អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីស្រាអែល​រង់​ចាំ​អ្វី​ពី​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋ​បារាំង ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង​បាន​អញ្ជើញទៅ​ដល់​អ៊ីស្រាអែល​ហើយ នៅ​ថ្ងៃ​នេះ។ កម្មវត្ថុ​នៃ​​ទស្សនកិច្ច​បី​ថ្ងៃ នៅ​ក្រុង​ មាន​ច្រើន។ ទីមួយគឺ​សេដ្ឋកិច្ច ! ប៉ារីស ចង់​ដាស់ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​អ៊ីស្រាអែល ឱ្យ​មាន​សភាព​រស់​រវើក​ឡើង​ ប៉ុន្តែ​​សំណុំ​គឺ​រឿង​ការទូតទេ ដែល​នឹង​ត្រូវ​មក​គ្រប​ដណ្តប់​ដំណើរទស្សនកិច្ច​នេះ។ ​ ​បី​ថ្ងៃ​ទៀត ការ​ចរចា​​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នឹង​បើក​ប្រជុំ​ជា​ថ្មី​នៅក្រុងហ្សឺណែវ។ ដូច្នេះ​អ៊ីស្រាអែល​ពិត​ជា​យក​បញ្ហា​នេះ​មក​ជជែក​ជាមួយ​ប្រធានាធិបតី​បារាំង បូក​ជាមួយ​នឹង​​សំណុំ​រឿង​ចរចា​សន្តិភាព​ជាមួយ​ប៉ាឡេស្ទីន​​​។ សំណុំ​រឿង​ក្តៅ ដែល​​ប្រធានាធិបតី​បារាំង​មិន​ចង់​និយាយ​អ្វី​ឱ្យ​ជ្រុល​ខក​សោះ​​ឡើយ។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu (ឆ) និង​ប្រធានាធិបតី​បារាំង François Hollande (ស)នៅ​ទី​ក្រុង​ប៉ារីស ថ្ងៃទី ៣១​តុលា ២០១២
នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu (ឆ) និង​ប្រធានាធិបតី​បារាំង François Hollande (ស)នៅ​ទី​ក្រុង​ប៉ារីស ថ្ងៃទី ៣១​តុលា ២០១២ REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

 

អ៊ីស្រាអែល​លា​កម្រាល​ព្រំ​ក្រហម​ទទួល​ប្រធានាធិបតី​បារាំង

អ៊ីស្រាអែល កំពុង​ឯកា​ខ្លាំងឡើងៗ​ លើក​ឆាក​អន្តរជាតិ​។ អ៊ីស្រាអែល ចង់​ឆ្លៀត​យក​ចំណេញ​ពី​​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ហ្វ្រង់ស័រ​ហូឡង់ ក្នុង​នាម​ជា​ប្រធានាធិបតីកំពុង​កាន់​អំណាច​ នៅ​តំបន់​ដើម​បូព៌ា ដើម្បី​ពង្រឹង​ចំណង​ការទូត ដែល​វិជ្ជមាន​បំផុត​នាពេល​នេះ។ លោក​ប្រធានាធិបតី​បារាំង នឹង​ឡើង​ថ្លែង​សុន្ទរកថា នៅ​ចំពោះ​មុខ​សភា​អ៊ីស្រាអែល​ទៀត​ផង។ លោក​គឺ​ជា​ប្រមុខ​រដ្ឋ​ទីបី​ហើយ​ដែល​ព្រមព្រៀង​ធ្វើ​ដូច្នេះ បន្ទាប់​ពី​លោក​ហ្វ្រង់ស័រ​មីតេរ៉ង់ នៅ​ឆ្នាំ​១៩៨២ និង​លោក​នីកូឡាសាកូហ្ស៊ី នៅ​ឆ្នាំ​២០០៨។

ភាព​ល្អូកល្អើន​នេះ​ ក៏​​ដោយ​សារ​តែ​នៅ​ក្នុង​សំណុំ​រឿង​នុយក្លេអ៊ែរ​ បារាំងមាន​ជំហរ​ដាច់ខាត សឹង​ថា​មិន​ធ្លាប់​មាន មិន​បន្ធូរ​ដៃ​ឱ្យ​អ៊ីរ៉ង់​​ក្នុង​កិច្ច​ចរចា​នៅ​ទីក្រុង​ហ្សឺណែវ កាលពី​សប្តាហ៍​មុន។ ជា​ការ​ភ្ញាក់​ផ្អើ​ល​បំផុត​សម្រាប់​ក្រសែ​ភ្នែក​អ៊ីស្រាអែល ដែល​កំពុង​ខក​ចិត្ត​ខ្លាំង​នឹង​សម្ព័ន្ធ​មិត្ត​អាមេរិក ព្រោះ​ ភាគ​ច្រើន​នៃ​ក្រុម​ប្រទេស​មហា​អំណាច​ទាំង​៥ (រុស្ស៊ី ចិន បារាំង​ អង់គ្លេស អាមេរិក)​ បូក​និង​អាល្លឺម៉ង់ បាន​ព្រម​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ខ្លះ​ចេញ​អ៊ីរ៉ង់ ជា​ថ្នូរ​នឹង​​ការ​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​មួយ​ភាគ មាន​តែ​បារាំង​មួយ​ប៉ុណ្ណោះ​ដែល​ទាមទារ​សេចក្តី​បំភ្លឺ​បន្ថែម​ បី​ចំណុច​ ទាក់ទង​នឹង មជ្ឈមណ្ឌល​អារ៉ាក់ អនាគត​ស្តុក​អ៊ុយរ៉ានីញ៉ូម​ចម្រាញ់​ហើយ​២០% និង​បំភ្លឺ​ជាទូទៅ​ជុំ​វិញ​ការ​ចម្រើន​ធាតុ។ ការទាមទារ​ ដែល​ធ្វើ​ឱ្យ​កិច្ច​ចរចា​សម្រេច​មិន​បាន​លទ្ធផល។ អ៊ីរ៉ង់ បាន​ចង្អុល​មុខ​បារាំង​ ថា​ជា​ដើម​ហេតុ​នាំ​ដល់​បរាជ័យ​ផង។

ជំហរ​បារាំង​នេះ បាន​ផ្តល់​ភាព​កក់​ក្តៅ​ដល់​អ៊ីស្រាអែល ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នាយក​រដ្ឋមន្ត្រី​ បិនយ៉ាមេន នេតាន់យ៉ាហ៊ូ មិន​អាច​ទប់​ក្តី​រីក​រាយ ប្រកាស​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​មក​ រង់ចាំ​ទទួល​លោក ហ្វ្រង់ស័រ​ហូឡង់​ យ៉ាង​អន្ទះសារ។

ការចរចា​សន្តិភាពអ៊ីស្រាអ៊ែល​និង​ប៉ាឡេស្ទីន ប្រធានបទ​ដ៏​រសើប​

នេះ​ហើយ​ជា​វិញ្ញាសា​ដ៏​លំបាក​របស់​លោក​ហ្វ្រង់ស័រ​ហូឡង់ ! សាធារណៈ​មតិ​អ៊ីស្រាអែល ផ្តល់​សញ្ញា​វិជ្ជមាន​ដល់​បារាំង​មែន​នៅពេល​នេះ ប៉ុន្តែ​ចំណោទ​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល ក៏​អាច​បង្អាប់​​រូប​ភាព​បារាំង​បាន​ដែរ។ បារាំង​យល់​ និង​ដឹង​ថា​ជា​លំហាត់​ដ៏​ស្មុគស្មាញ​ នៅ​ពេល​​ធ្វើ​ដំណើរ​ទៅ​តំបន់​ដើម​បូព៌ា​នេះ ហើយ​ងាយ​នឹង​បង្កើត​កំហុស​ណាស់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​វិមាន​​អេលីហ្សេ បាន​ប្រកាស​តាំង​ពី​ដំបូង​ភ្លាម​ ថា​គ្មាន​សេចក្តី​ថ្លែងការណ៍ ឬ​ការ​ប្រកាស​អ្វី​មួយ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នេះ ដើម្បី​កុំ​ឱ្យ​មាន​ការ​ជ្រុល​ជ្រោះ ព្រោះបើ​និយាយ​ច្រើន​ ពិត​ជា​ខុស​ច្រើន​មិន​ខាន។ ថ្វី​បើ​ទស្សនកិច្ច​នៅ​ដែន​ដី​ប៉ាឡេស្ទីន​ មិន​សូវ​សំខាន់​ដូច​នៅ​អ៊ីស្រាអែល​ក៏​ពិត​មែន ប៉ុន្តែ​ទស្សនកិច្ច​បី​ថ្ងៃ​របស់​លោក​ហូឡង់ ត្រូវ​រៀប​ចំ​ថ្លឹង​ថ្លែង​ ដោយ​ប្រយ័ត្ន​ប្រយែង​បំផុត៖ ទៅ​គោរព​ផ្នូរ អតីត​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ដែល​លប​ធ្វើ​ឃាត នៅ​ថ្ងៃ​បន្ទាប់​មក​ទៅ​​ផ្នូរ​អតីត​ប្រធាន​រដ្ឋ​អំណាច​ប៉ាឡេស្ទីន យ៉ាសេ អារ៉ាហ្វាត។ ជា​ទស្សនកិច្ច​ដែល​មាន​លំនឹង​ និង​សមភាព។ បារាំង​ដែល​​​មាន​ទម្ងន់​ និង​ឥទ្ធិពល​ក្នុង​ដោះស្រាយ​វិបត្តិ​អ៊ីស្រាអែល ប៉ាឡេស្ទីន ​នឹង​អំពាវ​នាវ​ឱ្យ​ភាគី​ទាំង​ពីរ​មាន​សេចក្តី​ក្លាហាន ​ប្រឹងធ្វើ​យ៉ាង​ណា​ឱ្យ​ការ​ចរចា​សន្តិភាពអាច​ដំណើរការ​ឡើង​វិញ​បាន។​ បារាំង​ដែល​បាន​ទទួល​ស្គាល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​សហរដ្ឋ​អាមេរិក ក្នុង​ស្វែង​រក​សន្តិភាព​ឱ្យ​តំបន់​នេះ ដ៏​ចង់​លើក​ទឹក​ចិត្ត គាំទ្រ​ការ​ចរចា ដោយ​ត្រូ​វធានា​រ៉ាប់​រង​សន្តិសុខ​ឱ្យ​អ៊ីស្រាអែល ប្រឈម​នឹង​ការ​គំរាម​របស់​អ៊ីរ៉ង់ផង ធានា​ពី​ភាព​រស់​រាន​មាន​ជីវិត​របស់​ប៉ាឡេស្ទីន​ផង តែ​ក៏​ត្រូវ​បរិហារ​ជា​ថ្មី​នយោបាយ​​ធ្វើ​អាណានិគមកិច្ច​ជ្វីហ្វនៅ​Cijordanie​ និង​Jérusalem​ខាង​កើត ព្រោះ​ជា​ការ​គំរាម​កំហែង​ការ​ចរចា​សន្តិភាព។

ទំនាក់ទំនង​សេដ្ឋកិច្ច​បារាំង​អ៊ីស្រាអែល

គឺ​ក្នុង​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​នេះ ដែល​បារាំង​អាច​សង្ឃឹម​​ទទួល​បាន​លទ្ធផល​ច្រើន​ជាង​គេ បើ​ប្រៀប​ទៅ​នឹង​សំណុំ​រឿង​ការ​ទូត។ ជាមួយនឹង​ទំនាក់​ទំនង​ដ៏​ល្អូក​ល្អើន​បែប​នេះ ការ​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម ត្រឹម​ ជាង​មួយ​ពាន់​លាន គឺ​តិច​តួច​ណាស់ ! បារាំង​ស្ថិត​ក្នុង​លំដាប់​ទី​១១​ប៉ុណ្ណោះ​ ក្នុង​ផ្នែក​នេះ។ ព្រោះ​អ្នក​វិនិយោគភាគ​ច្រើន​​ មិន​សូវស្គាល់​ប្រទេស​នេះ និង​នៅ​ខ្លាច​រអា​នៅ​ឡើយ ព្រោះ​តាម​បែប​បច្ចេកទេស អ៊ីស្រាអែល​នៅ​មាន​សង្គ្រាម​ ជាមួយ​ប្រទេស​ជិត​ខាង។ តាមការពិត​អ៊ីស្រាអែល​ជា​ប្រទេស​អ្នក​មាន មាន​បច្ចេកវិទ្យា​ទំនើប​ដល់កំពូល​ បារាំង​សំឡឹង​ទាញ​ប្រយោជន៍​បាន​ច្រើន​ ទើប​ក្នុង​ទស្សនកិច្ច​នេះ​ មាន​​ថៅកែ​ក្រុមហ៊ុន​ធំៗ​ជាង​៤០​រូប បាន​អម​ដំណើរ ប្រធានាធិបតី​បារាំង។ ​ កិច្ច​សន្យា​​ធ្វើ​សហប្រតិបត្តិការ​ ជា​ច្រើន​នឹង​ត្រូវ​ចុះ​ហត្ថលេខា មាន​ជាអាទិ៍​​​នៅ​ក្នុង​វិស័យ​អយស្ម័យយាន និង​បច្ចេកវិទ្យាជាន់​ខ្ពស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ