អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​បម្រាម​ជន​អន្តោប្រវេសន៍​របស់​លោក​ដូណាល់ត្រាំ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃសុក្រ ទី២៧មករា​កន្លងទៅ លោក​ដូណាល់ត្រាំ​បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​ ហាមឃាត់​ពលរដ្ឋ​មក​ពី​ប្រទេស​ចំនួន ៧ ដែល​ជា​ប្រទេស​មាន​ប្រជាជន​ភាគច្រើន​កាន់​សាសនា​អ៊ីស្លាម មិន​ឲ្យ​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​ទឹកដី​អាមេរិក។ ចាប់ពីពេលនោះ​មក ចលនា​ប្រឆាំង​បាន​ផ្ទុះឡើង ទាំង​ក្នុង​រូបភាព​ជា​បាតុកម្ម​មហាជន ទាំង​ការ​បញ្ចេញ​មតិ​ប្រឆាំង​នៅ​ក្នុងចំណោម​សមាជិក​សភា និង​រហូត​ដល់​តុលាការ ហើយ​​និយាយ​ពី​តុលាការ សំណួរ​ដ៏សំខាន់​មួយ ដែល​កំពុងចោទឡើង គឺ​នៅត្រង់​ថា តើ​បម្រាម​ដែល​ដាក់ចេញ​ដោយ​លោក​ដូណាល់ត្រាំ​នេះស្រប​នឹង​រដ្ឋធម្មនុញ្ញ​ដែរ​ឬទេ?

លោក​ប្រធានាធិបតី ដូណាល់ត្រាំ ចុះហត្ថលេខា​លើ​ក្រឹត្យ​ហាមឃាត់​ជនអន្តោប្រវេសន៍​មក​ពី​ប្រទេស​អ៊ីស្លាម​ចំនួន ៧ មិន​ឲ្យ​ចូល​ក្នុង​ទឹកដី​អាមេរិក ថ្ងៃសុក្រ ទី២៧ មករា ២០១៧
លោក​ប្រធានាធិបតី ដូណាល់ត្រាំ ចុះហត្ថលេខា​លើ​ក្រឹត្យ​ហាមឃាត់​ជនអន្តោប្រវេសន៍​មក​ពី​ប្រទេស​អ៊ីស្លាម​ចំនួន ៧ មិន​ឲ្យ​ចូល​ក្នុង​ទឹកដី​អាមេរិក ថ្ងៃសុក្រ ទី២៧ មករា ២០១៧ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

នៅ​សហរដ្ឋអាមេរិក ប្រធានាធិបតី​គឺ​ជា​អ្នក​មាន​អំណាច​កំពូល​ខាងនីតិប្រតិបត្តិ ហើយ​ការដាក់ចេញ​នូវ​វិធានការ​រឹតបន្តឹង​លំហូរ​ជន​អន្តោប្រវេសន៍ គឺ​ជា​ផ្នែក​មួយ នៃ​សិទ្ធិ​អំណាចរបស់​​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ។ ក៏ប៉ុន្តែ វិធាន​ការ​នេះ​អាច​នឹង​ត្រូវ​តុលាការ​កំពូល​លុបចោលវិញ ប្រសិន​បើ​ចៅក្រមរកឃើញ​ថា វា​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ។ ការ​រំលោភ ឬ​មិន​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​នេះ​ហើយ ដែល​ជា​ចំណុច​កំពុងតែ​មាន​ការ​ប្រទាញប្រទង់គ្នា​ខ្លាំង រវាង​ក្រុម​អ្នក​គាំទ្រ និង​អ្នក​ប្រឆាំង​នឹង​វិធានការ​របស់​លោក​ដូណាល់ត្រាំ។

សម្រាប់​ក្រុម​ប្រឆាំង ក្រឹត្យ​របស់​លោក​ដូណាល់​ត្រាំ ដែល​ការហាមឃាត់​អ្ន​កកាន់​សាសនា​អ៊ីស្លាម​មិន​ឲ្យ​ចូល​មក​ក្នុង​ទឹកដី​អាមេរិក គឺ​ជា​ការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ (First Amendment) ដែល​មាន​ចែង​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​រើសអើង​ខាង​សាសនា។ ក៏ប៉ុន្តែ ក្រុម​អ្ន​កគាំទ្រ​វិញ រួម​ទាំង​លោក​ដូណាល់ត្រាំ​ខ្លួនលោក​ផ្ទាល់​ផង​បាន​ឆ្លើយ​ការពារ​ថា ក្រឹត្យ​របស់​លោក​មិនមាន​អត្ថន័យ​ហាមឃាត់​អ្ន​កកាន់​សាសនា​អ៊ីស្លាម​នោះទេ ហើយ​លោក​បាន​ស្តីបន្ទោស​ដល់​អ្នក​កាសែត​ថា​ជា​អ្នក​ចុះផ្សាយ​បំផ្លើស ធ្វើ​ឲ្យ​សាធារណជន​មើល​ឃើញ​ថា វិធានការ​របស់​លោក​គឺ​ជា​ការ​ដាក់​បម្រាម​លើ​អ្ន​កកាន់​សាសនា​អ៊ីស្លាម។

ជាការពិត បើ​គេ​ពិនិត្យ​មើល​ទៅលើ​ខ្លឹមសារ​នៃ​ក្រឹត្យ ដែល​លោក​ដូណាល់​ត្រាំ​បាន​ចុះហត្ថលេខា កាល​ពីថ្ងៃ​សុក្រ គេ​មិនឃើញ​មាន​ត្រង់ចំណុច​ណា​ដែល​និយាយ​ពី​ការ​ហាមឃាត់​អ្នក​កាន់​សាសនា​អ៊ីស្លាម​នោះទេ តែ​ជា​​បម្រាម​ទៅលើ​ពលរដ្ឋ ដែល​មក​ពី​ប្រទេស​ចំនួន ៧ គឺ​ស៊ីរី អ៊ីរ៉ង់ អ៊ីរ៉ាក់ យេម៉ែន លីប៊ី ស៊ូដង់ និង​សូម៉ាលី។ ហើយ​កាល​ពី​ពេល​កន្លងមក តុលាការ​កំពូល​អាមេរិក​ធ្លាប់​បាន​ចេញ​សេចក្តីសម្រេច​ជាច្រើន​រួចមកហើយ ដោយ​បាន​រក្សាទុក​ជា​ស្របច្បាប់​នូវ​បម្រាម​ចំពោះ​​ជនអន្តោប្រវេសន៍​ដោយ​ផ្អែក​លើ​ជាតិសាសន៍ ឬ​ប្រទេស រួមមាន​ដូចជា​បម្រាម​លើ​អន្តោប្រវេសន៍ចិន នៅ​ក្នុង​អំឡុង​ឆ្នាំ១៨៩០ និង​បម្រាម​ទៅលើ​ក្រុមកុម្មុយនិស្ត​ប៊ែលហ្ស៊ិក នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៧០ ជាដើម។

គេអាច​លើកឡើង​នូវ​ទឡ្ហីករណ៍​ចម្បង​ចំនួន​ពីរ ដើម្បី​ការពារ​ក្រឹត្យ​របស់​លោក​ដូណាល់ត្រាំ។ ទីមួយ ប្រទេស​ទាំងពីរ៧​ ដែល​មាន​ចែង​ក្នុង​ក្រឹត្យ​នេះ ថ្វីដ្បិត​តែ​មាន​ប្រជាជន​ភាគច្រើន​កាន់សាសនា​អ៊ីស្លាម តែ​ក៏​មាន​អ្នក​កាន់​សាសនា​ផ្សេងដែរ ហើយ​រាល់​អ្នកណា​​ដែល​កាន់​លិខិតឆ្លងដែន​មក​ពី​ប្រទេស​ទាំង​ ៧នេះ បើទោះបីជា​កាន់​សាសនា​អ្វី​ក៏ដោយ ក៏​សុទ្ធតែ​ស្ថិត​ក្នុង​វិសាលភាព​នៃ​បម្រាម​ក្នុង​ក្រឹត្យ​របស់​លោក​ដូណាល់ត្រាំ​ទាំងអស់។ ទីពីរ គេ​គួរ​ធ្វើ​ការ​កត់សម្គាល់ថា មាន​​ប្រទេស​ជាច្រើន​ផ្សេងទៀត ដែល​មាន​ប្រជាជន​ភាគច្រើន​កាន់​សាសនា​អ៊ីស្លាម​នោះ មិន​ត្រូវបាន​រាប់បញ្ចូល​ក្នុង​បម្រាម​នេះទេ។ ដូច្នេះ គេ​អាច​និយាយ​បាន​ថា បម្រាម​របស់​លោក​ដូណាល់ត្រាំ គឺ​ទាក់ទង​នឹង​ប្រទេស មិនមែន​សាសនា​នោះទេ។ ដូច្នេះ វា​មិនមែន​ជា​ការ​រំលោភ​ទៅលើ​រដ្ឋធម្មនុញ្ញ​នោះទេ។

ក៏ប៉ុន្តែ អ្ន​កច្បាប់​ជាច្រើន​បាន​លើកឡើង​ថា នៅ​ក្នុង​ការកំណត់​ភាព​ស្របច្បាប់​​នៃ​ក្រឹត្យ​របស់​ប្រធានាធិបតី ចៅក្រម​មិនធ្វើការ​ពិនិត្យ​មើល​តែ​ទៅលើ​ពាក្យ​សម្តី​ដែល​សរសេរ​នៅលើ​ក្រដាស​នោះទេ តែ​អាច​ធ្វើការ​ពិនិត្យ​មើល​ទៅលើ​ភស្តុតាង​ផ្សេងទៀត ដែល​អាច​ជា​កត្តា​កំណត់​អំពី​ស្មារតី​នៃក្រឹត្យ ព្រមទាំង​ចេតនា​របស់អ្នក​ចេញ​ក្រឹត្យ។ នៅ​ត្រង់ចំណុច​នេះ សេចក្តីថ្លែងការណ៍​មួយ​ចំនួន​របស់​លោក​ដូណាល់ត្រាំ​អាច​នឹង​ត្រូវ​ចោទ​ជា​បញ្ហា។

គេ​នៅចាំបានថា នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក​ដូណាល់ត្រាំ​ធ្លាប់​បាន​ប្រកាស​យ៉ាង​ច្បាស់ៗ​ថា លោក​នឹង​ហាមឃាត់​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទាំងអស់​មិន​ឲ្យ​ចូល​ក្នុង​ទឹកដី​អាមេរិក រហូត​ដល់​ពេល​ដែល​មាន​ការ​បង្កើត​នូវ​យន្តការត្រួតពិនិត្យ​ច្បាស់លាស់​ថា​ពួកគេ​មិន​បង្ក​បញ្ហា​ដល់​សន្តិសុខ​ជាតិ​អាមេរិក។

លើសពីនេះ​ទៅទៀត កាល​ពីថ្ងៃ​សុក្រ នៅថ្ងៃ​ដែល​លោកចេញ​បម្រាម​លើ​ជនអន្តោប្រវេសន៍​មក​ពី​ប្រទេស​កាន់សាសនា​អ៊ីស្លាម​ទាំង ៧ លោក​ដូណាល់ត្រាំ​បាន​ផ្តល់​បទសម្ភាសន៍​​ដល់​​​វិទ្យុគ្រិស្ទាន​មួយ (Christian Broadcasting Network) ថា លោក​នឹង​ធ្វើការ​លើកលែង​ដល់​អ្នក​កាន់​គ្រិស្ទសាសនា។ ការហាមឃាត់​អ្នក​កាន់​សាសនាមួយ ហើយ​លើកលែង​ដល់​អ្នក​កាន់សាសនា​មួយ​ទៀត​បែបនេះ អា​ចនឹង​ត្រូវ​ចៅក្រម​កំណត់​ថា​ជា​ការ​រើសអើង​ខាងសាសនា ដែលរំលោភ​លើ​រដ្ឋធម្មនុញ្ញ។

គេ​ក៏​អាច​នឹង​ធ្វើការ​កត់សម្គាល់ផងដែរ​ទៅលើ​ពាក្យសម្តី​របស់​លោក​រូឌី ជូលីយ៉ានី អតីត​អភិបាលក្រុងញូវយ៉ក ហើយ​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​របស់​លោក​ដូណាល់ត្រាំ។ នៅថ្ងៃ​សៅរ៍ មួយថ្ងៃ​ក្រោយ​លោក​ដូណាលត្រាំ​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​ហាមជនអន្តោប្រវេសន៍ លោក​ជូលីយ៉ានី​បាន​ប្រាប់​ទូរទស្សន៍ Fox News ថា កាល​ពីដំបូង លោក​ដូណាល់ត្រាំ​បាន​ប្រាប់​លោក​ច្បាស់ៗ​ថា គោលដៅ គឺ​ធ្វើយ៉ាងណា​ហាមអ្នក​កាន់​សាសនា​អ៊ីស្លាម ក៏ប៉ុន្តែ ត្រូវ​រកវិធី​ធ្វើយ៉ាងណា​ឲ្យ​បម្រាម​នេះ​មាន​ភាព​ស្របច្បាប់។ ហេតុដូច្នេះហើយ​បាន​ជា​លោក​រៀបចំ​ក្រុមការងារ​មួយ ដោយ​រួមមាន​ទាំងអ្នក​ជំនាញ​ច្បាប់​ផង ដើម្បី​សិក្សា​លម្អិត ហើយបាន​​សម្រេច​មិន​និយាយ​ពី​សាសនា​នៅ​ក្នុង​​ក្រឹត្យ​នេះ។

ទាំងអស់​នេះ​អាច​នឹង​ឲ្យ​គេ​ទាញ​សេចក្តីសន្និដ្ឋាន​បានថា ថ្វីដ្បិត​តែ​ពាក្យសម្តី​សរសេរ​នៅ​ក្នុង​ក្រឹត្យ​​មិននិយាយ​ដល់​សាសនា ដើម្បី​កុំ​ឲ្យ​ផ្ទុយនឹង​រដ្ឋធម្មនុញ្ញ ក៏ប៉ុន្តែ ចេតនា និង​ស្មារតី​​ពិតប្រាកដ​នៃ​ក្រឹត្យ​នេះ គឺ​ហាមឃាត់​អ្នកកាន់​សាសនា​អ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ