អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីស្រាអែល​ប្រកាស​ព្យួរ​គម្រោង​សាងសង់​លំនៅដ្ឋាន​ក្នុង​ទឹកដី​ប៉ាឡេស្ទីន

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ រដ្ឋមន្រ្តី​​​ទទួលបន្ទុក​លំនៅដ្ឋាន​អ៊ីស្រាអែល​ បាន​ប្រកាស​ឲ្យដឹង​ពី​គម្រោង​សាងសង់​លំនៅដ្ឋាន​សម្រាប់​ជនជាតិជ្វីហ្វ ចំនួន ២ម៉ឺន​កន្លែង​បន្ថែម​ទៀត នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន។ ក៏ប៉ុន្តែ ប៉ុន្មាន​ម៉ោងក្រោយ​មក​ លោក​បេនយ៉ាមីន នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បាន​ចេញ​បញ្ជា​មួយ​ឲ្យ​ផ្អាក​គម្រោង​នេះ​វិញ ក្រោយ​ពី​មាន​ប្រតិកម្ម​ពី​អាជ្ញាធរ​ប៉ាឡេស្ទីន និង​សហរដ្ឋ​អាមេរិក។

លោក​បេនយ៉ាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល
លោក​បេនយ៉ាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល France 24
ផ្សាយពាណិជ្ជកម្ម

 

កាលពី​ថ្ងៃ​អង្គារ​​ម្សិលមិញ ភ្លាមៗ​ក្រោយ​ពី​មាន​ការ​ប្រកាស​ពី​គម្រោង​សាងសង់​លំនៅដ្ឋាន​​ជនជាតិជ្វីហ្វ ចំនួន ២ម៉ឺន​កន្លែង នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន លោក​ម៉ះមូដ អាបាស់ បាន​​ព្រមាន​ថា បើសិន​ជា​អ៊ីស្រាអែល​មិន​លុបចោល​គម្រោង​នេះ​វិញ​ទេ ការចរចា​សន្តិភាព រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន នឹង​ត្រូវ​បញ្ចប់។ អាជ្ញាធរ​ប៉ាឡេស្ទីន​ក៏​បាន​ព្រមាន​ផងដែរ​ថា នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​ ដើម្បី​តវ៉ា​ជំទាស់​នឹង​ការ​ពង្រីក​អាណានិគម​របស់​អ៊ីស្រាអែល ហើយ​ក្នុង​ពេល​ជាមួយគ្នា ប៉ាឡេស្ទីន​នឹង​ចាប់ផ្តើម​ឡើងវិញ នូវ​នីតិវិធី​សុំចូល​ជា​សមាជិក​អង្គការ​អន្តរជាតិ​មួយចំនួន ដើម្បី​ទទួល​បាន​ភាព​ស្របច្បាប់​ជា​រដ្ឋឯករាជ្យ ដោយ​មិន​ឆ្លងកាត់​ការចរចា​ជាមួយ​អ៊ីស្រាអែល។

សូមអាន អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​កំណត់ពេល ៩ខែ ដើម្បី​ចរចា​ឲ្យ​បាន​កិច្ចព្រមព្រៀង

ពី​ខាង​អាមេរិកវិញ រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ដែរ ដោយ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​លើកឡើង​ថា អាមេរិក​មាន​ការ​ភ្ញាក់​ផ្អើល​​​ចំពោះ​ការ​ប្រកាសពង្រីក​លំនៅដ្ឋាន​ជ្វីហ្វ នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន ហើយ​ទាមទារ​ឲ្យ​មាន​ការ​បកស្រាយ​ពី​សំណាក់​រដ្ឋាភិបាល​អ៊ីស្រាអែល​អំពី​រឿងនេះ។

សម្រាប់​អាមេរិក​​ ការ​​​ប្រកាស​សាងសង់លំនៅដ្ឋាន​បន្ថែម​នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន​កាល​ពី​ម្សិលមិញ​​នេះ វា​​ប្រៀបបាន​ដូចជា​អ៊ីស្រាអែល​កំពុង​តែ​ធ្វើ​ផ្គើន​អាមេរិក ពីព្រោះ​ថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មុន​ លោក​ចន ឃែរី រដ្ឋមន្រ្តីការបរទេស​អាមេរិក​ ទើប​នឹង​បាន​ប្រាប់​ទៅ​អ៊ីស្រាអែលថា អាមេរិក​ប្រឆាំង​នឹង​ការ​សាងសង់​លំនៅដ្ឋាន​ជនជាតិជ្វីហ្វ​នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន ហើយ​ថា អ៊ីស្រាអែល​ត្រូវ​តែ​ជ្រើសរើស​ថា​តើ​ចង់​សង់​លំនៅដ្ឋាន​បន្ថែម ឬ​ចង់​បាន​សុខសន្តិភាព?

ប្រឈមមុខ​នឹង​សម្ពាធ​ទាំងនេះ​ហើយ​បាន​ជា​លោក​នេតាន់យ៉ាហ៊ូ​ចេញ​បញ្ជា​ឲ្យ​ផ្អាក​គម្រោង​នេះ​ទៅវិញ។

សូមអាន ប្រវត្តិខ្លី​នៃ​ការ​ធ្វើ​អាណានិគមកិច្ច​អ៊ីស្រាអែល​លើ​ប៉ាឡេស្ទីន
 
នៅពេល​ចេញ​បទបញ្ជា​ឲ្យ​ផ្អាក​គម្រោង​សាងសង់​លំនៅដ្ឋាន​ ក្នុង​ទឹកដី​ប៉ាឡេស្ទីន លោក​នេតាន់យ៉ាហ៊ូ​បាន​បញ្ជាក់​ច្បាស់ៗ​ថា ការ​ប្រកាស​សាងសង់​លំនៅដ្ឋាន​ នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន នៅពេលនេះ នឹង​នាំ​ឲ្យ​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា រវាង​អ៊ីស្រាអែល និង​សហគមន៍​អន្តរជាតិ នៅ​ក្នុង​ពេល​ដែល​អ៊ីស្រាអែល​កំពុង​តែ​បញ្ចុះបញ្ចូល​សហគមន៍​អន្តរជាតិ​ឲ្យ​ប្រយ័ត្នប្រយែង​ក្នុងការ​ចរចា​ជាមួយ​អ៊ីរ៉ង់។

គួរបញ្ជាក់​ថា បច្ចុប្បន្ន​នេះ អ៊ីស្រាអែល​កំពុងតែ​ស្ថិត​ក្នុង​ភាព​ឯកោ​ស្រាប់ ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ពីព្រោះ បណ្តា​ប្រទេស​លោកខាងលិច រួមទាំង​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​ធំបំផុត​របស់​អ៊ីស្រាអែល​ផង កំពុង​តែ​បន្ទន់ជំហរ​ ក្នុងការ​ចរចា​ជាមួយ​អ៊ីរ៉ង់។ មានតែ​អ៊ីស្រាអែល​ទេ​ដែល​ជំទាស់​នឹង​ការ​ចរចា​នេះ ដោយសារ​តែ​អ៊ីស្រាអែលបារម្ភ​ខ្លាច​​កិច្ចចរចា​នេះ​ឈានដល់​ការចុះកិច្ចព្រមព្រៀង ដែល​អាច​ឲ្យ​អ៊ីរ៉ង់​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​តទៅទៀត។

អ៊ីស្រាអែល​កំពុង​តែ​ត្រូវការ​អាមេរិក និង​សហគមន៍​អន្តរជាតិ ក្នុងការ​ទប់ទល់​ជាមួយ​អ៊ីរ៉ង់។ ដូច្នេះ​ហើយ​បាន​ជា​លោក​នេតាន់យ៉ាហ៊ូ​​មិន​ចង់​បង្កើត​ភាពតានតឹង​ថ្មីទៀត ក្នុង​សំណុំរឿង​ប៉ាឡេស្ទីន ជាពិសេស អ៊ីស្រាអែល​មិន​ចង់​បង្កើត​ភាពតានតឹង​ណាមួយ​ថ្មី​ទៀត ជាមួយ​នឹង​រដ្ឋាភិបាល​របស់​លោក​អូបាម៉ា។

សូមអាន អ៊ីស្រាអែល​កំពុង​បារម្ភ​ពី​យុទ្ធសាស្រ្ត​ស្នេហា​របស់​អ៊ីរ៉ង់​ចំពោះ​សហគមន៍​អន្តរជាតិ

គេ​សង្កេតឃើញ​ថា ចាប់តាំង​ពី​លោក​ហាសាន់ រ៉ូហានី បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អ៊ីរ៉ង់​មក រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​បាន​បង្ហាញ​នូវ​ជំហរទន់ភ្លន់ច្រើន ចំពោះ​អ៊ីរ៉ង់។ លោក​អូបាម៉ា​បាន​ផ្តល់​អាទិភាព​ខ្ពស់​ទៅលើ​ការចរចា​តាមផ្លូវ​ទូត ដើម្បី​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ហើយ​ត្រៀម​ខ្លួន​ក្នុងការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ ប្រសិនបើ​ការចរចា​​ក្នុង​សំណុំរឿង​អ៊ីរ៉ង់​មានភាព​ជឿនលឿន​ទៅមុខ។

ការចរចា កាល​ពី​ចុងសប្តាហ៍​មុន រវាង​អ៊ីរ៉ង់ និង​​មហាអំណាច​ទាំង ៦ គឺ​សមាជិក​អចិន្រ្តៃយ៍​ទាំង ៥​នៃ​ក្រុមប្រឹក្សា​សន្តិសុខ (អាមេរិក អង់គ្លេស បារាំង ចិន និង​រុស្ស៊ី) បូក​នឹង​អាល្លឺម៉ង់ ត្រូវ​ទទួលបរាជ័យ ក៏ប៉ុន្តែ គេ​គ្រោង​នឹង​បើក​កិច្ចចរចា​ជាថ្មី​ទៀត នៅ​ថ្ងៃ​ទី២០​វិច្ឆិកា​ខាងមុខ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស៊្វីស។

សូមអាន ការចរចា​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ត្រូវ​បរាជ័យ​ជាថ្មី

កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​បាន​ទាមទារ​ឲ្យ​សភា​អាមេរិក​ផ្អាក​រាល់​គម្រោង​អនុម័ត​ទណ្ឌកម្ម​ណាមួយថ្មី​ទៀត​ទៅលើ​អ៊ីរ៉ង់ ដោយ​បាន​ព្រមាន​ថា ប្រសិនបើ​សភា​អនុម័ត​ទណ្ឌកម្ម​បន្ថែម​ទៅលើ​អ៊ីរ៉ង់ ដំណោះស្រាយ​តាមផ្លូវទូត​ជាមួយ​អ៊ីរ៉ង់​អាច​នឹង​ត្រូវ​កាត់ផ្តាច់ ហើយ​វា​អាច​នឹង​រុញច្រាន​អាមេរិក​ឲ្យ​ធ្លាក់​ទៅក្នុង​សង្រ្គាម​ជាមួយ​នឹង​អ៊ីរ៉ង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ