អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុម​ហាម៉ាស​ដែល​ចុះ​ថយកម្លាំង​ យល់ព្រម​ទទួល​បទឈប់បាញ់​មនុស្សធម៌ ដែល​ស្នើឡើង​ដោយ​អេហ្ស៊ីប​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​អង្គារ ទី ៥ សីហា ​ទ័ពជើងគោក​អ៊ីស្រាអែល​ត្រូវ​បាន​ដក​ចេញ​អស់​ពី តំបន់​ហ្កាហ្សា។​ អ៊ីស្រាអែល និង​ក្រុមអ៊ីស្លាម​ហាម៉ាស ប៉ាឡេស្ទីន​បាន​ប្រកាស​យល់ព្រម​ធ្វើ​បទឈប់បាញ់​មនុស្សធម៌​រយៈពេល​៧២​ម៉ោងដែល​ស្នើ​ឡើង​ដោយ​អេហ្ស៊ីប កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ទី ៤ សីហា។ ទីក្រុង​វ៉ាស៊ីនតោន និង​អង្គការ​សហប្រជាជាតិ​បាន​អបអរ​ដំណឹង​នេះ និង​​បាន​ស្នើ​ឲ្យ​ភាគី​ជម្លោះ​ទាំងពីរ​ចរចា​ដើម្បី​ធានា​សន្តិភាព​រយៈពេល​វែង។ បទ​ឈប់​បាញ់​មនុស្សធម៌​ធ្លាប់​​បាន​បរាជ័យ ម្តងជា ពីរ​ដង។ កាល​ពី​​៥​ថ្ងៃមុន ភាគី​ទាំងពីរ​ក៏​បាន​ព្រមព្រៀងគ្នា​បង្កើត​បទ​ឈប់​បាញ់ ប៉ុន្តែ បទ​ឈប់បាញ់​ត្រូវ​គេ​រំលោភ​ នៅ​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ ចូល​ជាធរមាន ដោយ​ទាំង​ភាគី​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​បាន​ចោទ​ដាក់​គ្នា​ទៅវិញ ទៅមក ថា ជា​អ្នកបាញ់ រំលោភ​បទឈប់បាញ់។ 

ទាហាន​អ៊ីស្រាអែល​ដែល​ដក​ចេញ​ពី​តំបន់​ហ្កាហ្សា កាលពី​ថ្ងៃ​ចន្ទ ទី ៤ សីហា
ទាហាន​អ៊ីស្រាអែល​ដែល​ដក​ចេញ​ពី​តំបន់​ហ្កាហ្សា កាលពី​ថ្ងៃ​ចន្ទ ទី ៤ សីហា REUTERS/Baz Ratner
ផ្សាយពាណិជ្ជកម្ម

បទឈប់បាញ់​ដែល​ស្នើ​ឡើង​ដោយ​មេដឹកនាំ​អេហ្ស៊ីប ត្រូវ​បាន​ភាគី​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស​​ដែល​គ្រប់គ្រង​តំបន់​ហ្កាហ្សា ប្រកាស​ទទួល និង​ចូល​ជាធរមាន នៅថ្ងៃ​អង្គារ។ ប៉ុន្តែ សួរថា តើបទឈប់បាញ់​នៅថ្ងៃ​នេះ អាច​មាន​រយៈពេល​វែង គ្រប់បីថ្ងៃ​ដែរ​ឬទេនោះ គឺ​គ្មាន​នរណា​ដឹង​ច្បាស់​ទេ សូម្បី​ភាគី​អ៊ីស្រាអែល ឬ​ក្រុមហាម៉ាស។ ដូចលើកមុនៗ ភាគី​ទាំង​សង​ខាង​​បាន​បញ្ជាក់​ជំហរ​រឹងមាំ​រៀងៗ​ខ្លួន​ថា ពួកគេ​នឹង​ប្រឆាំង​តបវិញ បើ​សិន​មាន​ការវាយប្រហារ​ពី​​ភាគី​ជម្លោះ។

 
បទឈប់បាញ់​កាលពីថ្ងៃ​សុក្រ​ទី ១ សីហា​ត្រូវ​បាន​រំលោភ បន្ទាប់ពី​អ៊ីស្រាអែល បាន​បើក​ការវាយប្រហារ​ទៅលើ​ក្រុមហាម៉ាស ដែល​អ៊ីស្រាអែល​ចោទ​ថា បាន​បាញ់​រ៉ុកកែត និង​បាន​ចាប់ខ្លួន​ទាហាន​ម្នាក់​របស់​ខ្លួន។

បទ​ឈប់បាញ់​មនុស្សធម៌​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស​នៅតែ​មាន​លក្ខណៈ​ផុយស្រួយ ព្រោះ​ថា គូបដិបក្ស​ទាំងពីរ​នៅ​តែ​មិន​ទុកចិត្ត​គ្នា។ លើកនេះ អ៊ីស្រាអែល​បាន​ប្រកាស​ដកទ័ព​ចេញ​តំបន់​ហ្កាហ្សា​មែន ប៉ុន្តែ អ៊ីស្រាអែល​នៅ​តែ​បន្ត​ពង្រាយ​ទ័ព​ថ្មើរជើង​របស់ខ្លួន នៅតាម​ព្រំដែនអ៊ីស្រាអែល​ជាមួយ​តំបន់​ហ្កាហ្សា ពោល​គឺ​ត្រៀម​វាយបក​វិញ ក្នុង​ករណី​ក្រុមហាម៉ាស​រំលោភ​បទឈប់បាញ់។

នៅ​ប៉ុន្មាន​នាទី​មុន​បទឈប់បាញ់​ចូល​ជា​ធរមាន ក៏​ក្រុម​ហាម៉ាស​ឆ្លៀត​បាញ់​រ៉ុកកែត ទៅលើ​ទីក្រុង​តែលអាវីវ របស់​អ៊ីស្រាអែល។ អ៊ីស្រាអែល​ដែល​ប្រើ​យន្តហោះ​ចម្បាំង​វាយប្រហារ​តប​វិញ​ភ្លាម។

ក្រុម​ហាម៉ាស​ព្រមទទួល​យក​បទឈប់បាញ់​ដែល​ខ្លួន​ធ្លាប់​រុញច្រាន​ចោល កាលពី បីសប្តាហ៍មុន
កាលពី​ថ្ងៃ​ទី ១៥ កក្កដា ពោល​គឺ​នៅ​មួយ​សប្តាហ៍​ក្រោយ​អ៊ីស្រាអែល​បើក​ការវាយប្រហារ​ទ័ព​អាកាស​ទៅលើ​តំបន់ហ្កាហ្សា អេហ៊្សីប​បានចូល​ធ្វើ​អាជ្ញាកណ្តាល​សម្របសម្រួល​ឲ្យ​មាន​បទឈប់​បាញ់​មួយ​ជា​បន្ទាន់ ដើម្បី​ប្រយោជន៍​អាយុជីវិត​របស់​ប្រជាជន​ប៉ាឡេស្ទីន។ ប៉ុន្តែ កាលណោះ ក្រុមហាម៉ាស និង​ដៃគូ​របស់ខ្លួន គឺ​ក្រុមអ៊ីស្លាម​ជីហាត​នៅ​ប៉ាឡេស្ទីន​បាន​រុញច្រាន​ចោល ព្រោះ​គេ​អាងថា បទឈប់បាញ់​ធ្វើឡើង​ដោយ​គ្មាន​ដាក់បញ្ចូល​រាល់​ការទាមទារ​របស់​ក្រុមហាម៉ាស។ ក្រុមហាម៉ាស​បាន​ទាមទារថា ដើម្បី​បង្កើត​បទឈប់បាញ់ អ៊ីស្រាអែល​ត្រូវ​ដក​បម្រាម ដែល​អ៊ីស្រាអែល​ធ្លាប់​បាន​ប្រើ​ដើម្បី​បិទខ្ទប់​តំបន់​ហ្កាហ្សា តាំងពីឆ្នាំ ២០០៦។ ទីពីរ​គឺ​អ៊ីស្រាអែល​ត្រូវ​ដោះលែង​អ្នកទោស​ប៉ាឡេស្ទីន។

កាលពី​បីសប្តាហ៍មុន នៅមួយ​អាទិត្យ ក្រោយ​អ៊ីស្រាអែល​បើកការវាយប្រហារ ក្រុមហាម៉ាស​បាន​សំដី ហ៊ាន​​រុញច្រាន​ចោល​បទឈប់បាញ់ ដែល​គ្មាន​លក្ខខណ្ឌ ព្រោះ​តែ​ក្រុមនេះ នៅ​មាន​កម្លាំង​ប្រយុទ្ធ​នៅឡើយ។ ប៉ុន្តែ នៅ​មួយខែ​ក្រោយ​រងការវាយប្រហារ​យ៉ាងចាស់​ដៃ​ពី​អ៊ីស្រាអែល ក្រុម​ហាម៉ាស​បាន​ចុះ​ទ្រោមខ្លួន ខូចខាត​ទាំង​កម្លាំងទ័ព ហេដ្ឋារចនាសម្ព័ន្ធ និង​បាត់បង់​ជីវិត​ប្រជាជន​ប៉ាឡេស្ទីន ដែល​រហូត​មកដល់ពេលនេះ​ត្រូវ​គេ​ស្រង់​ឃើញ​ច្រើន​ជាង ១៨០០​នាក់។

នៅ​ភាគី​អ៊ីស្រាអែលវិញ នៅមួយខែ​ក្រោយ​ប្រតិបត្តិការ​សឹក គាស់រំលើង​រូងក្រោមដី​នៅក្នុង​តំបន់​ហ្កាហ្សា កងទ័ព​អ៊ីស្រាអែល​បាន​បង្ហាញមុខ​ក្នុង​នាម​ជា​អ្នកឈ្នះ។ ដោយ​ឯកតោភាគី គឺ​នៅមុន​ពេល​ប្រកាស​ទទួល​យក​បទឈប់បាញ់​ទៅទៀត អ៊ីស្រាអែល​បាន​សម្រេច​ដកទ័ព​ជើងគោក​ចេញពី​តំបន់​ហ្កាហ្សា នោះ​ក៏​ដោយមកពីអ៊ីស្រាអែល​​បាន​សម្រេច​គោលដៅ របស់ខ្លួន ក្នុង​ការបំផ្លាញ​រូងក្រោមដី​របស់​ក្រុម​ហាម៉ាស។ តាម​ទាហាន​អ៊ីស្រាអែល នៅក្នុងរយៈពេល​មួយខែ ទ័ព​អ៊ីស្រាអែល​បាន​បំផ្លាញ​រូងក្រោមដី​របស់​ក្រុមហាម៉ាស​ជាង​៣០ បំផ្លាញ​មីស៊ីល​ជាង ៣ពាន់​ដើម និង​បាន​សម្លាប់​ភេរវករ ប្រមាណ ៩០០នាក់។ ជាមួយ​នឹង​ជ័យជំនះ​របស់ខ្លួន អ៊ីស្រាអែល​បាន​ទទួល​យក​បទ​ឈប់បាញ់​ស្នើដោយ​អេហ្ស៊ីប ដោយ​គ្មាន​អល់អែក គឺ​ខុសពី​ក្រុមហាម៉ាស​ដែល​ចូលមក​ចរចា​ក្នុងនាម​ជាអ្នកចាញ់។

គេ​នៅតែ​មើល​មិន​ឃើញ​ច្រកផ្លូវ​រក​សន្តិភាព​ឲ្យ​ប៉ាឡេស្ទីន អ៊ីស្រាអែល
តាំងពី​នៅមុន​ពេល គណៈប្រតិភូ​អ៊ីស្រាអែលចេញ​ដំណើរ​ទៅចរចា​នៅថ្ងៃ​នេះ នៅ​ក្រុង​គែរ ភាគី​អ៊ីស្រាអែល​បាន​បញ្ជាក់​ជំហរ​របស់ខ្លួន​រួចហើយ ប្រឆាំង​មិន​ទទួល​យក​ការទាមទារ​របស់​ក្រុមហាម៉ាស។ ក្រុមហាម៉ាស​បាន​ទាមទារ​ឲ្យ​អ៊ីស្រាអែល​លើកបម្រាម​បិទខ្ទប់ ទៅលើ​តំបន់​ហ្កាហ្សា និង​ដោះលែង​អ្នកទោស​ប៉ាឡេស្ទីន​ដែល​ជាក្រុម​សកម្មជន​របស់ខ្លួន។ អ៊ីស្រាអែល​មិនអាច​ទទួល​យក​ការទាមទារ​របស់ក្រុមហាម៉ាស ដោយ​ខ្លាចថា ការបើក​ច្រក លែង​បិទខ្ទប់​ទៅលើ​តំបន់​ហ្កាហ្សា នឹង​ធ្វើ​ឲ្យ​មាន​ចលនា​ប្រដាប់​អាវុធ ដែល​ចិញ្ចឹមចិត្ត​មាន​អារិភាព បាញ់គ្រាប់រ៉ុកកែត​ទៅលើ​អ៊ីស្រាអែល។

រដ្ឋាភិបាល​អ៊ីស្រាអែល​វិញ​ចង់​ឲ្យ​អេហ្ស៊ីប​ជាអ្នក​ទទួល​ខុសត្រូវ​លើ​រឿង​បើកច្រក​ហ្កាហ្សា ដែល​នៅ​ជាប់​ជាមួយ​ព្រំដែន​អេហ្ស៊ីប ត្រង់​តំបន់​ស៊ីណៃ។ អេហ្ស៊ីប​ពិបាក​នឹង​ទទួល​យក​សំណើ​នេះ ព្រោះ​អេហ្ស៊ីប​ដែល​មិន​ចង់​ឲ្យ​ ក្រុម​ភាតរអ៊ីស្លាម ដែល​ជា​សត្រូវ​របស់ខ្លួន ប៉ុន្តែ ជា​អ្នកគាំទ្រ ក្រុម​ហាម៉ាស​ប្រើ​ច្រកនេះ ដើម្បី​បង្កើត​កម្លាំង​វាយប្រហារ​លើ​អំណាច​របស់ខ្លួន។ មួយវិញទៀត ក្នុង​ហេតុផល​សន្តិសុខ​ផ្ទាល់ខ្លួន អ៊ីស្រាអែល ចង់​ឲ្យ​តំបន់​ហ្កាហ្សា គ្មាន​អាវុធ គ្មាន​ចលនា​ប្រដាប់អាវុធ ដែល​សំណើនេះ​ត្រូវ​ក្រុម​ហាម៉ាស​បដិសេធ រុញច្រាន​ចោល​ទាំងស្រុង។

នៅ​តំបន់​ហ្កាហ្សា បើទោះបី​ជា​ក្រុមហាម៉ាស​ធ្លាក់ចុះខ្សោយ ប៉ុន្តែ ក្រុមនេះ​នៅតែ​មាន​ការគាំទ្រ​ពី​ប្រជាជន​ប៉ាឡេស្ទីន។ ប្រជាជន​ប៉ាឡេស្ទីន​ខ្លះ​មិន​ខ្លាច​នឹង​គាំទ្រ​ឲ្យ​ក្រុមហាម៉ាស​បាញ់គ្រាប់រ៉ុកកែត​ទៅលើ​ទឹកដី អ៊ីស្រាអែល ដើម្បី​បង្ហាញ​ពី​ការទាមទារ មិនពេញចិត្ត​នឹង​នយោបាយ​បិទខ្ទប់​របស់​អ៊ីស្រាអែល។ នៅ​ហ្កាហ្សា ក្រុមហាម៉ាស​មាន​បណ្តាញ​ចាក់ចូល​ជ្រៅ​ទៅក្នុង​គ្រួសារ​ប៉ាឡេស្ទីន។
ការវាយប្រហារ​របស់​អ៊ីស្រាអែល ធ្វើ​ឲ្យ​កម្លាំង​ប្រដាប់​អាវុធ​របស់​ក្រុមហាម៉ាស​ចុះ​ខ្សោយ ប៉ុន្តែ ដោយសារ​វា​នឹង​ធ្វើ​ចលនា​ស្អប់​អ៊ីស្រាអែល​មួយនេះ នឹង​មាន​ប្រជាប្រិយភាព​កាន់​តែខ្លាំង ក្នុង​ចំណោម​ប្រជាជន​ប៉ាឡេស្ទីន។ ក្រុម​ហាម៉ាស​មិន​ពិបាក​នឹង​ប្រមូល​យុវជន​ប៉ាឡេស្ទីន​ឲ្យ​ចូលរួម​នៅក្នុង​ចលនា​របស់ខ្លួន​ដើម្បី​ប្រឆាំង​នឹង​អ៊ីស្រាអែលទេ។ ដោយសារ​តែ​ការទាមទារ​សុទ្ធ​តែ​មិនអាច​ទទួល​យក​បាន​ពី​ភាគី​ទាំងសងខាង គេ​ពិបាក​នឹង​ជឿថា សន្តិភាព​នឹង​អាច​កើត​មាន​នៅ​ដើមបូព៌ា ជាពិសេស រវាង​​អ៊ីស្រាអែល និង​ប្រជាជន​ប៉ាឡេស្ទីន៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ