ប្រទេសមហាអំណាចព្រមចរចាជាមួយអ៊ីរ៉ង់ជុំវិញសំណុំរឿងនុយក្លេអ៊ែរ
ប្រទេសមហាអំណាចបានយល់ព្រមបើកកិច្ចចរចាឡើងវិញជាមួយអ៊ីរ៉ង់ ជុំវិញសំណុំរឿងនុយក្លេអ៊ែរ។ កិច្ចចរចា កាលពីលើកមុន ត្រូវជាប់គាំងចាប់តាំងពីខែមករា ឆ្នាំ២០១១មក។ លោកអូបាម៉ាបានលើកឡើងថា ការចរចានេះប្រហែលជានឹងអាចបិទមាត់អ្នកទាមទារឲ្យប្រើកម្លាំងយោធាលើអ៊ីរ៉ង់បានខ្លះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:២២
ប្រទេសមហាអំណាច ដែលចូលរួមក្នុងកិច្ចចរចាលើសំណុំរឿងនុយក្លេអ៊ែរអៀរ៉ង់ រួមមាន សមាជិកអចិន្រ្តៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខ (អាមេរិក អង់គ្លេស បារាំង ចិន និងរុស្ស៊ី) បូកជាមួយនឹងប្រទេសអាល្លឺម៉ង់ ដែលគេច្រើនហៅថា ក្រុមប្រទេស ៥ + ១។
សំណើសុំបើកកិច្ចចរចាឡើងវិញ នៅពេលនេះ គឺធ្វើឡើងដោយភាគីអ៊ីរ៉ង់ តាមរយៈលិខិតផ្ញើទៅសហភាពអឺរ៉ុប កាលពីថ្ងៃទី១៤ ខែកុម្ភៈ ២០១២។ នៅថ្ងៃអង្គារ ម្សិលមិញនេះ លោកស្រី Cathrine Ashton ប្រមុខការទូតសហភាពអឺរ៉ុប បានឲ្យដឹងថា ក្នុងនាមជាតំណាងប្រទេស ៥+១ លោកស្រីបានផ្ញើលិខិតមួយតបទៅអ៊ីរ៉ង់វិញថា ប្រទេសមហាអំណាចសុខចិត្តបើកកិច្ចចរចាឡើងវិញ។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ ភាគីពាក់ព័ន្ធនៅមិនទាន់ឯកភាពគ្នា ក្នុងការកំណត់កាលបរិច្ឆេទចរចានៅឡើយទេ។
គួររំឭកឡើងវិញថា កិច្ចចរចាស្តីពីនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានគេរៀបចំធ្វើជាច្រើនលើក ហើយអូសបន្លាយពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែ តែងតែជាប់គាំងម្តងហើយ ម្តងទៀត។ កិច្ចចរចាលើកចុងក្រោយ ត្រូវបានបើកធ្វើ នៅប្រទេសតួកគី កាលពីខែមករា ឆ្នាំ២០១១ ប៉ុន្តែ ត្រូវជាប់គាំងទៅវិញភ្លាមៗ ក្រោយពីអ៊ីរ៉ង់បដិសេធមិនជជែកអំពីការផ្អាកកម្មវិធីចម្រើន (បន្សុទ្ធ) ធាតុអ៊ុយរ៉ាញ៉ូម ដែលជាចំណុចចម្រូងចម្រាស។
បន្ទាប់ពីការចរចា នៅតួកគី ត្រូវជាប់គាំង ប្រទេសលោកខាងលិចក៏បាននាំគ្នាបង្កើនទណ្ឌកម្មលើអ៊ីរ៉ង់។ ចុងក្រោយ អាមេរិក និងសហភាពអឺរ៉ុប បានឯកភាពគ្នាដាក់ទណ្ឌកម្មលើវិស័យប្រេងកាត ដែលជាប្រភពចំណូលដ៏ធំបំផុតរបស់អ៊ីរ៉ង់។
នៅក្នុងពេលដែលការចរចាលើកនេះ នៅមិនទាន់បានចាប់ផ្តើមនៅឡើយផង រដ្ឋមន្រ្តីក្រសួងការបរទេសបារាំង និងអាល្លឺម៉ង់បាននាំគ្នាបង្ហាញនូវទុទ្ទិដ្ឋនិយមរួចជាស្រេច។ គេសង្ស័យថា អ៊ីរ៉ង់ទាមទារចរចានៅពេលនេះ ដើម្បីគ្រាន់តែចង់ពន្យារពេល និងបន្ធូរបន្ថយទណ្ឌកម្មតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ លោកអូបាម៉ាវិញបានថ្លែងថា ការចរចានេះអាចនឹងបិទមាត់អ្នកដែលទាមទារឲ្យវាយប្រហារលើអ៊ីរ៉ង់បានខ្លះៗ។
នៅពេលនេះ ព័ត៌មានជុំវិញគម្រោងរបស់អ៊ីស្រាអែល ដែលចង់វាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងកើតមានកាន់តែខ្លាំងឡើងៗ។ កាលពីថ្ងៃចន្ទ នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល នៅសេតវិមាន លោកអូបាម៉ាបានព្យាយាមបញ្ចុះបញ្ចូលកុំឲ្យអ៊ីស្រាអែលវាយប្រហារលើអ៊ីរ៉ង់ នៅពេលនេះ ដោយលើកឡើងថា ដំណោះស្រាយដោយសន្តិវិធី (ចរចា និងទណ្ឌកម្ម) នៅមិនទាន់ចូលដល់ដំណាក់កាលទ័លច្រកនៅឡើយទេ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលវិញបានលើកឡើងថា អ៊ីស្រាអែលនៅតែរក្សាសិទ្ធិក្នុងការសម្រេចដោយខ្លួនឯងថា តើត្រូវវាយប្រហារលើអ៊ីរ៉ង់ ឬអត់?
ប្រសិនបើការចរចាលើកនេះត្រូវជាប់គាំងសាជាថ្មីម្តងទៀត លទ្ធភាពនៃការប្រឈមមុខដោយយោធា ក្នុងសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ ប្រាកដជានឹងកើនឡើងកាន់តែខ្លាំងឡើងមួយកម្រិតទៀត។ ហេតុដូច្នេះហើយបានជាគេយល់ថា ប្រទេសពាក់ព័ន្ធនឹងការចរចានេះ ទំនងជានឹងសុខចិត្តធ្វើសម្បទានខ្លះៗ ដើម្បីយ៉ាងហោចណាស់អាចឲ្យកិច្ចចរចានេះបន្តធ្វើទៅមុខ ដោយមិនជាប់គាំង។
គួររំឭកឡើងវិញថា អ៊ីរ៉ង់គឺជាសមាជិកសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ អ៊ីរ៉ង់មានសិទ្ធិអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ ដើម្បីប្រើប្រាស់ក្នុងវិស័យស៊ីវិល។ អ៊ីរ៉ង់ក៏មានកាតព្វកិច្ចបង្ហាញនូវតម្លាភាពជុំវិញកម្មវិធីនុយក្លេអ៊ែរនេះដែរ។ ក៏ប៉ុន្តែ អ៊ីរ៉ង់បានបង្កើតកម្មវិធីនុយក្លេអ៊ែរសម្ងាត់ ដោយលាក់មិនឲ្យទីភ្នាក់ងារ AIEA ដឹង រយៈពេល ១៨ឆ្នាំ ដែលជាហេតុធ្វើឲ្យគេសង្ស័យថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺធ្វើឡើង ក្នុងគោលដៅយោធា។
នៅឆ្នាំ២០០៦ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.បានចេញសេចក្តីសម្រេចមួយបញ្ជាឲ្យអ៊ីរ៉ង់បញ្ឈប់រាល់កម្មវិធីចម្រើនធាតុអ៊ុយរ៉ាញ៉ូមទាំងអស់។ ក៏ប៉ុន្តែ អ៊ីរ៉ង់មិនគោរពតាមសេចក្តីសម្រេចនេះ។ ក្រុមប្រឹក្សាសន្តិសុខក៏បានសម្រេចដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ជាច្រើនលើក ក៏ប៉ុន្តែ ភាគច្រើនជាទណ្ឌកម្មស្រាលៗ ដោយសារតែមានការជំទាស់ពីសំណាក់រុស្ស៊ី និងចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ