អានតួអត្ថបទ
ជប៉ុន

ជប៉ុន​​ចង់​​បង្កើត​​​ក្រុមពិសេស​​មួយ​​​​​ការពារ​​ប្រជុំ​កោះ​ជម្លោះ​​​

យោងតាម​សារព័ត៌មាន​បារាំង AFP ចុះផ្សាយ​ថ្ងៃ​សុក្រ​​​នេះ ​ក្រសួងការពារ​ជាតិ​​ជប៉ុន​​​ ​​បាន​ទាមទារ​អោយ​មាន​ការ​បង្កើន​ថវិកា​ជាតិ ដើម្បីជួយ​ឧបត្ថម្ភ​ដល់​ការ​​បង្កើត​កងការពារ​ពិសេស​មួយក្រុម ទទួល​ភារកិច្ច​ការពារ​ប្រជុំកោះជាប់​ជម្លោះ​ជាមួយ​ចិន។ ទឹកប្រាក់​ដែល​ទាមទារ​មាន​ប្រមាណ​ជា​​​ ៣៧ពាន់លាន​អឺរ៉ូ។ បើគិត​ទៅ​ ទឹកប្រាក់​នេះ មាន​ការកើនឡើង​៣ភាគរយ ប្រៀប​ធៀប​ទៅ​នឹង​ថវិកា​ដើម​ ដែល​បាន​កំណត់​ទុក​មកហើយ​ សំរាប់​​​ឆ្នាំ​២០១៣នេះ។ ហើយ​គិត​២០​ឆ្នាំ​មកនេះ ថវិកា​នេះ​ជាថវិកា​មាន​កម្រិត​ខ្ពស់​បំផុត​។

កងការពារ​ប្រជុំកោះ​នេះ ត្រូវការពារ​ចាប់​ពី​កោះអូគីណាវ៉ា រហូត​ដល់​ជិតតៃវ៉ាន់ ហើយ​ក្នុងនោះ​ក៏មាន​ប្រជុំកោះជម្លោះ​​សេនកាគូផងដែរ។
កងការពារ​ប្រជុំកោះ​នេះ ត្រូវការពារ​ចាប់​ពី​កោះអូគីណាវ៉ា រហូត​ដល់​ជិតតៃវ៉ាន់ ហើយ​ក្នុងនោះ​ក៏មាន​ប្រជុំកោះជម្លោះ​​សេនកាគូផងដែរ។ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

មួយភាគ​នៃ​ថវិកាជាតិ​ដែល​ក្រសួងការពារជាតិ​ជប៉ុន​បានស្នើ​ទាមទារ​ទៅ​រដ្ឋាភិបាល​នេះ មាន​ទិសដៅ​​ជួយឧបត្ថម្ភ​​​ដល់ការ​​បង្កើត​​​ក្រុមការពារ​ប្រជុំកោះ​ជាប់​ជម្លោះ​ជាមួយ​ចិន។ យោងតាម​សារព័ត៌មាន​បារាំង​ AFP ចុះផ្សាយ​នៅថ្ងៃ​សុក្រ​ទី​៣០​សីហា​នេះ  ក្រសួង​ការពារ​ជាតិ​​ជប៉ុន​ចង់​អោយ​រដ្ឋាភិបាល​ផ្តល់​​ជា​ថវិកា​​ប្រមាណ​ជា​៤​៨០០ ពាន់លាន​យេន ត្រូវ​នឹង​៣៧ពាន់លាន​អឺរ៉ូ សំរាប់​​ការ​ហ្វឹកហ្វឺនរបស់​ក្រុមការពារ​ សំរាប់​​​​ឆ្នាំ​២០០១៣-២០០១៤ នេះ។ គិតជា​ភាគរយ កម្រិត​ថវិកា​ដែលទាមទារ​នេះ មាន​ការ​កើនឡើង​៣ភាគរយ ​ប្រៀប​​​នឹង​ថវិកា​ដែល​ធ្លាប់​កំនត់​ទុក​រួចហើយ សំរាប់​​​ឆ្នាំ​២០១៣នេះ។

មន្ត្រី​ជាន់ខ្ពស់​ក្រសួងការពារ​ជាតិ​ លើក​ហេតុ​ផលថា ត្រូវការ​ថវិកា​បន្ថែម​ទៀត ដើម្បី​បង្កើត​ក្រុមការពារ​ថ្មី​មួយ ប្រដាប់​ដោយ​​យានជំនិះដែល​អាច​ធ្វើសកម្មភាព​បាន​ទាំង​ជើងគោក និង​ជើងទឹក​។ ក្រសួងការពារជាតិ​ចង់​អោយក្រុមការពារ​នេះ​ ​មាន​លក្ខណៈ​ដូច​ជា​ក្រុម​ទាហាន​​ជើងទឹក​អាមេរិក ដូច្នោះដែរ។ ក្រុមការពារ​ប្រជុំកោះជម្លោះនេះ មានកាតព្វកិច្ច​​​ការពារ​​កោះនានា នៅ​ភាគនិរតី​ប្រទេស។ ចង្កោមកោះ​ទាំងនោះ​មានចាប់ពី​កោះ​អូគីណាវ៉ា នៅចុងភាគ​ខាងត្បូងជប៉ុន រហូត​ជិត​ដល់​តៃវ៉ាន់ ​តាម​ព្រំដែន​សមុទ្រ​ចិន​ខាងកើត​ និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ក្នុង​ចំណោម​កោះទាំងនេះ ក៏​មាន​ប្រជុំកោះ​សេនកាគូ ដែល​ជាកោះ​ជម្លោះ​រវាង​ជប៉ុន និង​ចិន ព្រមទាំង​តៃវ៉ាន់​ផងដែរ។

ទោះ​យ៉ាងនេះក្តី សំណើ​សុំថវិកា​បន្ថែម​របស់​ក្រសួងការពារជាតិ​ជប៉ុន ប្រហែល​អាច​ត្រូវ​រដ្ឋាភិបា​ល​អភិរក្សនិយម​​របស់​នាយករដ្ឋមន្ត្រី ស៊ីនសូ​ អាបេ បដិសេធ​ រឺ​ក៏​ទទួល​យកត្រឹម​តែខ្លឹមសារ​​​​​មួយ​ចំណែក​នៃសំណើ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ