អានតួអត្ថបទ
ថៃ

រដ្ឋាភិបាល​ក្រុងបាងកក​ចង់​បង្កើត​ឲ្យ​មាន​ឡើងវិញ​នូវ​កាតព្វកិច្ច​ប៉ូលិស

នៅ​ក្នុង​ប្រទេស​ថៃ រដ្ឋាភិបាល​កំពុង​សិក្សា​ពី​ការ​បង្កើត​ឲ្យ​មាន​ឡើង​វិញ​នូវ​កាតព្វកិច្ច​ប៉ូលិស​សម្រាប់​ស្ថាប័ន​ប៉ូលិស។ ស្ថាប័ន​ប៉ូលិស​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ស្ថាប័ន​មួយ​មាន​ទំនោរ​ខ្លំាង​ទៅ​រក​លោក​អតីត​នាយករដ្ឋមន្រ្តី​ថៃ​ថាក់ស៊ីន​ធ្លាក់​ពី​អំណាច​ដោយ​រដ្ឋប្រហារ​យោធា​កាល​ពី​ឆ្នំា ២០០៦។ ដោយឡែក​នៅ​ថ្ងៃ​ចន្ទ ទី៣ វិច្ឆិកា លោក​នាយករដ្ឋមន្រ្តី ឧត្តមសេនីយ​ប្រាយុទ្ធ ចាន់អូចា​បាន​ព្រមាន​មធ្យោបាយ​ឃោសនា​មហាជន​ក្នុង​ស្រុក​កុំ​សូវ​សរសេរ​ព័ត៌មាន​ណា​ដែល​និយាយ​ច្រើន​ពី​លោក​ថាក់ស៊ីន។

នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា
នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា © Reuters
ផ្សាយពាណិជ្ជកម្ម

អ្នកនំាពាក្យ​របស់​ស្ថាប័ន​ប៉ូលិស​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ជា​គោលការណ៍ លោក​នាយករដ្ឋមន្រ្តី ឧត្តមសេនីយ​ប្រាយុទ្ធ ចាន់អូចា​បាន​យល់ព្រម​ដាក់​ឲ្យ​មាន​ឡើង​វិញ​នូវ​កាតព្វកិច្ច​ប៉ូលិស​ដូច​ជា​កាតព្វកិច្ច​យោធា​សម្រាប់​យុវជន​ថៃ​រាប់ពាន់​នាក់​ដែល​មាន​អាយុ​ចាប់​ពី ២១ឆ្នំា។ ចំណែក​ឧត្តមសេនីយឯក​ប្រាវុធ ថាវនស៊ីរី​បាន​បញ្ជាក់​ពី​កង្វះ​មន្រ្តី​ប៉ូលិស​នៅ​ក្នុង​ប្រទេស​មួយ​ដែល​កំពុង​មាន​កម្លំាង​ប៉ូលិស​ចំនួន ២៣ម៉ឺននាក់។ បើ​ផែនការ​ថ្មី​នេះ​ចូល​ជា​ធរមាន យុវជន​ដែល​ជាប់​កាតព្វកិច្ច​ប៉ូលិស​នឹង​ទទួល​បាន​ប្រាក់​ខែ​ប្រមាណ​ជា​ ២០០អឺរ៉ូ​ក្នុង​មួយ​ខែ។ គួរ​រម្លឹក​ជូន​ថា អស់​រយៈពេល​ប្រមាណ​ជា ១០ឆ្នំា​មក​ហើយ​ដែល​ថៃ​បាន​បិទបញ្ចប់​កាតព្វកិច្ច​ប៉ូលិស។ ការ​ប្រកាស​ពី​បំណង​ចង់​បញ្ចូល​កាតព្វកិច្ច​ប៉ូលិស​នៅ​ក្នុង​ស្ថាប័ន​ប៉ូលិស​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​របបសឹក​បាន​ធ្វើ​ការ​ជម្រុះ​មន្រ្តីស៊ីវិល និង​ប៉ូលិស​ណា​ដែល​ជិតស្និទ្ធ​នឹង​លោក​អតីត​នាយករដ្ឋមន្រ្តី​ថាក់ស៊ីន។ ចូរ​កុំ​ភ្លេច​ថា មុន​នឹង​ក្លាយ​ជា​មហាសេដ្ឋី និង​នាយករដ្ឋមន្រ្តី​ដ៏​មាន​ប្រជាប្រិយភាព​ខ្លំាង​នៅ​ក្នុង​ចំណោម​ប្រជារាស្រ្តថៃ​ទូទៅ លោក​ថាក់ស៊ីន​ក៏​ជា​មន្រ្តី​ប៉ូលិស​ម្នាក់​ដែរ។

នៅ​ក្នុង​ប្រទេស​ថៃ ប្រជារាស្រ្ត​មិន​សូវ​ឲ្យ​តម្លៃ​ស្ថាប័ន​ប៉ូលិស​ដូច​ស្ថាប័ន​យោធា​ទេ ព្រោះ​សម្រាប់​ពួក​គេ ស្ថាប័ន​ប៉ូលិស​ជា​និមិត្តរូប​នៃ​អំពើ​ពុករលួយ និង​ការ​ស៊ីសំណូកសូកប៉ាន់។ ថ្មីៗ​នេះ ស្ថាប័ន​ប៉ូលិស​បាន​ទទួល​រង​ការរិះគន់​ទិតៀន​ខ្លំាង​នៅ​ក្នុង​រឿង​ស៊ើបអង្កេត​ជុំវិញ​ការ​ស្លាប់​អ្នកទេសចរណ៍​ជនជាតិ​អង់គ្លេស​ពីរ​នាក់​នៅ​ប៉ែកខាងត្បូង​ប្រទេស។ មួយ​វិញ​ទៀត ស្ថាប័ន​ប៉ូលិស​ត្រូវ​បាន​ស្ថាប័ន​យោធា​ចាត់​ទុក​ជា​ដែនអំណាច​ការពារ គំាទ្រ​លោក​ថាក់ស៊ីន។ តែ​លោក​មេប៉ូលិស​ថ្មី​ដែល​ស្និទ​នឹង​របបសឹក​បាន​ចេញ​មុខ​ប្តេជ្ញា​កំចាត់​អំពើ​ពុករលួយ​នៅ​គ្រប់​ជាន់ថ្នាក់។ ទន្ទឹម​គ្នា​នេះ លោក​នាយករដ្ឋមន្រ្តី ឧត្តមសេនីយ​ប្រាយុទ្ធ ចាន់អូចា​បាន​ព្រមាន​មធ្យោបាយ​ឃោសនា​មហាជន​ក្នុង​ស្រុក​កុំ​សូវ​សរសេរ​ព័ត៌មាន​ណា​ដែល​និយាយ​ច្រើន​ពី​លោក​ថាក់ស៊ីន។ « កុំ​ផ្តល់​ព័ត៌មាន​ណា​ដែល​ទាក់ទង​នឹង​លោក​ថាក់ស៊ីន ព្រោះ​គ្រប់​គ្នា​បាន​ដឹង​រួច​ហើយ​ថា គាត់​បាន​រំលោភ​ច្បាប់ ដោយ​បាន​រត់​គេច​ពី​សំណាញ់​តុលាការ » នេះ​ជា​ការ​លើក​ឡើក​របស់​លោក​ចាន់អូចា។ គួរ​ជម្រាប​ជូន​ថា របបសឹក​កំពុង​ធ្វើ​អ្វីៗ​គ្រប់បែប​យ៉ាង​ដើម្បី​កាច់បំបាក់​គ្រួសារ​ត្រកូល​ថាក់ស៊ីន ពិសេស​ការ​វិលត្រឡប់​ចូល​ឆាក​នយោបាយ​របស់​លោក​ថាក់ស៊ីន​តែ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ