អានតួអត្ថបទ
អ៊ីស្រាអែល

អ៊ីស្រាអែល​ចោទ​អ៊ីរ៉ង់​ថា​នៅ​ពីក្រោយ​ភេរវកម្ម​លើ​ទេសចរ​អ៊ីស្រាអែល​នៅ​ប៊ុលហ្ការី

ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​ ទៅលើ​រថយន្ត​ដឹក​​អ្នក​ទេសចរ​អ៊ីស្រាអែល នៅ​ក្នុង​ប្រទេស​ប៊ុលហ្ការី កាល​ពី​ថ្ងៃ​ពុធ ម្សិលមិញ បាន​បណ្តាល​ឲ្យ​មនុស្សយ៉ាងតិច ៨នាក់​ បាត់បង់​ជីវិត និង​ប្រមាណ​ជាង ៣០នាក់​ផ្សេងទៀត​រងរបួស។ ក្នុង​ចំណោម​អ្នក​ស្លាប់ ក្រៅពី​ភេរវជន​អត្តឃាត គឺ​​​មាន​​ជនជាតិ​អ៊ីស្រាអែល ៦នាក់ និង​អ្នកបើកបរ​ជនជាតិ​ប៊ុលហ្ការី​ម្នាក់។ រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ចោទ​អ៊ីរ៉ង់​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​នេះ ហើយ​ព្រមាន​ថា​នឹង​ចាត់វិធានការ​តបវិញ​យ៉ាងចាស់ដៃ​បំផុត។

រថយន្តក្រុង​ដែល​ត្រូវ​ឆេះខ្ទេច​ ដែល​គេឃើញ​ នៅ​ក្បែរព្រលានយន្តហោះមួយ នៅប៊ុលហ្ការី កាលពីថ្ងៃ​ពុធ ១៨ កក្កដា ២០១២
រថយន្តក្រុង​ដែល​ត្រូវ​ឆេះខ្ទេច​ ដែល​គេឃើញ​ នៅ​ក្បែរព្រលានយន្តហោះមួយ នៅប៊ុលហ្ការី កាលពីថ្ងៃ​ពុធ ១៨ កក្កដា ២០១២ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

យោងតាម​មន្រ្តី​រដ្ឋាភិបាល​ប៊ុលហ្ការី ភេរវជន​អត្តឃាត​ ដែល​មាន​កាន់​ប័ណ្ណ​​បើកបរ​អាមេរិក ហើយ​ដែល​ទំនង​ជា​ប័ណ្ណ​បើក​បរ​ក្លែងក្លាយ​ បាន​បំផ្ទុះ​គ្រាប់បែក​​នៅក្នុង​រថយន្តក្រុង​មួយ ដែល​ដឹក​អ្នក​ទេសចរ​អ៊ីស្រាអែល​ចេញ​ពី​ព្រលានយន្តហោះ​របស់​ប៊ុលហ្ការី។

ភ្លាមៗ ​លោក​បេនយ៉ាមីន នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ ដោយ​ចោទ​ថា អ៊ីរ៉ង់​ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​នេះ ហើយ​ព្រមាន​ថា​នឹង​ធ្វើការ​តបតវិញ​យ៉ាង​ចាស់ដៃ​បំផុត។ រដ្ឋមន្រ្តី​ការពារជាតិ​អ៊ីស្រាអែលវិញ បាន​គូសបញ្ជាក់ថា ការវាយប្រហារ​លើ​អ្នក​ទេសចរ​អ៊ីស្រាអែល​នៅ​ប៊ុលហ្ការី មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ការ​ប៉ុនប៉ង​វាយប្រហារ​កន្លងមក ទៅលើ​គោលដៅ​អ៊ីស្រាអែល នៅ​ក្នុង​ប្រទេស​ថៃ ឥណ្ឌា កេនយ៉ា អាស៊ែបៃហ្សង់ និង​កោះ​ស្ហ៊ីប ដែល​គេ​យល់ថា​ជា​ស្នាដៃ​របស់​អ៊ីរ៉ង់។

អ្នក​វិភាគ​ជាទូទៅ​យល់ថា ការវាយប្រហារ និង​ការ​ប៉ុនប៉ង​វាយប្រហារ​ភេរវកម្ម​ទាំង​​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​សង្រ្គាម​ងងឹត​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់។ អ៊ីរ៉ង់​ទំនង​ជា​ចង់​សងសឹក​តបត​នឹង​ការ​លប​ធ្វើ​ឃាត​អ្នក​វិទ្យាសាស្រ្ត​នុយក្លេអ៊ែរ​​​អ៊ីរ៉ង់ នាពេល​កន្លងមក ដែល​អ៊ីរ៉ង់​ចោទ​ថា​ជា​ស្នាដៃ​របស់​អ៊ីស្រាអែល។

គួរ​បញ្ជាក់​ផងដែរថា ការ​វាយប្រហារ​ភេរវកម្ម​នៅ​ប៊ុលហ្ការី កាល​ពី​ម្សិលមិញ​នេះ កើតឡើង​នៅ​ចំ​ថ្ងៃ​ខួប​គម្រប់ ១៨​ឆ្នាំ នៃ​ការ​វាយប្រហារ​ភេរវកម្ម​ទៅលើ​សហគមន៍​ជនជាតិ​ជ្វីហ្វ ក្នុង​ប្រទេស​អាហ្សង់ទីន កាល​ពី​ឆ្នាំ​១៩៩៤ ដែល​សម្លាប់​មនុស្ស ៨៥នាក់ ហើយ​​អ៊ីស្រាអែល​ចោទ​ថា​ជា​ស្នាដៃ​របស់​អ៊ីរ៉ង់ ប៉ុន្តែ អ៊ីរ៉ង់​បដិសេធ។

ជុំវិញ​ការ​វាយប្រហារ​ភេរវកម្ម នៅ​ប៊ុលហ្ការី​ម្សិលមិញ​នេះ រដ្ឋាភិបាល​អ៊ីរ៉ង់​ក៏​បាន​បដិសេធ​ការ​ចោទប្រកាន់​របស់​អ៊ីស្រាអែល​ដែរ។ អ្នកនាំពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​លើកឡើង​ថា អ៊ីរ៉ង់​ធ្លាប់​រងគ្រោះ​ដោយ​ភេរវកម្ម ដូច្នេះ អ៊ីរ៉ង់​មានជំហរ​មួយ គឺ​ថ្កោលទោស​រាល់​ការវាយប្រហារ​ភេរវកម្ម​ទាំងអស់ នៅទូទាំង​ពិភពលោក។

ប្រមុខដឹកនាំ​រដ្ឋាភិបាល​ប៊ុលហ្ការី អាមេរិក បារាំង និង​អង់គ្លេស​សុទ្ធតែ​បាន​នាំគ្នា​ថ្កោលទោស​ការ​វាយប្រហារ​ភេរវកម្ម​កាល​ពី​ម្សិលមិញ។ មេដឹកនាំ​សហគមន៍​អ្នក​កាន់​សាសន៍​អ៊ីស្លាម នៅ​ប៊ុលហ្ការី​ក៏​បាន​ថ្កោលទោស​ការវាយប្រហារ​នេះ​ដែរ។ លោក​អូបាម៉ា​បាន​សន្យា​ថា​នឹង​ជួយ​អ៊ីស្រាអែល ក្នុង​ការ​ស៊ើបអង្កេត​វែកមុខ​រក​អ្នក​ទទួលខុស​ត្រូវ​ក្នុង​ការ​វាយប្រហារ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ