អានតួអត្ថបទ
កម្ពុជា

គ.ជ.ប.អនុញ្ញាត​អោយ​ជនជាប់ចោទ​មក​បោះឆ្នោត​ព្រឹទ្ធ​សភា

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ធ្វើ​លិខិត​មួយ​ទៅ​រដ្ឋមន្ត្រី​ ក្រសួង​យុត្តិធម៌​ដើម្បី​ស្នើ​អោយ​លោក​រដ្ឋមន្ត្រី​អន្តរាគម​ទៅ​តាម​ស្ថាប័ន ​ពាក់ព័ន្ធ​ ហើយ​អាច​នាំ​យក​អ្នកបោះឆ្នោត​ដែល​កំពុង​ជាប់​ជំពាក់​ក្នុង​សំណុំរឿង​ ក្តីក្តាំ មក​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​បាន។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ពន្យល់​ថា នេះ​គឺ​ជា​ការធានា​សិទ្ធិ​អ្នកបោះឆ្នោត​អោយ​ត្រឹមត្រូវ​តាម​ច្បាប់។

អ៊ឹម សួស្តី​ (កណ្តាល) ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ធ្វើ​សន្នសីទ​កាសែត​កន្លងទៅ
អ៊ឹម សួស្តី​ (កណ្តាល) ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ធ្វើ​សន្នសីទ​កាសែត​កន្លងទៅ ©RFI/ ស៊ីវ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

អង្គ​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា គឺ​តំណាងរាស្ត្រ​ក្នុង​តំណែង និងសមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ទាំងអស់​ក្នុង​តំណែង។ អ្នក​ទាំងអស់​នេះ ប្រសិនបើមាន​អ្នកណា​ជា​ជន​ត្រូវ​ចោទ ជន​ជាប់ចោទ ពិរុទ្ធជន​កំពុង​ជាប់​ឃុំឃាំង​ដែល​តុលាការ​ពុំទាន់​ផ្តន្ទាទោស ឬ​ផ្តន្ទាទោស​ហើយ តែ​សាលក្រម ឬ​សាលដីការ​នៅ​មិន​ទាន់​ស្ថាពរ ពួកគេ​នឹង​នៅ​តែ​មាន​សិទ្ធិ​ចូលរួម​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា។ សិទ្ធិ​នេះ​ត្រូវ​បាន​ធានា​ដោយ​ច្បាប់ ហើយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅកាត់​ថា បាន​អនុវត្ត​ច្បាប់​នេះ​តាម​រយៈ​ធ្វើ​លិខិត​មួយ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​៩​មករា។ គ.ជ.ប.បាន​ស្នើ​អោយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អន្តរាគម​ទៅ​ប្រធាន​តុលាការ​រាជធានី ខេត្ត​ដើម្បី​ចាត់វិធានការ​នាំ​យក​អ្នកបោះឆ្នោត​ដែល​ជាប់ចោទ​មក​បោះឆ្នោត។

 
លោក​ទេព នីថា​អគ្គលេខាធិការ​គ.ជ.ប.​បាន​ពន្យល់​ថា​នេះ​គឺ​ជា​លើក​ទី២​ហើយ​ដែល​គ.ជ.ប.​បាន​ចេញ​សេចក្តីប្រកាស​បែប​នេះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា។ លោក​ទេព នីថា​បន្ត​ថា​សេចក្តី​ប្រកាស​នេះ ក៏​ដើម្បី​ផ្តល់​ព័ត៌មាន​ដល់​គណបក្ស​នយោបាយ​ដែល​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នេះ​ដែរ។

លោក​គួយ ប៊ុនរឿន​អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី​ទទួល​បន្ទុក​កិច្ចការ​បោះឆ្នោត​បាន​អះអាង​ថា យ៉ាងហោចណាស់​មាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​២​រូប​របស់​គណបក្ស​លោក​ដែល​កំពុង​មាន​បញ្ហា​ក្តីក្តាំ​នេះ។ លោកគួយ ប៊ុនរឿន​អត្ថាធិប្បាយ​គ.ជ.ប.​បាន​កំពុង​អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​លោក​អំពាវនាវ​កុំ​អោយ​គេ​ប្រើ​ខ្នោះដៃ​ចំពោះ​ជន​ជាប់ចោទ​ទាំង​នោះ នៅពេល​ដែល​ពួកគេ​មក​ចូលរួម​បោះឆ្នោត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ