អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីស្រាអែល-ប៉ាឡេស្ទីន ៖ កិច្ចព្រមព្រៀង​ឈប់​បាញ់​បឋម​៧២​ម៉ោងស្លាប់​មុន​កើត !

ចុះផ្សាយ​នៅ​ថ្ងៃ៖

បទ​ឈប់​បាញ់​មនុស្សធម៌​ ៧២ម៉ោង បាន​ចូល​ជា​ធរមាន​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី ១​សីហា វេលា​ម៉ោង ៥ភ្លឺ​ម៉ោង​សកល​ នៅ​តំបន់​ហ្កាហ្សា។ គិត​ក្នុង​រយៈ​ពេល​២៤​ថ្ងៃ នៃ​ការ​ប្រយុទ្ធ​គ្នា​រវាង​អ៊ីស្រាអែល​និង​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន​មក នេះ​គឺ​ជា​លើក​ទី​មួយ​ ដែល​ភាគី​ជម្លោះ អ៊ីស្រាអែល និង​ហាម៉ាស បាន​ព្រមព្រៀង​គ្នា​ឈប់​បាញ់​យ៉ាង​ដូច្នេះ។ ការ​​ឈប់​បាញ់ ស្នើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក និង​អង្គការ​សហប្រជាជាតិ​នេះ មាន​បន្ត​អម​ដោយ​ការ​ចរចា ដើម្បី​ឈាន​ដល់​ការ​ព្រមព្រៀង​ឈប់​បាញ់​យូរ​អង្វែង បិទ​បញ្ចប់​ភាព​ស្អប់​ខ្ពើម​គ្នា។ កិច្ចពិភាក្សា​នឹង​ត្រូវ​ចាប់​ផ្តើម និង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប នៅ​ថ្ងៃ​សុក្រ​នេះ តែ​ទំនង​ជា​ត្រូវ​លើក​ពេល​ទៅវិញ ហើយ​ហេតុ​មាន​ការ​រំលោភ​បទ​ឈប់​បាញ់។

ប្រមុខ​ការទូត​អាមេរិក​ John Kerry (ស) និង អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Ban Ki-moon ប្រកាស​បទ​ឈប់​បាញ់​៧២​ម៉ោង​នៅ​ហ្កាហ្សា
ប្រមុខ​ការទូត​អាមេរិក​ John Kerry (ស) និង អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Ban Ki-moon ប្រកាស​បទ​ឈប់​បាញ់​៧២​ម៉ោង​នៅ​ហ្កាហ្សា REUTERS/Charles Dharapak
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ប្រយុទ្ធ​គ្នា​អស់​២៥​ថ្ងៃ បទ​ឈប់បាញ់​មនុស្សធម៌​បី​ថ្ងៃ បាន​ចាប់​ផ្តើម​ហើយ​នៅ​តំបន់​ដើម​បូព៌ា។ ភាគី​ជម្លោះ​ទាំង​ពីរ អ៊ីស្រាអែល និង​ហាម៉ាស បាន​ព្រមព្រៀង​ទទួល​យក​សំណើ​រួម​គ្នា​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន​គីមូន និង​លោក ចន​ ឃែរី រដ្ឋមន្ត្រី​ការបរទេស​អាមេរិក នៅ​អាធ្រាត្រ​យប់​មិញ។ ហើយ​គឺ​លោក ចន​ ឃែរី​ ផ្ទាល់​តែ​ម្តង​ជា​អ្នក​ប្រកាស​បទ​ឈប់​បាញ់​៧២​ម៉ោងនេះ ពី​ប្រទេស​ឥណ្ឌា។

 
សម្រាកឈប់បាញ់​បី​ថ្ងៃ

ការ​​សម្រាក​ប្រយុទ្ធ​បី​ថ្ងៃ ដើម្បី​បុព្វហេតុ​មនុស្ស​ធម៌​ គឺ​ជាឱកាស​ដែល​ជន​ស៊ីវិល​អាច​ចេញ​ស្វែង​រក​ស្បៀង​អាហារ​ផង និង​ជា​ឱកាស​សម្រាប់​មន្ទីរពេទ្យ​ជម្លៀស​អ្នក​របួស និង​រក​ថ្នាំ​សង្កូវមក​បន្ថែម។
ប៉ុន្តែ​បើ​តា​ម​សេចក្តី​ថ្លែងការណ៍​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ និង​ប្រមុខ​ការទូត​អាមេរិក ក្នុង​រយៈ​ពេល​សម្រាក​ឈប់​បាញ់​៧២​ម៉ោង​នេះ ទាហាន​អ៊ីស្រាអែល មិន​បាន​ដក​ទ័ព​ចេញ​ពី​ទីតាំង​ប្រយុទ្ធ​ទេ គឺ​ស្ថិត​នៅ​ឈរ​ជើង​ក្នុង​តំបន់​ហ្កាហ្សា​ដដែល។ មិន​តែ​ប៉ុណ្ណោះ កងកម្លាំង​អ៊ីស្រាអែល នៅ​តែ​បន្ត​ប្រតិបត្តិ​ការ​សមរភូមិ​ក្រោយ​រហូត ពោល​គឺ​បន្ត​វាយប្រហារ​កម្ទេច​​​រូង​ក្រោម​ដី​ដែល​ពួក​​ហាម៉ាស​ បាន​ជីក​រូង​សំដៅ​អ៊ីស្រាអែល។

​រូង​ក្រោមដីប្រតិបត្តិការ​គ្មាន​ថ្ងៃ​សម្រាក
 
រូង​ក្រោម​ដី​នេះ មិនងាយ​រក​ និងមិន​អាច​​មើល​ឃើញ​ពី​ខាង​អ៊ីស្រាអែលទេ​ ព្រោះ​វា​នៅ​ក្រោម​ដី​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ទាហាន​អ៊ីស្រាអែល ត្រូវ​តែ​រុក​រក​នៅ​ក្នុងតំបន់​ហ្កាហ្សា។ ​យោធា​អ៊ីស្រាអែល បាន​បង្ហាញ​ថា​មាន​រូង​ខ្លះ ​មាន​ច្រក​​-គេ​ចោះ​រន្ធ​ចេញ​ចូល ពី​ក្នុង​ផ្ទះ ក្នុង​វិហារ ក្នុង​ស្ថានីយ៍​រថភ្លើង ... ទាហាន​អ៊ីស្រាអែល ត្រូវ​បន្ត​រុក​រក​ច្រក​ចូល​រូង​ទាំង​នោះ​ នៅ​តាម​តំបន់​ជាប់​ព្រំ​ប្រទល់​ជាមួយ​អ៊ីស្រាអែល ពោល​គឺ​ពី​ភាគ​ខាង​ជើង ដល់​ភាគ​ខាង​លិច​តំបន់​ហ្កាហ្សា ត្រង់​កន្លែង​ដែល​រថក្រោះ​អ៊ីស្រាអែល​ទៅ​ដល់។ ការ​រុក​រក​ប្រភព​រូង ​ អាច​ប្រើ​​រយៈ​ពេល​ពីរ​បី​ថ្ងៃ បន្ទាប់​មក​ទើប​ទាហាន​ដក​ទ័ព​ចេញ ដោយ​មាន​ន័យ​ថា​ប្រតិបត្តិការ​ “របងការពារ”​ នៅ​តំបន់​ហ្កាហ្សា​របស់​អ៊ីស្រាអែល​ចប់។ ទន្ទឹម​គ្នា​នេះ អ៊ីស្រាអែល​ក៏បើក​ប្រតិបត្តិការ​ឆែក​ឆេរស្វែង​រក​អាវុធ​​លាក់​ នៅ​ក្នុង​តំបន់​ដែល​ទាហាន​អ៊ីស្រាអែល​វាយ​លុក​ដល់។
 

ទាហាន​អ៊ីស្រាអែល​ដែល​បាន​ទៅ​ឈរ​ជើង​នៅ​តំបន់​ហ្កាហ្សា
ទាហាន​អ៊ីស្រាអែល​ដែល​បាន​ទៅ​ឈរ​ជើង​នៅ​តំបន់​ហ្កាហ្សា REUTERS/Amir Cohen

ក្រុមហាម៉ាស និង​ក្រុម​យុទ្ធជន​ផ្សេង​ទៀតរបស់​ប៉ាឡេស្ទីន ហាក់​ទទួល​យក​ផែនការ​នេះ។ ព្រោះ​ម្យ៉ាង​ពួក​គេ​ហាក់​ទន់​ដៃ ក្រោយ​ពី​ការ​វាយប្រហារ​យ៉ាង​សន្ធាប់​រយៈ​ពេល​២៤​ម៉ោង​ចុងក្រោយ​នេះ។ ប៉ុន្តែ​គ្រប់ភាគី​ ទាំង​អ៊ីស្រាអែល ទាំង​ប៉ាឡេស្ទីន ហាម៉ាស សុទ្ធ​តែ​បាន​ព្រមាន​គ្នា​ទៅ​វិញ​ទៅ​មក ថា​ប្រសិន​បើ​ខាង​ណា​ហ៊ាន​វាយ​មុន នឹង​មាន​ការ​វាយ​បក​វិញ​ភ្លាម។

យ៉ាងណា​ក៏​ដោយ​ ក៏​ការ​ផ្អាក​បាញ់​គ្នា​លើក​នេះ មាន​រយៈ​ពេល​យូរ​បំផុត តាំង​ពី​ជម្លោះ​ប្រដាប់​អាវុធ​អ៊ីស្រាអែល​-ហាម៉ាស​បាន​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​ទី​៨​កក្កដា​២០១៤ និង​ក៏​មាន​លក្ខណៈ​ផុយ​ស្រួយ​​បំផុតដែរ។ មុន​បទឈប់​បាញ់​ចូល​ជា​ធរមាន ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សន្ធោសន្ធៅ មាន​បន្ត​រហូតដល់​នាទី​ចុង​ក្រោយ​ ពេញ​មួយ​យប់ និង​ដល់​ពេល​ព្រហាម​​​ថ្ងៃ​នេះ​តែ​ម្តង ខាង​អ៊ីស្រាអែល ស្លាប់​ទាហាន​៥​នាក់ ខាង​ប៉ាឡេស្ទីន​ ១៤​នាក់។

បទ​ឈប់បាញ់​ ចូល​ជាធរមាន​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង ស្នូរ​កាំភ្លើង​បាន​លាន់​ឡើង​ជា​ថ្មី ខាង​ប៉ាឡេស្ទីន​ចោទ​ថា​ គ្រាប់​ផ្លោង​អ៊ីស្រាអែល​បាន​សម្លាប់​មនុស្ស​អស់​ប្រមាណ​៤០​នាក់ តែ​ខាង​ប្រភព​អ៊ីស្រាអែល​​ថា​ទាហាន​ហាម៉ាស​និងក្រុមប្រដាប់​អាវុធ​ប៉ាឡេស្ទីន​ផ្សេង​ទៀត​ជា​អ្នក​ចាប់​ផ្តើម​មុន។

កិច្ចចរចា​ឈប់​បាញ់​យូរ​អង្វែង​នៅ​អេហ្ស៊ីប

 
ការ​ឈប់​បាញ់​បី​ថ្ងៃ​នេះ គឺ​គ្រាន់​តែ​ជា​ការ​ព្រមព្រៀង​បឋម​ប៉ុណ្ណោះ។ ប្រមុខ​ការទូត​អាមេរិក ក៏​បាន​ប្រកាស​រួច​ហើយ ថា​ការ​ផ្អាក​បាញ់​នេះ មិន​មែន​ជា​ដំណោះស្រាយ​ទេ តែ​ជា​ឱកាស​ល្អ ដែល​គួរ​ឆក់​ឱ្យ​បាន​ក្នុង​ការ​ផ្តើម​ចរចា​ឈប់​បាញ់ គ្មាន​នរណា​អាច​បង្ខំ​ភាគី​បក្សដិបក្ស​នេះ​បាន​ឡើយ។ ក្រុង​គែរ ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ប្រតិភូ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន នៅ​ថ្ងៃ​នេះ ដើម្បី​ចាប់​ផ្តើម​កិច្ចចរចា ក្រែង​បាន​សម្រេច​កិច្ចព្រម​ព្រៀង​ឈប់​បាញ់​មួយ​ យូរ​អង្វែង​ជាងពេល​នេះ។

សូម​បញ្ជាក់​ថា​កាលពី​មួយ​សប្តាហ៍​មុន ភាគី​ជម្លោះ​បាន​ច្រាន​ចោល​គំនិត​ផ្តួច​ផ្តើម​ឈប់​បាញ់​របស់​ប្រមុខ​ការទូត​អាមេរិក​។ ប៉ុន្តែ​មួយ​អាទិត្យ​ក្រោយ អ៊ីស្រាអែល​បាន​ព្រម​ទទួល​យក​សំណើ​​របស់​លោក​ចន ឃែរី និង​លោក បាន​ គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។ សំណើ​ឈប់​បាញ់ ដោយ​គ្មាន​លក្ខខណ្ឌ។ ក្រុមហាម៉ាស​​ក៏​មិន​ទាមទារ​​ឱ្យ​អ៊ីស្រាអែល​លើក​ការ​បិទ​ខ្ទប់​តំបន់​ហ្កាហ្សា​សិន មុន​នឹង​ទទួល​យក​បទ​ឈប់​បាញ់​ដែរ។

បើ​មើល​ត្រឹម​ចំណុច​ពីរ​នេះ គេ​អាច​សង្ឃឹម​រក​ឃើញ​កិច្ចព្រមព្រៀង​យូរ​អង្វែង​បាន។ ប៉ុន្តែ ជំហរ​របស់​ភាគី​ជម្លោះ​ទាំង​ពីរ​ ផ្ទុយ​ស្រឡះ​គ្នា​ទាំង​ស្រុង ជា​ហេតុ​ធ្វើ​ឱ្យ​គេ​ពិបាក​យល់ និង​មើល​មិន​យល់​ថា​តើ​ធ្វើ​ដូច​ម្តេច​អាច​រកកិច្ចព្រមព្រៀង​​បញ្ចប់​វិបត្តិ​បាន។ ខាង​ផ្ទៃក្នុង​រដ្ឋាភិបាល​អ៊ីស្រាអែលផ្ទាល់​ក៏​គ្មាន​ការព្រមព្រៀង​គ្នា។ ​បើ​តាម​កាសែត Maariv លោក​នាយក​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល មិន​ស្តី​រក​គ្នា​ តាំង​ពី​ប្រតិបត្តិការ​យោធា​ចាប់​ផ្តើម​មក។

ចំណែករបស់​សហគមន៍​អន្តរជាតិ

ជម្លោះដើម​បូព៌ា​នេះ គ្មាន​ថ្ងៃ​ដោះស្រាយ​ តាម​ផ្លូវ​យោធា​ទេ ! គឺ​មាន​តែ​តាម​ផ្លូវ​ការទូត និង​នយោបាយ។ សង្គ្រាម​នៅ​ហ្កាហ្សា​បាន​ផ្ទុះ​ឡើង​បួន​ដង​រួចមក​ហើយ​ ស្ទើរ​ជា​​រាល់​​​ពីរ​ឬ​បី​ឆ្នាំម្តង។ ជារៀង​រាល់​លើក​តែង​មាន​មហន្តរាយ​ធ្ងន់ធ្ងរ​ណាស់ មនុស្ស​ស្លាប់​រាប់​រយ​ -រាប់​ពាន់​នាក់ របួស​រាប់​មិន​អស់ ហ្កាហ្សា​គ្មាន​ទឹក​គ្មាន​ភ្លើង ... ការ​ចរចា​ម្តង​ជា​ពីរ​ដង បាន​ជួប​តែ​បរាជ័យ ! ការ​ចរចា​ត្រឹម​រកកិច្ចព្រមព្រៀង​ឈប់​បាញ់​ពិត​ជា​មិន​គ្រប់​គ្រាន់​ឡើយ គឺត្រូវ​ការ​ កិច្ចព្រមព្រៀង​សន្តិភាព។

អ្នក​វិភាគ​ជា​ច្រើន​យល់​ថា វិបត្តិ​អ៊ីស្រាអែល-ប៉ាឡេស្ទីន អូស​បន្លាយ ក៏​ព្រោះ​សហគមន៍​អន្តរជាតិ​ទាំង​មូល​ខ្វះ​ឆន្ទៈ និង​ភាព​មុះ​មុត​ដាច់​ខាត​ ក្នុង​ការ​ជំរុញ​ឱ្យ​ប្រជាជាតិ​ពីរ​នេះ​ទទួល​ស្គាល់​គ្នា​ និង​រស់​ក្បែរ​គ្នា។ មិន​ដឹង​ថា​តើ​ការ​ទទួល​ស្គាល់​ប៉ាឡេស្ទីន​ជា​រដ្ឋ​ឯករាជ្យមួយ​ពេញ​លេញ ជា​សមាជិក​ប្រទេស​ក្នុង​លោក​នឹង​គេឯង ពី​សំណាក់​អង្គការ​សហប្រជាជាតិ និង​ការ​ទទួល​ស្គាល់​វត្តមាន និង​រដ្ឋ​អ៊ីស្រាអែល ពី​សំណាក់​ប្រទេស​ក្នុង​ពិភពអ៊ីស្លាម​ អាច​ជា​ដំណោះ​ស្រាយ​នាំ​ដល់​សន្តិភាព​យូរ​អង្វែង​ឬ​យ៉ាងណា​ទេ ប៉ុន្តែ​មុន​នឹង​ឈាន​ដល់​ដំណាក់កាល​នោះ គេ​ត្រូវ​ការ​ពេល​វេលា និង​ការ​លះបង់​ច្រើន ពី​គ្រប់​ភាគី​ និង​ពី​សហគមន៍​អន្តរជាតិ​ទាំង​មូល​តែ​ម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ