អានតួអត្ថបទ
កម្ពុជា

សាលាក្តីខ្មែរក្រហម​ទទួលស្គាល់​អំពី​អនាគត​មិន​ច្បាស់លាស់ ព្រោះ​វិបត្តិ​ថវិកា

សាលាក្តី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​បាន​ប្រកាស​នៅ​ចុង​សប្តាហ៍​នេះ​ថា អនាគត​របស់​សាលាក្តី​នេះ​ស្ថិត​ក្នុង​ភាពមិនច្បាស់លាស់​ឡើយ​ដោយសារ​តែ​វិបត្តិ​ថវិកា​ដ៏​ធ្ងន់ធ្ងរ​ដែល​មិនអាច​ដោះស្រាយបាន និង​ភាព​ចាស់ជរា​របស់​ជនជាប់ចោទ។ នៅក្នុង​ស្ថាន​ភាព​មិន​ច្បាស់លាស់​នេះ អង្គជំនុំជម្រះ​សាលាដំបូង​បាន​សម្រេច​បំបែក​នីតិវិធី​សំណុំរឿង០០២ ជា​ផ្នែកតូចៗ​ដែល​អាច​អនុញ្ញាត​ខ្លួន​ចេញ​សាលក្រម​ខ្លះ ខណៈ​ដែល​ជនជាប់ចោទ​នៅ​មាន​កាយសម្បទារ​នៅ​ឡើយ។

ចៅក្រុម​នៃ​តុលាការ​ខ្មែរក្រហម
ចៅក្រុម​នៃ​តុលាការ​ខ្មែរក្រហម ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

សាលាក្តី​ខ្មែរក្រហម​ទទួល​ស្គាល់​ថា បញ្ហា​ថវិកា​ធ្ងន់ធ្ងរ​ដែល​កំពុង​កើតឡើង​កំពុង​ធ្វើ​ឲ្យ​អនាគត​របស់​សាលាក្តី​នេះ​មាន​ភាពមិនច្បាស់លាស់​។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​នៅចុងសប្តាហ៍នេះ អង្គជំនុំជម្រះ​សាលាដំបូង​បានស្នើ​ឲ្យ​ការិយាល័យ​រដ្ឋបាល​សុំ​ការបញ្ជាក់​ពី​ភាគី​ដែល​បាន​ព្រមព្រៀង​បង្កើតតុលាការ​ខ្មែរក្រហម​ឲ្យ​ធានា​អំពី​ថវិកា​ដើម្បី​អាច​ឲ្យ​អង្គជំនុំជម្រះ​បញ្ចប់​សំណុំរឿង ០០២។ ប៉ុន្តែ រហូត​មក​ទល់​នឹង​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយតប​ណា​មួយ​ទៅ​នឹង​សំណើ​នេះ​ឡើយ។

ភាព​មិន​ប្រាកដប្រជា​នៃ​ស្ថិរភាព​ថវិកា និង​បញ្ហា​សុខភាព​របស់​ជនជាប់ចោទ មិន​អនុញ្ញាត​​ឲ្យ​មាន​សវនាការ​វែង​ដើម្បី​ស្តាប់​គ្រប់​អង្គហេតុ​ទាំងអស់​បានទេ។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល។នេះ​គឺ​ជា​ហេតុផល​ដែល​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​សម្រេច​ថានឹង​បំបែក​ដំណើរការ​នីតិវិធី​សំណុំរឿង០០២ ជា​ផ្នែកតូចៗ​ដើម្បី​ពន្លឿន​ការកាត់ក្តី។ សំណុំរឿង​០០២ ផ្នែក​ទី១​នឹង​ត្រូវ​កំហិត​ត្រឹម​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ទាក់ទង​នឹង​ការជម្លៀស​ប្រជាជន​​ដោយ​បង្ខំនិង​ការសម្លាប់​ទាហាន​នៃ​របប​សាធារណរដ្ឋ​ខ្មែរភ្លាមៗក្រោយ​ខ្មែរក្រហម​ឡើង​កាន់​អំណាច​នៅក្នុង​ឆ្នាំ១៩៧៥ តែប៉ុណ្ណោះ។

ការសម្រេច​បំបែក​នីតិវិធី​នេះ​ត្រូវបាន​អង្គជំនុំជម្រះ​សាលាដំបូង​ពន្យល់ថា ដោយសារ​តែ​ជនជាប់ចោទ​ទំនង​ជា​មិន​អាច​មាន​សម្បទារ​គ្រប់គ្រាន់​ដើម្បី​ចូលរួម​សវនាការ​រហូតដល់​ពេល​ចេញ​សាលក្រម​ស្ថាពរ​ទាក់ទង​នឹង​ការចោទប្រកាន់​ទាំងអស់​ទៅលើ​ពួកគេ​នោះ​ឡើយ។ ម្យ៉ាងទៀត ប្រសិន​បើ​គ្មាន​សាលក្រម​ណាមួយ​ទាល់តែ​សោះ​សម្រាប់​សំណុំរឿង០០២​ទេ​នោះ ជនរងគ្រោះនិង​សាធារណជន​ទូទៅ​ច្បាស់​ជា​នឹង​អស់សង្ឃឹម​យ៉ាងខ្លាំង​ជាមិនខាន។

គួរ​បញ្ជាក់​ថា ភាគី​ជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម​គ្មាន​ថវិកា​សម្រាប់​បើក​ឲ្យ​បុគ្គលិក​ទៀត​ឡើយ​ចាប់​តាំង​ពី​ដើមឆ្នាំ ២០១៣ មកម្ល៉េះ។ ថវិកា​ដែល​អាច​ដោះស្រាយ​បញ្ហា​កូដកម្ម​របស់​បុគ្គលិក​បាន​នៅ​ពេល​នេះគឺ​ជា​ថវិកា​របស់​ភាគី​អន្តរជាតិ​ឲ្យ​ខ្ចី​បណ្តោះអាសន្ន​តែ​ប៉ុណ្ណោះ។ ចំណែក​ឯ​ជនជាប់ចោទ​សំណុំរឿង ០០២ ដែល​នៅសល​ស់​តែ​ពីរ​នាក់ គឺ នួន ជា និង​ខៀវ សំផន ក៏​កំពុង​មាន​បញ្ហា​សុខភាព និង​ភាព​ចាស់ជរា​យ៉ាង​ខ្លាំង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ