អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​-កូរ៉េ​ ច្រឡោតខ្លាំង​ ពេល​​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ទៅ​វិហារ​យ៉ាស៊ូគូនី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភាព​តាន​តឹង​រវាង​ចិន​និង​ជប៉ុន បាន​ផុង​ចូល​ដល់​វគ្គ​ថ្មី​មួយ​ទៀត ដោយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ តាំង​ពី​ព្រលឹម លោក ស៊ីនហ្សូ អាបេ បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ នៅ​វិហារ​ យ៉ាស៊ូគូនី ទីសក្ការៈ​សម្រាប់​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​បណ្តាជន​ជប៉ុន​ពលី​ឬ​បូជា​ជីវិត​ដើម្បី​ជាតិ។ ប៉ុន្តែ​សម្រាប់ ចិន និង​កូរ៉េខាង​ត្បូង ប្រទេស​ជិត​ខាង​ពីរ​ដែល​ធ្លាប់​រង​ការ​ត្រួតត្រា​ឈ្លានពាន​​របស់​ជប៉ុន​ វិហារ​នេះ​ជា​តំណាង​អំពើ​ឈ្លានពាន​វាតទី​និយម​​ជប៉ុន​ដ៏​ឃោរឃៅ​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទីពីរ។ « មិន​អាច​ទទួល​បាន​ដាត់​ខាត » នេះ​ជា​ប្រតិកម្ម​របស់​ចិន ! ជា​ « ទស្សនកិច្ច​ខុស​សម័យកាល » សម្រាប់​កូរ៉េ។ លើក​នេះ​ សូម្បី​តែ​សហរដ្ឋ​អាមេរិក​ក៏​បាន​សម្តែង​ការ​ខក​ចិត្ត​ចំពោះ​ទង្វើ​​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ដែរ។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក Shinzo Abe (កណ្តាល) នៅ​វិហារ​យ៉ាស៊ូគូនី ថ្ងៃ​ទី​២៦​ធ្នូ ២០១៣
នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក Shinzo Abe (កណ្តាល) នៅ​វិហារ​យ៉ាស៊ូគូនី ថ្ងៃ​ទី​២៦​ធ្នូ ២០១៣ REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​នេះ​ជា​ថ្ងៃ​ខួប​មួយ​ឆ្នាំ​គត់​ដែល​លោក ស៊ីនហ្សូអាបេ ​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន។ តាំង​ពី​បាន​ទទួល​នាទី​​ ប្រមុខ​រដ្ឋាភិបាល​ជា​ថ្មី​មក លោក អាបេ មិន​ខ្លាចនឹង​បញ្ចេញ​កាយវិការ​ ណា​ដែល​បង្ហាញ​ពី​លក្ខណៈ​​​ជាតិ​និយមឡើយ ហើយ​ឥលូវ​នេះ​បាន​អញ្ជើញ​ទៅ​វិហារ​យ៉ាស៊ូគូនី​ទៀត បើ​ទោះ​បី​ជា​​ដឹង​ថា​នឹង​មាន​ប្រតិកម្ម​យ៉ាង​ពុះ​កញ្ជ្រោល​ពី​សំណាក់​ប្រទេស​ជិត​ខាង និង​រុញ​ច្រាន​ទំនាក់ទំនង​ឱ្យ​កាន់​តែ​តាន​តឹង​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។

លោក​ជា​នាយក​រដ្ឋមន្ត្រីជប៉ុន​ទី​មួយ​ គិត​ចាប់ពី​ថ្ងៃទី ១៥​សីហា ឆ្នាំ​២០០៦​ ដែល​បាន​អញ្ជើញ​ទៅ​កាន់​វិហារ​ដ៏​ចម្រូង​ចម្រាសនេះ។

ការ​អញ្ជើញ​ទៅ​ ក្នុង​ថ្ងៃ​ខួប​មួយ​ឆ្នាំ​នៃ​ការ​ឡើង​កាន់​អំណាច​ ក្នុង​ខណៈ​ដែល​ទំនាក់ទំនង​ចិន​ជប៉ុន កំពុង​ធ្លាក់​ចុះ​ដុន​ដាប​ខ្លាំង ដោយ​ជម្លោះ​ដណ្តើម​ប្រជុំ​កោះ រហូត​ដល់​មាន​ការ​បញ្ជួន​នាវា​ យន្តហោះ​ល្បាត​ ចូល​ដែន​អាកាស​គ្នា​ផង​ដូច្នេះ ក៏​ព្រោះ​តែ​លោក ស៊ីនហ្សូ​អាបេ ចង់​បង្ហាញ​ពី​ខ្សែ​បន្ទាត់​នយោបាយ ថា​ជា​អ្នក​ស្តាំ​ជាតិ​និយមពិតៗ។ អ្នក​ជាតិ​និយម​ដែល​មាន​គ្នា​តិច​មែន ប៉ុន្តែ​មានកម្លាំង​ឥទ្ធិពល​ក្នុង​សម្ព័ន្ធ​ភាព​រដ្ឋាភិបាល​ ដែល​ចេះ​និយាយ​ច្បាស់ៗ​ថា "ទេ » ជាមួយ​ចិន។​ ថា​កុំ​ឱ្យ​លេង​ជ្រុល​ជាមួយ​ជប៉ុន។

សម្រាប់​លោក​ស៊ីនហ្សូ​អាបេ ចិន​ធ្វើ​ហួសហេតុ​ពេក​ហើយ​សព្វថ្ងៃ​នេះ ! បញ្ជូន​នាវា​​ចម្បាំង​ ស្ទើរ​រាល់​ថ្ងៃ​ទៅ​ក្រវែល​ប្រជុំ​កោះ​សេនកាគូ ដែល​ស្ថិត​ក្រោម​រដ្ឋបាល​ជប៉ុន​ តែ​ចិន​នៅ​តែ​ទាមទារ​ថា​ជា​របស់​ខ្លួន។ បន្ទាប់​មក​ចិន​ បាន​ប្រកាស​បង្កើត​តំបន់​ដែន​អាកាស​ហាមឃាត់ ជា​ឯកតោ​ភាគី ដោយ​រាប់​ទាំង​ដែន​អាកាស​ជប៉ុន មួយ​ចំណែក និង​ដែន​អាកាស​លើ​ប្រជុំ​កោះ​សេនកាគូ​ទៀត។ ចំពោះ​​ស្ថានការណ៍​បែប​នេះ ក្នុង​សមុទ្ទ ឬ​លើ​អាកាស គ្រោះ​ប៉ះទង្គិច​គ្នា​រវាង​នាវា​ឬ​យន្តហោះ​ ​ចិន និងជប៉ុន អាច​កើត​ឡើង​បាន​គ្រប់​ពេលវេលា​។ ហេតុ​ដូច្នេះ​ហើយ​បានជា​ លោក​ស៊ីនហ្សូ អាបេ សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយតប​វិញ ដើម្បី​បិទ​បញ្ចប់​ការ​សម្លុត​របស់​ចិន។

វិហារ​យ៉ាស៊ូគូនី ទីសក្ការៈ​របស់​បណ្តាជន​ តែ​ចម្រូង​ចម្រាស​ផ្នែក​នយោបាយ

​​វិហារយ៉ាស៊ូគូនី​ គឺ​ជា​ទីសក្ការៈ​ដ៏សំខាន់​មួយ​ ដែល​ត្រូវ​បាន​សាងសង់​ឡើង កាលពី​ឆ្នាំ​១៨៦៩ ដោយ​អធិរាជ​ម៉ីជី ដើម្បី​ទុក​ជា​ទីកន្លែង​រំឭក​ដល់​បណ្តាជន​ជប៉ុន​ទាំងឡាយណា ដែល​បាន​បូជា​ជីវិត​​ដើម្បី​ជាតិ ពោល​គឺ​មាន​​​កត់ត្រា​ឈ្មោះ​មនុស្ស​ប្រមាណ​ជា​ជិត ២,៥​លាន​នាក់ ដែល​បាន​បាត់បង់​ជីវិត​ក្នុង​សង្រ្គាម ចាប់តាំង​ពី​ឆ្នាំ​១៨៦៧ រហូតដល់​ចុងសង្រ្គាម​លោក​លើកទី២ នៅ​ឆ្នាំ​១៩៤៥ ប៉ុន្តែ​ក្នុងនោះ ក៏មាន​កត់ត្រា​ផងដែរ​នូវ​ឈ្មោះ អតីត​មន្រ្តីជាន់ខ្ពស់​​ជប៉ុន​ចំនួន ១៤រូប ដែល​ត្រូវ​បាន​តុលាការ​អន្តរជាតិ​​ក្រុងតូក្យូ​កាត់​ឲ្យ​ជាប់ទោស​ពី​ បទឧក្រិដ្ឋកម្ម​សង្រ្គាម ប្រព្រឹត្ត​ក្នុង​អំឡុង​សង្រ្គាម​លោក​លើកទី២។

ចិន កូរ៉េ​ខាង​ត្បូង និង​កូរ៉េ​ខាងជើង តែង​តែ​ផ្ទុះកំហឹង នៅពេល​ឃើញ​មាន​ថ្នាក់​ដឹក​នាំ​ជប៉ុន ទៅគោរព​វិញ្ញាណក្ខន្ធ​ នៅទី​នោះ  សម្រាប់​ប្រទេស​ជិតដែល​ធ្លាប់​រង​អាណានិគម ជប៉ុន (ពី​ឆ្នាំ​១៩១០ ដល់ ១៩៤៥ សម្រាប់​កូរ៉េ និង​ពី​ឆ្នាំ​១៩៣១​ដល់​៤៥ សម្រាប់​ចិន) វិហារ​យ៉ាស៊ូគូនី គឺ​ជា​និមិត្តរូប​នៃ​អំពើ​ឈ្លានពាន​របស់​ជប៉ុន ក្នុង​សម័យសង្រ្គាម ដូច្នេះ​ការណ៍ដែល​មន្រ្តី​ជប៉ុន​នាំគ្នា​ទៅ​បួងសួង​នៅ​វិហារ​យ៉ាស៊ូគូនី​នេះ គឺ​មានន័យ​ស្មើ​នឹង​ការ​ផ្តល់​កិត្តិយស​ដល់​ឧក្រិដ្ឋជន​សង្រ្គាម និង​ជា​ការមិន​ទទួលស្គាល់​អំពើ​ឃោរឃៅ​របស់​ខ្លួន នៅ​អាស៊ី កាល​ពីអតីតកាល។

​សម្រាប់​លោក​ ស៊ីនហ្សូ​ អាបេ ការ​ចចេស​ធ្វើ​ដំណើរ​ចូល​វិហារ​យ៉ាស៊ូគូនី នៅ​ព្រឹកមិញ​នេះ​ត្រូវ​បាន​ពន្យល់​ថា ដើម្បី​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​​លោក មិនចង់​ឃើញ​នរណា​ឈឺចាប់​ព្រោះ​សង្គ្រាម​ជា​ថ្មី​ទៀត គ្មាន​ឡើយបំណង​​ចង់​គាស់​កកាយ​បញ្ជឺ​ចិន​និងកូរ៉េខាង​ត្បូង​។
 
​អាមេរិក ​ខក​ចិត្ត​ខ្លាំង​ ​

ពិតណាស់ ! ចិន​និង​កូរ៉េខាង​ត្បូង​មិន​អាច​ទទួយ​យក​ហេតុ​ផល​របស់​លោក អាបេ និង​មិន​អាច​ទប់​កំហឹង​​បាន​ឡើយ ! ចិន តាមរយៈ​ក្រសួង​ការបរទេស​ បាន​ព្រមាន​ជប៉ុន​អំពី​ផលវិបាក​ បង្ក​ឡើង​ដោយ​ទង្វើ​របស់​នាយក​រដ្ឋមន្ត្រី​។ ព្រោះ​ដូច​យើង​បាន​ដឹង​ហើយ ថា​ប្រទេស​ពីរ​នេះ​កំពុង​តាន​តឹង​ដាក់​គ្នា​ខ្លាំង​ស្រាប់​ផង ក្នុង​រយៈ​ពេល​ចុងក្រោយនេះ​។ ចំពោះ​កូរ៉េខាង​ត្បូង​វិញ បាន​ចាត់​ទុក​ទស្សនកិច្ច​នេះ​ថា​ជា « ទង្វើ​ខុស​កាល »។ លើស​ពី​នេះ​ទៅ​ទៀត សូម្បី​តែ​សហរដ្ឋ​អាមេរិក ជា​សម្ព័ន្ធ​មិត្ត ធ្លាប់​គាំទ្រ​ជប៉ុន​កន្លង​មក ក៏​បាន​សម្តែងការ​ខក​ចិត្ត​​ខ្លាំង​ដែរ​ នៅ​ពេល​ឃើញ​លោក​អាបេ ទៅ​វិហារ​ដ៏​ចម្រូង​ចម្រាសនេះ ព្រោះ​មិន​ចង់​ឃើញ​មាន​សម្ពាធ​ក្នុង​តំបន់​ទេ។ អាមេរិក ធ្លាប់​ទទូច​ដដែល​ឱ្យ​ជប៉ុន​បញ្ចៀស​កុំ​បង្ក​ភាព​តានតឹង​ជាមួយ​ចិន​និងកូរ៉េ។

ប្រមុខ​​ការទូត​​អាមេរិក​ធ្លាប់​បានទាំង​​ណែនាំ​ ដោយ​ប្រយោល ឱ្យ​រដ្ឋាភិបាល​ជប៉ុន​ឱ្យ​ចេះ​គោរព​វិញ្ញាណក្ខន្ធ​ទាហាន​ពលី​ជីវិត​ក្នុង​សង្គ្រាម​ដើម្បី​ប្រទេស​ជាតិ ដោយ​អញ្ជើញ​ទៅ​វិមាន​សព​ជាតិ មិន​មែន​វិហារ​យ៉ាស៊ូគូនី។ ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង សុទ្ធ​តែ​ជា​សម្ព័ន្ធ​មិត្ត​​អាមេរិក​ទាំង​អស់​គ្នា ប៉ុន្តែ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​ល្អក់កករ​ខ្លាំង ដោយ​ជម្លោះ​ដែនដី ដូច​ជា​មួយ​ចិន​ដែរ រហូតដល់​ថ្នាក់​ត្រូវ​លុប​ជំនួប​ទ្វេ​ភាគី​ជប៉ុន​កូរ៉េ​ផង កាលពី​ខែ​វិច្ឆិកា។

អាមេរិក​ពិត​ជា​មិន​ចង់​ធ្វើ​អាជ្ញាកណ្តាល​ឱ្យ​មិត្ត​ទេ។ ជប៉ុន​ត្រូវ​ការ​គោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ក្នុង​សង្គ្រាម​ជាង​២​លាន​នាក់​កន្លះ ប៉ុន្តែ​១៤​នាក់​ជា​ឧក្រិដ្ឋជន​សង្គ្រាម​ ដែល​តំណាង​ឱ្យ​ការ​សាបព្រោះ​​​សោកនាដកម្ម​នៅ​ចិន​និង​នៅ​កូរ៉េ ព្រមទាំង​បណ្តា​ជន​អាស៊ី​ផ្សេងទៀត។ ដោយ​មូលហេតុ​មនោគម ចិត្តសាស្រ្ត​ សាសនា​ វប្បធម៌​ប្រពែណី ឬ​ច្បាប់​ គេ​មិន​អាច​លើក​គាស់​ឈ្មោះ​១៤​នាក់នោះ​ចេញ តែ​អ្វី​ដែល​ប្រាកដ​គឺ​​អាជ្ញាធរ​នយោបាយ​មិន​អាច​បង្ខំ​វិហារ​ឯកជន​ឱ្យ​ធ្វើ​តាម​ទិសដៅ​នយោបាយ​ឡើយ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ