អានតួអត្ថបទ
អាមេរិក-ប៉ាឡេស្ទីន-អ៊ីស្រាអែល

ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ទាត់ចោល​គំរោង​អាមេរិក​ស្តីពី​វត្តមាន​ទ័ព​អ៊ីស្រាអែល​

នៅថ្ងៃ​សុក្រ​​​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ដើមបូព៌ា ​ប្រមុខការទូត​អាមេរិក ចន ឃែររី ហាក់​ពិបាក​នឹង​​ជួយអោយ​ដំណើរការ​ចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន​​​បានលូតលាស់​ទៅមុខ​ណាស់។ នៅថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន លោក​ម៉ាមូឌ អាបាស បាន​​ទាត់ចោល​គំរោង​រដ្ឋាភិបាល​អាមេរិក​ស្តីពី​​វត្តមាន​ទាហាន​អ៊ីស្រាអែល ក្រោយ​ពេល​​ដែល​​កិច្ចព្រមព្រៀង​សន្តិភាព​ត្រូវ​បាន​សំរេច​ចេញ។

ប្រមុខការទូត​អាមេរិក ចន ឃែររី (ឆ្វេង) ជួបពិភាក្សា​ជាមួយប្រធានារដ្ឋអំណាច​ប៉ាឡេស្ទីន នៅ​រ៉ាម៉ាឡា ថ្ងៃ១២ធ្នូ ឆ្នាំ២០១៣។
ប្រមុខការទូត​អាមេរិក ចន ឃែររី (ឆ្វេង) ជួបពិភាក្សា​ជាមួយប្រធានារដ្ឋអំណាច​ប៉ាឡេស្ទីន នៅ​រ៉ាម៉ាឡា ថ្ងៃ១២ធ្នូ ឆ្នាំ២០១៣។ REUTERS/Fadi Arouri/Pool
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន លោក​ម៉ាមូឌ អាបាស បាន​​ទាត់ចោល​គំរោង​រដ្ឋាភិបាល​អាមេរិក​ទាក់ទង​នឹង​ការពន្យារ​​​​វត្តមាន​កងទ័ព​​អ៊ីស្រាអែល នៅស៊ីហ្ស៊កដានី ពេល​ដែល​​កិច្ចព្រមព្រៀង​សន្តិភាព​ត្រូវ​បាន​សំរេច​ឡើង។ គំរោង​​​​ដែល​ប្រមុខការទូត​អាមេរិក ចន ឃែររី បាន​ស្នើ​ឡើងនោះ ​ចែង​ពី​ការធានា​សុវត្ថិភាព​សន្តិសុខ​ព្រំដែន​នៃ​​​អនាគត​រដ្ឋប៉ាឡេស្ទីន។

យោងតាម​សារព័ត៌មាន​អារ៉ាប់ និងសារព័ត៌មាន​អ៊ីស្រាអែល​ អាមេរិក​បាន​ស្នើ​អោយ​មាន​វត្តមាន​កងទ័ព​អ៊ីស្រាអែល នៅ​ព្រំដែន​ចន្លោះ​ស៊ីហ្ស៊កដានី និង​ប្រទេស​ហ្ស៊កដានី ក្នុង​​រយៈពេល​១៥ឆ្នាំ បើទោះ​ជា​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន ត្រូវ​បាន​សំរេច​រួចហើយក្តី។ អាមេរិក​ក៏​មាន​បំណង​បង្ហាញ​ពី​កិច្ចព្រមព្រៀង​ក្របខណ្ឌ​មួយ​​ សំរាប់​ដំណោះស្រាយ​ចុងបញ្ចប់​ផងដែរ។

យោងតាម​ប្រភព​ប៉ាឡេស្ទីន លោក​អាបាស​បាន​ទាត់ចោល​គំរោង​ធានាសន្តិសុខ​ស្នើឡើង​ដោយ​អាមេរិក ដោយសារ​តែ​គំរោង​នេះគ្មាន​ចែង​​ពី​ភាគីទី៣។​ គួរបញ្ជាក់ថា ប្រធាន​រដ្ឋ​អំណាច​​ប៉ាឡេស្ទីន បាន​ទទួល​យកខ្លឹមសារ​​​លិខិត​​របស់លោក ចេម ជន ដែក​ជា​​អតីត​ទីប្រឹក្សា​សន្តិសុខ​អាមេរិក។ លិខិត​លោកចេម ជន​ គ្រោងអោយ​មាន​​​វត្តមាន​កងទ័ព​ភាគីទី៣ នៅព្រំដែន​ភាគខាងកើត​ប៉ាឡេស្ទីន។ ​ពោលអោយ​ចំ ប៉ាឡេស្ទីន បដិសេធ​វត្តមាន​កងទ័ព​អ៊ីស្រាអែល ប៉ុន្តែ​ ទទួលយក​វត្តមាន​កងទ័ព​អន្តរជាតិ ក្នុង​ទឹកដី​ខ្លួន។ ​អ៊ីស្រាអែល​បានទាត់ចោល​នូវ​គោលគំនិត​​ដាក់​ពង្រាយ​​​កងទ័ព​អន្តរជាតិ​នេះ។

ប្រភព​ប៉ាឡេស្ទីន​ដដែល​បានលើកឡើង​ថា ប្រធានរដ្ឋអំណាច​ប៉ាឡេស្ទីន ​បាន​ប្រគល់​លិខិត​​មួយច្បាប់​​ទៅ​អោយ​លោក ចន​ ឃែររី។ លិខិត​នោះ​បង្ហាញ​ពី​ជំហរ​ប៉ាឡេស្ទីន និង​កំណត់​ពី​បន្ទាត់​ហាមឃាត់​សំរាប់ប៉ាឡេស្ទីន ពិសេស​ការមិនទទួលស្គាល់​ថា​អ៊ីស្រាអែល​ជា​រដ្ឋ​​របស់​ជនជាតិ​ហ្ស៊ីហ្វ។ លោកអាបាស​បាន​បញ្ជាក់ឡើងវិញ ពី​​​ភាពចាំបាច់​ក្នុង​ការ​ដោះស្រាយ​អោយបាន​​នូវ​​គ្រប់​បញ្ហា​ជម្លោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ