លោកអូបាម៉ានិងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលជួបជជែកគ្នាអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់
លោកបេនយ៉ាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្រ្តីអ៊ីស្រាអែល នឹងជួបជាមួយលោកអូបាម៉ា នៅសេតវិមាន នៅថ្ងៃចន្ទនេះ ដើម្បីជជែកគ្នាអំពីយុទ្ធសាស្រ្តទប់ស្កាត់អ៊ីរ៉ង់កុំឲ្យផលិតអាវុធនុយក្លេអ៊ែរ។ នៅមុនពេលជួបជាមួយលោកនេតាន់យ៉ាហ៊ូ លោកអូបាម៉ាបានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនញញើតនោះទេ ក្នុងការប្រើកម្លាំងទ័ពវាយប្រហារលើអ៊ីរ៉ង់ ដើម្បីទប់ស្កាត់កុំឲ្យអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ។ ក៏ប៉ុន្តែ នៅពេលនេះ ការចរចា និងការដាក់ទណ្ឌកម្ម គឺជាវិធានការមានប្រសិទ្ធភាពជាងការប្រើអាវុធ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៩
ដំណើរទស្សនកិច្ចរបស់លោកនេតាន់យ៉ាហ៊ូ នៅអាមេរិក កើតឡើងនៅក្នុងពេលដែលព័ត៌មានជុំវិញគម្រោងរបស់អ៊ីស្រាអែល ក្នុងការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានកើតមានកាន់តែខ្លាំងៗ នៅក្នុងរយៈពេលប្រមាណជា ១ខែចុងក្រោយនេះ។
គួរបញ្ជាក់ថា អ៊ីរ៉ង់មិនត្រឹមតែមិនទទួលស្គាល់រដ្ឋអ៊ីស្រាអែលប៉ុណ្ណោះទេ តែថែមទាំងធ្លាប់បានប្រកាសជាសាធារណៈថែមទៀតថាចង់លុបប្រទេសអ៊ីស្រាអែលចេញពីផែនទីពិភពលោក។ ហេតុដូច្នេះហើយបានជាអ៊ីស្រាអែលប្រកាន់យកនូវជំហរដាច់ខាតថានឹងមិនបណ្តោយឲ្យអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរបាននោះទេ។
ត្រង់ចំណុចនេះ គេឃើញថា ជំហររបស់លោកអូបាម៉ាមិនខុសពីជំហររបស់អ៊ីស្រាអែលប៉ុន្មាននោះទេ។ អ្វីដែលខុសគ្នា គឺលោកអូបាម៉ាយល់ថា នៅពេលនេះ មិនទាន់ដល់ពេលដែលត្រូវជ្រើសរើសយកមធ្យោបាយយោធានៅឡើយទេ។ ថ្វីដ្បិតតែគេយល់ថា អ៊ីរ៉ង់កំពុងព្យាយាមអភិវឌ្ឍបច្ចេកវិទ្យាក្នុងការផលិតអាវុធនុយក្លេអ៊ែរ ក៏ប៉ុន្តែ អ៊ីរ៉ង់នៅមិនទាន់សម្រេចចិត្តចាប់ផ្តើមផលិតអាវុធនុយក្លេអ៊ែរនៅឡើយទេ។ ដូច្នេះ គេនៅមានពេល ដើម្បីដោះស្រាយវិបត្តិនេះដោយសន្តិវិធី តាមរយៈការចរចា និងការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់។
នៅមុនពេលជួបជាមួយលោកនេតាន់យ៉ាហ៊ូ លោកអូបាម៉ាបានផ្តល់បទសម្ភាសន៍ដល់ទស្សនាវដ្តីមួយ ដោយបញ្ជាក់ច្បាស់ៗថា លោកនឹងប្រើគ្រប់មធ្យោបាយទាំងអស់ រួមទាំងការប្រើកម្លាំងយោធាផង ដើម្បីរារាំងកុំឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ ហើយថា នេះមិនមែនជាការនិយាយកំញើញចោលនោះទេ។
ការថ្លែងបែបនេះ គឺដើម្បីធានាដល់អ៊ីស្រាអែលថា សហរដ្ឋអាមេរិកនឹងមិនបណ្តោយឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរនោះទេ។ ប្រសិនបើដល់ពេលចាំបាច់អាមេរិកនឹងវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ដោយខ្លួនឯង។ ដូច្នេះ អ៊ីស្រាអែលមិនត្រូវប្រញាប់ប្រញាល់ធ្វើកិច្ចការនេះដោយខ្លួនឯងនោះទេ។
ទោះជាយ៉ាងណា កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ នៅចំពោះមុខសហគមន៍ជ្វីហ្វនៅអាមេរិក លោកអូបាម៉ាបានទទួលស្គាល់ថា អ៊ីស្រាអែលគឺជារដ្ឋឯករាជ្យ។ ដូច្នេះ អ៊ីស្រាអែលចង់ធ្វើអ្វី គឺជាសិទ្ធិរបស់អ៊ីស្រាអែល។ លោកអូបាម៉ាគ្រាន់តែបានព្រមានទុកមុនថា ការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់អាចនឹងរាលដាលជាសង្រ្គាមទ្រង់ទ្រាយធំ ដែលបង្កជាអស្ថិរភាពក្នុងតំបន់ដើមបូព៌ាទាំងមូល។
តើលោកនេតាន់យ៉ាហ៊ូស្តាប់តាមការព្រមានរបស់លោកអូបាម៉ាដែរឬអត់ នៅថ្ងៃចន្ទនេះ គឺគ្មានអ្នកណាដឹងនោះទេ។ អ្វីដែលគេដឹងនោះគឺថា លោកអូបាម៉ា និងលោកនេតាន់យ៉ាហ៊ូ មិនសូវជាមានទំនាក់ទំនងល្អនឹងគ្នាប៉ុន្មានទេ ជាពិសេស គឺចាប់តាំងពីលោកនេតាន់យ៉ាហ៊ូបដិសេធមិនផ្អាកការពង្រីកដែនដីអាណានិគមចូលក្នុងដែនដីប៉ាឡេស្ទីនតាមការទាមទាររបស់លោកអូបាម៉ា ដែលជាដើមហេតុបណ្តាលឲ្យការចរចាសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនត្រូវជាប់គាំងរហូតមកទល់សព្វថ្ងៃនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ