អានតួអត្ថបទ
កូរ៉េខាងត្បូង

កូរ៉េ​ខាងត្បូង​រក​ឃើញអ្នក​ស្លាប់​ទី៧​ ដោយ​សារ​ជំងឺ​ MERS​

មរណភាព​នៃមនុស្ស​​ទី​៧ ដោយ​សារ​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈឹម​បូព៌ា​នៅ​កូរ៉េ​ខាង​ត្បូង​ ត្រូវ​បាន​បញ្ជាក់​អះអាង​នៅ​ថ្ងៃ​អង្គារ​នេះ​តែ​ម្ដង​។ កូរ៉េ​ខាង​ត្បូង ដែល​រង​ការ​វាយ​ប្រហារ​ពី​ជំងឺ MERS តាំង​ពី​ថ្ងៃ​ទី​២០​ខែ​ឧសភា​កន្លង​មក​នោះ បាន​បង្ហាញ​ពី​ក្ដី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​រីក​រាត​ត្បាត​នៃ​ជំងឺ MERS​។ បារម្ភ​ខ្លាំង ព្រោះ​តែ​​​ចំនួន​​អ្នក​ស្លាប់ និង​​អ្នក​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ បាន​កើនឡើង​គួរ​ឲ្យ​កត់​សម្គាល់។    

កូរ៉េខាងត្បូង បានបង្ហាញពីក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរីករាតត្បាតនៃជំងឺ MERS។
កូរ៉េខាងត្បូង បានបង្ហាញពីក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរីករាតត្បាតនៃជំងឺ MERS។ RFI
ផ្សាយពាណិជ្ជកម្ម

អ្នក​​ស្លាប់​ទី​៧ ដោយ​សារ​ជំងឺ MERS គឺ​ស្ត្រី​វ័យ​៦៨​ឆ្នាំ​ម្នាក់ ដែល​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ជំងឺ MERS នៅ​​​មន្ទីរ​ពេទ្យ​ក្នុង​ក្រុង​សេអ៊ូល តាំង​ពី ​ថ្ងៃ​ទី​២៧ និង​ ២៨​​ឧសភា​ មក​ម្ល៉េះ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​សុខាភិបាល​កូរ៉េ​ខាង​ត្បូង​។ បើ​តាម​ប្រភព​ដដែល អ្នក​ស្លាប់​ទាំង​៧​ដោយ​សារ​ជំងឺ MERS គឺ​សុទ្ធ​តែ​មាន​បញ្ហា​សុខភាព មុន​នឹង​ឆ្លង​មេរោគ MERS​។ ដោយ​ឡែក សម្រាប់​ករណីស្លាប់​​ទី​៧ ចុង​ក្រោយ​នេះ អ្នក​ជំងឺ​មាន​ជំងឺ​បេះដូង​ជាប់​ខ្លួន​រួច​ទៅ​ហើយ មុន​នឹង​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម រហូត​ដល់​ស្លាប់​នា​ពេល​នេះ​។

គិត​ត្រឹម​ថ្ងៃ​អង្គារ ទី​០៩​ខែ​មិថុនា​នេះ ករណី​ឆ្លង​ជំងឺ MERS សរុប​មាន​ចំនួន​៩៥​ករណី​។ ក្នុង​នោះ ​ករណី​ឆ្លង​ថ្មី​នៅ​ថ្ងៃ​ទី​០៩​មិថុនា មាន​ចំនួន​៨​ករណី និង​នៅ​ថ្ងៃ​ទី​០៨​ខែ​មិថុនា មាន​ចំនួន​២៣​ករណី​។ ចំនួន​នេះ បាន​កើន​ឡើងយ៉ាង​ឆាប់​រហ័ស បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ពី​សប្ដាហ៍​កន្លង​ទៅ ដែល​មាន​ករណី​ឆ្លង​តែ​៤​ប៉ុណ្ណោះ​។

សូម​​រម្លឹក​​ថា វត្តមាន​មេរោគ​ផ្លូវដង្ហើម​មជ្ឈិមបូព៌ា MERS ក្នុង​ទឹកដី​កូរ៉េខាងត្បូង ​ត្រូវ​បាន​រក​ឃើញ​ដំបូង​​កាល​ពី​ថ្ងៃទី២០ខែ​ឧសភា ​បន្ទាប់​ពី​បុរស​កូរ៉េ​ខាង​ត្បូង​ម្នាក់​ត្រឡប់​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត​វិញ។ អារ៉ាប៊ីសាអូឌីត​ដែល​ជា​ប្រភព​កំណើត​នៃ​មេរោគនេះ ​មាន​អ្នកចម្លង​ចៀសស្លាប់​មិន​រួច​ជាង ៤០០នាក់​គិត​តំាង​ពី​ឆ្នំា ២០១២ ហើយ​កូរ៉េខាងត្បូង គឺ​ជា​ទឹកដី​ដែល​បាន​ឆ្លង​មេរោគ​ MERS ខ្លំាង​ជាង បន្ទាប់​ពី​អារ៉ាប៊ីសាអូឌីត។

កូរ៉េ​ខាង​ត្បូង បាន​បង្ហាញ​ពី​ក្ដី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​រីក​រាត​ត្បាត​នៃ​ជំងឺ MERS​ ដោយ​បាន​ចាត់​វិធានការ​តឹងរ៉ឹង​មួយ​ចំនួន ពិសេស​បិទ​ទ្វារ​សាលា​រៀន​ជាង​២ពាន់​កន្លែង​។ ជាង​នេះ​ទៅ​ទៀត ​មនុស្ស​ជាង​២​ពាន់​៥​រយនាក់​ផ្សេង​ទៀត ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ដាច់​ដោយ​ឡែក ដោយ​មាន​ការ​តាម​ដាន​ពី​ការ​វិវត្ត​នៃ​សុខភាព​យ៉ាង​យក​ចិត្ត​ទុក​ដាក់៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ