អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ៖ អ៊ីស្រាអែល​ខោក​ផង អង្អែល​ផង !

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ខណៈ​ដែល​ប្រមុខ​ការទូត​អាមេរិក លោក ចន ឃែរី ត្រូវ​អញ្ជើញ​មក​ដល់​ជា​ថ្មី​តំបន់​ដើមបូព៌ា​ នៅ​ថ្ងៃ​ពុធ​ស្អែក ដើម្បីទ្រទ្រង់​ដំណើរការ​ចរចា​សន្តិភាព​ជាមួយ​ប៉ាឡេស្ទីន អ៊ីស្រាអែល​បាន​បញ្ចេញ​​ខ្យល់​ត្រជាក់​ផង​ ក្តៅផង ! ជាមួយ​នឹង​ការ​ដោះលែង​អ្នក​ទោស​ប៉ាឡេស្ទីន​២៦​នាក់ នៅយប់​ថ្ងៃ​ចន្ទ​នេះ រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​អនុម័ត​គម្រោង​ច្បាប់​កាត់​យក​តំបន់​ជ្រលង​ភ្នំ​ហ្ស័កដង់​ដែល​ប៉ាឡេស្ទីនចង់ប្រើជា​ព្រំប្រទល់​​នៅ​ពេល​បង្កើត​រដ្ឋ​ឯករាជ្យ​ ជា​ទឹកដី​របស់​​​អ៊ីស្រាអែល។

ប្រភព​ទឹក​នៅជ្រលង​ភ្នំហ្ស័កដង់​ជា​ប្រភព​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ប្រទេស​ជិត​ខាង
ប្រភព​ទឹក​នៅជ្រលង​ភ្នំហ្ស័កដង់​ជា​ប្រភព​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ប្រទេស​ជិត​ខាង Getty Images
ផ្សាយពាណិជ្ជកម្ម

 

ថ្ងៃ​ចន្ទ​ទី ៣០ ធ្នូ​នេះ អ៊ីស្រាអែល​ត្រូវ​ដោះលែង​អ្នក​ទោស​ប៉ាឡេស្ទីន ​ចំនួន​២៦នាក់ ស្រប​តាម​គោលការណ៍​ចរចា​សន្តិភាព​ ដែល​ទើប​ចាប់​ផ្តើម​ឡើង​វិញ​កាល​ពី​រដូវ​ក្តៅ។ ជា​ការ​ដោះលែង​​​វគ្គ​ទី​បី ហើយ​ជាពិសេស​ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈដែល​លោក​ប្រមុខ​ការទូត​អាមេរិក ចន ឃែរី​ ត្រូវ​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​មួយ​ជុំ​នៅតំបន់​ដើម​បូព៌ា ដើម្បី​​ផ្តល់​សន្ទុះ​ដល់​ដំណើរ​ការ​ចរចា​​សន្តិភាព​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ដ៏​ផុយស្រួយ ឱ្យ​ដើរ​ទៅ​មុខ​។

លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក ដែល​តាំង​ពី​ទទួល​តំណែង​ប្រមុខ​ការទូត​មកយក​វិបត្តិ​​អ៊ីស្រាអ៊ែល​ជា​អាទិភាព​ចម្បង​មួយ និង​បាន​ធ្វើ​ដំណើរ​ទៅ​ចុះ​ឡើង​​អ៊ីស្រាអែល​ ១០លើក​ហើយ​ បើ​គិត​ទាំង​ជើងនេះ​ទៀត។ ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក ចន​ ឃែរី មក​ដល់ត្រឹម​ណេះ អាច​​ចាត់​ទុក​មិន​ខាត​បង់​ទេ។ ហើយ​ការ​​​ចរចា​​ ដោយ​ផ្ទាល់​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ ហាក់​មាន​ដំណើរការ​ទៅ​មុខ ព្រោះ​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល លោក នេតានយ៉ាហ៊ូ បានព្រមព្រៀង​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ទោស​ប៉ាឡេស្ទីន​ចំនួន​១០៤​នាក់ ជា​ដំណាក់ៗ ម្តង​មួយ​ក្រុមៗ ទៅ​តាម​ភាព​ជឿន​លឿន​នៃ​ការ​ចរចា ឥលូវ​ប្រព្រឹត្ត​ទៅ​បាន​បី​វគ្គ​ហើយ។

បើ​ក្រលេក​មួយ​ភ្លែត ការ​ដោះលែង​អ្នក​ទោសប៉ាឡេស្ទីន​​ល្ងាច​មិញ ជា​វគ្គទី​បី អាច​ចាត់​ទុក​ថា​ជា​សញ្ញា​វិជ្ជមាន​ពិសេស ព្រោះ​ការ​ដោះលែង​នេះ​បាន​ទទួល​ការ​ព្រមព្រៀង​ និង​សម្រេច​ពី​តុលាការ​កំពូល​ផង បើទោះបី​គ្រួសារ​ជន​រងគ្រោះ​អ៊ីស្រាអែល​មិន​ពេញ​ចិត្ត​ គ្រោង​នឹង​ធ្វើ​បណ្តឹង​ឧទ្ធរណ៍​យ៉ាង​ណាក៏​ដោយ (អ្នក​ទោស​ប៉ាឡេស្ទីន​សុទ្ធ​សឹង​ជា​អ្នក​បាន​បង្ក​ភេរវកម្ម​ផ្តាច់​ជីវិតបណ្តា​​អ៊ីស្រាអែល និង​កាត់​ទោស​មុន​កិច្ច​ព្រមព្រម​ព្រៀង​អូស្លូ ​ឆ្នាំ​១៩៩៣)។ ភាគី​ប៉ាឡេស្ទីន​រីក​រាយ លោក​ប្រមុខ​​ដែនដី​ប៉ាឡេស្ទីន​ គ្រោង​នឹង​ទទួល​ស្វាគមន៍​អ្នក​ទោស​នោះ​ដោយ​ផ្ទាល់​ផង។

ប៉ុន្តែការ​ដោះលែង​អ្នក​ទោស ដែល​រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​សន្យា​ធ្វើ និង​កំពុង​ធ្វើ ក្នុង​ក្របខ័ណ្ឌ​ដំណើរ​ការ​ចរចា​សន្តិភាព​ ផ្តួច​ផ្តើម​ដោយ​សហរដ្ឋ​អាមេរិក មិន​ប្រាកដ​ថា​នឹង​នាំ​ការ​ចរចា​ឱ្យ​ផ្លូវ​ដើរ​រួម​គ្នា​ឡើយ ព្រោះ​ជាមួយ​នឹង​ការ​រៀប​ចំ​ដោះលែង​អ្នក​ទោស គណៈរដ្ឋមន្ត្រី​អ៊ីស្រាអែល ទើប​អនុម័ត​​គម្រោង​ច្បាប់​មួយ បញ្ចូល​តំបន់​ជ្រលង​ភ្នំហ្ស័កដង់ ជា​ទឹក​ដី​របស់​អ៊ីស្រាអែល ហើយ​ត្រផម​បញ្ជូន​​គម្រោង​ច្បាប់​នេះ​ទៅ​កាន់​សភា​អនុម័ត​ទៀត។ តំបន់​ជ្រលង​ភ្នំ​ហ្ស័កដង់​ត្រោយ​ខាង​ស្តាំ ដែល​ខណ្ឌ​ចែក​ទឹកដី​អ៊ីស្រាអែល -ប៉ាឡេស្ទីន ពី​ប្រទេស​ហ្ស័កដានី​ដោយ​ទន្លេ ស្ថិត​នៅ​ប៉ែក​ខាង​លិច​តំបន់​​ស៊ីហ្ស័កដានី និង​ដែល​ប៉ាឡេស្ទីន​ចង់​យក​មក​ធ្វើ​ជា​ព្រំដែននៅពេ​ល​មាន​​​រដ្ឋ​ឯករាជ្យ​។

​សេចក្តី​សម្រេច​ចិត្ត​របស់​គណៈ​រដ្ឋមន្ត្រី​អ៊ីស្រាអែល​នេះ ប្រៀបដូច​ជា​យក​សាំង​មក​ចាក់​លើ​ភ្លើង ! សូម្បីតែ​​ក្នុង​ជួរ​អ៊ីស្រាអែល អ្នក​ដែល​មាន​និន្នាការ​មិន​តឹង​ជ្រុល ឬ​អ្នក​កណ្តាល​និយម​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ពុះកញ្ជ្រោល​ដែរ។ ក្រុម​កណ្តាល​និយម​អ្នក​ដឹកនាំ​ការ​ចរចា​ជាមួយ​​ប៉ាឡេស្ទីន សន្យា​ធ្វើ​យ៉ាង​មិន​សភា​អនុម័ត​គម្រោង​ច្បាប់​ដាក់​តំបន់​ជ្រលង​ភ្នំ​ហ្ស័កដង់​ជា​ទឹក​ដី​អ៊ីស្រាអែល​ ទោះ​បី​មាន​កិច្ចព្រមព្រៀង​ជាមួយ​ប៉ាឡេស្ទីន​ទៅ​ថ្ងៃ​ក្រោយ​យ៉ាង​ណា​ក៏​ដោយ។ គម្រោង​ច្បាប់​នេះ ស្នើ​ឡើង​ដោយ​ក្រុម​ស្តាំ​និយម​ Likoud និង​ក្រុម​ជាតិ​និយម​ជ្រុល​ ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក​នេតាន់យ៉ាហ៊ូ​​។

ចំណែ​ក​ខាង​ប៉ាឡេស្ទីន​វិញ សេចក្តី​ប្រកាស​នេះ គឺ​ដូច​ជា​ការ​បិទ​បញ្ចប់​កិច្ច​​ខិតខំប្រឹង​ប្រែង​ស្វែង​រក​សន្តិភាព​។​​ លើស​ពីនេះ​ទៅ​ទៀត វិបត្តិ​អាច​នឹង​កាន់​តែ​រីក​ធំធាត់​​ខ្លាំង​ទៅ​វិញ​ព្រោះ​ប៉ាឡេស្ទីន​អាច​នឹង​ជ្រើស​រើស​ការ​ប្តឹង​ផ្តល់​ទៅ​តុលាការ​អន្តរជាតិ​ផង។ ហេតុអ្វី​​ប្រធានបទ​ទឹក​ដី​តំបន់​នេះ​រសើប​ខ្លាំង​យ៉ាង​នេះ ?! ពី​ព្រោះ​ដែន​ដីនេះ ត្រូវ​បាន​ប៉ាឡេស្ទីន​ ទាមទារ​យក​មក​ធ្វើ​តំបន់​ព្រំដែន ខណ្ឌ​ចែក​ប្រទេស​ប៉ាឡេស្ទីន​នាពេល​អនាគត ចំណែក​អ៊ីស្រាអែល​ សុំ​​ត្រឹម​ដាក់​វត្តមាន​ទ័ព​ឱ្យ​ឈរ​ជើង​ក្នុង​តំបន់​នោះ ក្រោយ​មាន​កិច្ចព្រមព្រៀង។ ដោយ​សារ​ជំហរ​នេះ ទើប​ចេះ​តែ​ធ្វើ​មាន​ដំណើរ​ការចរចា​សន្តិភាព​រវាង​គ្នា​ជា​បន្ត​បន្ទាប់​មក ពោល​គឺ​អ៊ីស្រាអែល​មិន​ដែល​និយាយសោះ​ឡើយ​ពី​ការ​រាប់​បញ្ចូល​ជា​ទឹក​ដី​ខ្លួន​ ដូច​ពួក​អ្នក​ស្តាំ​និយមអ៊ីស្រាអែល​ទាមទារ​នៅ​ពេល​នេះ​ទេ។ ប៉ាឡេស្ទីន​ពិត​ជា​មិន​អាច​ទទួល​យក​គម្រោង​ច្បាប់​បញ្ចូល​តំបន់​ជ្រលង​ភ្នំ​ហ្ស័កដង់​ជា​របស់​អ៊ីស្រាអែល​បាន​ឡើយ ហើយ​ពិសេស​ទៅ​ទៀត​​នៅ​ប៉ុន្មាន​ខាង​មុខ​នេះ ទំនង​ជា​មាន​ការ​បញ្ជាក់​ព័ត៌មាន​លើ​គម្រោង​មួយ​ទៀត គឺ​គម្រោង​សាង​សង់​​គេហដ្ឋាន​ចំនួន​១៤០០​ខ្នង​បន្ថែម​ ក្នុង​តំបន់​អាណានិគមកិច្ច​អ៊ីស្រាអែល​។ ទម្រង់​ថ្មី​​មួយ​បែប​ទៀត​ សម្រាប់​បង្ក​ហេតុ បង្ក​រឿង​បង្អាក់​ការ​ចរចា​សន្តិភាព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ