អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជប៉ុន​ពង្រឹង​មូលដ្ឋាន​ទ័ព​នៅ​លើ​កោះ​ដែល​ស្ថិតនៅ​ក្បែរ​ចិន និងប្រជុំកោះ​សេនកាគូ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កងទ័ព​ជប៉ុន​បាន​ពង្រីក​វិស័យ​ការពារ​របស់ខ្លួន​កាន់​តែ​ខ្លាំង​នៅ​ចុងសប្តាហ៍នេះ។ បន្ទាប់ពី​សម្ពោធ​សាងសង់​ស្ថានីយ៍​រ៉ាដា​យោធា​ នៅលើ​កោះ​​យ៉ូណាហ្គូនី កាលពី​ថ្ងៃសៅរ៍ ក្រសួង​ការពារ​ជប៉ុន នៅថ្ងៃ​អាទិត្យ​នេះ​បាន​បញ្ជូន​យន្តហោះ​រ៉ាដា​ឲ្យ​ទៅ​ប្រចាំការ​នៅ​មូលដ្ឋានទ័ព នៅ​ទីក្រុង​ណាហា ដែល​ស្ថិតនៅក្នុង​កោះ​អូគីណាវ៉ា។ ជប៉ុន​កំពុង​ពង្រឹង​ទ័ព​របស់ខ្លួន បន្ទាប់​ពី​សង្កេត​ឃើញ​ចិន​បង្កើន​ថវិកា​យោធា និង​បញ្ជូន​កប៉ាល់​ទៅ​ក្បែរ​​ប្រជុំកោះ​សេនកាគូ ដែល​ប្រទេស​ទាំងពីរ​កំពុង​ឈ្លោះ​ដណ្តើមគ្នា។ កាលពី​ដើម​សប្តាហ៍នេះ ប្រធានាធិបតី​ចិន​បាន​បញ្ជា​ឲ្យ​កងទ័ព​ការពារជាតិ​ចិន​បង្កើន​សមត្ថភាព នៅផ្នែក​ដែនអាកាស និង​អវកាស។

យន្តហោះ​រ៉ាដា​របស់​ជប៉ុន
យន្តហោះ​រ៉ាដា​របស់​ជប៉ុន ©United States Navy
ផ្សាយពាណិជ្ជកម្ម

 

រដ្ឋមន្រ្តី​ជប៉ុន​បាន​ប្តេជ្ញា ​កាលពី​ថ្ងៃ​ម្សិលមិញថា រដ្ឋាភិបាល​ជប៉ុន​នឹង​ការពារ​​រាល់​បណ្តា​​​កោះ​របស់​ជប៉ុន បើទោះបី​ជា​កោះ​នោះ​ដាច់ស្រយាល​ក៏ដោយ។ តាម​រដ្ឋមន្រ្តីជប៉ុន បើអាច​ទៅរួច ទៅថ្ងៃ​មុខ ជប៉ុន​គ្រោង​នឹង​បង្កើន​វត្តមាន​ទ័ព​របស់ខ្លួន​ កាន់តែច្រើន នៅ​តាម​កោះ ដែល​ស្ថិតនៅ​ភាគនិរតី​ប្រទេស គឺ​ក្បែរ​ទៅរក​ទឹកដី​ចិន។ នៅក្នុង​យុទ្ធសាស្រ្ត​ពង្រឹង​ផ្នែក​ការពារ​របស់ខ្លួន ជប៉ុន​ផ្តោត ទៅលើ​ការដំឡើង​​ប្រព័ន្ធ​រ៉ាដា នៅ​លើ​កោះ ខិត​ទៅ​រក​ចិន ដើម្បី​តាមដាន​ត្រួតពិនិត្យ​​ចរាចរណ៍​ផ្លូវទឹក និង​ដែនអាកាស ​ដែល​ចិនពេលនេះ​ក៏​កំពុង​បង្កើន​​សមត្ថភាព និង​វត្តមាន​ទ័ព​របស់ខ្លួនដែរ។

កាលពី​ថ្ងៃ​សៅរ៍ រដ្ឋមន្រ្តី​ការពារ​ជប៉ុន​បាន​ទៅ​សម្ពោធ​សាងសង់​ស្ថានីយ៍ រ៉ាដា​យោធា នៅ​លើ​កោះ​យ៉ូណាហ្គូនី ដែល​ជា​ដី​កោះ​ដាច់ស្រយាល​ពី​ជប៉ុន ប៉ុន្តែ ស្ថិតនៅ​ក្បែរ​កោះ​តៃវ៉ាន់ និង​ស្ថិតនៅ​ប្រមាណ​តែ ១៥០​គីឡូម៉ែត្រ​ពី​ប្រជុំកោះ​សេនកាគូ ដែល​ជប៉ុន​កំពុង​​ឈ្លោះ ដណ្តើម​ជាមួយ​ចិន។ ពីពេលនេះ ដល់​ឆ្នាំ​២០១៦ ទាហាន​ជប៉ុន​ប្រមាណ​១៥០​នាក់​នឹង​ត្រូវ​បញ្ជូន​ឲ្យ​ទៅប្រចាំការ​នៅស្ថានីយ៍ រ៉ាដា លើ​កោះ យ៉ូណាហ្គូនី ដែល​រហូតមកដល់ពេលនេះ ត្រូវការពារ​ដោយ​ប៉ូលិស​តែពីរនាក់គត់។

តាម​អ្នកជំនាញផ្នែក​យោធា​ជប៉ុន ជប៉ុនកំពុង​ពង្រីក​ផ្នែកត្រួតពិនិត្យ​យោធា របស់ខ្លួន ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព នៅ​តំបន់​ដែល​ក្បែរ​ទៅរក​ទឹកដី​ចិន។ ប្រព័ន្ធ​រ៉ាដា​របស់​ជប៉ុន​នឹង​អាច​ចាប់​បាន​រាល់​សញ្ញា​ ទីតាំង​របស់​មីស៊ីល និង​រាល់​ចលនា​សកម្មភាព​របស់​កងទ័ព​ចិន។ នៅក្នុង​មួយ​ឆ្នាំ​ចុងក្រោយ នេះ គឺ​គ្មាន​សឹង​លោះថ្ងៃ ដែល​កប៉ាល់​ល្បាត​ជប៉ុន ឧស្សាហ៍​ជួប​ប្រទះ ឬ ដេញ​កប៉ាល់​យោធា​ចិន ដែល​បើក​ឆ្វែល​ចូល​បើក​ចូល​ទៅជិត​ប្រជុំ​កោះ សេនកាគូ​ដែល​ជប៉ុន​គ្រប់គ្រង និង​ទិញ​ជា​សម្បតិ្ត​របស់​ជាតិ​ជប៉ុន។

កាលពីថ្ងៃ​អាទិត្យ ក្រសួង​ការពារ​ជាតិ​ជប៉ុន​ទើប​​បញ្ជូន​យន្តហោះ​ប្រភេទ​តាមដាន​ត្រួតពិនិត្យ E 2C early waning plane ឲ្យ​ទៅ​ប្រចាំការ​ នៅ​លើ​មូលដ្ឋាន​ទ័ព​នៅ​ទីក្រុង​ណាហា ដែល​ស្ថិតនៅភាគខាងត្បូង កោះអូគីណាវ៉ា និង​ដែល​ស្ថិតទៅ​ក្បែរ​កោះ យ៉ូណាហ្គូនី។ អង្គភាព​យន្តហោះ​រ៉ាដា នឹង​ការពារ​ដីគោក ទឹក និង​អាកាស​របស់​ជប៉ុន។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋមន្រ្តីការពារ​ជាតិ​ជប៉ុន។

យន្តហោះ​ បួន​គ្រឿង​ដែល​ក្រសួង​ការពារ​ជប៉ុន​បញ្ជូន​ទៅ ថ្ងៃនេះ ទៅកាន់​ភាគខាងត្បូង​កោះ​អូគីណាវ៉ា ជា​ប្រភេទ​យន្តហោះ​រ៉ាដា ដែល​មាន​តួនាទី​ចាប់​យក​សញ្ញា​រាល់​វត្តមាន​យន្តហោះ ឬ​ការចរាចរណ៍ ​នៅលើ​ផ្លូវទឹក។ ជប៉ុន​បាន​ទិញ​​យន្តហោះ​ប្រភេទ​នេះ​ចំនួន​១៣​គ្រឿង​ពី​អាមេរិក និងដាក់​ឲ្យ​ប្រចាំការ នៅ​ភាគខាងជើង​ជប៉ុន គឺ​ក្បែរ​ទៅរក​ទឹកដីរុស្ស៊ី បន្ទាប់ពី ប្រព័ន្ធ​រ៉ាដា​លើ​ដី​របស់​ជប៉ុន​ ធ្លាប់​ធ្លោះធ្លោយ មិន​អាច​ចាប់​សញ្ញា​​របស់​យន្តហោះ​រុស្ស៊ី ក្នុង​ទសវត្សរ៍ ឆ្នាំ ១៩៧៦។

ក្នុង​មួយឆ្នាំ​ចុងក្រោយនេះ គឺ​គិត​រហូត​ដល់​ខែ​មីនា ជប៉ុន​បាន​បង្កើន​ការហោះហើរ​យន្តហោះ​ចម្បាំង​របស់ខ្លួនដល់​ទៅ ៤១៥​ដង គឺ​ច្រើន ជាង​កាលពី​ឆ្នាំមួយ​ឆ្នាំមុន ដែល​មាន​ត្រឹម​តែ​៣០៦​លើក​តែប៉ុណ្ណោះ។ ជប៉ុន​បាន​បង្កើន​យន្តហោះ​យោធា​ឲ្យ​ហោះឆ្វែល​នៅលើ​ដែនអាកាស ក៏ដោយសារ​តែ​ជប៉ុន​ចាប់​បាន​សញ្ញា​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​ចិន កាន់តែ​ញយដង នៅក្នុង​ដែន​អាកាស​របស់ជប៉ុន។ ម្យ៉ាងទៀត ជប៉ុន​ចាប់ផ្តើម​ត្រួតពិនិត្យ​តាមដាន​កាន់តែខ្លាំង ក្នុង​ដែនអាកាស​របស់ខ្លួន ចាប់តាំង​ពី​ចិនបាន​បង្កើត​តំបន់​ការពារ​ដែនអាកាស កាលពី​ខែ​វិច្ចិកា​ឆ្នាំមុន ដែល​ជប៉ុនបាន​ចោទ​ថា បាន​រំលោភ​លើ​ដែន​អាកាស​របស់​ជប៉ុន។

លោកអូបាម៉ា​ទៅ​ជប៉ុន នៅថ្ងៃ​ទី ២២​មេសា
សំណង់​ស្ថានីយ៍​រ៉ាដា យោធា​នៅលើ​កោះជប៉ុន ក្បែរ​ទៅរក​ចិន ធ្វើឡើង នៅ​បួនថ្ងៃ​មុន​ដំណើរទស្សនកិច្ច​របស់​លោកប្រធានាធិបតី​បារ៉ាក់អូបាម៉ា នៅ​ជប៉ុន។ ជាដំណើរ​ទស្សនកិច្ច​លើកទីមួយ របស់​ប្រធានាធិបតីអាមេរិក ក្នុង​ទឹកដី​ជប៉ុន ក្នុង​រយៈពេល​១៨​ឆ្នាំ​ចុង​ក្រោយ​នេះ។ ទស្សនកិច្ច​របស់​លោកអូបាម៉ា​នៅ​ជប៉ុន ធ្វើឡើង ដើម្បី​បញ្ជាក់​កាន់​តែច្បាស់ ពីការ​គាំទ្រ​របស់​អាមេរិក សម្រាប់​ជប៉ុន​ ដែល​ជា​សម្ព័ន្ធមិត្ត។ នៅក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ចុះក្រោយ​សង្រ្គាម​លោក​លើកទីពីរ អាមេរិក បាន​សន្យា​ជួយ​ការពារ​សន្តិសុខ​ដល់​ជប៉ុន ដោយ​ដាច់ខាត។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់ខ្លួននៅ​ ទីក្រុង​តូក្យូ កាលពី​ដើម​ខែនេះ រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក​បាន​និយាយ​ប្រាប់​ទៅ​សមភាគី​របស់លោក​ថា អាមេរិក​អាច​នឹង​បញ្ជូន​នាវាចម្បាំង​ពីរគ្រឿងបន្ថែមទៀត ប្រភេទ​នាវាពិឃាត ទៅ​ជប៉ុន។

ចិន​វិញ​បាន​បន្ថែម​ថវិកា​ការពារ​ជាតិ មិនឈប់។ លោកប្រធានាធិបតី​ចិន នៅ​ដើម​សប្តាហ៍​នេះ បាន​បញ្ជា​ឲ្យ​ក្រសួងការពារ​ជាតិ​ធ្វើការ​ពង្រឹង​សមត្ថភាព​បន្ថែម នៅ​ផ្នែក​ដែនអាកាស និង​អវកាស។ កប៉ាល់​ចម្បាំង​របស់ចិន​បាន​តម្រង់​រួចហើយ គ្រាប់មីស៊ីល​របស់ខ្លួន សំដៅ​នាវា​ពិឃាត​របស់​ជប៉ុន។

ជប៉ុន​ចាប់​បាន​សញ្ញា​យន្តហោះទម្លាក់គ្រាប់បែក​រុស្ស៊ី​នៅ​ក្បែរ​កោះ​អូគីណាវ៉ា
ក្រសួងការពារ​ជាតិ​ជប៉ុន​អះអាងថា គេ​ចាប់​បាន​សញ្ញា​យន្តហោះ​ទម្លាក់​គ្រាប់បែករបស់​រុស្ស៊ី ដែល​ហោះ​ជា​ច្រើន​ដង​ចូល​មកជិត​ដីកោះ​របស់​ជប៉ុន។ តាម​ក្រសួងការពារ​ជាតិ​ជប៉ុន វា​ជារឿង​មិនធម្មតា ដែល​យន្តហោះ​ទម្លាក់គ្រាប់បែក​របស់​រុស្ស៊ី ដល់ទៅ​៦គ្រឿង បាន​ហោះ​ទៅ​ឆ្វែល​ក្បែរ​កោះ​អូគីណាវ៉ា ដែល​ស្ថិតនៅ​ភាគខាងត្បូង​ជប៉ុន។ វត្តមាន​យន្តហោះ​ទម្លាក់គ្រាប់បែក​រុស្ស៊ី​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក មិន​ដែល​ធ្លាប់មាន​ទេ នោះបើ​ទោះបីនៅក្នុង​សម័យ​សង្រ្គាម​ត្រជាក់ក៏ដោយ។

កាលពី​ថ្ងៃ​សុក្រ ទី ១៨​មេសា ក្រសួងការពារ​ជាតិរុស្ស៊ី​បាន​ប្រកាសថា ពីពេលនេះ ដល់​ឆ្នាំ ២០១៦ រុស្ស៊ីនឹង​បំពាក់​សព្វាវុធ​ដល់​ប្រជុំកោះ គូរីល ដែល​រុស្ស៊ី​បាន​ចងភ្ជាប់​ទៅក្នុង​ទឹកដី​របស់ខ្លួន នៅក្រោយ​ជប៉ុន​ចាញ់​សង្រ្គាម​លោក​លើកទីពីរ។ ជប៉ុន​បាន​ទាមទារ​ដីកោះ​បួន​ពី​រុស្ស៊ី ប៉ុន្តែ រុស្ស៊ី​បដិសេធដោយសារតែ​ប្រជុំកោះ​នោះសម្បូរ​ធនធានរ៉ែ​ក្រោមដី។

សម្រាប់ទីក្រុង​ម៉ូស្គូ កោះ​ទាំង​៣០​នៅ​ក្នុង​ប្រជុំកោះ ជា​កោះយុទ្ធសាស្រ្ត​របស់​រុស្ស៊ី។ នៅ​ក្នុង​មួយ​សប្តាហ៍​ចុងក្រោយនេះ យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​ឧស្សាហ៍​ហោះ​ចូល​ទៅក្នុង​តំបន់​ការពារ​ដែនអាកាស​របស់ជប៉ុន។

រុស្ស៊ី​ប្រកាស​បំពាក់​អាវុធ​នៅលើ​ប្រជុំកោះ​គូរីល ដែល​រុស្ស៊ី​ឈ្លោះ​ទាមទារ​ជាមួយ​ជប៉ុន ព្រោះ​រុស្ស៊ី​ចង់​ដាក់​ទណ្ឌកម្ម​ជប៉ុន ដែល​ស្ថិតនៅ​ខាងភាគី​អាមេរិក ក្នុង​រឿង​វិបត្តិ​អ៊ុយក្រែន។ នៅមុន​វិបត្តិ​អ៊ុយក្រែន ជប៉ុន​ធ្លាប់​បាន​ខិត​ទៅរក​រុស្ស៊ី ដើម្បី​រក​ទិញ​ហ្គាស និង​ប្រេង​ពី​រុស្ស៊ី​មក​ផ្គត់ផ្គង់​តម្រូវការក្នុងស្រុក បន្ទាប់ពី​រោងចក្រ​អគ្គិសនី ដើរ​ដោយ​នុយក្លេអ៊ែរ​ត្រូវ​បិទ និង​ខូចខាតដោយសារ​រលកយក្ស​ស៊ូណាមី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ