អានតួអត្ថបទ
កម្ពុជា

បក្ស​កាន់​អំណាច​នៅ​តែ​រក្សា​ជំហរ​ថា ករណី​លោក​សម រង្ស៊ី ជា​រឿង​តុលាការ

ទោះ​បី​ជា​មាន​ការ​ព្យាយាម​ពី​សំណាក់​គណបក្សប្រឆាំង​ក្នុង​ស្វះស្វែង​រក​កិច្ចចរចា​ដើម្បី​បើក​ច្រក​ឲ្យ​លោក​សម រង្ស៊ី​ចូល​ស្រុក​វិញ​យ៉ាង​ណា​ក៏​ដោយ ក៏​គណបក្ស​កាន់​អំណាច​នៅ​តែ​រក្សា​ជំហរ​ម៉ឺងម៉ាត់​ដដែល​ថា នេះ​ជា​រឿង​របស់​តុលាការ។ ជំហរ​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ខៀវ កាញារីទ្ធ បញ្ជាក់​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​សៅរ៍​នេះ នៅ​ពេល​ដែល​ក្រុម​អ្នកកាសែត​ចោទ​សួរ​អំពី​សំណុំរឿង​លោក​សម រង្ស៊ី។ យ៉ាង​ណា​ក៏​ដោយ លោក​សម រង្ស៊ី នៅ​តែ​សង្ឃឹម​ថា លោក​អាច​វិល​​មក​ធ្វើ​នយោបាយ​វិញ​នៅ​មុន​ការ​បោះឆ្នោត។

លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា
លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

 

ទោះ​បី​ជា​ការ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ ២០១៣ កាន់​តែ​ខិត​ចូល​មក​ដល់​ក៏​ដោយ ក៏​នៅ​មិន​ទាន់​មាន​សញ្ញា​ណា​មួយ​ដែល​បង្ហាញ​ថា មេដឹកនាំ​បក្សប្រឆាំង លោក​សម រង្ស៊ី អាច​វិល​ត្រឡប់​ចូល​ស្រុក​វិញ​បាន​នៅ​ឡើយ។ គណបក្ស​កាន់​អំណាច​នៅ​តែ​រក្សា​ជំហរ​ដដែល គឺ​ករណី​លោក សម រង្ស៊ី ជា​រឿង​របស់​តុលាការ។ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា ការ​ចរចា​ខាង​នយោបាយ​យឺត​ពេល​ទៅ​ហើយ​នៅ​ក្រោយ​ពេល​ដែល​តុលាការ​សម្រេច​ក្តី​រួច​ហើយ។ បើ​យោង​តាម​អ្នកនាំពាក្យ​រដ្ឋាភិបាល ការ​គំរាម​ធ្វើ​ពហិការ​មិន​ចូលរួម​ការ​បោះឆ្នោត​ពី​សំណាក់​បក្សប្រឆាំង​ដោយ​ភ្ជាប់​លក្ខខណ្ឌ​នៃ​វត្តមាន​របស់​លោក​សម រង្ស៊ី​នោះ គឺ​ជា​ការ​ខាតបង់​មួយ​សម្រាប់​ពួក​គេ។

លោក​សម រង្ស៊ី​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្សសង្គ្រោះជាតិ​បាន​រត់​ភៀស​ខ្លួន​ទៅ​ឯ​បរទេស​រយៈពេល​៣ឆ្នាំ​មក​ហើយ ​បន្ទាប់​ពី​លោក​បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា វៀតណាម​ក្នុង​ខេត្ត​ស្វាយរៀង​កាល​ពី​ចុង​ខែ​តុលា ឆ្នាំ ២០០៩ ។ សំណុំរឿង​ដក​តម្រុយ​បង្គោល​ព្រំដែន និង​សំណុំរឿង​ផ្សព្វផ្សាយ​ផែនទី​ក្លែងក្លាយ​ដែល​រដ្ឋាភិបាល​បាន​ប្តឹង បាន​ធ្វើ​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​ជាប់ទោស​ដោយ​កំបាំងមុខ​ជាង១០ឆ្នាំ​ក្នុង​ពន្ធនាគារ។ ទាំង​ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ទាំង​កិច្ច​ខិតខំ​រកដំណោះស្រាយ​ផ្ទៃក្នុង​ជាមួយ​គណបក្ស​កាន់​អំណាច​នៅ​តែ​មិន​ទាន់​បាន​ទទួល​លទ្ធផល​នៅ​ឡើយ។

យ៉ាង​ណា​ក៏​ដោយ លោក​សម រង្ស៊ី​នៅ​តែ​មិនទាន់​អស់​សង្ឃឹម​ទេ។ ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​កាល​ពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន មេដឹកនាំ​បក្សប្រឆាំង​រូបនេះ​នៅ​តែ​សង្ឃឹម​ថា ក្រោម​ការ​ជំរុញ​ពី​សហគមន៍​អន្តរជាតិ ដំណោះស្រាយ​នយោបាយ​មួយ​នឹង​អាច​រក​ឃើញ​នៅ​មុន​ការបោះឆ្នោត ដែល​អនុញ្ញាត​ឲ្យ​រូប​លោក​វិល​មក​ប្រឡូក​ក្នុង​ឆាកនយោបាយ​ឡើងវិ​ញ។ ប៉ុន្តែ រហូត​មក​ទល់​ពេល​នេះ មិន​ត្រឹម​តែ​គ្មាន​ពន្លឺ​សម្រាប់​ដំណោះស្រាយ​នយោបាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​សម រង្ស៊ី​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត​បាត់​ទៅ​ហើយ។ ការ​លុប​ឈ្មោះ​លោក​សម រង្ស៊ី ត្រូវ​បាន​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រេច​ទុក​ជា​បាន​ការ និង​បិទ​ផ្លូវ​តវ៉ា។ នេះ​ជា​ស្ថាន​ទម្ងន់​ថ្មី​មួយ​ទៀត​សម្រាប់​ជីវិត​នយោបាយ​លោក​សម រង្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ