អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

អ៊ីស្រាអែល​អនុញ្ញាត​ជាផ្លូវការ​​អោយ​ដោះលែង​​អ្នកទោស​​ប៉ាឡេស្ទីន​​២៦នាក់​​

រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​សំរេច​ជាផ្លូវការ​អោយ​មានការ​ដោះលែង​អ្នកទោស​ប៉ាឡេស្ទីន​ចំនួន​២៦នាក់ បន្ថែមទៀត។ អ្នកទោស​ទាំងនេះ​ប្រហែល​ជា​នឹង​ត្រូវ​ដោះលែង​ចាប់ពី​​យប់ថ្ងៃ​អង្គារ​ស្អែកនេះ ​រហូត​ដល់ព្រឹក​ថ្ងៃ​ពុធ​ទី​៣០តុលា។ គួររំលឹកថា អ្នកទោស​ប៉ាឡេស្ទីនទាំងនេះ​ស្ថិត​ក្នុង​ចំណោម​អ្នកទោស​សរុប​១០៤នាក់ ដែលអ៊ីស្រាអែល​​ត្រូវដោះលែង​។ ការដោះលែង​នេះ​ធ្វើឡើង​ ស្របតាម​កិច្ចព្រមព្រៀង​អ៊ីស្រាអែល-ប៉ាឡេស្ទីន ស្តីពី​ការចរចា​​ស្វែង​រក​ដំណោះស្រាយ​សន្តិភាព​ឡើងវិញ។

ស្ត្រី​ប៉ាឡេស្ទីន​ធ្វើបាតុកម្ម​​នៅ​ហ្កាហ្សា ថ្ងៃ​២៨តុលានេះ ​ទាមទារ​អោយ​អ៊ីស្រាអែល​ដោះលែង​​​អ្នកទោស​ប៉ាឡេស្ទីន​ទាំងអស់ ដែល​ជាប់ឃុំ​នៅ​អ៊ីស្រាអែល។
ស្ត្រី​ប៉ាឡេស្ទីន​ធ្វើបាតុកម្ម​​នៅ​ហ្កាហ្សា ថ្ងៃ​២៨តុលានេះ ​ទាមទារ​អោយ​អ៊ីស្រាអែល​ដោះលែង​​​អ្នកទោស​ប៉ាឡេស្ទីន​ទាំងអស់ ដែល​ជាប់ឃុំ​នៅ​អ៊ីស្រាអែល។ REUTERS/Suhaib Salem
ផ្សាយពាណិជ្ជកម្ម

អ្នកទោស​ប៉ាឡេស្ទីន​ទាំង​២៦នាក់​ ដែល​អ៊ីស្រាអែល​នឹង​ដោះលែងពីពន្ធនាគារ​​នោះ សុទ្ធ​តែ​បាន​ប្រព្រឹត្ត​បទល្មើស​មុន​ពេល​មាន​កិច្ច​ព្រមព្រៀងសន្តិភាព​​ក្រុង​អូស្លូ​ឆ្នាំ​១៩៩៣។ ពួកគេ​ជាប់ទោសពីបទ​ឃាតកម្ម ដែល​តំរូវជាប់​ពន្ធនាគារ​​​ពី​១៩ឆ្នាំ​ទៅ​២៨ឆ្នាំ។ ពួកគេ​ប្រហែល​ជា​អាច​មាន​សេរីភាព​ ចាប់ពី​យប់ថ្ងៃ​អង្គារ​ស្អែក​នេះហើយ។

​គួររំលឹកថា អ្នកទោស​ប៉ាឡេស្ទីន ដែលអ៊ីស្រាអែល​​ត្រូវដោះលែង មាន​ចំនួន​សរុប​១០៤នាក់។ អ្នកទោស​​ប៉ាឡេស្ទីនភាគច្រើន​​​ ​ជាប់ពាក់ព័ន្ធ​​នឹង​ការញុះញង់​អោយជនជាតិ​អ៊ីស្រាអែល​បាត់បង់ជីវិត។

គណបក្ស​ស្តាំនិយម​ជ្រុល​អ៊ីស្រាអែល​មាន​ការជំទាស់​នឹង​ការ​សំរេច​ដោះលែង​អ្នកទោស​ទាំង​២៦នាក់​នេះ ​ ព្រោះ​គណបក្ស​នេះចាត់ទុក​ថា​​ គឺ​ជាការ​ដោះលៃង​ក្រុមភេរវជន។ គណបក្ស​ស្តាំនិយម​ជ្រុល ធ្លាប់​​​បាន​ដាក់ញត្តិ​មួយ​ជំទាស់​មិនអោយ​មានការដោះលែង តែ​ញត្តិនេះ​ត្រូវ​បានទាត់ចោល។ សារព័ត៌មាន​អ៊ីស្រាអែល​នានា​ក៏​បាន​ចាត់ទុក​អ្នកទោស​ទាំង២៦នាក់​នេះ​ ថា​ជាភេរវជន​ផងដែរ។ ប៉ុន្តែ សំរាប់​ប្រជាជន​ប៉ាឡេស្ទីន អ្នកទោស​ប៉ាឡេស្ទីន​ទាំងនោះ គឺ​ជា​វីរបុរស​ដែល​បាន​តស៊ូ​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​អ៊ីស្រាអែល។

ពួកគេ​យល់ថា ដោះលែង​អ្នកទោសក្នុង​ចំនួន​​២៦នាក់​​នេះ គឺ​តិចតួច​ណាស់ ព្រោះ​ថាអ្នកទោស​ប៉ាឡេស្ទីន​ដែល​អ៊ីស្រាអែល​ឃុំខ្លួន​នោះ​ មាន​ចំនួន​ច្រើនជាងនេះ​ទៅទៀត។ យោងតាម​អង្គការសិទ្ធិមនុស្ស​មួយឈ្មោះ B’Tselem អ្នកទោស​​ប៉ាឡេស្ទីន​​ដែល​ជាប់​ក្នុង​ពន្ធនាគារ​​​​​អ៊ីស្រាអែល​ មាន​ចំនួន​​ដល់ទៅ​៥០០នាក់ឯណោះ។

ដើម្បី​​រំសាយ​ភាពតានតឹង​​​នយោបាយ​ក្នុង​ជួររដ្ឋាភិបាល​​​ រដ្ឋាភិបាល​អ៊ីស្រាអែល​​ប្រហែល​ជា​នឹង​ត្រូវ​ប្រកាស​ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ ពី​ការសាងសង់​លំនៅ​ដ្ឋាន​ក្នុង​តំបន់​អាណានិគម​ជនជាតិ​​ហ្ស៊ីហ្វ​ នៅស៊ីសហ្សកដានី។ ​​អ្នក​ទទួលខុសត្រូវ​អ៊ីស្រាអែល​មួយរូប​ ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ថា ការសាងសង់​លំនៅដ្ឋាននេះ​គឺមកពី​មាន​​ការ​ស្រុះស្រួល​ជាមួយ​ប៉ាឡេស្ទីន និង​អាមេរិក។ ប៉ុន្តែ ប៉ាឡេស្ទីន​​បាន​ប្រាប់​តប​ទៅ​វិញ​ថា គ្មាន​ការ​ស្រុះស្រួល​ណាមួយ​នោះទេ។ ផ្ទុយទៅវិញ​ អាមេរិក​ថៃមទាំង​បាន​សន្យា​ថា​នឹង​បន្ថយ​សកម្មភាព​តំបន់​អាណានិគម​នោះ​ទៀតផង៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ