អានតួអត្ថបទ
កូតឌីវ័រ

កូតឌីវ័រ៖ បេសកកម្ម​ការទូត​ចុងក្រោយ​មុន​ឈាន​ទៅប្រើ​កម្លាំង​ទ័ព?

ប្រមុខដឹកនាំ​មកពី​អាហ្វ្រិក​ចំនួន ៣រូប ត្រូវ​ទៅ​ដល់​ប្រទេស​កូតឌីវ័រ នៅថ្ងៃ​អង្គារ ២៨ ធ្នូ ២០១០​នេះ ដើម្បី​ព្យាយាម​បញ្ចុះបញ្ចូល​លោក​ឡូរ៉ង់ បាក់បូ ឲ្យ​ចុះចេញ​ពី​អំណាច​តាមសម្រួល ចៀសវាង​​កុំ​ឲ្យ​គេ​បណ្តេញ​ដោយ​កម្លាំងទ័ព។ អ្នកវិភាគខ្លះ​យល់ថា នេះ គឺ​ជា​បេសកកម្ម​ការទូត​ចុងក្រោយ មុននឹង​ឈាន​ទៅ​ប្រើ​កម្លាំង​ទ័ព​បណ្តេញ​លោក​បាក់បូ។

ប្រធានាធិបតី​បេណាំង Thomas Boni Yayi (កណ្តាល) ពេល​ទៅដល់​កូតឌីវ័រ
ប្រធានាធិបតី​បេណាំង Thomas Boni Yayi (កណ្តាល) ពេល​ទៅដល់​កូតឌីវ័រ ©AFP/SIA KAMBOU
ផ្សាយពាណិជ្ជកម្ម

តើ​វិបត្តិ​កូតឌីវ័រ​ពិតជា​ត្រូវ​ដោះស្រាយ​ដោយ​កម្លាំងទ័ព​ឬ?
05:32

បទវិភាគ​របស់ សេង ឌីណា

សហគមន៍​សេដ្ឋកិច្ច​អាហ្វ្រិក​ខាងលិច ហៅកាត់​តាម​ភាសាបារាំង​ថា CEDEAO បាន​ព្រមាន​រួចហើយ​ថា នឹង​បញ្ជូន​ទ័ព​ទៅ​បណ្តេញ​លោក​បាក់បូ ប្រសិន​បើ​គាត់​មិនព្រម​ចុះចេញ​ពី​អំណាច​ដោយខ្លួន​ឯងទេនោះ។ មុននឹង​សម្រេច​ប្រើ​កម្លាំង​ទ័ព CEDEAO បាន​សម្រេច​បញ្ជូន​ឥស្សរជន​ ៣រូប គឺ​ប្រធានាធិបតីបេណាំង (Bénin) សៀរ៉ាឡេអូន (Sierra Léon) និង​កាប់វែរត៍ (Cap Vert) ទៅ​កូតឌីវ័រ ដើម្បី​​បំពេញ​បេសកកម្ម​ការទូត ជា​ឱកាស​ចុងក្រោយ ក្នុង​ការ​បញ្ចុះបញ្ចូល​លោក​បាក់បូ​ឲ្យ​ចុះចេញ​ពី​តំណែង។

CEDEAO ធ្លាប់​បាន​ប្រកាស​រួចហើយ​ថា លោក​បាក់បូ​ដាច់ខាត​ត្រូវតែ​​ប្រគល់​អំណាច​​​ទៅ​ឲ្យ​​លោក​វាត់តារ៉ា ដែល​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ។ ការសម្របសម្រួល​ណាមួយផ្សេង ដូចជា ការ​បង្កើត​រដ្ឋាភិបាល​រួបរួមជាតិ​ ជាដើម គឺ​ជា​រឿង​ដែល​មិន​​ត្រូវ​យក​មកជជែក​ជាមួយ​លោក​បាក់បូ​នោះទេ។

ចំណែក​លោក​បាក់បូវិញ បើទោះជា​ទទួល​រង​នូវសម្ពាធ​ពី​គ្រប់ទិសទី​ក៏ដោយ ក៏​នៅតែ​ប្រកាន់​ជំហរ​ដដែល គឺ​មិន​ព្រម​ចុះចេញ​ពី​អំណាច​ជាដាច់ខាត ហើយ​ថែម​ទាំង​បាន​ព្រមាន​ទៀត​ថា ការ​បណ្តេញ​រូបលោក​ពី​អំណាច​ ដោយ​កម្លាំង​ទ័ព អាច​នឹង​បង្ក​ឲ្យ​មាន​សង្រ្គាម​ស៊ីវិល នៅ​កូតឌីវ័រ។

រដ្ឋាភិបាល​​បារាំង​​បានប្រកាស​ឈប់​ទទួលស្គាល់​ឯកអគ្គរដ្ឋទូត​កូតឌីវ័រ​​ ប្រចាំ​ក្រុង​ប៉ារីស ហើយ​​កំពុង​ពិចារណា​ទទួលស្គាល់​ឯកអគ្គរដ្ឋទូតថ្មី​ ដែល​តែងតាំង​ដោយ​លោក​វាត់តារ៉ា។ កាលពីថ្ងៃ​ចន្ទ ម្សិលមិញ ​អ្នកគាំទ្រ​លោក​វាត់តារ៉ា​មួយក្រុម​បាន​ចូល​កាន់កាប់​ស្ថានឯកអគ្គរដ្ឋទូត​ កូតឌីវ័រ នៅ​ប៉ារីស។ ប៉ុន្តែ ក្រោយ​មក​បាន​ដក​ចេញ​ទៅវិញ។

នៅ​ក្នុង​បទសម្ភាសន៍​មួយ ជាមួយ​កាសែត​បារាំង លោក​បាក់បូ​បាន​ចោទចំៗ​ថា ផែនការ​ប្រើកម្លាំងទ័ព​បណ្តេញ​រូបគាត់​ចេញ​ពី​អំណាច គឺ​ធ្វើ​ឡើង​ទៅតាម​ការ​រៀបចំ​របស់​បារាំង និង​សហរដ្ឋ​អាមេរិក។ លោក​បាក់បូ កំពុង​ប្រើ​យុទ្ធសាស្រ្ត​មួយ ដោយ​ចង់​​បង្វែរ​​ជម្លោះ​​បោះឆ្នោត ទៅជា​ជម្លោះ​រវាង​ប្រជាជន​កូតឌីវ័រ និង​ប្រទេស​លោកខាងលិច ដែល​ប្រជាជន​កូតឌីវ័រ​តែងតែ​ចាត់ទុកថា​ជា​​មហាអំណាច​អាណានិគមនិយម។

ទោះជាយ៉ាងណា​ក៏ដោយ នៅពេលនេះ អ្នកដែលចេញមុខ​ប្រឆាំង​នឹង​លោក​បាក់បូ​ខ្លាំង​ជាងគេ គឺ​បណ្តា​ប្រទេស​មកពី​អាហ្វ្រិក។ បណ្តា​ប្រមុខដឹកនាំ​ប្រទេស​នៅអាហ្វ្រិក​ស្ទើរតែ​ទាំងអស់ សុទ្ធតែ​បាន​ទទួលស្គាល់​លោក​វាត់តារ៉ា​ជាប្រធានាធិបតី​ស្របច្បាប់​របស់​ កូតឌីវ័រ ហើយ​បាន​ទាមទារ​លោក​បាក់បូ​ឲ្យ​ចុះចេញ​ពី​អំណាច។ លើស​ពីនេះ​ទៅទៀត អ្នកដែល​គំរាម​ប្រើកម្លាំងទ័ព​បណ្តេញ​លោក​បាក់បូ​​ពីអំណាច គឺ​​ CEDEAO ដែល​ជា​​ប្រទេស​ជិតខាង​របស់​កូតឌីវ័រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ