អានតួអត្ថបទ
អាមេរិក-អ៊ីស្រាអែល-ប៉ាឡេស្ទីន

លោកចន ឃែរី៖« កិច្ចព្រមព្រៀង​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ស្ថិត​មិន​ឆ្ងាយ​ទេ »

លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ចន ឃែរី​ទើប​បាន​បិទបញ្ចប់​ទស្សនកិច្ច​នៅ​ក្នុង​តំបន់​ដើមបូព៌ា។ គោលដៅ​នៃ​ទស្សនកិច្ច គឺ​ដើម្បី​បន្ត​ស្វែង​រក​កិច្ចព្រមព្រៀង​សន្តិភាព​ឲ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ បន្ទាប់​ពី​បាន​ជួប​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បេនយ៉ាមីន នេតានយ៉ាហ៊ូ និង​ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូត អាប៉ាស់​មក លោក​ចន ឃែរី​បាន​ថ្លែង​ដោយ​ថា កិច្ចព្រមព្រៀង​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ។

លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ចន ឃែរី​ចាកចេញ​ពី​ទឹកដី​អ៊ីស្រាអែល
លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ចន ឃែរី​ចាកចេញ​ពី​ទឹកដី​អ៊ីស្រាអែល REUTERS/Pablo Martinez Monsivais
ផ្សាយពាណិជ្ជកម្ម

គិត​តំាង​ពី​ខែ​មីនា​មក នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី៨ របស់​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី​ទៅ​កាន់​តំបន់​ដើមបូព៌ា។ គោលដៅ​របស់​លោក​ចន ឃែរី គឺ​ស្វែង​រក​សន្តិភាព​ឲ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ពិសេស​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​មួយ​រស់​ក្បែរ​រដ្ឋ​អ៊ីស្រាអែល​ដោយ​សុខក្សេមក្សាន្ត។ កាល​ពី​កិច្ចចរចា​លើកទី១ នា​ដំណាច់​ខែ​កក្កដា​កន្លង​ទៅ លោក​ចន ឃែរី​បាន​ប្តេជ្ញា​រួច​ហើយ​ថា លោក​នឹង​រក​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀងសន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ក្នុង​រយៈពេល ៩ខែ។

នៅ​ក្នុង​ជំនួប​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បេនយ៉ាមីន នេតានយ៉ាហ៊ូ និង​លោក​ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូត អាប៉ាស់ លោក​ឃែរី​បាន​លើក​ឡើង​យ៉ាង​ច្រើន និង​លំអិត​អំពី​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ ក៏​ដូច​ជា​សន្តិសុខ​សម្រាប់​រដ្ឋអ៊ីស្រាអែល និង​អនាគត​រដ្ឋ​ប៉ាឡេស្ទីន។ លោក​ចន ឃែរី​បាន​ផ្តល់​គំនិត និង​សំណើ​ឲ្យ​ដល់​ភាគី​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​អំពី​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់​ស៊ីហ្ស៊កដានី​ក្នុង​ករណី​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន។

ដោយឡែក ថ្លែង​ជាមួយ​ក្រុមអ្នកកាសែត​ដែល​ធ្វើ​ដំណើរ​ជាមួយ​លោក​ក្នុង​ពេល​ចាកចេញ​ពី​ទឹកដី​អ៊ីស្រាអែល​ឆ្ពោះ​ទៅ​កាន់​សហរដ្ឋអាមេរិក​វិញ លោក​ចន ឃែរី​បាន​អះអាង​ដោយ​សុទិដ្ឋិនិយម​ថា ពន្លឺ​នៃ​សន្តិភាព ភាព​សម្បូររុងរឿង និង​សន្តិសុខ​ដែល​ប្រជាជន​ក្នុង​តំបន់​កំពុង​ទន្ទឹងរង់ចំា​ហាក់​ដូច​ជា​កាន់​តែ​ភ្លឺ​ឡើងៗ​ហើយ។ យោង​តាម​លោក​ចន ឃែរី ទំាង​លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល ក៏​ដូច​ជា​លោក​ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន សុទ្ធ​តែ​បាន​បង្ហាញ​ចេញ​នូវ​កម្មវត្ថុ​រួម​តែ​មួយ​ដូច​គ្នា នោះ​គឺ​ការ​ចង់​បាន​រដ្ឋពីរ​សម្រាប់​ប្រជាជន​ទំាង​ពីរ រស់​ក្បែរ​គ្នា​ដោយ​សន្តិភាព និង​ភាព​សម្បូររងរឿង។

តែ​លោក​ប្រមុខ​ការទូត​អាមេរិក​បាន​ព្រមាន​ទុក​ជាមុន​ថា បើ​គ្មាន​សន្តិសុខ​ទេ នោះ​ក៏​គ្មាន​សន្តិភាព និង​ភាព​សម្បូររុងរឿង​ដែរ និង​ថា អាមេរិក​គំាទ្រ​តែ​កិច្ចព្រមព្រៀង​ណា​ដែល​អាច​ធានា​សន្តិសុខ​ដល់​ប្រជាជន​ទំាង​ពីរ អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ ទន្ទឹម​គ្នា​នេះ លោក​ចន ឃែរី​ក៏​បាន​អំពាវនាវ​ឲ្យ​ភាគី​ទំាង​ពីរ​ដើរ​តាម​ផ្លូវ​ត្រួសត្រាយ​ដោយ​លោក​អតីត​ប្រធានាធិបតី​អាហ្រ្វិកខាងត្បូង​នែលសុន ម៉ង់ដេឡា​ដែល​ទើប​ទទួល​អនិច្ចកម្ម​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី៥ ធ្នូ​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ