អានតួអត្ថបទ
អាមេរិក-ដើមបូព៌ា​

ប្រមុខ​ការទូត​អាមេរិក​ចន ឃែររី​ ចុះទៅ​ដើមបូព៌ា​ជាថ្មី​ មុន​បន្ត​ទៅ​អាស៊ី​អាគ្នេយ៍​

នៅល្ងាច​ថ្ងៃពុធ​​​ម្សិលមិញ ប្រមុខការទូត​អាមេរិក​ចន ឃែររី បាន​ចេញដំណើរ​ទៅទស្សនកិច្ច​នៅ​​ដើមបូព៌ា​សា​ជាថ្មីម្តងទៀត​ មុន​បន្តដំណើរ​​ទៅ​វៀតណាម និង​ហ្វីលីពីន។​ នៅដើមបូព៌ា លោក​ចន ឃែររី មានបេសកកម្ម​ធ្វើយ៉ាងណា ដើម្បី​អោយ​ដំណើរការ​ចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន បាន​​លូតលាស់​ទៅមុខ។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក John Kerry
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក John Kerry
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក ​ចន ឃែររី នៅ​អ៊ីស្រាអែល និង​តំបន់​ស៊ីហ្ស៊កដានី គឺ​ជា​ទស្សនកិច្ច​ទី៩ហើយ គិតចាប់ពី​ខែមិនាដើមឆ្នាំ​មក។ ហើយ​​ថ្មីៗនេះ លោកចន ឃែររី ទើបតែ​បាន​ចុះទៅ​ទីនោះ មិនដល់​មួយសប្តាហ៍​ផង។

​​​នៅអ៊ីស្រាអែល ប្រមុខការទូត​អាមេរិក​​​​ជួបជាមួយ ប្រធានាធិបតី​ ស្ហ៊ីមន ពែររេស និង​នាយករដ្ឋមន្ត្រី ​បេនយ៉ាមីន នេតានីញ៉ាហ៊ូ។ លោក​ឃែររី ក៏​​ជួបពិភាក្សា​ជាមួយ​ប្រធាន​រដ្ឋ​អំណាច​​​ប៉ាឡេស្ទីន ម៉ាមូដ អាបាស​​ផងដែរ។ ជំនួបទាំងនេះ​មានទិសដៅ​​​អោយ​ដំណើរការ​ចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន បាន​​លូតលាស់​ទៅមុខ។ អាមេរិក​ចង់​អោយ​ភាគីទាំងពីរ​សំរេច​បាន​កិច្ចព្រមព្រៀង​ចុងក្រោយ​មួយ។ អាមេរិក​មិន​ចង់​ឃើញដំណោះស្រាយ​បែបយ៉ាង​បណ្តោះអាសន្ន​នោះឡើយ។ នៅ​ហ្សេរុយសាឡិម និង​រ៉ាម៉ាឡា កាលពី​សប្តាហ៍​មុន លោក ចន ឃែររី បាន​ពិភាក្សា​​ជាមួយ​​អ្នកដឹកនាំ​នានា អំពី​សុវត្ថិភាព​សន្តិសុខ​អ៊ីស្រាអែល ករណី​ដែល​រដ្ឋប៉ាឡេស្ទីន ត្រូវ​បានបង្កើតឡើង។

មុននឹង​ចេញដំណើរ​មកដើមបូព៌ា នៅថ្ងៃ​ពុធ​កន្លងមក ប្រមុខការទូត​អាមេរិក​បាន​បង្ហាញ​ក្តីសង្ឃឹមខ្ពស់។ លោក​បាន​ទាត់ចោល​នូវ​ភាព​ទុទិដ្ឋនិយម​របស់​អ្នកជំនាញ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ដែល​​ធ្លាប់បាន​លើកឡើងថា ជម្លោះ​អ៊ីស្រាអែល​-ប៉ាឡេស្ទីន ​គឺជាជម្លោះ​ស្មុគស្មាញ​ និង​កកស្ទះ​ជ្រុលហួស។ គួររំលឹកថា នៅដើមសប្តាហ៍​នេះ ភាគីចរចា​ប៉ាឡេស្ទីន​បាន​ទាត់ចោល​សំណូមពរ​របស់​លោកឃែររី​ ស្តីពី​សុវត្ថិភាព​សន្តិសុខ។​យោងតាម​ប៉ាឡេស្ទីន លោក​​ចន ឃែររី ​ចង់អោយ​យោធា​អ៊ីស្រាអែ​ល​មានវត្តមាន​​១០ឆ្នាំ​ នៅជ្រលង​ភ្នំ​ Jourdain នៅ​ស៊ីសហ្ស៊កដានី។

នៅថ្ងៃ​សុក្រនេះ លោក​ឃែររី​​​​ធ្វើ​ទស្សនកិច្ច​​នៅ​ក្រុងអាម៉ាន់ ប្រទេស​ហ្ស៊កដានី រួចលោក​នឹង​ចេញដំណើរ​ទៅវៀតណាម និង​ហ្វីលីពីន​បន្តទៀត។ ប្រមុខការទូត​អាមេរិក ធ្លាប់​បានធ្វើការ​​​ប្រយុទ្ធ​​នៅវៀតណាម ពី​ឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៧០ កាលណោះ​លោកជា​មេបញ្ជាការ​នាវា​ល្បាត​មួយគ្រឿង។

នៅហ្វីលីពីនវិញ លោក​ឃែររី នឹង​ចុះទៅ​ក្រុងម៉ានីល និង​​តាក្លូបង់ ដែល​​បានរងគ្រោះ​ដោយ​ព្យុះសង្ឃរា​ហៃយ៉ាន កាលពី​ដើមខែ​វិច្ឆិកា។ ប្រមុខការទូត​អាមេរិក​នឹង​បានឃើញ​ពី​ការ​ប្រឹងប្រែង​កសាង​​តំបន់​រងគ្រោះ​ហ្វីលីពីន​ឡើងវិញ។ អាមេរិក​បាន​ជួយផ្នែក​ហិរញ្ញវត្ថុ​ហ្វីលីពីន​យ៉ាង​សន្ធឹកសន្ធាប់​ ដើម្បី​ស្រោចស្រង់​តំបន់​រងគ្រោះ​ដោយព្យុះហៃយ៉ាន​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ