ដកទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញវិញ។ ចំណែក​ប្រទេស​លោកខាងលិច​ដែល​ជា​តំណាងភាគច្រើន ក្នុង​កិច្ចចរចា នៅតែ​ទាមទារ​ឲ្យ​អ៊ីរ៉ង់​លះបង់​គម្រោង​ចម្រើនធាតុ​អ៊ុយរ៉ានីញូម​ចាប់ពីកម្រិត ២០ភាគរយ។

លើកនេះ ដូចការចរចា​ឆ្នាំ ២០១១ គេ​នឹង​មិន​អាច​សង្ឃឹម​អ្វី​ធំដុំ ពីលទ្ធផល​កិច្ចប្រជុំ​៧ភាគី នៅថ្ងៃនេះទេ ព្រោះថា នៅមុន​ការចរចា ចាប់ផ្តើម ប្រធានាធិបតី​អ៊ីរ៉ង់ Mamoud Ahmadinejad បាន​និយាយ​បិទ​ទ្វារ​រួច​ហើយ​ថា អ៊ីរ៉ង់​នឹង​មិន​ចុះញ៉ម ដោយ​ព្រម​សុខចិត្ត​កាត់បន្ថយ​សិទ្ធិ​របស់ខ្លួន។ ប្រាកដណាស់​ប្រធានាធិបតី​អ៊ីរ៉ង់​ចង់​សំដៅ​ពី​សិទ្ធិ​ចម្រើន​ធាតុ​អ៊ុយរ៉ានីញូម តាមកម្រិត​ដែល​ខ្លួន​ចង់បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ