អានតួអត្ថបទ
កម្ពុជា-តុលាការខ្មែរក្រហម

សវនាការ​​លើ​សំណុំរឿង​០០២​ចាប់​ផ្តើម​ឡើង​វិញ​នៅ​ថ្ងៃ​ចន្ទ​នេះ​

បន្ទាប់​ពី​ផ្អាក​សវនាការ​ជា​បណ្តោះអាសន្ន​កាលពី​ថ្ងៃ​ទី​៤​មីនា​រហូតដល់​ព្រឹក​ថ្ងៃ​ចន្ទទី​៨​មេសា​នេះ ​អង្គជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរក្រហម បានចាប់ផ្តើម​សវនាការ​ឡើងវិញ លើ​សំណុំរឿង​០០២​។ សវនាការ​នៅ​ព្រឹក​នេះ ជា​ការ​បន្ត​ស្តាប់​សក្ខីកម្ម​របស់​សាក្សី​ម្នាក់​ទៀត ជា​អតីត​កងទ័ព​ខ្មែរក្រហម លោក ឆោម សែ​។  

គុគទួលស្លែង(Tuol Sleng) សារមន្ទីរប្រល័យពូជសាស្ត្រ​នៅភ្នំពេញ .
គុគទួលស្លែង(Tuol Sleng) សារមន្ទីរប្រល័យពូជសាស្ត្រ​នៅភ្នំពេញ . REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

 


​អតីត​ទាហាន​ខ្មែរក្រហម លោក ឆោម សែ និង​ជា​អតីត​ប្រធាន​មន្ទីរ​សន្តិសុខ​អូរ​កន្សែង បាន​ចូលរួម​ជាមួយ​កងទ័ព​ខ្មែរក្រហម វាយ​ដណ្តើម​បាន​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥​។​

​ក្នុង​សវនាការ នៅ​សាលាក្តី​ខ្មែរក្រហម នៅ​ថ្ងៃ​ចន្ទ​នេះ សាក្សី លោក ឆោម សែ បាន​បន្ត​ឆ្លើយ​នឹង​សំណួរ​របស់​ភាគី​សហ​ព្រះរាជអាជ្ញា និង​សំណួរ​របស់​ភាគី​ស​ហមេ​ធា​វី​នាំមុខ ដែល​ការពារ​ជនរងគ្រោះ ជុំវិញ​ស្ថានការណ៍​ជម្លៀស​ប្រជាជន​កម្ពុជា ចេញពី​ទីក្រុង​ភ្នំពេញ​។

​នៅ​រយៈពេល​ពេញ​មួយ​ថ្ងៃនេះ អង្គ​សវនាការ បាន​ស្តាប់ និង​សាកសួរ​បញ្ចប់​លើ​សាក្សី លោក ឆោម សែ​។ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ស្អែក អង្គ​សវនាការ​សាលាក្តី​ខ្មែរក្រហម នឹង​ចូល​ដល់​សាក្សី​ថ្មី​ម្នាក់ទៀត​។

​សវនាការ​លើ​សំណុំរឿង​០០២ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​ធ្វើឡើង​ក្រោយ​ពី​បាន​ផ្អាក​ដំណើរការ កាលពី​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៣ ដោយសារ​តែ​បញ្ហា​សុខភាព​របស់​ជនជាប់ចោទ និង​បញ្ហា​បុគ្គលិក​ជាតិ ផ្នែក​បក​ប្រែភាសា បាន​ធ្វើ​ពិ​ហ​ការ មិន​ចូល​បំពេញការងារ ព្រោះ​មិន​បាន​បើក​ប្រាក់ខែ​​។

​ក្នុង​សវនាការ​នៅ​ព្រឹក​មិញ លោក​ចៅក្រម និល ណុន ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង របស់​សាលាក្តី​ខ្មែរក្រហម បានប្រកាស​ទៅកាន់​គ្រប់​ភាគី​ថា អង្គជំនុំជម្រះ បានសំរេច​តម្កល់​សេចក្តីសម្រេច​របស់​ខ្លួន ក្នុងការ​បំបែក​សំណុំរឿង​០០២/០១ ដើម្បី​ជំរុញ​ដំណើរការ​សវនាការ ឲ្យ​ចប់ បាន​ឆាប់រហ័ស តាម​ដែល​អាច​ធ្វើទៅបាន​។

​ក៏​ប៉ុន្តែ​តាម​លោក​ចៅក្រម ដំណើរការ​កាត់ទោស​អតីត​មេ​ខ្មែរក្រហម ចាស់ជរា ក្នុង​សំណុំរឿង​០០២ ដែល​នៅសល់​ជនជាប់ចោទ​តែ​ពីររូប គឺ​លោក នួន​ជា និង​លោក ខៀវ​សំផន ដំណើរការ​ទៅ​បាន អាស្រ័យ​លើ​បញ្ហា​ប្រាក់បៀវត្សរ៍​បុគ្គលិក​ជាតិ ដែល​កន្លងមក បញ្ហា​ថវិកា​នេះ បាន​ធ្វើឲ្យ​បុគ្គ​លិកជាតិ បាក់​ទឹកចិត្ត ក្នុង​ការបំពេញ​ការងា​រ ព្រោះ​មិន​បាន​បើក​ប្រាក់ខែ​។​

​ក្នុង​សវនាការ​នៅ​ព្រឹក​ថ្ងៃទី​៨​មេសា​នេះ លោក នួន​ជា មិន​ត្រូវបាន​គេ​នាំខ្លួន មក​ចូលរួម​សវនាការ​​ទេ ដោយសារតែ​លោក​ចៅក្រម និល ណុន បានប្រកាសថា លោក​នួន​ជា ត្រូវបាន​គ្រូពេទ្យ បញ្ជាក់ថា មាន​ជំងឺ​ឈឺ​ចុក​រោយ ហើយ​វិលមុខ​។ លោក នួន​ជា មិន​អាច​អង្គុយ​យូរ​បាន​។ ដូច្នេះ​លោក​នួន​ជា ត្រូវ​បន្ត​តាមដាន​សវនាការ​ពី​ចម្ងាយ នៅ​បន្ទប់​សោតទស្សន៍ ដែល​ស្ថិតនៅ​ខាងក្រោម​បន្ទប់​សវនាការ ក្រោម​ការតាមដាន​ពី​ក្រុមគ្រូពេទ្យ​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ